« មើលចុះ ! យើងជាព្រះនៃអព្ភូតហេតុទាំងឡាយ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំរសៀលថ្ងៃអាទិត្យ
« មើលចុះ ! យើងជាព្រះនៃអព្ភូតហេតុទាំងឡាយ »
ការដកស្រង់
អព្ភូតហេតុ ទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយកើតមាននៅក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនៅក្នុងជីវិតរបស់បងប្អូន និងជីវិតខ្ញុំ ។ អព្ភូតហេតុគឺជាសកម្មភាពដ៏ទេវភាព ការបើកសម្តែង និងជាការបង្ហាញឲ្យឃើញនៃព្រះចេស្តាដ៏គ្មានដែនកំណត់របស់ព្រះ និងជាការបញ្ជាក់មួយថា ទ្រង់គឺ « នៅតែដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ » [ មរ៉ូណៃ ១០:១៩ ] ។ ព្រះយេស៊ូវគ្រីស្ទ ដែលបានបង្កើតសមុទ្រ អាចធ្វើឲ្យសមុទ្រស្ងប់ ព្រះអង្គដែលបានធ្វើឲ្យមនុស្សខ្វាក់អាចមើលឃើញ អាចជួយយើងឲ្យផ្តោតលើកិច្ចការខាងព្រលឹងវិញ្ញាណបាន ។ ព្រះអង្គដែលបានសម្អាតមនុស្សឃ្លង់ អាចកែតម្រូវភាពទន់ខ្សោយរបស់យើងបាន ។ ព្រះអង្គដែលបានព្យាបាលមនុស្សខ្វិន អាចហៅឲ្យយើងក្រោកឡើងដោយមានបន្ទូលថា « ចូរមកតាមខ្ញុំចុះ » [ លូកា ១៨:២២ ] ។
បងប្អូនជាច្រើននាក់បានធ្វើជាសាក្សីនៃអព្ភូតហេតុ ច្រើនជាងអ្វីដែលបងប្អូនដឹងទៅទៀត ។ អព្ភូតហេតុទាំងនោះអាចមើលទៅតូចតាច បើសិនជាប្រៀបធៀបទៅព្រះយេស៊ូវ ដែលបានធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ ។ ប៉ុន្តែភាពអស្ចារ្យមិនមែនជាធាតុផ្សំនៃអព្ភូតហេតុនោះទេ លើកលែងតែវាមកពីព្រះប៉ុណ្ណោះ ។…
មានពេលច្រើនដែលយើងសង្ឃឹមថាមានអព្ភូតហេតុមួយ ដើម្បីព្យាបាលមនុស្សជាទីស្រឡាញ់ម្នាក់ បង្វែរសកម្មភាពអយុត្តិធម៌ចេញ ឬដើម្បីលួងលោមដួងចិត្តដែលឈឺចាប់ ឬព្រលឹងដែលខកចិត្ត ។ ការមើលទៅបញ្ហាដោយទស្សនវិស័យនៃជីវិតរមែងស្លាប់ នោះយើងចង់ឲ្យព្រះអម្ចាស់ធ្វើអន្តរាគមន៍ ដើម្បីជួសជុលនូវអ្វីដែលបានបាក់បែក ។ តាមរយៈសេចក្តីជំនឿ អព្ភូតហេតុនឹងកើតឡើង បើទោះជាវាមិនកើតតាមពេលវេលារបស់យើង ឬជាមួយនឹងដំណោះស្រាយដែលយើងចង់បាននោះក៏ដោយ ។…
ព្រះអម្ចាស់បានរំឭកយើងថា « ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ » [ អេសាយ ៥៥:៨ ] ។ ទ្រង់ថ្លែងទៅ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » [ ម៉ាថាយ ១១:២៨ ] សម្រាកពីការព្រួយបារម្ភ ការខកចិត្ត ការភ័យខ្លាច ការមិនស្តាប់បង្គាប់ ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រឡាញ់ សម្រាប់ក្តីសុបិន្តដែលបាត់បង់ ឬបាក់ទឹកចិត្ត ។ ភាពសុខសាន្តក្នុងពេលច្របូកច្របល់ ឬទុក្ខព្រួយគឺជាអព្ភូតហេតុមួយ ។