« ថ្ងៃទទួលពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១២ ។
សំណេរដោយប្អូន
ថ្ងៃទទួលពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ
ជម្រាបសួរ ! ខ្ញុំឈ្មោះ មេហ្គាន ហើយខ្ញុំរស់នៅប្រទេសម៉ិកស៊ិក ។ ខ្ញុំចង់ប្រាប់បងប្អូនអំពីពេលវេលាដ៏ពិសេសមួយនៅក្នុងជីវិតរបស់ខ្ញុំ—ថ្ងៃដែលខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។
ខ្ញុំបានជ្រមុជទឹកនៅថ្ងៃខួបកំណើតអាយុប្រាំបីឆ្នាំរបស់ខ្ញុំ ។ វាគឺជាថ្ងៃដ៏សំខាន់មួយពីព្រោះខ្ញុំបានធ្វើខួបកំណើតរបស់ខ្ញុំដោយការទទួលពិធីបុណ្យជ្រមុជទឹក ។
ការទទួលពិធីបុណ្យជ្រមុជទឹកគឺជាបទពិសោធដ៏ស្រស់ស្អាតមួយ ។ ម៉ាក់របស់ខ្ញុំបានធ្វើសៀវភៅកត់ត្រាមួយដែលមានសកម្មភាពផ្សេងៗដើម្បីរៀបចំខ្លួន ។ សៀវភៅនោះបានជួយខ្ញុំរៀនអំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក និងសេចក្តីសញ្ញាដែលខ្ញុំនឹងចុះជាមួយព្រះវរបិតាសួគ៌ ។
មនុស្សជាច្រើនដែលស្រឡាញ់ខ្ញុំបានមកចូលរួមពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលពួកគាត់អញ្ជើញមក ។ ខ្ញុំបានពាក់រ៉ូបពណ៌ស ហើយទឹកនោះក្តៅឧណ្ហៗ ។
បន្ទាប់ពីប៉ារបស់ខ្ញុំបានជ្រមុជទឹកឲ្យខ្ញុំហើយ ខ្ញុំបានជូតខ្លួន ហើយប្តូរសម្លៀកបំពាក់ ។ បន្ទាប់មកខ្ញុំបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈអ្នកកាន់បព្វជិតភាព ។ ខ្ញុំមានអារម្មណ៍សុខសាន្ត សេចក្ដីស្រឡាញ់ និងអំណរជាខ្លាំង ។
ខ្ញុំនឹងចងចាំថ្ងៃនោះជានិច្ច ។ វាគឺជាថ្ងៃដ៏ពិសេសមួយពីព្រោះខ្ញុំបានចុះសេចក្តីសញ្ញាដំបូងបង្អស់របស់ខ្ញុំជាមួយព្រះ ។ ខ្ញុំសន្យាថាធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងគោរពព្រះបញ្ញត្តិ ទាំងឡាយរបស់ទ្រង់ ។
ប្រសិនបើបងប្អូនបារម្ភអំពីថ្ងៃពិធីបុណ្យជ្រមុជទឹករបស់បងប្អូននឹងទៅជាយ៉ាងណា សូមកុំបារម្ភអំពីថ្ងៃពិធីបុណ្យជ្រមុជទឹករបស់បងប្អូនឡើយ ។ ព្រះវរបិតាសួគ៌នឹងរីករាយចំពោះជម្រើសដែលបងប្អូនបានធ្វើ !