« ការអធិស្ឋាននៅពេលរញ្ជួយដី » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៤–៥ ។
ការអធិស្ឋាននៅពេលរញ្ជួយដី
នៅពេលវ៉ាយអូឡែតបានភ្ញាក់ពីដំណេក អ្វីៗទាំងអស់រង្គើ !
រឿងនេះបានកើតឡើងនៅក្នុងប្រទសប៉េរូ ។
វ៉ាយអូឡែតបានគេងលក់នៅពេលសំឡេងរំខានមួយបានដាស់នាងឲ្យភ្ញាក់ ។ ពីដំបូង នាងបានគិតថា វាជាសំឡេងផ្គរលាន់ ។
ប៉ុន្តែសំឡេងរំខាននោះកាន់តែឮខ្លាំងឡើងៗ ។ វាបានធ្វើឲ្យបង្អួចបន្ទប់គេងរបស់នាងរង្គើ ។
វ៉ាយអូឡែត បានងើបអង្គុយឡើងយ៉ាងលឿន ។ នេះគឺជារញ្ជួយដី !
នាង និងគ្រួសាររបស់នាងរើទៅនៅប្រទេសប៉េរូមិនយូរប៉ុន្មាននោះទេ ។ នាងបានដឹងថា នៅទីនេះឧស្សាហ៍រញ្ជួយដីណាស់ ។ ហើយនាង និងគ្រួសាររបស់នាងបានត្រៀមខ្លួនសម្រាប់ហេតុការណ៍នេះ និងបានហាត់ថាត្រូវធ្វើអ្វីនៅពេលរញ្ជួយដីផងដែរ ។ ប៉ុន្តែនេះគួរឲ្យខ្លាចជាងអ្វីដែលនាងបានគិតទៅទៀត ។ នាងអាចមានអារម្មណ៍ថារូបកាយរបស់នាងកំពុងញ័រ !
វ៉ាយអូឡែត បានរត់ទៅផ្ទះបាយ ហើយបានលូនចូលក្រោមតុ ។ ប៉ុន្មាននាទីក្រោយមក បងប្អូនប្រុសស្រីរបស់នាងបានចូលក្រោមតុជាមួយនាងដែរ ។ ប៉ា និងម៉ាក់ក៏ដូចគ្នា ។
ប៉ាបាននិយាយថា « ល្អណាស់ដែលយើងចងចាំនូវអ្វីដែលយើងបានហាត់ » ។ « តើគ្រប់គ្នាមិនអីទេឬ ? »
បងប្អូនប្រុសស្រីរបស់វ៉ាយអូឡែតបានងក់ក្បាល ។
ប៉ុន្តែ វ៉ាយអូឡែត ខ្លាចណាស់ ។ នាងបានបិទភ្នែកទាំងពីររបស់នាង ។ វាជាការលំបាកក្នុងការមិនគិតពីអ្វីៗដែលកំពុងញ័រនៅជុំវិញនាង ។
បន្ទាប់មក វ៉ាយអូឡែតនឹកឃើញការអធិស្ឋាន ។ នាងបានឱបដៃ ហើយ ឱនក្បាលចុះ ។ « ឱ ព្រះវរបិតាសួគ៌ » នាងខ្សឺបតិចៗ « សូមព្រះថែរក្សាគ្រួសាររបស់កូនផង » ។
វ៉ាយអូឡែត បន្តការអធិស្ឋាន ។ នាងមានអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់កំពុងឱបនាងយ៉ាងណែន ។ នៅពេលនាងអធិស្ឋានចប់ នាងបានងើយមើលទៅលើ ។ ប៉ា និងម៉ាក់នៅឱបដៃនៅឡើយ ។ បងប្អូនប្រុសស្រីរបស់នាងក៏ដូចគ្នាដែរ ។ ពួកគាត់ទាំងអស់គ្នាកំពុងអធិស្ឋាន ! ដីនៅកំពុងញ័រនៅឡើយទេ ។ ប៉ុន្តែ វ៉ាយអូឡែតមានអារម្មណ៍សុខសាន្តនៅក្នុងដួងចិត្តនិងគំនិតនាង ។
ទីបំផុត ការរញ្ជួយនោះក៏បានឈប់ ។ វ៉ាយអូឡែត និងគ្រួសាររបស់នាងបានបន្តនៅក្រោមតុយូរបន្តិចទៀតដើម្បីមានសុវត្ថិភាព ។
« តើកូនមានអារម្មណ៍បែបណា ? » ម៉ាក់សួរវ៉ាយអូឡែត ។
វ៉ាយអូឡែត និយាយថា « មិនអីទេ » ។ ពីដំបូងកូនពិតជាភ័យខ្លាំងណាស់ ។ ប៉ុន្តែការអធិស្ឋានបានជួយកូនឲ្យមានអារម្មណ៍ប្រសើរជាងមុន » ។ នាងបានឱបម៉ាក់ ។ នាងរីករាយដែលព្រះវរបិតាសួគ៌បានជួយនាងឲ្យមានអារម្មណ៏សុខសាន្ត ។