« សំណេរ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ១៨–១៩ ។
សំណេរ
ការសរសេរគំនិតរបស់ក្មួយៗ នៅពេលក្មួយៗសិក្សាព្រះគម្ពីរ ពិតជាអាចជួយក្មួយៗឲ្យរៀនសូត្រ ។
អ្នកផ្សព្វផ្សាយសាសនាម្នាក់បានប្រាប់ប្រធានបេសកកម្មរបស់គាត់ថា « រាល់ពេលដែលខ្ញុំចាប់ផ្ដើមអានព្រះគម្ពីរ ខ្ញុំគេងលក់ ! » « ព្រះគម្ពីរគឺដូចជាថ្នាំងងុយគេងអញ្ចឹង ! »
ប្រធានបេសកកម្មរបស់គាត់បានឆ្លើយតបថា « តើអែលឌើរមានធ្លាប់កត់ចំណាំទេនៅពេលអែលឌើរអាន ? »
អ្នកផ្សព្វផ្សាយសាសនានោះបាននិយាយថា « អត់ទេ » ។
ប្រធានបានមានប្រសាសន៍ថា « វាងាយនឹងគេងលក់ ឬធ្វើឲ្យគំនិតរបស់អែលឌើរគិតពីរឿងផ្សេង នៅពេលដែលអែលឌើរគ្រាន់តែអាន ប៉ុន្តែវាមិនអាចទៅរួចទេ នៅពេលដែលអែលឌើរបន្ថែមការសរសេរនោះ ! »
ដំបូន្មានដែលប្រធានបេសសកម្មរូបនេះបានផ្ដល់ឲ្យអ្នកផ្សព្វផ្សាយសាសនារបស់លោកដែលជួបការលំបាក បានធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយ ។ ដូច្នេះ បើក្មួយៗកំពុងស្វែងរកវិធីថ្មីមួយ ដើម្បីពង្រឹងការសិក្សាព្រះគម្ពីររបស់ក្មួយៗ នោះសូមសាកល្បងធ្វើវា ។ ពេលក្មួយៗសរសេរអំពីអ្វីដែលក្មួយៗកំពុងអាន ក្មួយៗនឹងទំនងជាឃើញថាខ្លួនឯងកាន់តែចូលរួម និងរៀនសូត្របានកាន់តែប្រសើរឡើងផងដែរ ។
ទាំងនេះគឺជាវិធីសាស្ត្រមួយចំនួនដែលយើងឃើញថាវាពិតជាមានប្រយោជន៍មែន ។
បងប្រុស ស្ទេវីន ឡាន់ ៖
ខ្ញុំទុកក្រដាសនៅក្បែរខ្លួន នៅពេលខ្ញុំអាន ។ ពេលដែលព្រះវិញ្ញាណបំផុសគំនិតខ្ញុំអំឡុងពេលការសិក្សារបស់ខ្ញុំ ខ្ញុំសរសេរការបំផុសគំនិតទាំងនោះទុក ។
ខ្ញុំបានគំនិតនោះមកពី អែលឌើរ រីឆាត ជី ស្កត ( ១៩២៨–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានមានប្រសាសន៍ថា ៖ « ចូរសរសេរទុកនៅក្នុងកន្លែងសុវត្ថិភាពមួយនូវការណ៍ដែលសំខាន់ៗ ដែលបងប្អូនរៀនមកពីព្រះវិញ្ញាណ ។ បងប្អូននឹងឃើញថា នៅពេលបងប្អូនសរសេរទុកនូវចំណាប់អារម្មណ៍ដ៏មានតម្លៃ នោះជាញឹកញាប់ នឹងមានគំនិតបន្ថែមកើតមានឡើង ។ ទន្ទឹមនឹងនោះដែរ ការចេះដឹងដែលបងប្អូនទទួលបាន នឹងអាចប្រើប្រាស់បានអស់មួយជីវិតរបស់បងប្អូន » ( « To Acquire Knowledge and the Strength to Use It Wisely » Ensign ខែ មិថុនា ឆ្នាំ ២០០២ ទំព័រ ៣២ ) ។
ខ្ញុំដឹងថា ពាក្យទាំងនោះគឺជាពាក្យពិត ។ ពេលដែលខ្ញុំរៀបចំការឡើងនិយាយ និងមេរៀន ខ្ញុំមិនត្រឹមតែទៅរកព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅរកអ្វីដែលខ្ញុំបានសរសេរទុកពេលកំពុងអានវាផងដែរ ។
បងប្រុស អាម៉េឌ ខ័របីត ៖
ខ្ញុំចូលចិត្តសិក្សាលើប្រធានបទ ។ ខ្ញុំអានព្រះគម្ពីរពីដើមរហូតដល់ចប់ ប៉ុន្តែខ្ញុំក៏ចូលចិត្តអានកន្លែងផ្សេងៗទៀត និងសិក្សាតាមប្រធានបទផងដែរ ។ ឧទាហរណ៍ ខ្ញុំនឹងប្រើប្រាស់ Topical Guide ដើម្បីស្វែងរកបទគម្ពីរអំពីសេចក្ដីជំនឿ ឬការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ហើយខ្ញុំមិនគ្រាន់តែកត់ចំណាំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំសរសេរទុកនូវអ្វីដែលខ្ញុំកំពុងរៀន ដើម្បីប្រាកដថា ខ្ញុំពិតជាយល់ពីវា ។ ខ្ញុំតែងតែភ្ញាក់ផ្អើលណាស់ពីរបៀបដែលខ្ញុំយល់វាបានកាន់តែប្រសើរ នៅពេលខ្ញុំធ្វើដូច្នេះ ។ ខ្ញុំក៏ជ្រើសរើសបទគម្ពីរមួយចំនួនដើម្បីទន្ទេញផងដែរ ។
បងប្រុស ប្រេតលី វិលខ័ក ៖
ខ្ញុំរក្សាទិនានុប្បវត្តិសិក្សាដែលខ្ញុំសរសេរបទគម្ពីរតាមពាក្យសម្ដីរបស់ខ្ញុំផ្ទាល់ ។ ឧទាហរណ៍ « មនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ » ( ម៉ូសាយ ៣:១៩ ) ក្លាយជា « ដ្បិតមនុស្សឆ្មើងឆ្មៃ និងមិនប្រែចិត្ត ជ្រើសរើសធ្វើជាសត្រូវដល់ព្រះ ប៉ុន្តែព្រះមិនមែនជាសត្រូវរបស់គេទេ ។ ព្រះគឺជាមិត្តដ៏ល្អបំផុតរបស់គេ » ។
ខ្ញុំក៏សរសេរសំណួរផងដែរ ។ វាអាចជាសំណួរទាំងឡាយ ដែលខ្ញុំកំពុងគិតពីមុនខ្ញុំអាន ឬវាអាចជាសំណួរដែលលេចឡើងដោយសារខ្ញុំអាន ។ ទាំងពីរបៀបនោះ ជួយខ្ញុំឲ្យផ្តោតអារម្មណ៍ ។
អានុភាពនៃការសរសេរគំនិតរបស់ក្មួយៗ
យើងម្នាក់ៗនៅក្នុងគណៈប្រធានរបស់យើង សិក្សាព្រះគម្ពីរខុសៗគ្នា ប៉ុន្តែយើងទាំងអស់គ្នាសរសេរ នៅពេលយើងសិក្សា !
ការអានជួយយើងឲ្យមានគំនិត និងអារម្មណ៍ទាំងឡាយ ។ នោះគឺសំខាន់ណាស់ ។ ហើយពេលយើងនិយាយ ឬសរសេរ នោះយើងរកឃើញ និងបង្ហាញពីគំនិត និងអារម្មណ៍ទាំងឡាយនោះចេញពីខាងក្នុងមកខាងក្រៅ ។ យើងមានអារម្មណ៍ថា ការធ្វើដូច្នោះជួយយើងធ្វើឲ្យសេចក្ដីពិតនៃដំណឹងល្អកាន់តែមានភាពផ្ទាល់ខ្លួនសម្រាប់យើងថែមទៀត ។
យុវជនម្នាក់បានរកឃើញសេចក្ដីពិតនេះដោយខ្លួនគាត់ផ្ទាល់ នៅពេលដែលគាត់ត្រូវបានសុំឲ្យឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ។ គាត់បានឮមនុស្សជាច្រើនផ្សេងទៀតឡើងនិយាយ ប៉ុន្តែពុំអាចចាំពីព័ត៌មានលម្អិតនោះទេ ។ ពេលនេះគឺខុសគ្នា ។ នៅពេលដែលគាត់បានសរសេរគម្រោងសម្រាប់ការឡើងនិយាយរបស់គាត់ផ្ទាល់ វាមិនត្រឹមតែជួយគាត់ផ្ដល់ការនិយាយដ៏មានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែគាត់បានចងចាំវាអស់ពេលជាយូរផងដែរ ។
រឿងដូចគ្នានោះអាចកើតឡើងនៅក្នុងការសិក្សាព្រះគម្ពីររបស់ក្មួយៗផងដែរ ។ ប្រសិនបើក្មួយៗគេងលក់ នៅពេលដែលក្មួយៗបើកព្រះគម្ពីររបស់ក្មួយៗ វាជាពេលដើម្បីភ្ញាក់ឡើង ។ ចូរព្យាយាមទាញខ្មៅដៃ ប៊ិច ទូរសព្ទ និងកុំព្យូទ័រចេញមក ហើយចាប់ផ្ដើមសរសេរ ។ ក្មួយៗនឹងភ្ញាក់ផ្អើលចំពោះភាពខុសប្លែកគ្នាដែលកើតឡើងតាមរយៈការសរសេរ !