« រត់តម្រង់ទៅរកពន្លឺ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៣២–៣៣ ។
មិត្តទៅកាន់មិត្ត
រត់តម្រង់ទៅរកពន្លឺ
កែសម្រួលមកពី « Running toward the Light » ( វីដេអូ ) នៅលើគេហទំព័រChurchofJesusChrist.org ។
ខ្ញុំបានធំដឹងក្ដីឡើងនៅផ្នែកមួយដ៏គ្រោះថ្នាក់នៅក្នុងទីក្រុងដ៏ធំមួយ ។ ថ្ងៃមួយខ្ញុំកំពុងដើរទៅសាលារៀនដោយមានលុយខ្លះនៅក្នុងហោប៉ៅរបស់ខ្ញុំ ។ កាក់លោតចុះឡើងពេលខ្ញុំដើរ ។
ខ្ញុំត្រូវដើរកាត់ក្មេងប្រុសធំៗមួយចំនួនដែលនៅក្នុងក្រុមក្មេងទំនើង ។ ខ្ញុំបានព្យាយាមឲ្យធ្វើជាមានភាពរឹងមាំ ។ ខ្ញុំបានព្យាយាមមិនខ្លាច ។ ប៉ុន្តែពួកគេបានឮសំឡេងកាក់ក្រឹកៗ ។ ពួកគេចង់បានកាក់ ហើយបានចាប់ផ្ដើមដេញតាមខ្ញុំ ។
ខ្ញុំបានរត់គេចចេញយ៉ាងលឿនអស់ពីសមត្ថភាព ។ ខ្ញុំបានរត់កាត់តាមច្រកផ្លូវតូចមួយ ។ ខ្ញុំអាចមើលឃើញពន្លឺនៅខាងចុងច្រកផ្លូវតូចនោះ ដូច្នោះខ្ញុំបានរត់តម្រង់ទៅរកពន្លឺនោះ ។ មិនយូរប៉ុន្មាន ពួកគេបានឈប់ដេញតាមខ្ញុំ ហើយខ្ញុំបានមានសុវត្ថិភាព ។
ការណ៍នេះបានក្លាយទៅជាលំនាំមួយនៅក្នុងជីរិតរបស់ខ្ញុំ ។ ខ្ញុំរត់ចេញពីអ្វីដែលអាក្រក់ ហើយខ្ញុំស្វែងរកអ្វីដែលល្អ ។ ពេលខ្លះខ្ញុំបាក់ទឹកចិត្ត ប៉ុន្តែខ្ញុំនៅតែព្យាយាមស្វែងរកពន្លឺ ។
ពេលខ្ញុំទៅរៀននៅមហាវិទ្យាល័យ ខ្ញុំលេងនៅក្រុមបាល់បោះ ។ មិត្តរួមក្រុមរបស់ខ្ញុំភាគច្រើនគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំបានរៀនអំពីដំណឹងល្អមកពីពួកគេ ។ ខ្ញុំបានរៀនថាខ្ញុំគឺជាកូនរបស់ព្រះ ។ នោះមានន័យថាខ្ញុំអាចយកឈ្នះលើការពុះពាររបស់ខ្ញុំ ហើយកាន់តែប្រសើរឡើង ។ ខ្ញុំបានចូលរួមក្នុងសាសនាចក្រ ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានព្យាយាមរាល់ថ្ងៃដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ហើយក្មួយៗក៏អាចធ្វើបានផងដែរ ។
ពេលក្មួយៗរត់តម្រង់ទៅរកពន្លឺ នោះមានក្តីសង្ឃឹម ។ ក្មួយដឹងថាក្មួយកំពុងរត់ទៅរកកម្លាំង សេចក្តីសុខសាន្ត និងសុភមង្គល ។ យើងទាំងអស់គ្នាត្រូវរត់តម្រង់ទៅរកពន្លឺ ។
កីឡាបាល់បោះសប្បាយៗ
អែលឌើរ ចនសុន បានរៀនអំពីដំណឹងល្អ ខណៈពេលកំពុងលេងបាល់បោះ ។ ឥឡូវ ដល់វេនប្អូនៗហើយ !
-
សូមកាត់រាងការ៉េដូចខាងក្រោមនេះ ហើយច្របាច់វាឲ្យទៅជារាងបាល់ ។
-
សូមប្តូរវេនគ្នាបោះបាល់ចូលទៅក្នុងចាន ។
-
ពេលបាល់ធ្លាក់ចូលទៅក្នុងចាន សូមបើកក្រដាស ហើយឆ្លើយសំណួរ !
-
តើមានវិធីណាមួយដែលប្អូនអាចធ្វើតាមព្រះវរបិតាសួគ៌ ?
-
តើប្អូនបានជ្រើសរើសត្រឹមត្រូវពេលណា ?
-
តើប្អូនមើលឃើញពន្លឺរបស់ព្រះវរបិតាសួគ៌ក្នុងជីវិតប្អូនដោយរបៀបណា ?
-
តើអ្វីជួយប្អូនឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ?
-
តើប្អូនអាចចែកចាយពន្លឺរបស់ព្រះវរបិតាសួគ៌ជាមួយនឹងមនុស្សដទៃបានដោយរបៀបណា ?
-
សូមសរសេរសំណួររបស់ប្អូនៗផ្ទាល់ !