ព្រះគម្ពីរ
អ័ប្រាហាំ 3


ជំពូក​ទី ៣

លោក​អ័ប្រាហាំ​ចេះ​ដឹង​អំពី​ព្រះ​អាទិត្យ ព្រះ​ចន្ទ និង​តារា​ទាំង​ឡាយ ដោយ​សារ​យូរីម​និង​ធូមីម — ព្រះ​អម្ចាស់​ទ្រង់​បើក​សម្ដែង​ដល់​លោក អំពី​ស្ថានភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​វិញ្ញាណ​ទាំង​ឡាយ — លោក​ចេះ​ដឹង​អំពី​ជីវិត​មុន​ផែនដី ការ​តែងតាំង​ទុកជាមុន ការ​បង្ក​បង្កើត ការ​រើស​ព្រះ​ដ៏​ប្រោស​លោះ និង​ស្ថានភាព​ទី ២ របស់​មនុស្ស។

ហើយ​ខ្ញុំ អ័ប្រាហាំ បាន​យូរីម និង​ធូមីម ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្ញុំ បាន​ប្រទាន​ដល់​ខ្ញុំ​នៅ​អ៊ើរ ស្រុក​ខាល់ដេ

ហើយ​ខ្ញុំ​បាន​មើល​ឃើញ​តារា​ទាំង​ឡាយ គឺ​តារា​ទាំង​នោះ​សុទ្ធ​តែ​ធំៗ​ណាស់ ហើយ​តារា​មួយ​នោះ​នៅ​យ៉ាង​ជិត​នឹង​បល្ល័ង្ក​នៃ​ព្រះ​ជាងគេ ហើយ​មាន​តារា​ដ៏​ធំៗ​ជា​ច្រើន ដែល​នៅ​ជិត​នោះ

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ តារា​ទាំង​នេះ​សុទ្ធ​តែ​ជា​តារា​ត្រួតត្រា ហើយ​ឈ្មោះ​តារា​ដ៏​ធំ​មួយ​នោះ​គឺ កូឡុប ពី​ព្រោះ​វា​នៅ​ជិត​យើង ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ៖ គឺ​យើង​បាន​ចាត់​ឲ្យ​តារា​មួយ​នេះ​ត្រួតត្រា​លើ​អស់​ទាំង​តារា​ទាំង​នោះ ដែល​នៅ​ក្នុង​លំដាប់​ដូច​គ្នា​ដែល​អ្នក​ឈរ​លើ។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ ដោយ​យូរីម​និង​ធូមីម ថា​កូឡុប​នៅ​តាម​របៀប​នៃ​ព្រះ​អម្ចាស់ ស្រប​តាម​ពេល​វេលា និង រដូវ​កាល​របស់​វា តាម​ការ​វិល​ជុំវិញ​នៃ​ទី​នោះ រីឯ​ការ​វិល​ជុំវិញ​ម្ដង គឺ​មាន​មួយ​ថ្ងៃ​ចំពោះ​ព្រះ​អម្ចាស់ ស្រប​តាម​របៀប​រៀបរាប់​ពេល​វេលា​របស់​ទ្រង់ គឺ​មួយ​ពាន់​ឆ្នាំ​ស្រប​តាម​ពេល​វេលា​ដែល​កំណត់ទុក​ចំពោះ​ទី​នោះ​ដែល​អ្នក​ឈរ​លើ។ នេះ​ហើយ​ជា​របៀប​រៀបរាប់​ពេល​វេលា​របស់​ព្រះ​អម្ចាស់ ស្រប​តាម​របៀប​រៀបរាប់​នៃ​កូឡុប។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ភព​ដែល​មាន​ពន្លឺ​តូច​ជាង គឺ​តូច​ជាង​ភព​ដែល​ត្រួត​ក្នុង​ពេល​ថ្ងៃ ដែល​សម្រាប់​ត្រួត​ក្នុង​ពេល​យប់​នោះ​ខ្ពស់ ឬ​ធំ​ជាង​ភព​ដែល​អ្នក​ឈរ​លើ តាម​ការ​រៀបរាប់​ពេល​វេលា​របស់​វា ត្បិត​វា​ដើរ​តាម​របៀប​យឺតយូរ គឺ​នៅ​ក្នុង​របៀប​នេះ ពី​ព្រោះ​វា​ឈរ​នៅ​លើ​ផែនដី​ដែល​អ្នក​ឈរ​លើ ហេតុ​ដូច្នេះ​ហើយ ការ​រៀបរាប់​ពេល​វេលា​របស់​វា គឺ​ពុំ​មែន​រាប់ តាម​ថ្ងៃ និង​ខែ និង​ឆ្នាំ​ឡើយ។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ឥឡូវ​នេះ អ័ប្រាហាំ​អើយ មាន​ការ​ពិត​ទាំង​ពីរ​នេះ​ហើយ មើល​ចុះ ភ្នែក​របស់​អ្នក​ក៏​មើល​ឃើញ​ដែរ ព្រោះ​បាន​ប្រទាន​ដល់​អ្នក​ឲ្យ​ស្គាល់​របៀប​រៀបរាប់​ពេល​វេលា និង​ពេល​ប្រក្រតី​ផង មែន​ហើយ គឺ​ពេល​ប្រក្រតី​នៃ​ដែនដី​ដែល​អ្នក​ឈរ​លើ និង​ពេល​ប្រក្រតី​នៃ​ពន្លឺ​ដ៏​ធំ​ជាង ដែល​ចាត់​ឲ្យ​ត្រួត​ក្នុង​ពេល​ថ្ងៃ និង​ពេល​ប្រក្រតី​នៃ​ពន្លឺ​ដ៏​តូច​ជាង ដែល​ចាត់​ឲ្យ​ត្រួត​ក្នុង​ពេល​យប់។

