កណ្ឌទី ១៣៥
ទុក្ករកម្មនៃយ៉ូសែប ស៊្មីធ ជាព្យាការី និងបងប្រុសរបស់លោកគឺ ហៃរុម ស៊្មីធ ជាអយ្យកោ នៅក្រុងកាតធេច រដ្ឋអិលលីណោយ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៤៤ (History of the Church, ៦:៦២៩–៦៣១)។ ឯកសារនេះត្រូវបានសរសេរដោយអែលឌើរ យ៉ូហាន ថេលើរ ក្នុងក្រុមប្រឹក្សានៃពួក១២នាក់ ដែលជាសាក្សីចំពោះហេតុការណ៍នោះ។
១–២, យ៉ូសែប និង ហៃរុម ត្រូវគេធ្វើទុក្ករកម្មនៅគុកកាតធេច; ៣, តំណែងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្យាការីត្រូវបានប្រកាសប្រាប់; ៤–៧, លោហិតដ៏ឥតទោសរបស់គេធ្វើទីបន្ទាល់អំពីសេចក្ដីពិត និងទេវភាពនៃកិច្ចការនេះ។
១ដើម្បីបិទទីបន្ទាល់អំពីព្រះគម្ពីរនេះ និងព្រះគម្ពីរមរមន នោះយើងខ្ញុំប្រកាសប្រាប់ពីទុក្ករកម្មនៃយ៉ូសែប ស៊្មីធ ជាព្យាការី និង ហៃរុម ស៊្មីធ ជាអយ្យកោ។ អ្នកទាំងពីរនាក់ត្រូវបានបាញ់នៅក្នុងគុកកាតធេច នៅថ្ងៃទី២៧ នៃខែមិថុនា ឆ្នាំ១៨៤៤ ប្រមាណជាម៉ោងប្រាំរសៀល ដោយពួកហ្វូងមនុស្សកំណាចមានអាវុធ — លាបមុខខ្មៅ — ក្នុងចំនួន ១៥០ នាក់ទៅ ២០០ នាក់។ ហៃរុមត្រូវបានគេបាញ់មុន ហើយដួលទៅស្ងប់ៗដោយប្រកាសថា ៖ ខ្ញុំស្លាប់ហើយ! យ៉ូសែបបានលោតពីបង្អួច ហើយត្រូវគេបាញ់ស្លាប់ ក្នុងពេលខំប្រុងលោត ដោយប្រកាសថា ៖ ឱព្រះអម្ចាស់ដ៏ជាព្រះខ្ញុំអើយ! គេទាំងពីរនាក់ត្រូវគេបាញ់ បន្ទាប់ពីបានស្លាប់ទៅហើយក្នុងបែបដ៏ឃោរឃៅមួយ ហើយទាំងពីរនាក់បានទទួលបួនគ្រាប់។
២យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺឌ្ស ជាសាវកពីរនាក់គត់ ដែលបាននៅក្នុងបន្ទប់នោះនៅពេលនោះ អ្នកទីមួយត្រូវបានរបួសក្នុងបែបដ៏សាហាវដោយត្រូវបួនគ្រាប់ ប៉ុន្តែឥឡូវបានជាហើយ រីឯអ្នកទីពីរ គឺតាមរយៈទិព្វញ្ញាណនៃព្រះ នោះបានរួចផុត ដោយគ្មានប្រហោងក្នុងអាវគាត់ឡើយ។
៣យ៉ូសែប ស៊្មីធ ជាព្យាការី និងអ្នកមើលឆុតនៃព្រះអម្ចាស់ បានសម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះសម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះ ជាងមនុស្សផ្សេងៗទៀត ដែលធ្លាប់រស់នៅក្នុងលោកនេះ។ នៅរយៈពេលម្ភៃឆ្នាំយ៉ាងខ្លី លោកបាននាំមកនូវព្រះគម្ពីរមរមន ដែលលោកបានបកប្រែដោយអំណោយទាន និងអំណាចនៃព្រះ ហើយបានធ្វើជាមាគ៌ាក្នុងការបោះពុម្ពផ្សាយគម្ពីរនោះលើទ្វីបពីរ បានបញ្ចូលភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច ដែលមានក្នុងគម្ពីរនោះដល់ទៅទិសទាំងបួន នៃផែនដី បាននាំមកនូវវិវរណៈទាំងឡាយ និងព្រះបញ្ញត្តិទាំងឡាយ ដែលចងក្រងធ្វើព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញានេះ និងឯកសារ និងការបង្គាប់ដ៏ប្រកបដោយប្រាជ្ញាវាងវៃជាច្រើនទៀត សម្រាប់ផលប្រយោជន៍ដល់កូនចៅមនុស្ស បានប្រមូលពួកបរិសុទ្ធនៅថ្ងៃចុងក្រោយជាច្រើនពាន់នាក់ បានតាំងទីក្រុងដ៏ធំមួយ ហើយទុកឈ្មោះល្បីល្បាញ ដែលពុំអាចប្រហារចោលបានឡើយ។ លោកបានរស់ដោយអស្ចារ្យ ហើយលោកបានស្លាប់ដោយអស្ចារ្យ ចំពោះព្រះនេត្រនៃព្រះ និងចំពោះប្រជារាស្ត្រលោក ហើយដូចជាអ្នកចាក់ប្រេងតាំងរបស់ព្រះអម្ចាស់នៅជំនាន់បុរាណដែរ ក៏បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោក ដោយលោហិតរបស់លោកផ្ទាល់ ហើយព្រមទាំងហៃរុម ជាបងប្រុសលោកផង។ ក្នុងជីវិត ពួកគេពុំបានបែកបាក់ ហើយក្នុងសេចក្ដីស្លាប់ ក៏ពួកគេពុំបានបែកបាក់ដែរ!
