« តើខ្ញុំស័ក្ដិសមទេ ? » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ២២–២៣ ។
តើខ្ញុំ ស័ក្ដិសម ទេ ?
ខ្ញុំធ្លាប់ជាជនរងគ្រោះដោយសារការរំលោភបំពានយូរណាស់មកហើយតាមដែលខ្ញុំនៅចាំបាន ។ តើវាជះឥទ្ធិពលដល់របៀបដែលព្រះអម្ចាស់ទតមើលខ្ញុំដែរទេ ?
ស្ថានភាពខាងក្រៅនៃ កុមារភាពរបស់ខ្ញុំគឺធម្មតាណាស់ ។
យើងបានទៅព្រះវិហារ ហើយបានចូលរួមការប្រជុំ និងសកម្មភាពសាសនាចក្រទាំងអស់ ។ ខ្ញុំបានទៅសាលារៀន ហើយលេងជាមួយមិត្តរបស់ខ្ញុំ ។ ពេលជាក្មេងជំទង់ ខ្ញុំបានធ្វើអ្វីៗទាំងអស់ដែលក្មេងជំទង់ទូទៅធ្វើ ។ ខ្ញុំបានដើរលេងជាមួយមិត្តភក្តិរបស់ខ្ញុំ ហើយបាននៅក្នុងក្រុមចម្រៀង និងក្លឹបល្ខោន ។ ខ្ញុំបានទៅចូលរួមកម្មវិធីរាំកំសាន្ត ។ ប៉ុន្តែមាននូវការសម្ងាត់យ៉ាងងងឹតនៅពីក្រោយភាពរីករាយ ភាពធម្មតាដែលនៅខាងក្រៅ ។
តាំងពីខ្ញុំមានអាយុប្រហែលពីរឆ្នាំ ខ្ញុំបានក្លាយជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទពីបងប្រុសទាំងពីរនាក់របស់ខ្ញុំ ។ ពួកគេក៏បានរំលោភបំពានប្អូនៗស្រីរបស់ខ្ញុំផងដែរ ។ ពួកយើងនៅក្មេងពេកដើម្បីនឹងយល់ថាអ្វីកំពុងកើតឡើង ប៉ុន្តែ ពេលខ្ញុំកាន់តែធំឡើង ខ្ញុំបានចាប់ផ្ដើមយល់បន្តិចម្ដងៗ ។ ខ្ញុំបានមានអារម្មណ៍ខ្មៅងងឹត និងកខ្វក់ នៅពេលណាដែលខ្ញុំនៅក្នុងវត្តមាននៃបងប្រុសរបស់ខ្ញុំ ។
ខ្ញុំមានការច្របូកច្របល់ច្រើនឡើងៗ
បន្ទាប់ពីចូលរួមនៅថ្នាក់យុវនារី ជាកន្លែងដែលពួកគេបង្រៀនអំពីសីលធម៌ ខ្ញុំបានយល់ពីអត្ថន័យនៃគុណធម៌ និងបរិសុទ្ធភាព ។ ខ្ញុំបានស្ដាប់ដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ ដែលបានសុំឲ្យខ្ញុំនិងអ្នកផ្សេងទៀតនៅក្នុងថ្នាក់របស់ខ្ញុំឲ្យបន្តមានភាពស្អាតស្អំខាងសីលធម៌ ។
ខ្ញុំបានឆ្ងល់ថា « តើខ្ញុំអាចមានភាពស្អាតស្អំខាងសីលធម៌ដោយរបៀបណាទៅ ? » ក្នុងការចងចាំជាយូរមកហើយរបស់ខ្ញុំ ខ្ញុំបានក្លាយជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ ។ ខ្ញុំមិនអាចទប់មិនគិតបានទេ ថាតើព្រះអម្ចាស់បានគិតអ្វីអំពីខ្ញុំ ។ តើខ្ញុំជាយុវនារីម្នាក់ដែលមានគុណធម៌ដែរឬទេ ? តើខ្ញុំមានភាពស័ក្ដិសម ដើម្បីណាត់ដើរលេងជាមួយនឹងយុវជនសុចរិតម្នាក់នៅក្នុងវួដ និងសាលារបស់ខ្ញុំដែរឬទេ ? តើការរំលោភបំពានដែលខ្ញុំបានទទួលរង បានធ្វើឲ្យខ្ញុំមិនមានភាពស័ក្ដិសមក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធដែរឬទេ ?
ខ្ញុំបានគិតច្រើនណាស់អំពីវា ។ វាមិនសមហេតុផលសម្រាប់ខ្ញុំទេ ដែលខ្ញុំត្រូវបានចាត់ទុកថាមិនមានគុណធម៌ នៅពេលដែលអ្វីដែលបានកើតឡើងចំពោះខ្ញុំ មិនមែនជាជម្រើសរបស់ខ្ញុំនោះ ។ ហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ថាមានគុណធម៌ ? តើខ្ញុំមិនមានភាពស័ក្ដិសមសម្រាប់សេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ទេឬ ? តើខ្ញុំតម្រូវឲ្យមានការប្រែចិត្តដែរឬទេ ?
