ឆ្នាំ ២០២៣
មានតែ លីលៀន ប៉ុណ្ណោះ
ខែ មីនា ឆ្នាំ ២០២៣


« មានតែ លីលៀន ប៉ុណ្ណោះ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៤០–៤១ ។

មានតែ លីលៀន ប៉ុណ្ណោះ

លីលៀន​មិន​ចង់​ធ្វើជា​សិស្ស​តែ​ម្នាក់ឯង​នៅក្នុង​ថ្នាក់​យុវនារី​ទេ ។

ក្មេងស្រី​ក្រៀមក្រំ​កំពុង​មើល​ទៅក្រោយ

ថ្ងៃនេះ​គឺជា​ថ្ងៃចុងក្រោយ​របស់ លីលៀន​នៅ​ក្នុង​អង្គការ​បឋម​សិក្សា ។ លីលៀន នឹង​នឹក​កុមារ​ផ្សេងទៀត​ក្នុង​បឋម​សិក្សា ។ ក្នុង​ថ្នាក់​មាន​តែ​បីនាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួកគេ​គឺ​ក្មេង​ស្រី​ពីរ​នាក់​អាយុ​តិចជាង​និង​ប្អូន​ប្រុស​តូច​របស់​នាង​ឈ្មោះ ម៉ៃឃើល ។

« តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងណា​ក្នុង​ការប្តូរ​ទៅ​ថ្នាក់​យុវនារី ? » គ្រូ​បឋម​សិក្សា​របស់​នាង​សួរ ។

« អូ ខ្ញុំ​ពិតជា​ចង់​ទៅ​ថ្នាក់​ជាមួយ​ក្មេងស្រី​ធំៗ​ណាស ! » លីលៀន​បាននិយាយ ។

« ខ្ញុំ​រីករាយ​ណាស់​ដែល​ប្អូន​សប្បាយចិត្ត » គ្រូ​បឋម​សិក្សា​របស់​នាង​បាន​និយាយ ។ « តើ​មាន​នរណា​ខ្លះ​នឹង ចូលរួម​ក្នុង​ថ្នាក់​យុវនារី​ជាមួយ​ប្អូន ? »

លីលៀន គិតពី​ក្មេងស្រី​ធំៗ​ដែល​នៅក្នុង​វួដ​នោះ ។ សាំមើ និង​ខូវា ទើបតែ​រៀនចប់​វិទ្យាល័យ ។ ហើយ​គ្រួសារ​របស់​ម៉ែវីណា​បាន​ផ្លាស់​លំនៅ​ហើយ ។ ឈប់សិន ។ នៅ​សល់ . . . មានតែ លីលៀន​ប៉ុណ្ណោះ ។

តើ​ថ្នាក់​យុវនារី​របស់​នាង​នឹង​មាន​លក្ខណៈ​បែប​ណា ? មានតែ​គ្រូបង្រៀន និង​នាង​ឬ ? ស្តាប់​ទៅ​ដូចជា​ចម្លែក—និង​ឯកោ​ណាស់ ។ គិត​អំពី​រឿងនេះ​ធ្វើ​ឲ្យ លីលៀន ភ័យ​ណាស់ ។ នាង​ធ្វើ​មុខ​ស្រពោន ។ លីលៀន​មិន​ចង់​ធ្វើជា​សិស្ស​តែ​ម្នាក់ឯង​នៅក្នុង​ថ្នាក់​យុវនារី​ទេ ។

ពេញមួយថ្ងៃ លីលៀន​គិត​អំពី​ការ​ធ្វើជា​យុវនារី​តែ​ម្នាក់ឯង ។ នៅ​អាហារ​ពេលល្ងាច នាង​កាយ​ម្ហូប​ចុះ​ឡើង​នៅក្នុង​ចាន​របស់​នាង ដោយ​មិន​បរិភោគ​វាទេ ។ នាង​បាន​និយាយ​រអ៊ូរៗ​នៅពេល​ដល់​វេន​នាង​អាន​ការ​សិក្សា​ព្រះគម្ពីរ​ជា​លក្ខណៈ​គ្រួសារ ។

