២០២១
ប្អូនៗ​អាច​ធ្វើ​វា​បាន !
ខែ កក្កដា ឆ្នាំ ២០២១


« ប្អូនៗ​អាច​ធ្វើ​វា​បាន ! » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ២៤–២៦ ។

ចូរ​មក​តាម​ខ្ញុំ

ប្អូនៗ អាច​ធ្វើ​វា​បាន !

យើង​ត្រូវ​ចងចាំ​អ្វី​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ—និង​អ្វី​ដែល​ពួកទ្រង់​បន្ត​ធ្វើ—ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​នគរ​សេឡេស្ទាល​ជា​មរតក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦

យុវនារី

« ខ្ញុំ ? នៅក្នុង​នគរ​សេឡេស្ទាល ? ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​ធ្វើ​វា​បាន​នោះ​ទេ » ។

តើ​ប្អូនៗ​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ​ដែរឬ​ទេ ? មែនហើយ វា​ជា​រឿង​ធម្មតា ដើម្បី​ឆ្ងល់​ថា​បើ​យើង​ល្អ​គ្រប់គ្រាន់ ជា​ពិសេស​នៅពេល​ដែល​វា​ហាក់​ដូច​ជា​យើង​នៅ​ឆ្ងាយពី​ភាពល្អ​ឥតខ្ចោះ​នោះ ។ ជួនកាល វា​មាន​អារម្មណ៍​ដូចជា យើង​មិន​អាច​ទៅ​ដល់​នគរ​សេឡេស្ទាល​នោះ​ទេ !

ប៉ុន្តែ សូម​កុំ​បាក់​ទឹក​ចិត្ត​ឡើយ ។ ផែនការ​របស់​ព្រះវរបិតាសួគ៌​ទាំងមូល គឺ​ដើម្បី​ជួយ​ប្អូនៗឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់នៅ​ជាមួយ​ពួកទ្រង់​វិញ​នៅក្នុង​នគរ​សេឡេស្ទាល ។ ហើយ​ប្អូនៗ​ស្ថិត​នៅក្នុង​ចំណុច​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ពី​អ្វី​ដែល​ប្អូនៗ​គិត ។ ប្រធាន អិម រ័សុល បាឡឺត ប្រធាន​ស្ដី​ទី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រំឭក​យើង​ថា ការរស់នៅ​ជាមួយ​ពួក​ទ្រង់​ម្ដង​ទៀត​គឺ « លើស​ពី​គោលដៅ របស់​យើង ទៅ​ទៀត—វា​ក៏​ជា​គោលដៅ របស់​ពួក​ទ្រង់ ផងដែរ » ។

លើស​ពី​អ្វីៗ​ទាំងអស់ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ទាំងអស់​គ្នា​រស់នៅក្នុង​នគរ​សេឡេស្ទាល​ជាមួយ​ពួក​ទ្រង់ និង​ក្រុមគ្រួសារ​របស់​យើង ។ ដំណឹងល្អ​គឺថា យើង​មិន​ត្រូវ​ទៅ​ទីនោះ​ដោយ​ខ្លួន​យើង​តែឯកឯង​នោះ​ទេ ។ នៅ​ពេល​យើង​មក​រក​ព្រះគ្រីស្ទ ហើយ​ធ្វើ​តាម​ទ្រង់ នោះ​យើង​ទទួល​បាន​កម្លាំង និង​ជំនួយ​ដែល​យើង​ត្រូវការ ។ ដោយសារ​ដង្វាយធួន​របស់​ទ្រង់ នោះ​ការទទួល​បាន​នគរ​សេឡេស្ទាល​ជា​មរតក មិន​ត្រឹម​តែ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ គឺ​វា​អាច​ធ្វើបាន ។

ដូច្នេះ ដោយសារ​មាន​ជំនួយ​របស់​ទ្រង់ ប្អូនៗ អាច ធ្វើ​វា​បាន ! ប្អូនៗ​អាច​ធ្វើ​វា​បាន !

ផែនការ​របស់​ព្រះ​គឺ​សម្រាប់ មនុស្ស​គ្រប់គ្នា

ដើម្បី​ចូល​ក្នុង​នគរ​សេឡេស្ទាល យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្យាយាម​បង្កើន​សេចក្ដី​ជំនឿ​នោះ ។ យើង​ត្រូវ​ពុះពារ​ផ្លាស់ប្ដូរ និង​ប្រែ​ចិត្ត​ជា​រៀងរាល់​ថ្ងៃ ។ យើង​ត្រូវ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ—ហើយ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ និង​រំឭក​សេចក្ដី​សញ្ញា​របស់​យើង​ជា​ទៀងទាត់ ។ យើង​ត្រូវ​ប្រកាន់​ខ្ជាប់​រហូត​ដល់​ទី​បំផុត ។ ប្រសិន​បើ ទាំងនេះ​គឺ​ជា​អ្វី​ដែល​ប្អូនៗ​ប្រាថ្នា​ចង់​បាន ហើយ​កំពុង​ពុះពារ​ដើម្បី​បាន​វា នោះ​ប្អូនៗ​កំពុង​នៅលើ​ផ្លូវ​នៃ​ការក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​នគរ​សេឡេស្ទាល​ជា​មរតក​ហើយ ។

បន្ថែម​ពីលើនោះទៅ​ទៀត ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា អស់​អ្នក​ទាំងឡាយ​ដែល​មាន​ភាពស័ក្ដិសម​នឹង​ទទួលបាន កម្រិត​ខ្ពស់​បំផុត នៃ​នគរ​សេឡេស្ទាល គឺ​ជា « អស់​អ្នក​ដែល​បាន​បំពេញ​តាម​ការតម្រូវ​ដ៏​ខ្ពស់​បំផុត​សម្រាប់​នគរ​នោះ រួម​ទាំង​ភាពស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ និង​អាពាហ៍ពិពាហ៍​សម្រាប់​ភាពអស់កល្ប​ជានិច្ច​ផងដែរ » ។ ( ប្អូនៗ​អាច​រៀន​បន្ថែម​ទៀត​អំពី​ការណ៍​នេះ ដោយ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០៩២–៩៦ ) ។