៤កាល យ៉ូសែប ទៅក្រុងកាតធេច ដើម្បីប្រគល់ខ្លួនចំពោះការតម្រូវក្លែងក្លាយដោយច្បាប់ គឺពីរបីថ្ងៃមុនការធ្វើឃាតកម្មដល់លោក នោះលោកបានមានប្រសាសន៍ថា ៖ « ខ្ញុំទៅដូចជាចៀមដឹកទៅសម្លាប់ ប៉ុន្តែខ្ញុំស្ងប់ចិត្តដូចជាព្រឹកព្រលឹមនារដូវក្ដៅ ខ្ញុំគ្មានសតិទាស់ចំពោះព្រះ និងចំពោះមនុស្សគ្រប់រូបឡើយ។ ខ្ញុំនឹងស្លាប់ទៅដោយឥតទោស ហើយនៅតែនឹងមានពាក្យពោលពីខ្ញុំថា — លោកត្រូវគេធ្វើឃាតដោយចេតនា »។ — នៅព្រលឹមដដែលនោះ គឺបន្ទាប់ពី ហៃរុម បានត្រៀមស្រេចនឹងទៅ — តើនឹងថាពាក្យដឹកទៅសម្លាប់ឬអី? មែនហើយ ត្បិតពិតជាដឹកទៅសម្លាប់មែន — នោះលោកបានអានកថាខណ្ឌ នៅចុងជំពូកទី១២ ក្នុងគម្ពីរអេធើរ នៅក្នុងព្រះគម្ពីរមរមន ហើយបានបត់ចុងសន្លឹកទុកថា ៖
៥ហេតុការណ៍បានកើតឡើងថា ខ្ញុំបានអំពាវនាវចំពោះព្រះអម្ចាស់ សូមឲ្យទ្រង់ប្រទានដល់ពួកសាសន៍ដទៃនូវព្រះគុណ ដើម្បីឲ្យពួកគេអាចមានសេចក្ដីសប្បុរស។ ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ បើពួកគេគ្មានសេចក្ដី សប្បុរសទេ វាមិនជាសំខាន់អីទេចំពោះអ្នក អ្នកបានស្មោះត្រង់ ហេតុដូច្នេះ អាវរបស់អ្នកនឹងត្រូវធ្វើឲ្យជ្រះស្អាត ហើយដោយសារអ្នកបានឃើញភាពទន់ខ្សោយរបស់អ្នក នោះអ្នកនឹងបានធ្វើឲ្យខ្លាំងពូកែ រហូតដល់បានអង្គុយឯទីកន្លែង ដែលយើងបានរៀបចំទុកនៅក្នុងទីលំនៅទាំងឡាយរបស់ព្រះវរបិតាយើង។ ហើយឥឡូវនេះ ខ្ញុំ … សូមលាពួកសាសន៍ដទៃសិនហើយ មែនហើយ ហើយដល់បងប្អូនទាំងឡាយរបស់ខ្ញុំផង ដែលខ្ញុំស្រឡាញ់ លុះត្រាយើងនឹងជួបគ្នានៅខាងមុខវេទិកាជំនុំជំរះនៃព្រះគ្រីស្ទ នៅទីនោះមនុស្សទាំងអស់នឹងដឹងថា អាវរបស់ខ្ញុំគ្មានប្រឡាក់ដោយឈាមរបស់អ្នកឡើយ។ ឥឡូវនេះ ពួកអ្នកដែលធ្វើទីបន្ទាល់បានស្លាប់ទៅហើយ ហើយទីបន្ទាល់របស់ពួកគេនៅតែមានឥទ្ធិពល។
