« ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែនៃព្រលឹងរបស់យើង » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែនៃព្រលឹងរបស់យើង
ការដកស្រង់
ដួងចិត្តរបស់ខ្ញុំរីករាយ កាលនឹកគិតពីទង្វើដ៏អស្ចារ្យ ដ៏មានអានុភាព ជាទង្វើដែលឥតប្រៀបផ្ទឹម ដែលបានកើតឡើងនៅក្នុងប្រវតិ្តសាស្រ្តមនុស្សលោក—ជាពលិកម្មដ៏ធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។…
ព្រះគ្រីស្ទបានបំពេញតាមព្រះហឫទ័យរបស់ព្រះវរបិតាតាមរយៈពលិកម្មជានិរន្តរ និងដ៏មានសេចក្ដីមេត្តាករុណារបស់ទ្រង់ ។ ទ្រង់យកឈ្នះទ្រនិចនៃសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណដែលបានកើតមានក្នុងពិភពលោកនេះដោយសារការធ្លាក់ ហើយផ្ដល់ឱកាសឲ្យយើងទទួលបានសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ។…
តាមរយៈការពលិកម្មរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានដកយកឥទ្ធិពលនៃសេចក្ដីស្លាប់ខាងសាច់ឈាមចេញ ទ្រង់មិនបានលុបបំបាត់ការទទួលខុសត្រូវដើម្បីប្រែចិត្តពីអំពើបាប ដែលយើងបានប្រព្រឹត្តនោះឡើយ ។…
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា កាលយើងប្រែចិត្តពីអំពើបាបរបស់យើងពិតប្រាកដ នោះយើងអនុញ្ញាតឲ្យពលិកម្មដ៏ធួនរបស់ព្រះគ្រីស្ទ មានប្រសិទ្ធភាពលើជីវិតរបស់យើងទាំងស្រុង ។…
បន្ថែមពីលើនោះ ដើម្បីផ្ដល់នូវអំណោយទានដ៏មហិមានៃសេចក្តីសង្គ្រោះនេះ ព្រះអង្គសង្គ្រោះប្រទានដល់យើងនូវភាពធូរស្បើយ និងការលួងលោមចិត្ត កាលយើងប្រឈមនឹងទុក្ខវេទនា ការល្បួង និងភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ រួមបញ្ចូលទាំងកាលៈទេសៈដែលយើងបានដកពិសោធន៍ថ្មីៗនេះនៅក្នុងគ្រានៃជំងឺរាតត្បាត ។…
កាលយើងខិតកាន់តែជិតទ្រង់ ដោយអនុញ្ញាតឲ្យទ្រង់ជួយយើងខាងវិញ្ញាណ នោះយើងនឹងមានលទ្ធភាពដើម្បីលើកដាក់នឹមដ៏ងាយរបស់ទ្រង់ និងបន្ទុកដ៏ស្រាលរបស់ទ្រង់មកលើខ្លួនយើង ហើយក៏រកឃើញការលួងលោមចិត្ត និងទីសម្រាកដែលបានសន្យាផងដែរ ។ លើសពីនេះទៀត យើងនឹងទទួលបានកម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះលើការលំបាក ភាពទន់ខ្សោយ និងភាពសោកសៅក្នុងជីវិត ដែលពិបាកស៊ូទ្រាំយ៉ាងខ្លាំង បើគ្មានជំនួយ និងព្រះចេស្ដាព្យាបាលរបស់ទ្រង់ទេនោះ ។