កណ្ឌទី ៣០
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះដាវីឌ វិតមើរ, ពេត្រុស វិតមើរ ជុញ្ញ័រ, និង យ៉ូហាន វិតមើរ នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែកញ្ញា ឆ្នាំ១៨៣០ បន្ទាប់ពីសន្និសីទបីថ្ងៃ នៅភូមិហ្វាយែត តែមុនពួកអែលឌើរនៃសាសនាចក្រ បានបែកគ្នារៀងៗខ្លួន (History of the Church, ១:១១៥–១១៦)។ មុនដំបូង វត្ថុនេះត្រូវបានបោះពុម្ពផ្សាយជាវិវរណៈបី; វាត្រូវបានបង្រួមគ្នាចូលតែមួយដោយព្យាការី សម្រាប់ការបោះពុម្ពគោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ១៨៣៥។
១–៤, ដាវីឌ វិតមើរ ត្រូវបានបន្ទោស ព្រោះការខកខាន ដើម្បីបម្រើដោយមានចិត្តព្យាយាម; ៥–៨, ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវទៅធ្វើបេសកកម្មជាមួយនឹង អូលីវើរ ខៅឌើរី ចំពោះពួកសាសន៍លេមិន; ៩–១១, យ៉ូហាន វិតមើរ ត្រូវបានហៅឲ្យទៅផ្សាយដំណឹងល្អ។
១មើលចុះ ដាវីឌអើយ យើងប្រាប់អ្នកថា អ្នកបានខ្លាចមនុស្ស ហើយពុំបានពឹងលើយើងដើម្បីកម្លាំង ដូចដែលអ្នកគួរធ្វើនោះទេ។
២ប៉ុន្តែគំនិតរបស់អ្នកបានគិតពីរបស់ផងទាំងឡាយនៃផែនដីច្រើនជាងពីរបស់ផងទាំងឡាយនៃយើង ជាអ្នកបង្កើតរបស់អ្នក ហើយពីការងារបម្រើ ដែលអ្នកត្រូវបានហៅឲ្យធ្វើ ហើយអ្នកពុំបានស្ដាប់តាមព្រះវិញ្ញាណរបស់យើង និងចំពោះពួកអ្នកដែលបានតែងតាំងលើអ្នកឡើយ ប៉ុន្តែត្រូវបានបបួលដោយពួកអ្នកដែលយើងពុំបានបញ្ជាទៅវិញ។
៣ដូច្នោះហើយ អ្នកត្រូវទុកឲ្យស្នើសូមពីដៃយើងដោយខ្លួនអ្នក ហើយឲ្យពិចារណាគិតអំពីរបស់ទាំងឡាយដែលអ្នកបានទទួល។
៤ហើយទីលំនៅរបស់អ្នកត្រូវនៅឯផ្ទះរបស់ឪពុកអ្នក លុះត្រាយើងប្រទានបញ្ញត្តិទាំងឡាយដល់អ្នកថែមទៀត។ ហើយអ្នកត្រូវធ្វើការងារបម្រើនៅក្នុងសាសនាចក្រ និងនៅចំពោះពិភពលោក និងនៅក្នុងភូមិភាគជុំវិញ។ អាម៉ែន។
៥មើលចុះ ពេត្រុសអើយ យើងប្រាប់អ្នកថា អ្នកត្រូវធ្វើដំណើរជាមួយនឹងអូលីវើរ ជាបងប្អូនអ្នក ត្បិតពេលវេលាបានមកដល់ហើយ គឺជាការចាំបាច់ដល់យើង ដែលអ្នកត្រូវបើកមាត់របស់អ្នក ដើម្បីប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ដូច្នេះហើយ ចូរកុំខ្លាចអី ប៉ុន្តែចូរស្ដាប់តាមពាក្យសម្ដី និងពាក្យដំបូន្មានពីបងប្អូនអ្នក ដែលគាត់នឹងឲ្យដល់អ្នកចុះ។
៦ហើយក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គាត់ នោះអ្នកក៏រងទុក្ខដែរ ចូរតម្រង់ចិត្តឡើងមកឯយើងដោយនូវការអធិស្ឋាន និងសេចក្ដីជំនឿសម្រាប់ការរំដោះដល់អ្នក និងគាត់ ត្បិតយើងបានប្រទានអំណាចដល់គាត់ ដើម្បីស្ថាបនាសាសនាចក្ររបស់យើងឡើង នៅក្នុងចំណោមពួកសាសន៍លេមិន
៧ហើយយើងពុំបានតាំងអ្នកណាឲ្យធ្វើជាទីប្រឹក្សាពីលើគាត់នៅក្នុងសាសនាចក្រ អំពីកិច្ចការខាងសាសនាចក្រឡើយ លើកលែងតែ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាបងប្អូនគាត់។
៨ដូច្នោះហើយ ចូរស្ដាប់តាមរបស់ទាំងនេះ ហើយចូរមានចិត្តព្យាយាមក្នុងការកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងចុះ នោះអ្នកនឹងបានពរដល់ជីវិតដ៏នៅអស់កល្បជានិច្ច។ អាម៉ែន។
៩មើលចុះ យ៉ូហាន ជាអ្នកបម្រើរបស់យើងអើយ យើងប្រាប់អ្នកថា អ្នកត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដើម្បីប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ហាក់ដូចជាដោយសំឡេងត្រែ។
១០ហើយការងាររបស់អ្នក ត្រូវធ្វើនៅផ្ទះរបស់ភីលីព ប៊ើររោ ជាបងប្អូនរបស់អ្នក និងនៅក្នុងភូមិភាគជុំវិញ មែនហើយ នៅទីកន្លែងណាក៏ដោយ ដែលមនុស្សអាចឮអ្នក លុះត្រាយើងបញ្ជាដល់អ្នកឲ្យទៅពីទីនោះ។
១១ហើយការងារទាំងអស់របស់អ្នកត្រូវធ្វើនៅក្នុងក្រុងស៊ីយ៉ូន ដោយអស់ពីព្រលឹងរបស់អ្នក ចាប់តាំងពីពេលនេះតទៅ មែនហើយ អ្នកត្រូវហ៊ានបើកមាត់របស់អ្នកដោយនូវគតិរបស់យើង ដោយមិនខ្លាចដល់អ្វីដែលមនុស្សអាចធ្វើឡើយ ព្រោះយើងនៅជាមួយអ្នក។ អាម៉ែន៕