សកម្មភាព ចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សាព្រះគម្ពីរ ឬគ្រាន់តែសម្រាប់ភាពរីករាយ !
គ្មានអ្វីដែលពុំអាចទៅរួចនោះទេ !
ដំណើររឿង ៖ អេលីសាបិត និង សាការី ចង់មានកូន ប៉ុន្ដែអេលីសាបិតមានវ័យចំណាស់ខ្លាំងទៅហើយ ។ ថ្ងៃមួយ មានទេវតាមួយអង្គបានមានបន្ទូលទៅ សាការីថា ពួកលោកនឹងមានកូនប្រុសម្នាក់ ! កូនប្រុសរបស់ពួកលោកគឺ យ៉ូហាន-បាទីស្ទ ។ អេលីសាបិត និង សាការី បានដឹងថា ការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះ គ្មានសោះឡើយ ។ ( សូមមើល លូកា ១:១១–១៤, ៣៧ ) ។
ចម្រៀង ៖ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦–៧ )
សកម្មភាព ៖ សូមសាកល្បងធ្វើកិច្ចការ « ដែលពុំអាចទៅរួច » នេះ ! ដំបូង សូមពត់ម្រាមដៃកណ្ដាលរបស់អ្នកចុះក្រោម ។ បន្ទាប់មក ដាក់ដៃរបស់អ្នកចុះលើតុ បាតដៃផ្កាប់ចុះ ។ ឥឡូវ សូមសាកលើកម្រាមនាងដៃរបស់អ្នកឡើង ។ បន្ទាប់មក សូមឲ្យអ្នកផ្សេងលើកវាឡើងឲ្យអ្នក ។ តើព្រះវរបិតាសួគ៌បានជួយអ្នកឲ្យធ្វើអ្វីមួយ ដែលមើលទៅមិនអាចទៅរួចដោយរបៀបណា ?
ដំណើររឿងប្រសូតិកម្ម
ដំណើររឿង ៖ ព្រះយេស៊ូវគ្រីស្ទបានប្រសូតនៅក្នុងក្រោលសត្វនៅទីក្រុងបេថ្លេហិម ។ ពួកអ្នកគង្វាល ទេវតា និងពួកហោរាបានមកជួបទ្រង់ ។ អ្នកអាចអានបន្ថែមទៀតអំពីពួកហោរានៅលើ ទំព័រ ៤៦ ។
ចម្រៀង ៖ « គ្រាមួយកាលព្រះយេស៊ូវនៅតូច » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៤ ) ។
សកម្មភាព ៖ សូមប្ដូរវេនគ្នាប្រាប់ដំណើររឿងមួយអំពីកំណើតរបស់សមាជិកគ្រួសារម្នាក់ ។ អ្នកអាចនិយាយអំពីកន្លែងដែលពួកគាត់កើត ពេលវេលាដែលពួកគាត់កើត នរណាជាឪពុកម្ដាយរបស់ពួកគាត់ ឬរឿងផ្សេងទៀតដែលអ្នកដឹងអំពីកំណើតរបស់ពួកគាត់ ។
ពន្លឺដ៏ពិត
សម្រាប់ យ៉ូហាន ១
ដំណើររឿង ៖ ពេលខ្លះព្រះយេស៊ូវគ្រីស្ទត្រូវបានគេហៅថា « ពន្លឺដ៏ពិត » ( យ៉ូហាន ១:៩ ) ។ ព្រះគម្ពីរបង្រៀនថា យើងគួរតែកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងធ្វើតាមទ្រង់ ។ បន្ទាប់មកយើងនឹងមាន « អំណាចឲ្យបានត្រឡប់ជាកូន [ ប្រុស និងកូនស្រីរបស់ ] ព្រះ » ( យ៉ូហាន ១:១២ ) ។
ចម្រៀង ៖ « ព្រះអង្គជាពន្លឺខ្ញុំ » ( ទំព័រ ២៣ )
សកម្មភាព ៖ សូមគូររូបភាពគោលដៅមួយរបស់អ្នក ។ សូមឲ្យនរណាម្នាក់លាក់រូបភាពរបស់អ្នកនៅកន្លែងណាមួយក្នុងបន្ទប់ ហើយបិទភ្លើងបន្ទប់ ។ ឥឡូវ សូមបើកភ្លើងតូចមួយ ហើយបញ្ចាំងវានៅក្នុងបន្ទប់ ។ តើអ្នកអាចរកឃើញរូបភាពរបស់អ្នកបានដែរឬទេនៅពេលនេះ ? សូមនិយាយអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យទៅដល់គោលដៅរបស់អ្នកបាន ។
ផ្លូវនៃសេចក្តីសញ្ញា
សម្រាប់ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣
ដំណើររឿង ៖ ព្រះយេស៊ូវគ្រីស្ទបានយាងទៅឯ យ៉ូហាន-បាទីស្ទ ឲ្យលោកធ្វើពិធីបុណ្យជ្រមុជទឹកឲ្យទ្រង់ ដើម្បីទ្រង់អាច « សម្រេចតាមគ្រប់ទាំងសេចក្តីសុចរិត » ( ម៉ាថាយ ៣:១៥ ) ។ ព្រះយេស៊ូវបានជ្រមុជទឹក ដើម្បីបង្ហាញគំរូមួយក្នុងការគោរពតាមព្រះវរបិតាសួគ៌ ។ យើងអាចធ្វើតាមព្រះយេស៊ូវបាន តាមរយៈការទទួលបុណ្យជ្រមុជទឹកដែរ !
ចម្រៀង ៖ « ចូរមកតាមខ្ញុំ » ( ទំនុក តម្កើង ល.រ. ៦៣ )
សកម្មភាព ៖ សូមបើកទៅ ទំព័រ ៩ ដើម្បីរៀនអំពីផ្លូវនៃសេចក្ដីសញ្ញា ។ បន្ទាប់មក សូមធ្វើសកម្មភាពនេះ ។ នៅលើទំព័រនេះជារៀងរាល់ខែ អ្នកនឹងរៀនអំពីពរជ័យមួយសម្រាប់អ្នក នៅពេលអ្នកធ្វើតាមផ្លូវនេះ ដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ !