« ចូរមកតាមខ្ញុំ សកម្មភាពនានា » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៦–៧ ។
សកម្មភាព ចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សាព្រះគម្ពីរ ឬគ្រាន់តែសម្រាប់ភាពរីករាយ !
ព្យុះ
សម្រាប់ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧
ដំណើររឿង ៖ សូមអានដំណើររឿងរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យព្យុះស្ងប់នៅទំព័រ ៤៦ ឬនៅក្នុង ម៉ាកុស ៤:៣៦–៤១ ។ សូមនិយាយអំពីរបៀបព្រះយេស៊ូវប្រទានសេចក្តីសុខសាន្តដល់អ្នក ។
ចម្រៀង ៖ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្គ្រោះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ) ។
សកម្មភាព ៖ ឈរជារង្វង់ ហើយកាន់ជាយភួយ ។ ដាក់បាល់នៅលើភួយ ហើយរមៀលបាល់នោះជុំវិញ ដូចជាកប៉ាល់ត្រូវបានបើកនៅលើទឹករលក ។ សូមប្តូរវេនគ្នាប្រាប់ក្រុមឲ្យទៅលឿន បន្ថយល្បើន ឬ« នៅនឹង » ។
ល្បែងទាយពីអព្ភូតហេតុ
សម្រាប់ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩
ដំណើររឿង ៖ ព្រះយេស៊ូវគ្រីស្ទធ្វើអព្ភូតហេតុជាច្រើន ។ ទ្រង់បានព្យាបាលបុរសម្នាក់ដែលមិនអាចដើរបាន ។ ទ្រង់បានប្រោសក្មេងស្រីម្នាក់ដែលបានស្លាប់ឲ្យរស់ឡើងវិញ ។ ទ្រង់បានព្យាបាលមនុស្សពិការភ្នែក ។ ( សូមមើល ម៉ាថាយ ៩ ) ។ តើមានអព្ភូតហេតុអ្វីផ្សេងទៀតដែលទ្រង់បានធ្វើ ?
ចម្រៀង ៖ « សូមប្រាប់ខ្ញុំពីរឿងព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៦ )
សកម្មភាព ៖ ចូរសរសេរពីអព្ភូតហេតុខ្លះៗរបស់ព្រះយេស៊ូវនៅលើក្រដាស ហើយដាក់ក្នុងចាន ។ សូមរើសយកក្រដាសមួយសន្លឹក សូមអានអព្ភូតហេតុនៅលើក្រដាសនោះ ហើយគូររូបភាពតាមអព្ភូតហេតុនោះ ។ អ្នកផ្សេងអាចទាយបានថាមួយណា !
ការធ្វើការជាមួយគ្នា
សម្រាប់ ម៉ាថាយ ១១–១២; លូកា ១១
ដំណើររឿង ៖ ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលថា « ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ ១១:៣០ ) ។ នឹម ជួយសត្វពីរឲ្យអូសអ្វីមួយជាមួយគ្នា ។ នៅពេលយើងជ្រើសរើសដើរតាមព្រះយេស៊ូវ ទ្រង់អាចជួយយើងនៅក្នុងការសាកល្បងរបស់យើងបាន ។
ចម្រៀង ៖ « បើព្រះសង្រ្គោះគង់នៅជិតខ្ញុំ » ( ChurchofJesusChrist.org )
សកម្មភាព ៖ សូមឲ្យនរណាម្នាក់ឲ្យយកវត្ថុធ្ងន់មួយទៅបន្ទប់មួយទៀត ។ បន្ទាប់មកឲ្យនរណាម្នាក់ជួយពួកគេយកវត្ថុនោះ ។ សូមនិយាយអំពីរបៀបដែលបន្ទុករបស់យើងស្រាលជាងមុន នៅពេលយើងងាកទៅរកព្រះអង្គសង្គ្រោះដើម្បីសូមជំនួយ ។
សូមសរសេររឿង ប្រៀបប្រដូចរបស់អ្នកផ្ទាល់ !
ដំណើររឿង ៖ ព្រះអង្គសង្គ្រោះ បានបង្រៀនអំពីដំណឹងល្អដោយប្រើរឿងដែលហៅថា « រឿងប្រៀបប្រដូច » ។ មានរឿងមួយដែលទ្រង់និទានប្រាប់អំពីគ្រាប់ពូជដ៏តូច បានដុះធំឡើងទៅជាដើមឈើមួយដ៏ធំ ( សូមមើល ម៉ាថាយ ១៣:៣១–៣២ ) ។ តើទ្រង់បានបង្រៀនពីអ្វី ? តើមានរឿងប្រៀបប្រដូចអ្វីផ្សេងទៀតដែលទ្រង់បានបង្រៀន ?
ចម្រៀង ៖ « If I Listen with My Heart » ( ChurchofJesusChrist.org )
សកម្មភាព ៖ រឿងប្រៀបប្រដូចអាចជួយយើងឲ្យយល់ពីដំណឹងល្អកាន់តែច្បាស់ឡើង ។ សូមបើកទៅ ទំព័រទី ៨ ដើម្បីសរសេររឿងប្រៀបប្រដូចរបស់អ្នកផ្ទាល់ ។ សូមចែកចាយរឿងប្រៀបប្រដូចរបស់អ្នកជាមួយនឹងសមាជិកគ្រួសារ ឬមិត្តភក្ដិ ។
លើសពីគ្រប់គ្រាន់
សម្រាប់ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦
ដំណើររឿង ៖ ពេលមួយ ព្រះយេស៊ូវគ្រីស្ទបានចំណាយពេលពេញមួយថ្ងៃ ដើម្បីបង្រៀនមនុស្ស ។ មនុស្សគ្រប់គ្នាស្រេកឃ្លាន ។ ប៉ុន្តែពួកគេមានតែនំប៉័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ ។ ព្រះយេស៊ូវប្រសិទ្ធពរដល់នំបុ័ង និងត្រី ហើយពួកសិស្សក៏ចែកនំបុ័ង និងត្រីនោះឲ្យទៅប្រជាជន ។ មានអាហារគ្រប់គ្រាន់សម្រាប់មនុស្សជាង ៥០០០ នាក់ ! ( សូមមើល ម៉ាថាយ ១៤:១៥–២១ ) ។
ចម្រៀង ៖ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ។
សកម្មភាព ៖ ធ្វើនំប៉័ងតាមរូបមន្តដែលប្អូនចូលចិត្ត ឬសាកល្បងប្រើរូបមន្តមួយនេះនៅលើ ទំព័រទី ៨ ។ សូមកត់សម្គាល់ពីរបៀបដែលអ្វីមួយតូចដូចដំបែអាចធ្វើឲ្យនំប៉័ងទាំងមូលឡើងកាន់តែធំ ។ តើព្រះយេស៊ូវធ្វើឲ្យការខិតខំបន្តិចបន្តួចរបស់ប្អូនឲ្យទៅខ្លាំងក្លាដោយរបៀបណា ?