« មានពរដល់ព្រះនាមទ្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំបព្វជិតភាព
មានពរដល់ព្រះនាមទ្រង់
ការដកស្រង់
គោលបំណងចំពោះការទទួលបព្វជិតភាពរបស់យើងគឺ ដើម្បីអនុញ្ញាតឲ្យយើងផ្ដល់ពរជ័យដល់មនុស្សទូទៅជំនួសព្រះអម្ចាស់ ដោយធ្វើកិច្ចការនេះនៅក្នុងព្រះនាមទ្រង់ ។
ជាច្រើនឆ្នាំបន្ទាប់ពីខ្ញុំបានក្លាយជាឌីកុន ទើបខ្ញុំយល់ពីអត្ថន័យនោះពិតប្រាកដ ។ ជាឧទាហរណ៍ ក្នុងនាមជាសង្ឃជាន់ខ្ពស់មួយរូប ខ្ញុំត្រូវបានចាត់ឲ្យមើលខុសត្រូវការប្រជុំសាក្រាម៉ង់នៅមជ្ឈមណ្ឌលចាស់ជរាមួយ ។ ខ្ញុំត្រូវបានស្នើសុំឲ្យចែកសាក្រាម៉ង់ ។ ជំនួសឲ្យការគិតពីដំណើរការ ឬរបៀបចែកសាក្រាម៉ង់ ខ្ញុំបានមើលទៅផ្ទៃមុខមនុស្សចាស់ជរាម្នាក់ៗ ។ ខ្ញុំបានឃើញពួកគាត់ជាច្រើននាក់សម្រក់ទឹកភ្នែក ។ មានស្ត្រីម្នាក់បានចាប់ដៃអាវខ្ញុំ ហើយងើយមើលមុខខ្ញុំដោយពោលឮៗថា « អរគុណ អរគុណចៅខ្លាំងណាស់ » ។
ព្រះអម្ចាស់បានប្រទានពរដល់ការបម្រើដែលបានផ្ដល់ឲ្យនៅក្នុងព្រះនាមរបស់ទ្រង់ ។ នៅថ្ងៃនោះ ខ្ញុំបានអធិស្ឋានសូមឲ្យមានអព្ភូតហេតុបែបនោះកើតឡើង ជំនួសឲ្យការអធិស្ឋានសូមឲ្យខ្ញុំធ្វើផ្នែកខ្ញុំឲ្យបានល្អ ។ ខ្ញុំបានអធិស្ឋានសូមឲ្យមនុស្សចាស់ទាំងនោះបានទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ តាមរយៈការបម្រើពេញដោយក្តីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំបានរៀនថា នេះគឺជាគន្លឹះទៅកាន់ការបម្រើ និងការផ្ដល់ពរជ័យដល់មនុស្សដទៃនៅក្នុងព្រះនាមរបស់ទ្រង់ ។…
ខ្ញុំជឿថា យើងអាចលើកតម្កើងការបម្រើបព្វជិតភាពរបស់យើងពេញមួយជីវិតរបស់យើង ហើយអាចលើសពីមួយជីវិតនេះទៀត ។ វាអាស្រ័យលើការខិតខំរបស់យើងក្នុងការព្យាយាមស្គាល់ព្រះទ័យរបស់ព្រះអម្ចាស់ និងការប្រឹងប្រែងរបស់យើងក្នុងការស្តាប់សំឡេងរបស់ទ្រង់ ដើម្បីយើងអាចដឹងបានច្បាស់នូវអ្វីដែលទ្រង់សព្វព្រះទ័យសម្រាប់មនុស្សដែលយើងកំពុងបម្រើជំនួសឲ្យទ្រង់ ។ ការលើកតម្កើងនេះនឹងទទួលបានជាជំហានតូចៗ ។ វាអាចកើតឡើងយឺតៗ ប៉ុន្ដែវានឹងកើតឡើងយ៉ាងប្រាកដ ។