ព្រះគម្ពីរ
ម៉ូសេ 3


ជំពូក​ទី ៣

(មិថុនា–តុលា ឆ្នាំ ១៨៣០)

ព្រះ​ទ្រង់​បាន​បង្កើត​របស់​ទាំង​អស់​ខាង​វិញ្ញាណ មុន​មាន​របស់​ទាំង​នោះ​នៅ​លើ​ផែនដី​តាម​ធម្មជាតិ — ទ្រង់​បាន​បង្កើត​បុរស គឺជា​សាច់​ទី​មួយ​នៅ​លើ​ផែនដី — ស្ត្រី​គឺជា​ជំនួយ​មួយ​ដ៏​សម​ចំពោះ​បុរស។

ដូច្នេះ​ផ្ទៃ​មេឃ និង​ផែនដី​ក៏​បាន​ធ្វើ​រួច​ជាស្រេច ព្រម​ទាំង​របស់​សព្វ​សារពើ​ផង។

ហើយ​នៅ​ថ្ងៃ​ទី ៧ នោះ​យើង​ជា​ព្រះ បាន​បង្ហើយ​កិច្ចការ​របស់​យើង ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​ផង ហើយ​យើង​ក៏​ឈប់​ផ្អាក​សម្រាក​នៅ​ថ្ងៃ​ទី ៧ នោះ ពី​គ្រប់​ទាំង​កិច្ចការ​របស់​យើង ហើយ​គ្រប់​របស់​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​នោះ​រួច​ជាស្រេច ហើយ​យើង​ជា​ព្រះ បាន​ឃើញ​ថា​របស់​ទាំង​នោះ​សុទ្ធ​តែ​ល្អ

ហើយ​យើង​ជា​ព្រះ បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី ៧ ហើយ​ញែក​ថ្ងៃ​នោះ​ទុកជា​ថ្ងៃ​បរិសុទ្ធ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ យើង​បាន​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ចការ​របស់​យើង ដែល​យើង​ជា​ព្រះ បាន​បង្កើត និង​បាន​ធ្វើ​មក។

ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ថា នេះ​ហើយ​ជាដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែនដី ក្នុង​កាលដែល​បាន​កើត​មក គឺ​នៅ​វេលា​ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​ធ្វើ​ផ្ទៃ​មេឃ និង​ផែនដី

និង​តិណជាតិ​គ្រប់​យ៉ាង​នៅ​វាល មុន​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​រុក្ខជាតិ​គ្រប់​យ៉ាង​នៅ​វាល មុន​ដែល​ដុះ​មក​ផង។ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​បង្កើត​គ្រប់​របស់​ទាំង​អស់ ដែល​យើង​បាន​ពោល​ដល់​នោះ​ខាង​វិញ្ញាណ មុន​មាន​របស់​ទាំង​នោះ​នៅ​លើ​ផែនដី​តាម​ធម្មជាតិ។ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផ្ទៃ​ផែនដី​ទេ។ ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​បង្កើត​អស់​ទាំង​កូន​ចៅ​មនុស្ស ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​មនុស្ស​ណា​នឹង​ភ្ជួរ​ដី​សោះ ត្បិត​យើង​បាន​បង្កើត​ពួក​គេ​នៅ​ស្ថាន​សួគ៌ ហើយ​ពុំ​ទាន់​មាន​សាច់​នៅ​លើ​ផែនដី​នៅ​ឡើយ​ទេ ឬ​ក៏​នៅ​ក្នុង​ទឹក ឬ​នៅ​លើ​អាកាស​ដែរ

ប៉ុន្តែ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល ហើយ​ក៏​មាន​ចំហាយ​ឡើង​ពី​ដី​មក ហើយ​ស្រោច​ស្រប់​គ្រប់​លើ​ផ្ទៃ​ដី។

ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​សូន​មនុស្ស​ពី​ធូលី​ដី ហើយ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ ហើយ​មនុស្ស​ក្លាយ​ជា​មាន​ព្រលឹង​រស់​ឡើង គឺជា​សាច់​ទី​មួយ​នៅ​លើ​ផែនដី ព្រម​ទាំង​ជា​មនុស្ស​ទី​មួយ​ផង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​មាន​គ្រប់​របស់​ទាំង​អស់ មុន​ដែល​បាន​បង្កើត​មក ប៉ុន្តែ​របស់​ទាំង​នោះ​ត្រូវ​បាន​បង្កើត និង​ធ្វើ​ឡើង​ខាង​វិញ្ញាណ ស្រប​តាម​បន្ទូល​របស់​យើង។

ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​ធ្វើ​សួនច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ហើយ​យើង​បាន​ដាក់​មនុស្ស​ដែល​យើង​បាន​សូន​ឡើង​ឲ្យ​នៅ​ទី​នោះ។

ហើយ​ចេញ​ពី​ដី នោះ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​ធ្វើ​ឲ្យ​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​តាម​ធម្មជាតិ ដែល​គួរ​ជាទី​គាប់​ដល់​ចក្ខុ​នៃ​មនុស្ស ហើយ​មនុស្ស​ក៏​អាច​មើល​ឃើញ​ដើម​ទាំង​នោះ​ដែរ។ ហើយ​ដើម​ទាំង​នោះ​ក៏​ក្លាយ​ជា​មាន​ជីវិត​រស់នៅ។ ត្បិត​ដើម​ទាំង​នោះ សុទ្ធ​តែ​ជា​វិញ្ញាណ ក្នុង​កាលដែល​យើង​បាន​បង្កើត​ដើម​ឈើ​ទាំង​នោះ​ឡើង ត្បិត​ដើម​ឈើ​ទាំង​នោះ​បាន​នៅ​ក្នុង​វិស័យ ដែល​យើង​ជា​ព្រះ​បាន​បង្កើត​ដើម​ឈើ​ទាំង​នោះ​មក មែន​ហើយ គឺ​គ្រប់​របស់​ទាំង​អស់​ដែល​យើង​បាន​រៀបចំ​ឡើង សម្រាប់​ទុកជា​ការ​ប្រើប្រាស់​ដល់​មនុស្ស ហើយ​មនុស្ស​បាន​ឃើញ​ថា​ល្អ​សម្រាប់​ធ្វើ​ជា​អាហារ។ ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ក៏​ដាំ​ដើម​ជីវិត​នៅ​កណ្ដាល​សួនច្បារ ព្រម​ទាំង​ដើម​សម្រាប់​ដឹង​ខុសត្រូវ​ផង។

១០ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​បណ្ដាល​ឲ្យ​មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​សួនច្បារ​នោះ ហើយ​ហូរ​បែក​ពី​នោះ ហើយ​ក្លាយ​ទៅ​ជា​បួន​មុខ

១១ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​ហៅ​ឈ្មោះ​ទន្លេ​ទី​១​ថា ពិសុន ហើយ​ទន្លេ​នោះ​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ទាំង​មូល ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​បង្កើត​ឲ្យ​មាន​មាស​ជា​ច្រើន

១២ហើយ​មាស​ដែល​មក​ស្រុក​នោះ​ជា​មាស​យ៉ាង​ល្អ ហើយ​ក៏​មាន​ទាំង​ប្ដេល្លាម និង​ត្បូង​អូនីក្ស​ផង។

១៣ហើយ​ឈ្មោះ​ទន្លេ​ទី​២ នោះ​ត្រូវ​បាន​ហៅថា គីហុន គឺជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។

១៤ហើយ​ឈ្មោះ​ទន្លេ​ទី៣ គឺ​ហ៊ីដេកែល ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាសស៊ើរ។ ហើយ​ទន្លេ​ទី៤ គឺ​អ៊ើប្រាត។

១៥ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​យក​មនុស្ស​ទៅ ហើយ​ដាក់​គេ​នៅ​ក្នុង​សួនច្បារ​អេដែន ឲ្យ​ធ្វើ​ការ​ហើយ​ថែរក្សា​សួនច្បារ​នោះ។