៦ហៃរុម ស៊្មីធ មានអាយុ៤៤ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ១៨៤៤ ហើយ យ៉ូសែប ស៊្មីធ មានអាយុ៣៨ នៅខែធ្នូ ឆ្នាំ១៨៤៣ ហើយពីអំណឹះតទៅ ឈ្មោះពួកគេត្រូវបានរាប់ក្នុងចំណោមពួកទុក្ករបុគ្គលសម្រាប់សាសនា ហើយអ្នកអាននៅគ្រប់សាសន៍នឹងត្រូវបានរំឭកឲ្យបានដឹងថា ព្រះគម្ពីរមរមន និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញានេះ ជារបស់សាសនាចក្រ ត្រូវអស់តម្លៃឈាមដ៏វិសេសបំផុតនៃសតវត្ស ទី១៩ ដើម្បីនាំរបស់ទាំងនោះចេញមក សម្រាប់សេចក្ដីសង្គ្រោះដល់ពិភពលោកដ៏ហិនហោច ហើយថាបើដូចជាភ្លើងអាចឆេះឆាបដល់ឈើស្រស់ ដើម្បីសិរីល្អនៃព្រះជាយ៉ាងណា នោះតើមិនស្រួលទេឬអី ដែលនឹងឆេះឈើស្ងួត ដើម្បីសំអាតចម្ការទំពាំងបាយជូរពីសេចក្ដីពុករលួយចេញ។ ពួកគេបានរស់ដើម្បីសិរីល្អ ពួកគេបានស្លាប់ដើម្បីសិរីល្អ ហើយសិរីល្អគឺជារង្វាន់ដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ។ ពីជំនាន់មួយទៅជំនាន់ នោះឈ្មោះរបស់ពួកគេនឹងបន្តទៅដល់កូនចៅ ដូចជាត្បូងសម្រាប់ពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ។
៧ពួកគេឥតមានទោសឧក្រិដ្ឋអ្វីសោះ ដូចជាពួកគេធ្លាប់បានសាកល្បងពីមុនមកហើយនោះ ហើយគ្រាន់តែជាប់នៅក្នុងគុក ដោយសារការរួមគំនិតចោទប្រកាន់ពីពួកក្បត់ និងពួកមនុស្សទុច្ចរិតប៉ុណ្ណោះ ហើយលោហិតដ៏ឥតទោស របស់ពួកគេ នៅលើក្ដារគុកកាតធេច នោះគឺជាត្រាបិទភ្ជាប់ទៅនឹង « សាសនាមរមន » ដែលពុំអាចបដិសេធដោយតុលាការណាមួយនៅលើផែនដីបានឡើយ ហើយ លោហិតដ៏ឥតទោស របស់ពួកគេនៅលើស្លាកស្នាមទុយ៌សនៃរដ្ឋអិលលីណោយ ព្រមទាំងសេចក្ដីសន្យានៃរដ្ឋដែលបំភ្លេចចោល ដែលបានធានា ដោយអភិបាលរដ្ឋ នោះសុទ្ធតែជាសាក្សីចំពោះសេចក្ដីពិត នៃដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច ថាពិភពលោកទាំងមូល ពុំអាចចោទបានឡើយ ហើយ លោហិតដ៏ឥតទោស របស់ពួកគេ នៅលើទង់សេរីភាព និងនៅលើ ម៉ាកណា កាតា នៃសហរដ្ឋ គឺជាអ្នកទូតសម្រាប់សាសនានៃព្រះយេស៊ូវគ្រីស្ទ ដែលនឹងចាប់ដល់ចិត្តមនុស្សទៀងត្រង់នៅក្នុងចំណោមគ្រប់អស់ទាំងសាសន៍ ហើយ លោហិតដ៏ឥតទោស របស់ពួកគេ ព្រមទាំងលោហិតនៃអស់ទាំងពួកទុក្ករបុគ្គល នៅក្រោមអាសនា ដែលលោក យ៉ូហានបានឃើញ និងស្រែកទៅដល់ព្រះអម្ចាស់នៃពួកពលបរិវារ ទាល់តែទ្រង់សងសឹកលោហិតនោះនៅលើផែនដី។ អាម៉ែន៕