ឆ្នាំ ២០២៣
របៀប​ដែល ស៊ីដេ មាន​ភាព​ក្លាហាន
ខែ មករា ឆ្នាំ ២០២២


របៀប​ដែល ស៊ីដេ មាន ភាព​ក្លាហាន

ស៊ីដេ មាន​អារម្មណ៍​ខ្លាច​យ៉ាងខ្លាំង​ក្នុង​ការនិយាយ​ចូល​មិត្ត​រួមថ្នាក់​របស់​នាង ។

Girl standing at the front of a classroom

ស៊ីដេ បាន​ដក​ដង្ហើម​ធំ ហើយ​បាន​ដើរ​ចូល​ទៅក្នុង​ថ្នាក់រៀន​ថ្មី​របស់​នាង ។ វា​គឺជា​ថ្ងៃ​ដំបូង​របស់​នាង​នៅ​ថ្នាក់​ទីបួន ។

ឆ្នាំ​មុន ស៊ីដេ រៀន​នៅ​ថ្នាក់​ទីពីរ ។ នាង​រៀន​ពូកែ​យ៉ាងខ្លាំង រហូត​ដល់​សាលា​របស់​នាង​ឲ្យនាង​ផ្លោះ​ថ្នាក់​ទីបី ។ ស៊ីដេ រំភើប​ចិត្ត​នឹង​ធ្វើ​លំហាត់​គណិតវិទ្យា​ពិបាកៗ ហើយ​អាន​សៀវភៅ​កាន់តែ​ច្រើន​ជាងមុន​នៅ​ថ្នាក់​ទីបួន ។ ប៉ុន្ដែ នាង​មិន​រីករាយ​នោះទេ ដែល​នាង​ត្រូវ​ចាកចេញ​ពី​មិត្ត​ចាស់ៗ​របស់​នាង ។

នៅពេល​នាង​ក្រឡេក​មើល​ជុំវិញ​ថ្នាក់រៀន ស៊ីដេ មាន​អារម្មណ៍​ថា​ខ្លួនឯង​តូច ។ មិត្ត​រួមថ្នាក់​ថ្មីៗ​របស់​នាង​ទាំងអស់​មើលទៅ​ធំ​ជាង និង​ខ្ពស់​ជាង​នាង ។ ចុះបើ​នាង​ចូល​មិន​ចុះ​ចំណោម​គេ​នោះ ?

នាង​បាន​ចាប់​តុ​មួយ ហើយ​អង្គុយ​ចុះ ។ កុមារី​ខ្ពស់​ម្នាក់​បាន​អង្គុយ​ក្បែរ​នាង ។ ស៊ីដេ បាន​និយាយ​ថា « សួស្ដី » ។

កុមារី​នោះ​បាន​សួរ​ថា « តើ​ឯង​ធ្វើអ្វី​នៅ​ទីនេះ ? ខ្ញុំ​គិត​ថា ឯង​ត្រូវ​រៀន​នៅ​ថ្នាក់​ទីបី​បាន​ត្រូវ » ។

ស៊ីដេ ឆ្លើយ​ទាំង​ភ័យ​ថា « សាលា​ឲ្យ​ខ្ញុំ​ផ្លោះ​មួយ​ថ្នាក់ » ។

ក្មេងស្រី​នោះ​ធ្វើ​មុខ​ពេបជ្រាយ​ដាក់ ។ « ខ្ញុំ​មិន​ខ្វល់​ថា​ឯង​ពូកែ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ។ ឯង​នៅតែ​ជា​កូនង៉ែត​ដដែល » ។

ស៊ីដេ មាន​អារម្មណ៍​មិនល្អ​សោះ​ក្នុង​ចិត្ត ។ ពេញ​មួយ​សប្ដាហ៍ នាង​ខ្លាច​មិន​ហ៊ាន​និយាយ​ចូល​មិត្ត​រួមថ្នាក់​របស់​នាង​ណាម្នាក់​ឡើយ ។ រាល់ពេល​ដែល​នាង​ឮ​នរណាម្នាក់​សើច ឬ​និយាយ​ខ្សឹបៗ នាង​ចង​ចិញ្ចើម ។ ពួកគេ​ប្រហែល​ជា​និយាយ​រឿង​មិនល្អ​អំពី​នាង​ហើយ ។

ចំ​ពេល​ដែល​នាង​គិត​ថា អ្វីៗ​កាន់តែ​អាក្រក់​ទៅៗ នោះ​ស៊ីដេ បាន​លទ្ធផល​លំហាត់​គណិតវិទ្យា​មក​វិញ ។ នាង​ចង់តែ​យំ​ទេ នៅពេល​នាង​មើលទៅ​ពិន្ទុ​របស់​នាង​នោះ ។ គណិតវិទ្យា​គឺជា​មុខវិជ្ជា​ដែល​នាង​ចូលចិត្ត​បំផុត ។ នាង​មិន​ដែល​ទទួល​បាន​ពិន្ទុ​អន់​យ៉ាង​នេះ​ទេ​ពីមុន​មក ។

