ការធ្វើជាតំណាងឲ្យ ព្រះយេស៊ូវ
ដេវីឌ បានភ័យពេលចែកសាក្រាម៉ង់ជាលើកដំបូង ។
ដេវីឌ បានអង្គុយនៅជួរមុខគេនៅក្នុងរោងជំនុំ ហើយបានអង្រួនជើងរបស់គាត់ ។ គាត់ភ័យមែនទែន ។ គាត់ទើបតែចេញពីថ្នាក់អង្គការបឋមសិក្សា ហើយក្លាយជាឌីកុនម្នាក់ប៉ុណ្ណោះ ។ ក្មេងប្រុសដែលធំជាងនឹងបង្ហាញ ដេវីឌ និងក្មេងប្រុសអាយុ ១១ ឆ្នាំដទៃទៀតពីរបៀបចែកសាក្រាម៉ង់ ។
ពេលខ្លះជំងឺអូទីសឹមរបស់ ដេវីឌ បានធ្វើឲ្យគាត់ពិបាករៀនអ្វីថ្មីៗ ។ ការចេញពីថ្នាក់អង្គការបឋមសិក្សាគឺពិបាកណាស់សម្រាប់គាត់ ។ ហើយឥឡូវនេះ ការចែកសាក្រាម៉ង់មើលទៅគួរឲ្យភ័យខ្លាចណាស់ ។ ចុះបើគាត់ធ្វើខុស ហើយគ្រប់គ្នាសើចដាក់គាត់វិញនោះ ?
យ៉ាកុប ដែលជាក្មេងប្រុសធំជាងដេវីឌ បានអង្គុយក្បែរដេវីឌ ។ យ៉ាកុប បានពោលថា « យើងរីករាយដែលប្អូនចូលរួមជាមួយយើង » ។ គាត់បានទះដៃហាយហ្វាយជាមួយ ដេវីឌ ។ « ប្អូននឹងធ្វើបានល្អ » ។
ដេវីឌញញឹម ។ វាធ្វើឲ្យគាត់មានអារម្មណ៍ធូរចិត្តបន្តិច ។
យុវជនដទៃទៀតបានបង្ហាញក្មេងប្រុសអាយុ ១១ ឆ្នាំពីអ្វីដែលត្រូវធ្វើ ។ ពួកគេបានបង្ហាញក្មេងប្រុសទាំងនោះពីកន្លែងដែលត្រូវទៅ និងជួរណាដែលត្រូវចែក ។ ពួកគេបានហាត់ដើរចុះតាមជួរកៅអីនៅក្នុងរោងជំនុំ ។ ពួកគេបានបង្ហាញក្មេងប្រុសទាំងនោះពីរបៀបកាន់ថាសសាក្រាម៉ង់ ។
« ម៉ាក់ មើលនេះ ! » ដេវីឌ បាននិយាយពេលគាត់ទៅដល់ផ្ទះ ។ គាត់លើកដៃគាត់ឡើងបន្ដិច ។ « នេះគឺជារបៀបដែលខ្ញុំកាន់ថាស ។ យ៉ាងប្រុងប្រយ័ត្នដូច្នេះឯង ។ ដោយសារខ្ញុំគឺជាតំណាងឲ្យព្រះយេស៊ូវ ហើយខ្ញុំចង់បង្ហាញការគោរពរបស់ខ្ញុំ » ។
យុវជនទាំងនោះបានហាត់ជាមួយ ដេវីឌ និងក្មេងប្រុសដទៃទៀត បន្ទាប់ពីម៉ោងព្រះវិហារនៅថ្ងៃអាទិត្យ និងអំឡុងពេលសកម្មភាពពេលយប់ក្នុងសប្ដាហ៍ ។ ពួកគេបានដើរកាត់កន្លែងដែលពួកគេគួរតែទៅ ។ ដេវីឌ បានរៀនកាន់ថាស ។
មិនយូរប៉ុន្មាន វាដល់ថ្ងៃដែលគាត់ត្រូវចែកសាក្រាម៉ង់ជាលើកដំបូង ។
ប៉ាគាត់សួរថា « តើកូនមានអារម្មណ៍ យ៉ាងណាដែរអំពីកិច្ចការនេះ » ?
ដេវីឌ បានឆ្លើយតបថា « កូននៅតែភ័យដដែល » ។
ប៉ាក៏តបថា « អ៊ីចឹង យើងនឹងនិយាយអំពីអ្វីដែលកូនបានធ្វើកន្លងមកដើម្បីរៀបចំខ្លួន » ។
ដេវីឌ បានឆ្លើយថា « មែនហើយ យើងបានអានព្រះគម្ពីរអំពីបព្វជិតភាពជាគ្រួសារ ។ ការកាន់បព្វជិតភាពមានន័យថា កូនតំណាងឲ្យព្រះយេស៊ូវ ។ កូនកាត់ក្រចក ដើម្បីឲ្យដៃកូនមើលទៅស្អាតបាត ។ ហើយកូនបានហាត់ធ្វើជាច្រើនដង ! »
ប៉ាបានពោលថា « ប៉ាគិតថា កូនបានរៀបចំខ្លួនបានល្អហើយ » ។
នៅពេលគាត់ទៅដល់ព្រះវិហារ នោះដេវីឌបានអង្គុយនៅជួរខាងមុខជាមួយនឹងឌីកុនដទៃទៀត ។ យ៉ាកុបបានអង្គុយក្បែរគាត់ ។ ដេវីឌ បានគិតអំពីរបៀបដែលគាត់នឹងតំណាងឲ្យព្រះយេស៊ូវ នៅពេលគាត់ចែកសាក្រាម៉ង់ ។ ចុះបើគាត់នៅតែធ្វើខុសទៀតនោះ ? គាត់មើលទៅយ៉ាកុប ហើយយ៉ាកុបបានញញឹមដាក់គាត់ ។ ដេវីឌបានញញឹមតបវិញ ហើយបានដកដង្ហើមធំ ។
នៅពេលដល់ពេលដែលត្រូវចែកសាក្រាម៉ង់ នោះយ៉ាកុបបានជួយដេវីឌឲ្យហុចថាសទៅកាន់ជួរពីរបីដំបូង ។ ដេវីឌរីករាយដែលមាននរណាម្នាក់នៅជាមួយគាត់ ។
ដេវីឌបានសម្លឹងមើលទៅសមាជិក កាលគាត់ចែកសាក្រាម៉ង់ ។ សមាជិកជាច្រើនអង្គុយដោយឱនក្បាលពួកគេចុះប្រកបដោយគារវភាព ។ សមាជិកមួយចំនួនមើលទៅស្មិងស្មាធិ៍ ។ ដេវីឌមានអារម្មណ៍សុខសាន្ត ។ គាត់តំណាងឲ្យព្រះយេស៊ូវ ។ គាត់មានអំណរគុណ ដែលគាត់អាចជួយសមាជិកដទៃឲ្យគិតអំពីព្រះយេស៊ូវគ្រីស្ទ ។