២០២១
តើ​ហេតុ​អ្វី​ប្អូនៗ​គួរតែ​មាន​សង្ឃឹម​ឡើង
ខែ កក្កដា ឆ្នាំ ២០២១


« តើ​ហេតុ​អ្វី​ប្អូនៗ​គួរតែ​មាន​សង្ឃឹម​ឡើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ៦ ។

ចូរ​មក​តាម​ខ្ញុំ

តើ​ហេតុ​អ្វី​ប្អូនៗ​គួរតែ មាន សង្ឃឹម​ឡើង

ចូរ​សង្ឃឹម​ឡើយ ! ព្រះអម្ចាស់​បាន​ប្រទាន​ហេតុផល​នានា​ឲ្យ​ប្អូនៗ​សង្ឃឹម​ឡើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៨

ព្រះអម្ចាស់​បាន​ប្រទាន​ការអញ្ជើញ​ជា​ច្រើន​ដល់​យើង ។ ហើយ​ជា​រឿយៗ ទ្រង់​តែង​មាន​ព្រះបន្ទូល​ឡើងវិញ​នូវ​រឿង​សំខាន់ៗ ។ ( ឧទាហរណ៍ តើ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ដូចជា « ចូរ​មក​ឯ​ខ្ញុំ » ប៉ុន្មាន​ដង ? )

ការអញ្ជើញ​មួយ ដែល​បងប្អូន​នឹង​ឃើញ​ដដែលៗ​នៅក្នុង​ព្រះគម្ពីរ​គឺ ៖ « ចូរ​សង្ឃឹម​ឡើង » ។

ជួនកាល ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច្នេះ នៅពេល​រាស្ត្រ​របស់ទ្រង់​កំពុង​ព្យាយាម​ធ្វើ​តាម​ទ្រង់ ប៉ុន្តែ​កំពុង​ប្រឈម​មុខ​នឹង​ការប្រឆាំង និង​ការសាកល្បង​នានា ។ ហើយ​នៅពេល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​​សង្ឃឹម​ឡើង ជា​ធម្មតា​ទ្រង់​ប្រទាន ហេតុផល នានា ដែល​ទ្រង់​លើក​ទឹកចិត្ត​យើង​ឲ្យ​រីករាយ ។ ឧទាហរណ៍ មាន​ពេលមួយ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ៖

« ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា ។ នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ជា​របស់​ផង​អ្នក​រាល់​គ្នា » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ) ។

ចូរ​យើង​វិភាគ​ពី​វា ៖

« ចូរ​សង្ឃឹម​ឡើង ដ្បិត [ មូលហេតុ​ទី ១ ] យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា ។ [ មូលហេតុ​ទី ២ ] នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ [ មូលហេតុ​ទី ២ក ] ព្រះ​ពរ​ទាំង​ឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា ហើយ [ មូលហេតុ​ទី ៣ ] ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ជា​របស់​ផង​អ្នក​រាល់​គ្នា » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ) ។

នៅ​ទីនេះ ព្រះអម្ចាស់​រំឭក​យើង​ពី​ការដឹកនាំ និង​ពរជ័យ​របស់​ទ្រង់ ។ ទាំងអស់​នោះ​គឺ​ជា​មូលហេតុ​ដ៏​ល្អ​ណាស់​ដើម្បី​មាន​សង្ឃឹម​ឡើង ។

នេះ​ជា​ឧទាហរណ៍​មួយ​ទៀត ៖

« ចូរ​សង្ឃឹម​ឡើង កូន​ក្មេង​តូច​អើយ ដ្បិត [ មូលហេតុ​ទី ១ ] យើង​នៅ​កណ្ដាល​ពួក​អ្នក ហើយ [ មូលហេតុ​ទី ២ ] យើង​ពុំ​បាន​បោះបង់​ចោល​អ្នក​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦១:៣៦ ) ។

ហើយ​មួយ​ទៀត ៖

« ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត [ មូលហេតុ​ទី ១ ] យើង​ជា​ព្រះ​អម្ចាស់​គង់នៅ​ជាមួយ​នឹង​អ្នក ហើយ [ មូលហេតុ​ទី ២ ] [ យើង ] នឹង​ឈរ​នៅ​ក្បែរ​អ្នក » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:៦ ) ។

ព្រះអម្ចាស់​រំឭក​យើង​ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​នឹង​ជួយ​យើង នៅពេល​ដែល​យើង​ពុះពារ​ធ្វើ​តាម​ទ្រង់ និង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ បន្ទាប់​មក យើង​អាច​ដើរ​លើ​ផ្លូវ​របស់​យើង​ដោយមាន​ទំនុក​ចិត្ត មែន​ហើយ គឺ​ដោយ​ការសង្ឃឹម​ឡើង ។ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ផែនការ​របស់​ព្រះវរបិតាសួគ៌​គឺជា « ផែនការ​នៃ​សុភមង្គល » ( អាលម៉ា ៤២:៨, ១៦ ) ហើយ​ការធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ គឺ​ជា​ការរស់នៅ « តាម​របៀប​នៃ​សុភមង្គល » (នីហ្វៃទី២ ៥:២៧ ) ។

សូម្បី​តែ​បើ​ការសាកល្បង​របស់​យើង​ចាប់​ផ្ដើម​ទាញ​យើង​ចុះ​ក្ដី ប្រសិន​បើ​យើង​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​តាម​ព្រះអម្ចាស់ នោះ​ទ្រង់​លើក​ទឹកចិត្ត​យើង​ឲ្យ​មាន​សង្ឃឹម​ឡើង ។ ហើយ​ទ្រង់​ប្រទាន​ដល់​យើង​នូវ​មូលហេតុ​ល្អៗ​ដើម្បី​មាន​សង្ឃឹម​ឡើង ។