ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 30


កណ្ឌ​ទី ៣០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ដាវីឌ វិតមើរ, ពេត្រុស វិតមើរ ជុញ្ញ័រ, និង យ៉ូហាន វិតមើរ នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​កញ្ញា ឆ្នាំ​១៨៣០ បន្ទាប់​ពី​សន្និសីទ​បី​ថ្ងៃ នៅ​ភូមិ​ហ្វាយែត តែ​មុន​ពួក​អែលឌើរ​នៃ​សាសនាចក្រ បាន​បែក​គ្នា​រៀងៗ​ខ្លួន (History of the Church, ១:១១៥–១១៦)។ មុនដំបូង វត្ថុ​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ជា​វិវរណៈ​បី; វា​ត្រូវ​បាន​បង្រួម​គ្នា​ចូល​តែ​មួយ​ដោយ​ព្យាការី សម្រាប់​ការ​បោះពុម្ព​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ឆ្នាំ​១៨៣៥។

១–៤, ដាវីឌ វិតមើរ ត្រូវ​បាន​បន្ទោស ព្រោះ​ការ​ខកខាន ដើម្បី​បម្រើ​ដោយ​មាន​ចិត្ត​ព្យាយាម; ៥–៨, ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវ​ទៅ​ធ្វើ​បេសកកម្ម​ជាមួយ​នឹង អូលីវើរ ខៅឌើរី ចំពោះ​ពួក​សាសន៍​លេមិន; ៩–១១, យ៉ូហាន វិតមើរ ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ។

មើល​ចុះ ដាវីឌ​អើយ យើង​ប្រាប់​អ្នក​ថា អ្នក​បាន​ខ្លាច​មនុស្ស ហើយ​ពុំ​បាន​ពឹង​លើ​យើង​ដើម្បី​កម្លាំង ដូចដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ។

ប៉ុន្តែ​គំនិត​របស់​អ្នក​បាន​គិត​ពី​របស់​ផង​ទាំង​ឡាយ​នៃ​ផែនដី​ច្រើន​ជាង​ពី​របស់​ផង​ទាំង​ឡាយ​នៃ​យើង ជា​អ្នក​បង្កើត​របស់​អ្នក ហើយ​ពី​ការងារ​បម្រើ ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ ហើយ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះ​វិញ្ញាណ​របស់​យើង និង​ចំពោះ​ពួក​អ្នក​ដែល​បាន​តែង​តាំង​លើ​អ្នក​ឡើយ ប៉ុន្តែ​ត្រូវ​បាន​បបួល​ដោយ​ពួក​អ្នក​ដែល​យើង​ពុំ​បាន​បញ្ជា​ទៅ​វិញ។

ដូច្នោះ​ហើយ អ្នក​ត្រូវ​ទុក​ឲ្យ​ស្នើ​សូម​ពី​ដៃ​យើង​ដោយ​ខ្លួន​អ្នក ហើយ​ឲ្យ​ពិចារណា​គិត​អំពី​របស់​ទាំង​ឡាយ​ដែល​អ្នក​បាន​ទទួល។

ហើយ​ទីលំនៅ​របស់​អ្នក​ត្រូវ​នៅ​ឯ​ផ្ទះ​របស់​ឪពុក​អ្នក លុះ​ត្រា​យើង​ប្រទាន​បញ្ញត្តិ​ទាំង​ឡាយ​ដល់​អ្នក​ថែម​ទៀត។ ហើយ​អ្នក​ត្រូវ​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​សាសនាចក្រ និង​នៅ​ចំពោះ​ពិភពលោក និង​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ។ អាម៉ែន។

មើល​ចុះ ពេត្រុស​អើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​នឹង​អូលីវើរ ជា​បង​ប្អូន​អ្នក ត្បិត​ពេល​វេលា​បាន​មក​ដល់​ហើយ គឺជា​ការ​ចាំ​បាច់​ដល់​យើង ដែល​អ្នក​ត្រូវ​បើក​មាត់​របស់​អ្នក ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ដូច្នេះ​ហើយ ចូរ​កុំ​ខ្លាច​អី ប៉ុន្តែ​ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី និង​ពាក្យ​ដំបូន្មាន​ពី​បង​ប្អូន​អ្នក ដែល​គាត់​នឹង​ឲ្យ​ដល់​អ្នក​ចុះ។

ហើយ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គាត់ នោះ​អ្នក​ក៏​រង​ទុក្ខ​ដែរ ចូរ​តម្រង់​ចិត្ត​ឡើង​មក​ឯ​យើង​ដោយ​នូវ​ការ​អធិស្ឋាន និង​សេចក្ដី​ជំនឿ​សម្រាប់​ការ​រំដោះ​ដល់​អ្នក និង​គាត់ ត្បិត​យើង​បាន​ប្រទាន​អំណាច​ដល់​គាត់ ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន

ហើយ​យើង​ពុំ​បាន​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ពីលើ​គាត់​នៅ​ក្នុង​សាសនាចក្រ អំពី​កិច្ចការ​ខាង​សាសនាចក្រ​ឡើយ លើក​លែងតែ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​បង​ប្អូន​គាត់។

ដូច្នោះ​ហើយ ចូរ​ស្ដាប់​តាម​របស់​ទាំង​នេះ ហើយ​ចូរ​មាន​ចិត្ត​ព្យាយាម​ក្នុង​ការ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចុះ នោះ​អ្នក​នឹង​បាន​ពរ​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ អាម៉ែន។

មើល​ចុះ យ៉ូហាន ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ហាក់​ដូច​ជា​ដោយ​សំឡេង​ត្រែ។

១០ហើយ​ការងារ​របស់​អ្នក ត្រូវ​ធ្វើ​នៅ​ផ្ទះ​របស់​ភីលីព ប៊ើររោ ជា​បង​ប្អូន​របស់​អ្នក និង​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ មែន​ហើយ នៅ​ទី​កន្លែង​ណា​ក៏​ដោយ ដែល​មនុស្ស​អាច​ឮ​អ្នក លុះ​ត្រា​យើង​បញ្ជា​ដល់​អ្នក​ឲ្យ​ទៅ​ពី​ទី​នោះ។

១១ហើយ​ការងារ​ទាំង​អស់​របស់​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ដោយ​អស់​ពី​ព្រលឹង​របស់​អ្នក ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ មែន​ហើយ អ្នក​ត្រូវ​ហ៊ាន​បើក​មាត់​របស់​អ្នក​ដោយ​នូវ​គតិ​របស់​យើង ដោយ​មិន​ខ្លាច​ដល់​អ្វី​ដែល​មនុស្ស​អាច​ធ្វើ​ឡើយ ព្រោះ​យើង​នៅ​ជាមួយ​អ្នក។ អាម៉ែន៕