ឥឡូវ​នេះ ពេល​ប្រក្រតី​នៃ​ពន្លឺ​ដ៏​តូច​ជាង បើ​រាប់​តាម​របៀប​រៀបរាប់​ពេល​វេលា​របស់​វា នោះ​យូរ​ជាង​របៀប​រៀបរាប់​ពេល​វេលា​នៃ​ផែនដី​ដែល​អ្នក​ឈរ​លើ។

ហើយ​កាលណា​មាន​ការ​ពិត​ទាំង​ពីរ​នេះ នោះ​ក៏​គួរ​មាន​ការ​ពិត​ខ្ពស់​ជាង​នេះ​ដែរ គឺថា មាន​ភព​មួយ​ទៀត​ដែល​មាន​របៀប​រៀបរាប់​ពេល​វេលា​កាន់តែ​យូរ​ទៅ​ទៀត

ហើយ​ដូច្នេះ ទើប​មាន​របៀប​រៀបរាប់​ពេល​វេលា​នៃ​ភព​មួយ​ខ្ពស់​ជាង​មួយ​ទៀត រហូត​ដល់​អ្នក​ជិត​មក​ដល់​កូឡុប ជា​កូឡុប​នោះ ហើយ​ដែល​រាប់​តាម​របៀប​រៀបរាប់​ពេល​វេលា​របស់​ព្រះ​អម្ចាស់ ជា​កូឡុប​នោះ​ហើយ​ដែល​ចាត់​ឲ្យ​នៅ​ជិត​បល្ល័ង្ក​នៃ​ព្រះ ដើម្បី​ត្រួត​លើ​អស់​ទាំង​ភព ដែល​នៅ​ក្នុង​របៀប​ដូច​នៅ​ទី​នោះ​ដែល​អ្នក​ឈរ​លើ។

១០ហើយ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ឲ្យ​ស្គាល់​ពេល​ប្រក្រតី​នៃ​អស់​ទាំង​តារា ដែល​ចាត់​ឲ្យ​បំភ្លឺ រហូត​ដល់​អ្នក​ជិត​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ។

