« សន្ដានចិត្តល្អនៅកន្លែងជិះទោងវិល » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ២៨–២៩ ។
សន្ដានចិត្តល្អនៅកន្លែងជិះទោងវិល
ដេមាន មិនចង់ស្រែកដាក់ប្អូនស្រីរបស់គាត់ទេ ។
នៅពេល ដេមាន បានដើរទៅឧទ្យាន គាត់បានឮតន្រ្តីសប្បាយៗកំពុងលេង ។ ជីដូនរបស់គាត់យកគាត់ និងប្អូនស្រីគាត់ អាឌែល ទៅជិះទោងវិលដែលគាត់ចូលចិត្តជាងគេ ។ វាមានហ្គេមកងសប្បាយៗ ។ ដេមាន រំភើបចិត្តដើម្បីបង្ហាញអាឌែល ពីរបៀបលេងណាស់ ។
មិនយូរប៉ុន្មានពួកគេបានចូលឈរក្នុងជួរ ។ ទោងវិលនោះធំ ហើយមានពណ៌ចម្រុះ ដែលមានរូបចំលាក់សេះតូចៗជាច្រើន ។ ក្មេងៗញញឹមអង្គុយលើសត្វសេះ ហើយគ្រវីដៃពេលពួកគេជិះជុំវិញ ។
« ប្រសិនបើឯងជិះសេះនៅខាងចុង ឯងអាចលេងហ្គេមកងបាន ! » ដេមាន បានប្រាប់ អាឌែល ។ « ឃើញឈើក្មេងៗនោះកាន់ទេ ? ហើយឃើញបុរសនឹងកងនោះទេ ? »
ដេមាន ចង្អុលទៅអ្នកធ្វើការម្នាក់ ។ បុរសនោះឈរជិតនឹងទោងវិលដែលកំពុងកាន់កងមួយ ។ ពេលពួកគេជិះលើទោងវិលនោះ ក្មេងៗបានព្យាយាមយកឈើរបស់ពួកគេដើម្បីចាប់យកកងនោះ ។ រាល់ពេលពួកគេយកបានកងមួយ អ្នកធ្វើការដាក់កងថ្មី មួយទៀត ។
អាឌែល បានទះដៃរបស់នាង ។ នាងបាននិយាយថា« ខ្ញុំចង់យកកងទាំងអស់ » ។
នៅទីបំផុតពួកគេបានទៅដល់មុខជួរ ។ ប៉ុន្តែនៅសល់តែសេះតែមួយប៉ុណ្ណោះនៅលើទោងវិលនោះ ។
« ដេមាន » ជីដូនបានមានប្រសាសន៍ថា « ហេតុអ្វីបានជាយើងមិនជិះសេះមួយនេះទៅ ព្រោះនាងមិនធ្លាប់ជិះវាពីមុនទេ ? ចៅអាចជិះជើងក្រោយមួយទៀត » ។
« អ៊ីចឹងក៏បាន » ដេមាននិយាយរអ៊ូរៗ ។ ដេមាន បានមើលអ្នកធ្វើការជួយ អាឌែល ឡើងជិះលើសេះពណ៌ត្នោតភ្លឺចាំងនោះ ។ បន្ទាប់មកអ្នកធ្វើការបានឲ្យអាឌែលឈើមួយទុកចាប់កងទាំងនោះ ។
តន្រ្តីបានចាប់ផ្តើម ហើយទោងវិលបានចាប់ផ្តើមវិល ។ ដេមានបានមើលអាឌែលពីចំហៀងជាមួយនឹងជីដូន ។ ប៉ុន្តែ អាឌែលបានកាន់ឈើបញ្ច្រាស ! ជំនួសឲ្យការកាន់ដៃដងឈើធំសម្រាប់ចាប់យកកង នាងបែរជាកាន់ចុងឈើតូច ដែលប្រើសម្រាប់ចាប់យកកងទៅវិញ ។
« អាឌែលឯងកាន់ឈើបញ្ច្រាសហើយ ! » គាត់បានស្រែក ។ តែ អាឌែលហាក់ដូចជាមិនឮគាត់ព្រោះសំឡេងអ៊ូអរ ។ ពេលនាងជិះហួសកងនោះ ឈើរបស់នាងបានប៉ះនឹងកងនោះ ។ ប៉ុន្តែដៃកាន់នោះធំពេកមិនអាចដាក់កងនោះចូលបានទេ ។
« អាឌែល ឈើរបស់ឯង ! » ដេមានព្យាយាមប្រាប់ម្តងទៀត ។ « ឯងមិនអាចចាប់យកកងបានទេបើឯងកាន់ឈើបែបនោះ ! »
ប៉ុន្តែអាឌែលមិនបានឮដេមានទេ ។ នាងបានតែញញឹម ហើយសើចពេលទោងវិល ។ ឈើរបស់នាងប៉ះកងនោះម្តងហើយម្តងទៀត ។ នាងអត់ចាប់បានកងអីមួយសោះ ។
ដេមាន ថ្ងូរ ។ វេនរបស់អាឌែលឥតប្រយោជន៍សោះ ! បើគាត់ជាអ្នកជិះទោងវិលនោះវិញ គាត់នឹងចាប់យកបានកងទាំងអស់នោះហើយ ។
នៅពេលទោងវិលនោះឈប់ ដេមានបានរត់ទៅរកអាឌែល ។
គាត់និយាយ « បងខំប្រាប់ឯងពីរបៀបកាន់ឈើនោះ ! » ។ « ហេតុអ្វីបានជាឯងមិនស្តាប់បង ? ឯងធ្វើខុសទាំងអស់ ! »
អាឌែល មិនបានស្រែកឲ្យ ដេមានវិញទេ ។ នាងមិនបានយំទេ ។ នាងគ្រាន់តែឈរនៅទីនោះ ហើយមើលទៅ ដូចជាតូចទៅៗ ។
បេះដូងរបស់ ដេមាន លោតញាប់ ហើយមុខរបស់គាត់ឡើងក្រហម ។ វាធ្វើឲ្យគាត់ខឹងដែលឃើញ អាឌែល មិនបានចាប់យកកងទាំងអស់នោះ ! ប៉ុន្តែវាគ្រាន់តែជាលើកដំបូងរបស់នាងប៉ុណ្ណោះ ។ លើសពីនេះ នាងហាក់ដូចជាកំពុងមានភាពសប្បាយរីករាយ ។ តែមកដល់ពេលនេះ ។
ដេមានមានអារម្មណ៍មិនល្អទេ ។ គាត់មិនចង់ស្រែកដាក់ អាឌែលទេ ។
គាត់និយាយយ៉ាងទន់ភ្លន់ថា « បងសុំទោស » ។ « បងធ្វើមិនល្អទេ » ។
អាឌែល បានងើបមុខឡើង ។
ដេមាននិយាយ ។ « ចុះបើបងផ្តល់គន្លឹះខ្លះៗពីការចាប់កងវិញ ? » បងនឹងអង្គុយក្បែរឯងនៅលើទោងវិល ហើយជួយឯង » ។
អាឌែលបានងក់ក្បាលរបស់នាង ។
បន្ទាប់មក ដេមាន បានងាកទៅរកជីដូន ។ « តើពួកខ្ញុំអាចសូមសំបុត្រពីរទៀត ដើម្បីឲ្យ អាឌែលសាកម្តងទៀតបានទេ » ។
ជីដូនញញឹម ។ « ពិតជាបាន »
រឿងនេះបានកើតឡើងនៅក្នុងប្រទសបារាំង ។