« ភ្ជាប់ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ នៅខាងក្នុងក្របមុខ ។
ភ្ជាប់
អរិន អេស
អាយុ ១៧ ឆ្នាំ ប្រេធីស កូឡុំបៀ កាណាដា
ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរតាមទូកក្ដោង ហើយមិនបានឃើញដីគោកជាងបីសប្ដាហ៍ ។ បន្ទាប់ពីពីរសប្ដាហ៍ដំបូង យើងបានជួបនឹងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង ។ ក្ដោងរបស់យើងបានរហែកដោយសារខ្យល់បោកបក់ ហើយរលកបានបោកចូលក្នុងទូក ផ្នែកខាងមុខទូកលិចទាំងស្រុង ។ លើសពីនេះទៅទៀត យើងស្ទើរតែអស់ទឹកផឹកទៅហើយ—ដូច្នេះ ប្រសិនបើយើងនៅរស់រានមានជីវិតពីខ្យល់ព្យុះ ក៏យើងនៅតែត្រូវព្រួយបារម្ភពីការខ្វះទឹកផឹកដែរ ។
ក្រុមគ្រួសារខ្ញុំបានប្រជ្រៀតគ្នានៅកន្លែងតែមួយដែលស្ងួតនៅលើទូក ហើយបានអធិស្ឋានអស់ជិតមួយម៉ោង ។ ខ្ញុំមិនដឹងថា យើងអាចនឹងនៅមានជីវិតបន្ទាប់ពីយប់នោះទេ ប៉ុន្តែខ្ញុំដឹងថា មិនថាមានអ្វីកើតឡើងទេ ខ្ញុំនឹងបាននៅជាមួយនឹងក្រុមគ្រួសារខ្ញុំ ដោយសារយើងបានផ្សារភ្ជាប់ជាមួយគ្នា ។
ពេលយើងបញ្ចប់ការអធិស្ឋាន យើងឃើញថា ខ្យល់បានស្ងប់ ហើយរលកបានឈប់បក់បោក ។ មិនយូរប៉ុន្មានបន្ទាប់មក វាចាប់ផ្ដើមភ្លៀងយ៉ាងខ្លាំង ដែលវាកម្រមានកើតឡើងណាស់នៅផ្នែកនោះនៃសមុទ្រ ។ យើងបានប្រើតង់កៅស៊ូដើម្បីត្រងទឹកចាក់ក្នុងធុងទឹករបស់យើង ហើយត្រងបានទឹកគ្រប់គ្រាន់ដោយអព្ភូតហេតុដើម្បីបញ្ចប់ការធ្វើដំណើររបស់យើង ។
បទពិសោធន៍នោះបានបង្ហាញខ្ញុំថា ការអធិស្ឋានមានអំណាចយ៉ាងណា ហើយថាព្រះវរបិតាសួគ៌របស់យើងខ្វល់ខ្វាយពីយើងយ៉ាងណា ។ នៅពេលខ្ញុំគិតត្រឡប់ទៅវិញអំពីខ្យល់ព្យុះនោះ ខ្ញុំដឹងថា ដំណឹងល្អគឺពិត និងមានប្រាកដមែន ។