« បញ្ហានៃការចែករំលែក » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៣៦–៣៧ ។
បញ្ហានៃការចែករំលែក
ការចែករំលែក គឺជារបៀបមួយបង្ហាញដល់នរណាម្នាក់ថាយើងបារម្ភចំពោះពួកគេ ។
ក្រួបៗ ក្រួបៗ ក្រួបៗ អាន់ឌ្រូបានលេបពោតលីងរបស់គាត់ហើយបានចាប់យកមួយដៃពេញទៀត ។
បងប្រុសរបស់គាត់ ខេលិប បានទម្លាក់ខ្លួនអង្គុយចុះលើសាឡុងក្បែរគាត់ ។ « អ្ហេ៎ បងសូមញាំផងបានទេ ? »
អាន់ឌ្រូ នៅបន្តមើលទូរទស្សន៍ ។ « អត់ទេ » ។
« អូ៎ តិចមក ។ ឯងអាចចែកបាន » ។
ខេលិប លូកដៃទៅក្នុងចាន ប៉ុន្តែអាន់ឌ្រូបានឆក់យកវាទៅឆ្ងាយ ។
« ទេ ! ខ្ញុំបានប្រាប់ហើយ ។ កុំសូមទៀត ! »
« ក៏បាន » ។ ខេលិប ងើបក្រោកឡើង ហើយដើរចេញពីបន្ទប់ ។
នៅថ្ងៃស្អែកឡើង អាន់ឌ្រូបានចូលទៅផ្ទះបាយ ។ ខេលិប បានធ្វើស៊ូស៊ីជាមួយនឹងបាយសារ៉ាយ និងសាច់ជ្រូកកំប៉ុង ។
អាន់ឌ្រូហៀរទឹកមាត់ ។ « តើខ្ញុំសូមញ៉ាំផងបានទេ ? »
ខេលិប និយាយថា « អត់ទេ » ។
រឿងនោះបានធ្វើឲ្យអាន់ឌ្រូខឹងយ៉ាងខ្លាំង ។ គាត់បានរត់ចុះទៅក្រោមទៅប្រាប់ប៉ា ។
គាត់សួរថា « ហេតុអ្វីបានជាខេលិបកំណាញ់ម្ល៉េះ ? »
ប៉ា ធ្វើមុខស្រពោន ។ « ប៉ាបានឃើញកាលពីម្សិលមិញកូនមិនបានចែកពោតលីងរបស់កូនទេ ។ ហេតុអ្វី ខេលិបគួរតែចែកជាមួយកូនក្រោយពីកូនមិនចែកជាមួយគាត់ផងនោះ ? »
អាន់ឌ្រួ និយាយ « ដោយសារគាត់គឺជាបងរបស់ខ្ញុំ ! »
« អ៊ីចឹងម៉េចបានជាកូនមិនចែកជាមួយបង ? »
« គាត់មិនដែលចែកជាមួយកូនផង ! « ក្រៅពីនេះ កូនបានធ្វើវាសម្រាប់ខ្លួនកូនទេ មិនមែនសម្រាប់គាត់ឡើយ »អាន់ឌ្រួ និយាយ ។ ប៉ុន្តែគាត់មានអារម្មណ៍សោកស្តាយបន្ដិច ។ ប្រហែលជាគាត់ចិត្តអាក្រក់មិនព្រមចែក ។
« តើកូនមានដឹងទេថា នៅប្រទេសកូរ៉េ ការចែករំលែកមានសារៈសំខាន់ ណាស់ ? » ប៉ាបានសួរ ។ គ្រួសាររបស់អាន់ឌ្រូមកពីប្រទេសកូរ៉េ ។ « ការចែករំលែក គឺជារបៀបមួយបង្ហាញដល់នរណាម្នាក់ថាយើងបារម្ភចំពោះពួកគេ ។ ដូច្នោះ បើយើងមិនចែករំលែក វាហាក់បីដូចជាថា យើងមិនបារម្ភចំពោះពួកគេទេ » ។
« ប៉ុន្តែ ខ្ញុំ ពិតជា បារម្ភចំពោះ ខេលិប » ។
អាន់ឌ្រូបានគិតអំពីអ្វីដែលព្រះយេស៊ូវនឹងធ្វើ ។ គាត់បានចាំពីរបៀបដែលព្រះយេស៊ូវស្រឡាញ់មនុស្សគ្រប់រូប—សូម្បីតែអ្នកដែលមិនសប្បុរសចំពោះទ្រង់ក៏ដោយ ។
គាត់បានប្រាប់ប៉ាថា « កូនគិតថា កូននឹងចែកជាមួយ ខេលិបថ្ងៃស្អែក ហើយចាំមើលមានអ្វីកើតឡើង » ។
ប៉ា បានញញឹម ។ « ប៉ាគិតថា នោះជាគំនិតល្អណាស់កូន » ។
ពេលអាន់ឌ្រូចូលគេងនៅយប់នោះ គាត់បានគិតអំពីរឿងល្អៗដែលគាត់អាចធ្វើឲ្យ ខេលិប ។ គាត់មានចិត្តរីករាយក្នុងការចាប់ផ្តើមចែករំលែក !