ពេល​នាង​ទៅដល់​ផ្ទះ ស៊ីដេ មិន​អាច​ទប់​ទឹកភ្នែក​របស់​នាង​បាន​ទេ ។ នាង​បាន​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង​ថា « កូន​អត់​មាន​មិត្តភក្ដិ​ទេ ។ កូន​មិនសម​រៀន​នៅ​ថ្នាក់​ទីបួន​ទេ ។ កូន​មិន​សូវ​ឆ្លាត​នោះ​ទេ » ។

ម្ដាយ​របស់ ស៊ីដេ បាន​និយាយ​ថា « ម៉ាក់​សោកស្ដាយ​ដែល​វា​ពិបាក​ខ្លាំង ។ ប៉ុន្ដែ​កូន គឺ ពូកែ​ណាស់ ។ ហើយ​កូន​នៅតែ​បន្ដ​រៀនសូត្រ » ។

ស៊ីដេ ជូត​ទឹកភ្នែក​របស់​នាង ។ « ខ្ញុំ​ចង់​ទៅរៀន​នៅ​ថ្នាក់​ទីបី​វិញ » ។

ប៉ា​នាង​បាន​នៅ​ស្ងៀម​មួយ​សន្ទុះ ។ រួច​គាត់​បាន​សួរ​ថា « តើ​កូន​ចង់​បាន​ពរជ័យ​បព្វជិតភាព​ដែរ​ឬទេ ? »

ស៊ីដេ បាន​ងក់​ក្បាល ។ ប្រហែល​ពរជ័យ​ពី​ប៉ា​នាង នឹង​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើងវិញ ។

ស៊ីដេ អង្គុយ​នៅលើ​កៅអី ហើយ​ប៉ា​ដាក់​ដៃ​គាត់​នៅលើ​ក្បាល​នាង ។

ប៉ា​បាន​ពោល​ថា « ប៉ា​ប្រសិទ្ធពរ​ដល់​កូន ដើម្បី​កុំឲ្យ​កូន​ភ័យខ្លាច ។ ហើយ​ប៉ា​ប្រសិទ្ធពរ​កូន​ឲ្យ​ស្រឡាញ់​មិត្ត​រួមថ្នាក់​ថ្មីៗ​របស់​កូន ។ នៅពេល​ពួកគេ​ស្គាល់​កូន នោះ​ពួកគេ​នឹង​ស្រឡាញ់​កូន​ដែរ » ។

Father giving daughter a priesthood blessing

អារម្មណ៍​ស្ងប់​បាន​ចូលក្នុង​ចិត្ត​របស់​ស៊ីដេ ។ នាង​មាន​អារម្មណ៍​ថា ពាក្យពេចន៍​របស់​ប៉ា​នាង​គឺជា​អ្វី​ដែល​ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​នាង​ស្ដាប់​ឮ ។

បន្ទាប់ពី​ការប្រសិទ្ធពរ ម៉ាក់​បាន​ជួយ ស៊ីដេ ឲ្យ​ធ្វើ​លំហាត់​គណិតវិទ្យា​របស់​នាង ។ ភ្លាមៗ​នោះ ស៊ីដេ មាន​អារម្មណ៍​ធូរចិត្ត​បន្តិច ។

នៅ​ថ្ងៃ​បន្ទាប់​នៅ​សាលារៀន ស៊ីដេ ចងចាំ​ដល់​ពរជ័យ​របស់​នាង ហើយ​បាន​ព្យាយាម​ដើម្បី​មាន​ភាពក្លាហាន ។ នាង​បាន​ញញឹម​ដាក់​មិត្ត​រួមថ្នាក់​របស់​នាង ។ នៅពេល​នាង​បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​នាង​មិន​សូវ​មាន​អារម្មណ៍​ខ្លាច​ពួកគេ​នោះ​ទេ ! ពួកគេ​មួយ​ចំនួន​ថែមទាំង​មាន​ចិត្តល្អ​ខ្លាំង​ទៀតផង ។ នាង​បាន​ខិតខំ​រៀនសូត្រ​យ៉ាងខ្លាំង ហើយ​មិន​យូរ​ប៉ុន្មាន ពិន្ទុ​របស់​នាង​បាន​ល្អ​ឡើងវិញ ។

នៅ​ចុងឆ្នាំ​សិក្សា ស៊ីដេ បាន​មាន​មិត្តភក្ដិ​ជាច្រើន ។ នាង​រីករាយ​ដែល​ព្រះវរបិតាសួគ៌​បាន​ជួយ​នាង​ឲ្យ​មាន​ភាពក្លាហាន ។ ហើយ​នាង​មាន​អំណរគុណ ដែល​នាង​តែងតែ​អាច​មាន​ពរជ័យ​នៃ​អំណាច​បព្វជិតភាព​ដើម្បី​ជួយ​ដល់​នាង​ជានិច្ច ។

Page from the January 2023 Friend Magazine. How Siedeh Became Brave

រចនា​រូបភាព​ដោយ ស៊ូសាន ខេធឺ