« សេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំរសៀលថ្ងៃសៅរ៍
សេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ
ការដកស្រង់
បងប្អូនប្រុសស្រី នៅរដូវបុណ្យអ៊ីស្ទើរនេះ យើងផ្ដោតលើការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ យើងចាំពីការអញ្ជើញពេញដោយក្ដីស្រឡាញ់របស់ទ្រង់ថា « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព ៖ នោះអ្នករាល់គ្នានឹងបានសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » [ ម៉ាថាយ ១១:២៨–៣០ ] ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យមករកទ្រង់ គឺជាការអញ្ជើញដល់មនុស្សទាំងអស់ មិនត្រឹមតែឲ្យមករកទ្រង់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឲ្យជាចំណែកកម្មសិទ្ធិក្នុងសាសនាចក្ររបស់ទ្រង់ផងដែរ ។…
ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងដឹងថា ព្រះគឺជាព្រះវរបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់ ។
ការដឹងថា ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង នឹងជួយយើងឲ្យដឹងថា យើងជានរណា ហើយដឹងថា យើងជាកម្មសិទ្ធិក្នុងគ្រួសារអស់កល្បជានិច្ចដ៏មហិមារបស់ទ្រង់ ។…
… ថ្វីបើយើងមានឧបសគ្គក្នុងជីវិតក្ដី ដូចជាព្រឹកបុណ្យអ៊ីស្ទើរទីមួយនោះដែរ យើងអាចចាប់ផ្ដើមជីវិតថ្មីមួយក្នុងព្រះគ្រីស្ទដោយមានលទ្ធភាពថ្មីៗ និងអស្ចារ្យជាច្រើន ព្រមទាំងតថភាពថ្មីៗ កាលយើងងាកទៅរកព្រះអម្ចាស់ដើម្បីបានក្ដីសង្ឃឹម និងចំណែកកម្មសិទ្ធិ ។…
ខ្ញុំនិយាយអំពីសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទនេះ មិនមែនក្នុងការស្រមើស្រមៃនោះទេ ។ ផ្ទុយទៅវិញ ខ្ញុំនិយាយពីសេចក្ដីសង្ឃឹម ដែលជាការរំពឹងទុកដែលនឹងកើតឡើង ។ សេចក្ដីសង្ឃឹមបែបនោះគឺចាំបាច់ដើម្បីយកឈ្នះលើទុក្ខលំបាក បង្កើតឲ្យមានភាពធន់ និងកម្លាំងខាងវិញ្ញាណ ហើយដឹងថា ព្រះវរបិតាដ៏អស់កល្បរបស់យើងស្រឡាញ់យើង ហើយថាយើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ដែលជាចំណែកកម្មសិទ្ធិក្នុងគ្រួសាររបស់ទ្រង់ ។…
សូមកុំភ្លេចថា បងប្អូនគឺជាបុត្ររបស់ព្រះ ជាព្រះវរបិតាដ៏អស់កល្បរបស់យើង នៅពេលនេះ និងជារៀងរហូតតទៅ ។ ទ្រង់ស្រឡាញ់បងប្អូន ហើយសាសនាចក្រនេះចង់បានបងប្អូន និងត្រូវការបងប្អូន ។ មែនហើយ យើងត្រូវការបងប្អូន ! យើងត្រូវការមតិ ទេពកោសល្យ ជំនាញ សេចក្ដីល្អ និងភាពសុចរិតរបស់បងប្អូន ។