ម៉ាក់​បាន​ដាក់​គម្ពីរ​របស់​គាត់ចុះ ។ គាត់​សួរថា « តើ​មាន​រឿងអី មែនទេ ? »

លីលៀន​ដក​ដង្ហើម​ធំ ។ កូន​នឹង​ទៅ​ទីនោះ​តែ​ម្នាក់ឯង​ក្នុង​ថ្នាក់​យុវនារី ! »

ម៉ាក់​ងើបមក​អង្គុយ​ក្បែរ លីលៀន ។ គាត់ បាន​ឱប​នាង ។ គាត់​បាន​មាន​ប្រសាសន៍ថា​« នោះ​មិន​ងាយ​ស្រួលទេ » ។ តើ​ប៉ាម៉ាក់​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​កូន​បាន ? »

លីលៀន បាន​គិត​មួយ​សន្ទុះ ។ « ប្រហែល​យើង​អាច​អធិស្ឋាន​ឲ្យ​ក្មេងស្រី​ផ្សេងទៀត​ប្តូរ​ចូល​មក​ក្នុង​វួដ​របស់​យើង ។ ហើយ​ប្រហែលជា​ប៉ា​អាច​ប្រសិទ្ធពរ​ឲ្យ​ខ្ញុំ » ។

ប៉ា បាន​ញញឹម ។ « នោះ​គឺជា​គំនិត​ដ៏​ល្អ » ។

គ្រួសារ​បាន​លុតជង្គង់​អធិស្ឋាន ។ « ព្រះវរបិតាសួគ៌ » លីលៀន​ចាប់ផ្តើម « ខ្ញុំ​ម្ចាស់​រីករាយ​ណាស់​ដែល​ខ្ញុំ​ម្ចាស់​បាន​ប្តូរ​ទៅ​ថ្នាក់​យុវនារី ។ ខ្ញុំ​ម្ចាស់​មិន​ចង់​ឯកោទេ ប៉ុន្តែ​បើ​វា​ជា​ព្រះទ័យ​របស់​ទ្រង់​នោះ នោះ​ក៏មិនថ្វី​ដែរ ។ សូម​ជួយ​ខ្ញុំម្ចាស់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ខ្ញុំម្ចាស់​ត្រូវ​ធ្វើ​ដើម្បី​មាន​អារម្មណ៏​ប្រសើរឡើង ។ ហើយ​ប្រសិន​បើ​ព្រះអង្គ​ចង់​បំផុស​គំនិត​គ្រួសារ​មួយ​ដែល​មាន​ក្មេង​ស្រី​អាយុ​ស្របាល​ខ្ញុំ​ម្ចាស់​ឲ្យ​ប្តូរ​ចូល​វួដ​របស់​យើង នោះ​ក៏​ជា​រឿង​ដ៏​អស្ចារ្យ​ផង​ដែរ » ។

ក្រោយពី​អធិស្ឋាន​ហើយ ប៉ា​បាន​ដាក់ដៃ​លើ​ក្បាល​របស់​នាង ។ ប៉ា​បាន​និយាយ​ថា « ប៉ា​សូម​ប្រសិទ្ធពរ​ឲ្យ​កូន​មាន​អារម្មណ៍​សុខសាន្ត​អំពី​ការប្តូរ​ទៅ​ថ្នាក់​យុវនារី ។ ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​កូន ពេល​កូន​សូម​ជំនួយ​ពី​ទ្រង់ » ។

លីលៀន បាន​មាន អារម្មណ៍​សុខសាន្ត ។ នាង​មិន​ទាន់​ប្រាកដ​ថា​នាង​អាច​ធ្វើ​អ្វី​បាន ដើម្បី​ធ្វើ​ឲ្យ​ការ​ប្តូរ​ចូល​ថ្នាក់​យុវនារី​កាន់​តែ​ងាយ​ស្រួល​នៅឡើយទេ ។ ប៉ុន្តែ​នាង​ក៏​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​ដល់​នាង​ផងដែរ ។