១៦ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​បញ្ជា​ដល់​បុរស​ថា ៖ ផ្លែ​ឈើ​ទាំង​អស់​នៅ​ក្នុង​សួនច្បារ នោះ​អ្នក​អាច​បរិភោគ​បាន​តាម​ចិត្ត

១៧ប៉ុន្តែ​ផល​ពី​ដើម​ដឹង​ខុសត្រូវ នោះ​អ្នក​មិន​ត្រូវ​បរិភោគ​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ជ្រើស​រើស​សម្រាប់​ខ្លួន​ផ្ទាល់ ត្បិត​ការណ៍​នោះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ហើយ ប៉ុន្តែ​ចូរ​ចងចាំ​ថា យើង​បាន​ហាមឃាត់ ត្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​អ្នក​នឹង​ត្រូវ​ស្លាប់​ជាមិនខាន​ឡើយ។

១៨ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង​ថា វា​មិន​ល្អ​ទេ​ដែល​បុរស​នេះ​ត្រូវ​នៅ​តែ​ម្នាក់​ឯង ហេតុ​ដូច្នោះ​ហើយ យើង​នឹង​ធ្វើ​ឲ្យ​មាន​ជំនួយ​មួយ​ដ៏​សម​ចំពោះ​គាត់។

១៩ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​យក​ដី​មក​សូន​នូវ​គ្រប់​ទាំង​សត្វ​ជើង​បួន​នៅ​វាល និង​គ្រប់​ទាំង​សត្វ​ហើរ​លើ​អាកាស​ផង ហើយ​បាន​បញ្ជា​ដល់​សត្វ​ទាំង​នោះ​ឲ្យ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ថា​គាត់​នឹង​ហៅ​ដូច​ម្ដេច ហើយ​សត្វ​ទាំង​នោះ​ក៏​មាន​ព្រលឹង​រស់​ដែរ ត្បិត​យើង​ជា​ព្រះ បាន​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​សត្វ​ទាំង​នោះ ហើយ​បាន​បញ្ជា​ថា ឈ្មោះ​ណា​ក៏​ដោយ​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង​ឡាយ នោះ​បាន​សម្រេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង។

២០ហើយ​អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជាស្រេច ប៉ុន្តែ​ចំពោះ​អ័ដាម​វិញ នោះ​មិន​ឃើញ​មាន​ជំនួយ​ណា​មួយ​ដ៏​សម​ចំពោះ​គាត់​សោះ។

២១ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​អ័ដាម​ដេក​លង់លក់​ទៅ ហើយ​គាត់​ក៏​ដេកលក់ ហើយ​យើង​បាន​យក​ឆ្អឹង​ជំនីរ​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ

២២ហើយ​រីឯ​ឆ្អឹងជំនីរ​ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​យក​ពី​បុរស​មក នោះ​យើង​បាន​ធ្វើ​ជា​ស្ត្រី​មួយ ហើយ​នាំ​នាង​ទៅ​ឯ​បុរស។

២៣ហើយ​អ័ដាម​ក៏​ថា ៖ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា​នេះ​ជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ហើយ​ជា​សាច់​ពី​សាច់​ខ្ញុំ នាង​នឹង​ត្រូវ​បាន​ហៅថា « ស្ត្រី » ពី​ព្រោះ នាង​ត្រូវ​បាន​យក​ចេញ​ពី​បុរស​មក។

២៤ហេតុ​ដូច្នេះ​ហើយ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ នោះ​នឹង​ត្រូវ​ជា​សាច់​តែ​មួយ​សុទ្ធ។

២៥ហើយ​គេ​ទាំង​ពីរ​នាក់​នៅ​ខ្លួន​អាក្រាត​ទទេ គឺ​បុរស​និង​ប្រពន្ធ​គាត់ ហើយ​ឥត​មាន​សេចក្ដី​ខ្មាសអៀន​ឡើយ ៕