១១ដូច្នេះ ខ្ញុំ អ័ប្រាហាំ​បាន​ទូល​ជាមួយ​នឹង​ព្រះ​អម្ចាស់​ទល់​មុខ​គ្នា ដូច​ជា​មនុស្ស​និយាយ​គ្នា ហើយ​ទ្រង់​បាន​ប្រាប់​ខ្ញុំ​អំពី​កិច្ចការ​ទាំង​ឡាយ ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ​មក

១២ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ បុត្រ​យើង បុត្រ​យើង​អើយ (ហើយ​ព្រះ​ហស្ត​របស់​ទ្រង់​បាន​លាតសន្ធឹង​មក) មើល​ចុះ យើង​នឹង​បង្ហាញ​ដល់​អ្នក​នូវ​របស់​ទាំង​ឡាយ​នេះ។ ហើយ​ទ្រង់​បាន​ដាក់​ព្រះ​ហស្ត​ទ្រង់​មក​លើ​ភ្នែក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​របស់​ទាំង​ឡាយ​នោះ ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ​មក ដែល​មាន​ជា​ច្រើន ហើយ​របស់​ទាំង​នោះ​បាន​កើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ភ្នែក​ខ្ញុំ ហើយ​ខ្ញុំ​ពុំ​អាច​មើល​ឃើញ​ទី​បញ្ចប់​នៃ​របស់​ទាំង​នោះ​ឡើយ។

១៣ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ នេះ​គឺជា​ស៊ីនេហា ដែល​ជា​ព្រះ​អាទិត្យ។ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ កូកុប​គឺ ជាតា​រា។ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អូលេអា គឺជា​ព្រះ​ចន្ទ។ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ កូកាវប៊ីម ដែល​បញ្ជាក់​ថា​ជាតា​រា​ទាំង​ឡាយ ឬ​គ្រប់​ពន្លឺ​ដ៏​ធំៗ​ទាំង​អស់​ដែល​នៅ​លើ​ផ្ទៃ​មេឃ។

១៤ហើយ​គឺ​នៅ​ពេល​យប់​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ខ្ញុំ​ពី​ពាក្យ​ទាំង​ឡាយ​នេះ​ថា ៖ យើង​នឹង​ចម្រើន​អ្នក​ឲ្យ​កើន​ច្រើន​ឡើង ហើយ​ពូជ​អ្នក​ជា​បន្តបន្ទាប់​ទៅ​ឲ្យ​មាន​ដូច​ជា​របស់​ទាំង​នេះ​ដែរ ហើយ​បើ​សិន​ជា​អ្នក​អាច​រាប់​ខ្សាច់​បាន នោះ​ហើយ​ជា​ចំនួន​នៃ​ពូជ​ទាំង​ឡាយ​របស់​អ្នក។

១៥ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ័ប្រាហាំ​អើយ យើង​បង្ហាញ​របស់​ទាំង​នេះ​ដល់​អ្នក មុន​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រកាស​ប្រាប់​ពាក្យ​ទាំង​អស់​នេះ។

១៦បើ​សិន​ជា​មាន​វត្ថុ​ពីរ ហើយ​មួយ​ខ្ពស់​ជាង​មួយ​ទៀត នោះ​ច្បាស់​ជា​នឹង​មាន​របស់​របរ​ដ៏​ធំ​ជាង ខ្ពស់​លើស​នោះ​ទៅ​ទៀត ហេតុ​ដូច្នេះ​ហើយ កូឡុប​គឺ​ធំ​ជាង​កូកាវប៊ីម​ទាំង​អស់ ដែល​អ្នក​បាន​ឃើញ ពី​ព្រោះ​កូឡុប​នៅ​ជិត​យើង​ជាងគេ។

