ពន្លឺ កាមេរ៉ា ការបម្រើ !
ការនៅផ្ទះមិនបានបញ្ឈប់ពួកគេពីការបម្រើនោះទេ ។
អាន់ថូនេលឡា និង ម៉ារីអានណា ចូលចិត្តទៅព្រះវិហាររៀងរាល់សប្ដាហ៍ ។ ប៉ុន្ដែឥឡូវនេះ ពួកគេមិនអាចទៅព្រះវិហារដោយផ្ទាល់បានទេ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ-១៩ ។ ពួកគេរៀនថ្នាក់អង្គការបឋមសិក្សាតាមអនឡាញ ប៉ុន្ដែវាមិនដូចជួបគ្នាដោយផ្ទាល់នោះទេ ។
អាន់ថូនេលឡា និង ម៉ារីអានណា នឹកការទៅព្រះវិហារដោយផ្ទាល់ ។ មួយឆ្នាំហើយដែលគ្រួសាររបស់ពួកគេបានចាកចេញពីប្រទេសស៊ីលីទៅរស់នៅប្រទេសកាណាដា ។ ជំងឺរាតត្បាតសកលនេះធ្វើឲ្យពិបាករាប់អានមិត្តភក្តិថ្មីៗ ។ ពួកគេនឹកពេលរៀនអំពីដំណើររឿងព្រះគម្ពីរជាមួយនឹងកុមារដទៃទៀត ។ ហើយពួកគេនឹកពេលរៀនមេរៀនជាភាសាអេស្ប៉ាញ ដូចកាលពួកគេរស់នៅប្រទេសស៊ីលី ។
ថ្ងៃមួយ ក្រោយពីចប់ម៉ោងព្រះវិហារនៅផ្ទះហើយ អាន់ថូនេលឡា និង ម៉ារីអានណា បានរកមើលអ្វីមួយនៅលើអ៊ីនធឺណិតដើម្បីជួយពួកគេឲ្យសិក្សា ចូរមកតាមខ្ញុំ ។
អាន់ថូនេលឡា បានពោលថា « ខ្ញុំបន់ឲ្យតែយើងអាចមានវីដេអូជាច្រើនជាភាសាអេស្ប៉ាញទេ » ។ នាងបានគិតមួយសន្ទុះ ។ បន្ទាប់មក នាងមានគំនិតអស្ចារ្យមួយ ។ « យើងអាចធ្វើវីដេអូរបស់យើងសម្រាប់ ចូរមកតាមខ្ញុំ រាល់សប្ដាហ៍បាន » ។
ម៉ារីអានណា បានតបថា « មែនហើយ យើងអាចធ្វើវាជាភាសាអេស្ប៉ាញបាន ! » « បន្ទាប់មក យើងអាចចែកចាយវីដេអូទាំងនោះជាមួយកុមារដទៃទៀតផងដែរ » ។
ម៉ាក់ និងប៉ាបាននិយាយថា ពួកគាត់អាចជួយបាន ។ គ្រួសារទាំងមូលរំភើបនឹងរឿងនេះ !