ក្មេងស្រី​ទទួល​ការប្រសិទ្ធពរ

នៅ​ថ្ងៃ​អាទិត្យ លីលៀន​នៅ​តែ​មាន​ការភ័យខ្លាច​បន្តិចបន្តួច ។ ប៉ុន្តែ​នាង​បាន​ចាំ​ពី​អារម្មណ៏​ដែល​នាង​ទទួល​ក្រោយ​ពី​ប៉ា​របស់​នាងប្រសិទ្ធពរ​ឲ្យ ។ នាង​បាន​ដឹង​ថា​នាង​នឹង​មិន​អីទេ ។

នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ប៊ីស្សព បាន​ប្រកាស​ថា​បងស្រី បានន៍ នឹង​ធ្វើជា​ប្រធាន​យុវនារី​ថ្មី ។ បងស្រី​បានន៍ ក្រោកឈរ​ឡើង​នៅពេល​ឈ្មោះ​របស់​គាត់​ត្រូវ​បាន​ប្រកាស ។ លីលៀន​មិន​ដែល​ស្គាល់​គាត់ទេ ប៉ុន្តែ​មើលទៅ​គាត់​ដូចជា​រួសរាយ ។

ម៉ាក់​បាន​និយាយ​ថា​កាលពី​គាត់​អាយុ​ប៉ុន លីលៀន អ្នកដឹកនាំ​យុវនារី​របស់​គាត់​បាន​ក្លាយ​ទៅជា​មិត្តសម្លាញ់​របស់​គាត់ ។ ប្រហែលជា​លីលៀន និង​បងស្រី​បានស៍ អាច​ធ្វើជា​មិត្ត​នឹងគ្នា​បាន ! នោះ​គឺ​ជា​ចម្លើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​នាង ។

ក្រោយ​ប្រជុំ​សាក្រាម៉ង់ លីលៀន​បាន​ទៅ​ថ្នាក់​ថ្មី​របស់​នាង ។ មាន​ក្មេងស្រី​ធំ​ម្នាក់​ឈរ​នៅ​តាម​ច្រក​ដើរ ។

លីលៀន​និយាយ​ថា « ជម្រាបសួរ » ។ តើ​បង​មកលេង​វួដ​របស់​យើង​មែនទេ ? »

ក្មេងស្រី​នោះ​បាន​គ្រវីក្បាល ។ « អត់​ទេ ។ គ្រួសារ​របស់​យើង​ទើបតែ​ប្តូរ​មក​ទីនេះ » ។

លីលៀន​ញញឹម ។ « សូម​ស្វាគមន៍​មកកាន់​វួដ​របស់យើង ។ នេះគឺជា​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​ក្នុង​ថ្នាក់​យុវនារី » ។ នាង និង​ក្មេងស្រី​នោះ​អង្គុយ​ចុះ​នៅក្នុង​ថ្នាក់ ។ « និយាយ​អ៊ីចឹង ខ្ញុំ​ឈ្មោះ លីលៀន » ។

ក្មេងស្រី​ថ្មី​នោះ​និយាយ « មិនគួរឲ្យ​ជឿ​ទេ ! » ។ « ខ្ញុំ​ក៏​ឈ្មោះ លីលៀន​ដែរ ! »

លីលៀន​សើច ។ ព្រះវរបិតា​សួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​នាង​ម្តងទៀត ! មើលទៅ​ការ​នៅក្នុង​ថ្នាក់​យុវនារី​នឹង​មិន​ឯកោ​នោះ​ទេ ។

ក្មេងស្រី​ពីរនាក់​កំពុង​និយាយ​គ្នា ហើយ​កាន់​ព្រះគម្ពីរ

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​អូស្រ្តាលី ។

Story PDF

រចនា​រូបភាព​ដោយ ស៊ូ ធីអូឌូរូ