១៧ឥឡូវ​នេះ បើ​សិន​ជា​មាន​របស់​ពីរ គឺ​មួយ​ខ្ពស់​ជាង​មួយ​ទៀត ហើយ​ព្រះ​ចន្ទ​ខ្ពស់​ជាង​ផែនដី ម្ល៉ោះ​ហើយ ច្បាស់​ជា​អាច​មាន​ភព ឬ​តារា​ខ្ពស់​ជាង​ព្រះ​ចន្ទ​ទៅ​ទៀត ហើយ​គ្មាន​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ធ្វើ​ទេ លើក​លែងតែ​អ្វី​នោះ​ដែល​ទ្រង់​នឹង​សម្រេច​ប៉ុណ្ណោះ។

១៨ម្ដេច​ឡើយ​ក៏​ទ្រង់​បាន​ធ្វើ​តារា​ដ៏​ធំ​ជាង​នោះ ក៏​ដូច​គ្នា​ដែរ បើ​សិន​ជា​មាន​វិញ្ញាណ​ពីរ ហើយ​មួយ​មាន​បញ្ញា​ជាង​មួយ​ទៀត តែ​រីឯ​វិញ្ញាណ​ទាំង​ពីរ​នេះ ទោះ​ជា​មួយ​មាន​បញ្ញា​ជាង​មួយ​ទៀត​ក៏​ដោយ ក៏​គង់តែ​ពុំ​មាន​ដើមដំបូង​ដែរ ពួក​វិញ្ញាណ​ទាំង​នេះ​មាន​តាំង​ពី​ដើម​មក​ម្ល៉េះ ពួក​គេ​គ្មាន​ទី​បញ្ចប់​ឡើយ គឺ​ពួក​គេ​នឹង​មាន​រហូត​ត​ទៅ​ទៀត ព្រោះ​ពួក​គេ​ជា​ណូឡោម ឬ​នៅ​អស់​កល្ប​ជានិច្ច។

១៩ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ មាន​ការ​ពិត​ទាំង​ពីរ​នេះ​ហើយ​ថា មាន​វិញ្ញាណ​ពីរ គឺ​មួយ​មាន​បញ្ញា​ជាង​មួយ​ទៀត ក៏​នឹង​មាន​មួយ​ទៀត​ដែល​មាន​បញ្ញា​ជាង​នោះ​ទៅ​ទៀត យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក យើង​មាន​បញ្ញា​ជាង​ពួក​គេ​ទាំង​អស់។

២០ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​ទៅ​ដោះ​លែង​អ្នក​ពី​កណ្ដាប់​ដៃ​របស់​សង្ឃ​នៃ​អែលកេណា។

២១យើង​គង់នៅ​កណ្ដាល​ពួក​គេ​ទាំង​អស់ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ឥឡូវ​នេះ យើង​ចុះ​មក​ឯ​អ្នក ដើម្បី​ប្រកាស​ប្រាប់​ដល់​អ្នក អំពី​កិច្ច​ការ​ទាំង​ឡាយ​ដែល​ព្រះ​ហស្ត​របស់​យើង​បាន​ធ្វើ​មក ម្ល៉ោះ​ហើយ បញ្ញា​យើង​លើស​ជាង​ពួក​គេ​ទាំង​អស់ ត្បិត​យើង​គ្រប់​គ្រង​ស្ថាន​សួគ៌​ខាង​លើ និង​ផែនដី​ខាង​ក្រោម​ដោយ​ប្រាជ្ញា និង​ការ​ឈ្លាសវៃ​គ្រប់​យ៉ាង គឺ​លើ​អស់​ទាំង​បញ្ញា​ទាំង​ឡាយ​ដែល​ភ្នែក​អ្នក​បាន​ឃើញ តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ នៅ​ដើមដំបូង​ឡើយ យើង​បាន​ចុះ​មក​កណ្ដាល​អស់​ទាំង​បញ្ញា ដែល​អ្នក​បាន​ឃើញ​នោះ។