នៅថ្ងៃស្អែកឡើង អាន់ឌ្រូបានភ្ញាក់ឡើងដោយការភ្ញាក់ផ្អើលមួយ ។ ខេលិប បានធ្វើអាហារពេលព្រឹកសម្រាប់គាត់ !
ខេលិបនិយាយ « ប៉ាបាននិយាយជាមួយបងអំពីការចែករំលែក » ។ « បងចង់ធ្វើឲ្យបានល្អជាងមុន ។ ‹ ហេតុដូច្នោះ បងបានធ្វើអាហារពេលព្រឹកឲ្យឯង » ។
« អរគុណ ! » អាន់ឌ្រូនិយាយ ។ « ខ្ញុំចង់ធ្វើឲ្យបានល្អជាងមុនដែរ » ។
ក្រោយមកទៀតថ្ងៃនោះ អាន់ឌ្រូ និងខេលិបបានមើលភាពយន្តមួយ ។ អាន់ឌ្រូ បានឲ្យខេលិបរើសភាពយន្តមួយ ។ បន្ទាប់មកគាត់បានធ្វើពោតលីងឲ្យខេលិប ! គាត់បានមើលទៅក្នុងចាន ។ វាហាក់ដូចជាពោតលីងនោះនិយាយថា « ញ៉ាំខ្ញុំទៅ ! » ប៉ុន្តែអាន់ឌ្រូមិនបានយកញ៉ាំទេ ។ គាត់បានឲ្យចានពោតលីងនោះទៅខេលិប ហើយនិយាយថា « ទាំងអស់ជារបស់បង ។ ខ្ញុំសូមទោស ដែលខ្ញុំពុំបានចែកជាមួយបងកាលពីមុន » ។
អាន់ឌ្រូបានចែករំលែកជាមួយខេលិប ពេញមួយសប្តាហ៍ ។ គាត់បានអនុញ្ញាតឲ្យខេលិប អានសៀវភៅរបស់គាត់ ។ គាត់ បានអនុញ្ញាតឲ្យខេលិបប្រើប៊ិចរបស់គាត់ ។ គាត់បានអនុញ្ញាតឲ្យខេលិបលេងប្រដាប់ក្មេងលេងដែលគាត់ចូលចិត្ត ។ គាត់ថែមទាំងបានផ្តល់វេនបន្ថែមដល់ ខេលិបនៅពេលពួកគេកំពុងលេងហ្គេម ។
នៅពេល អាន់ឌ្រូ កាន់តែចែករំលែកជាមួយ ខេលិប នោះ ខេលិបកាន់តែចែករំលែកជាមួយគាត់កាន់តែច្រើនដែរ ! មិនយូរប៉ុន្មាន ពួកគេបានធ្វើរឿងល្អឲ្យគ្នាទៅវិញទៅមកគ្រប់ពេលវេលា ។ អាន់ឌ្រូបានដឹងថា ព្រះវរបិតាសួគ៌បានកំពុងតែជួយគាត់ចេះចែករំលែកជាមួយបងប្រុសរបស់គាត់ ។ អាន់ឌ្រូ មិនល្អឥតខ្ចោះ ដូចជាព្រះយេស៊ូវទេ ប៉ុន្តែគាត់កំពុងព្យាយាមដើម្បីប្រែក្លាយឲ្យកាន់តែដូចទ្រង់រៀងរាល់ថ្ងៃ ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។