ដំបូង គ្រួសារនេះបានអានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍ ។ ក្មេងស្រីទាំងពីរបានគ្រោងអ្វីដែលពួកគេនឹងនិយាយ ។ បន្ទាប់មក ពួកគេចាប់ផ្ដើមធ្វើវីដេអូជាច្រើន ។ អាន់ថូនេលឡា និង ម៉ារីអានណា បានប្ដូរវេនគ្នាថតវីដេអូ ពេលពួកគេនិយាយអំពីដំណើររឿងក្នុងព្រះគម្ពីរមរមន ។ នៅចុងបញ្ចប់នៃវីដេអូនីមួយៗ ម្នាក់ក្នុងចំណោមពួកគេចែកចាយអ្វីមួយ ដែលពួកគេបានរៀនមកពីមេរៀននោះ ។ ក្រោយមក ម៉ាក់ និងប៉ាបានជួយពួកគេចុះផ្សាយវីដេអូនេះនៅលើអ៊ីនធឺណិត ។
ដំបូង ពួកគេមិនដឹងពីអ្វីដែលត្រូវនិយាយឲ្យហូរហែនោះទេ ។ ប៉ុន្ដែការអានព្រះគម្ពីរ និងការរៀនបន្ថែមទៀតអំពីមេរៀនទាំងឡាយបានជួយដល់ពួកគេ ។
នៅថ្ងៃអាទិត្យមួយ អាន់ថូនេលឡា និង ម៉ារីអានណា បានអង្គុយនៅមុខកុំព្យូទ័រសម្រាប់ថ្នាក់អង្គការបឋមសិក្សារបស់ពួកគេ ។ មេរៀននៅសប្ដាហ៍នេះគឺអំពីកងទ័ពកំលោះនៅក្នុងព្រះគម្ពីរមរមន ។ គ្រូបង្រៀនរបស់ពួកគេបានសួរថា « ហេតុអ្វីកងទ័ពកំលោះត្រូវទៅប្រយុទ្ធ ? »
ម៉ារីអានណា បានបើកមេក្រូរបស់ពួកគេ ។ នាងបាននិយាយថា « ខ្ញុំដឹង ! » នាង និងអាន់ថូនេលឡា បានធ្វើវីដេអូមួយអំពីដំណើររឿងនោះកាលពីសប្ដាហ៍មុន ។ « ឪពុករបស់ពួកគេបានសន្យានឹងព្រះថា ពួកគាត់នឹងមិនប្រយុទ្ធទៀតឡើយ ដូច្នេះពួកកូនប្រុសបានចេញទៅប្រយុទ្ធជំនួសវិញ » ។
អាន់ថូនេលឡា បានងក់ក្បាល ។ « ហើយម្ដាយរបស់ពួកគេបានបង្រៀនពួកគេថា ប្រសិនបើពួកគេមានសេចក្ដីជំនឿ នោះព្រះនឹងទុកពួកគេឲ្យមានសុវត្ថិភាព » ។ នាងបានញញឹមដាក់ ម៉ារីអានណា ។ វាគឺជារឿងសប្បាយដើម្បីសិក្សាព្រះគម្ពីរជាមួយគ្នា ។
យប់នោះនៅពេលអាហារពេលល្ងាច ម៉ាក់បានសួរថា « តើថ្នាក់កុមារយ៉ាងម៉េចដែរ ? »
អាន់ថូនេលឡា បានតបថា « ល្អ ! ការធ្វើវីដេអូបានជួយខ្ញុំឲ្យរៀនបានកាន់តែច្រើនថែមទៀតអំពីព្រះគម្ពីរ » ។
ម៉ារីអានណា បាននិយាយថា « ខ្ញុំក៏ដូចគ្នាដែរ ។ ខ្ញុំអាចឆ្លើយសំណួរជាច្រើននៅក្នុងថ្នាក់កុមារ ។ ហើយយើងដឹងពីដំណើររឿងព្រះគម្ពីរបានច្បាស់ជាងមុន » ។
ប៉ាបាននិយាយថា « ប៉ារីករាយណាស់ដែលវីដេអូទាំងនោះបានជួយដល់កូន ។ ប៉ាគិតថា វាក៏បានជួយដល់មនុស្សដទៃទៀតជាច្រើនផងដែរ » ។
ម៉ាក់បាននិយាយថា « ត្រឹមត្រូវហើយ ។ ការចែកចាយអ្វីដែលកូនបានរៀន និងអារម្មណ៍របស់កូនអំពីដំណឹងល្អគឺជារបៀបដ៏អស្ចារ្យមួយក្នុងការបម្រើ ! »
ម៉ារីអានណា ញញឹម ។ នាងបានពោលថា « កូនរីករាយដែលយើងអាចបម្រើតាមរបៀបនេះបាន » ។ បន្ទាប់មកនាងបានងាកទៅ អាន់ថូនេលឡា ។ « តោះ ចាប់ផ្ដើមគ្រោងវីដេអូសម្រាប់សប្ដាហ៍ក្រោយទៀត ! »