ខ្ញុំគ្រាន់តែព្យាយាមដើម្បីបំភ្លេច
ខ្ញុំពិតជាមិនដឹងទេ ។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំមិនមែនជាមនុស្សដែលត្រូវបន្ទោសនោះទេ ប៉ុន្តែជាមួយគ្នានោះដែរ ខ្ញុំមានអារម្មណ៍ថាកខ្វក់ ថោកទាប និងអាម៉ាស់ទាំងស្រុង ។ ខ្ញុំពុំអាចមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រាប់ឪពុកម្ដាយរបស់ខ្ញុំ ឬនរណាម្នាក់ផ្សេងទៀតឡើយ ។ ខ្ញុំពិតជាបានព្យាយាមជាច្រើនដង ប៉ុន្តែខ្ញុំមានអារម្មណ៍ខ្មាស់អៀនហួស ហើយខ្ញុំមិនបានដឹងថាត្រូវនិយាយពាក្យអ្វីនោះទេ ។ ខ្ញុំគ្រាន់តែព្យាយាមដើម្បីបំភ្លេចថាវាបានកើតឡើង ។
កាលខ្ញុំអាយុ ១៥ ឆ្នាំ ប្អូនៗស្រីរបស់ខ្ញុំបានរកឃើញភាពក្លាហានដែលខ្ញុំខ្វះខាត ។ ពួកគេបាននិយាយជាមួយអ្នកប្រឹក្សាយោបល់ម្នាក់នៅសាលា ។ មិនយូរប៉ុន្មាន បងប្រុសម្នាក់របស់ខ្ញុំត្រូវបានចាប់ខ្លួន ហើយផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ។ ប៉ុន្តែ អស់រយៈពេលជាច្រើនឆ្នាំក្រោយមកទៀត ខ្ញុំនៅតែរងទុក្ខជាមួយនឹងការភ័យខ្លាចដដែលនោះថា ខ្ញុំមិនមានគុណធម៌ ឬភាពស័ក្ដិសម ។
ខ្ញុំបានរកឃើញភាពក្លាហានដើម្បីទទួលជំនួយ
នៅទីបំផុត ថ្ងៃមួយ ខ្ញុំបានមានភាពក្លាហានដើម្បីទៅជួបជាមួយប៊ីស្សពរបស់ខ្ញុំ ។ គាត់បានពន្យល់ថា ព្រះអម្ចាស់ពិតជាមិនឲ្យខ្ញុំទទួលខុសត្រូវចំពោះអ្វីទាំងអស់ សម្រាប់សកម្មភាពផ្លូវភេទដែលត្រូវបានចាប់បង្ខំមកលើខ្ញុំ កាលពីពេលនៅជាកុមារ និងយុវនារីម្នាក់នោះទេ ។ គាត់បានអះអាងចំពោះខ្ញុំថា វាមិនមែនជាកំហុសរបស់ខ្ញុំទាល់តែសោះ ។ ខ្ញុំពុំមានទោសអ្វីឡើយនៅចំពោះព្រះអម្ចាស់ ។ ខ្ញុំនៅតែមានគុណធម៌ !
ជាមួយនឹងការប្រឹក្សាពីអ្នកជំនាញ និងជំនួយពីប៊ីស្សពរបស់ខ្ញុំ ខ្ញុំបានមានលទ្ធភាពដើម្បីទុកចោលការរំលោភបំពាន—និងការឈឺចាប់ ព្រមទាំងការរងទុក្ខរបស់ខ្ញុំដែលបានកើតឡើង—នៅពីក្រោយ ។ ឥឡូវនេះ ខ្ញុំពិតជាមានជីវិតដ៏រីករាយ និងធម្មតាដ៏ពិតប្រាកដមួយ ។ ខ្ញុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងបុរសសុចរិតម្នាក់ ហើយយើងកំពុងចិញ្ចឹមបីបាច់គ្រួសាររបស់យើងដោយរីករាយ ។
ទោះជាយ៉ាងណា ជួនកាល អតីតកាលនឹងបៀតបៀនចូលមកក្នុងគំនិតរបស់ខ្ញុំ ហើយខ្ញុំអាចចងចាំពីការឈឺចាប់ខាងផ្លូវចិត្តដែលខ្ញុំមាន នៅពេលដែលខ្ញុំពិចារណាពីភាពស័ក្ដិសមរបស់ខ្ញុំ ។
ខ្ញុំឆ្ងល់ថា តើមានមនុស្សវ័យក្មេងប៉ុន្មាននាក់ផ្សេងទៀតទៅដែលនៅក្នុងស្ថានភាពដូចជាខ្ញុំ ដែលមានអារម្មណ៍ខ្មាស់អៀន និងអាម៉ាស់ ដោយងឿងឆ្ងល់អំពីគុណធម៌របស់ពួកគេ និងកន្លែងណាដែលពួកគេស័ក្តិសមនៅក្នុងផែនការរបស់ព្រះ ។
ចំពោះមនុស្សវ័យក្មេងទាំងនេះ ខ្ញុំចង់និយាយថា ព្រះអម្ចាស់ស្រឡាញ់ប្អូនៗទាំងអស់គ្នា ។
ព្រះទ័យរបស់ទ្រង់ឈឺចាប់ជំនួសប្អូនៗ ។
ទ្រង់ដឹងថា ប្អូនៗមិនមែនជាអ្នកត្រូវបន្ទោសនោះទេ ។
ទ្រង់ដឹងថា ប្អូនៗពិតជាមានគុណធម៌ ។
ទ្រង់នឹងជួយប្អូនៗឲ្យរកឃើញភាពក្លាហាន និងកម្លាំង ដើម្បីរស់នៅដោយសុភមង្គល ។