២២ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ អ័ប្រាហាំ​នូវ​បញ្ញា​ទាំង​ឡាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង មុន​កំណើត​លោកិយ​មក​ម្ល៉េះ ហើយ​នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​អស់ នោះ​មាន​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ​ជា​ច្រើន

២៣ហើយ​ព្រះ​ទ្រង់​បាន​ទត​ឃើញ​ព្រលឹង​ទាំង​ឡាយ​នេះ​ថា​សុទ្ធ​តែ​ល្អ ហើយ​ទ្រង់​បាន​ឈរ​នៅ​កណ្ដាល​ពួក​គេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ពួក​អ្នក​ទាំង​នេះ យើង​នឹង​ធ្វើ​ទៅ​ជា​ពួក​អ្នក​គ្រប់​គ្រង​របស់​យើង ត្បិត​ទ្រង់​បាន​ឈរ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ជា​វិញ្ញាណ ហើយ​ទ្រង់​បាន​ទត​ឃើញ​ថា​ពួក​គេ​សុទ្ធ​តែ​ល្អ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ័ប្រាហាំ​អើយ អ្នក​នៅ​ក្នុង​ពួក​គេ​ដែរ អ្នក​ត្រូវ​បាន​រើស​តាំង​ពី​មុន​អ្នក​ចាប់​កំណើត​មក​ម្ល៉េះ។

២៤ហើយ​ក៏​មាន​ម្នាក់​ឈរ​ក្នុង​ចំណោម​ពួក​គេ ដែល​មើល​ទៅ​ដូច​ជា​ព្រះ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទ្រង់​ថា ៖ យើង​នឹង​ចុះ​ទៅ ត្បិត​មាន​កន្លែង​ទំនេរ​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វត្ថុ​ទាំង​ឡាយ​នេះ​ទៅ ហើយ​យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​ទាំង​នេះ​អាច​រស់​នៅ​លើ

២៥ហើយ​យើង​នឹង​សាកល្បង​ពួក​គេ​មើល​បើ​សិន​ជា​ពួក​គេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ នឹង​បញ្ជា​ដល់​ពួក​គេ

២៦ហើយ​អស់​អ្នក​ណា​ដែល​រក្សា​សណ្ឋាន​ទី​មួយ​របស់​ខ្លួន នោះ​នឹង​ត្រូវ​បាន​បន្ថែម​ឡើង ហើយ​អស់​អ្នក​ណា​ដែល​មិន​រក្សា​សណ្ឋាន​ទី​មួយ​របស់​ខ្លួន​ទេ នោះ​នឹង​ពុំ​បាន​សិរី​ល្អ​នៅ​ក្នុង​នគរ​ជាមួយ​គ្នា​នឹង​អស់​អ្នក​ណា ដែល​រក្សា​សណ្ឋាន​ទី​មួយ​របស់​គេ​នោះ​ឡើយ ហើយ​អស់​អ្នក​ណា​ដែល​រក្សា​សណ្ឋាន​ទី​ពីរ​របស់​ខ្លួន នោះ​នឹង​បាន​សិរី​ល្អ​បន្ថែម​ទៅ​លើ​ក្បាល​គេ​ជា​រៀង​ដរាប​រហូត​ត​ទៅ។

២៧ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តើ​យើង​នឹង​ចាត់​អ្នក​ណា? ហើយ​ម្នាក់​ដូច​ជា​កូន​មនុស្ស​បាន​ឆ្លើយ​ថា ៖ ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ។ ហើយ​ម្នាក់​ទៀត​បាន​ឆ្លើយ​ហើយ​និយាយ​ថា ៖ ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ចាត់​អ្នក​ទី​មួយ។

២៨ហើយ​អ្នក​ទី​ពីរ​ក៏​ខឹង ហើយ​ពុំ​បាន​រក្សា​សណ្ឋាន​ទី​មួយ​របស់​ខ្លួន​ឡើយ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​គាត់ ៕