ប្រសិន​បើ​ការណ៍​នេះ​ធ្វើ​ឲ្យ​ប្អូនៗ​ឆ្ងល់—ឬ​ព្រួយ​បារម្ភ—អំពី​ការរៀបចំ​ខ្លួន​របស់​ប្អូនៗ ដើម្បី​ទទួល​បាន​នគរ​សេឡេស្ទាល​ជា​មរតក នោះ​សូម​ចងចាំ​ថា វា​ជា​ការធ្វើ​ដំណើរ​មួយ ។ ជា​រៀងរាល់​ថ្ងៃ ដែល​យើង​ជ្រើសរើស​ដើម្បីឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ថ្ងៃ​មួយ​ដែល​យើង​ខិត​កាន់តែ​ជិត​ដល់​ការក្លាយ​ជា​មនុស្ស​សេឡេស្ទាល​កាន់​តែ​ច្រើន​ឡើយ—និង​កាន់តែ​ខិតជិត​ទៅ​នគរ​សេឡេស្ទាល​ផងដែរ ។ ពិត​ណាស់ នឹង​មាន​ការផ្លាំង​ភ្លាត់ កំហុសឆ្គង និង​អំពើ​បាប​សម្រាប់​យើង​ទាំងអស់​គ្នា ។ ការពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅពេលដែលយើង​ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ​គឺ​ជា​គន្លឹះមួយ ។ ការធ្វើ​ដំណើរ​នេះ​គឺ​ជា​ការធ្វើ​ដំណើរ​ដ៏​មាន​ក្ដី​សង្ឃឹម ដោយសារ​តែ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង​បាន​ធ្វើ—និង​អ្វី​ដែល​ពួកទ្រង់​បន្ត​ធ្វើ—ដើម្បី​ជួយ​យើង​ឲ្យ​ទៅ​ដល់​ទីនោះ ។

យើង​មាន​ព្រះអង្គ​សង្គ្រោះ

ព្រះយេស៊ូវគ្រីស្ទ

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ផ្លូវ​សម្រាប់​យើង ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​អំពី​ពួក​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល​ថា « បាន​ទទួល​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ » និង​បាន « ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះ​យេស៊ូវ … ដែល​បាន​នាំ​មក​នូវដង្វាយ​ធួន​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ តាម​រយៈ​ការ​ច្រួច​ព្រះ​លោហិត​របស់​ព្រះ​អង្គ​ផ្ទាល់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥១, ៦៩ ) ។

ការក្លាយ​ជា​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ពុំ​មាន​ន័យ​ថា យើង​មិន​ដែល​ធ្វើ​ខុស​នោះ​ឡើយ ។ វា​មានន័យ​ថា យើង​ប្រែចិត្ត ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​ជាង​មុន​បន្តិច​ជា​រៀងរាល់​ថ្ងៃ ដោយ​ការ​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ផ្លាស់ប្ដូរ ។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ ព្រះគុណ​របស់​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​រីកចម្រើន​ទៅ​កាន់​កម្រិត​ដែល​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ជា​កន្លែង​ដែល​យើង​នឹង​រស់នៅ​ជាមួយ​ទ្រង់ ជាមួយ​ព្រះវរបិតាសួគ៌ និង​ក្រុមគ្រួសារ​របស់​យើង​ជា​រៀង​រហូត ។ យើង​ក៏​នឹង​ទទួល​បាននូវ​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​មាន​ផងដែរ ។ គ្មាន​អ្វី​អាច​ធ្វើ​ទៅ​បាន​ឡើយ​បើ​មិន​មាន​ព្រះអង្គ​សង្គ្រោះ​ទេ​នោះ ។

យើង​មាន​សាសនាចក្រ

ប្រធាន អូក បាន​បង្រៀន​ថា សាសនាចក្រ​មាន​នៅ​ទីនេះ​ផងដែរ « ដើម្បី​ជួយ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​ឲ្យ​យល់​ពី​សក្ដានុពល​របស់​ពួកគេ និង​សម្រេច​បាននូវ​ជោគវាសនា​ដ៏​ខ្ពស់​បំផុត​របស់​ពួកគេ » ។ សាសនាចក្រ​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ដល់​បុត្រា និង​បុត្រី​របស់​ព្រះ នូវ​មធ្យោបាយ​ដើម្បី​ចូល​ទៅក្នុង និង​ទទួល​បាន​ការលើក​តម្កើង​នៅក្នុង​នគរ​សេឡេស្ទាល » ។ ការណ៍​នេះ​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​ការគោរព​ប្រតិបត្តិ​ដល់​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ។

ព្រះវិហារ​បរិសុទ្ធ

ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងនេះ តម្រូវ​ឲ្យ​មាន​បព្វជិតភាព ដែល​មាន​តែ​នៅក្នុង​សាសនាចក្រ​ពិតរបស់​ព្រះ​តែប៉ុណ្ណោះ ។ នៅក្នុង​វិធី​ទាំងនេះ និង​វិធី​ផ្សេងៗ​ទៀត ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​ជួយ​យើង​នៅក្នុង​ការធ្វើ​ដំណើរ​របស់​យើង ដើម្បី​ក្លាយ​ទៅជា​មនុស្ស​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ទៅបាន ដើម្បីឲ្យ​ដួងចិត្ត​របស់​យើង​ត្រូវបាន​រៀបចំ សម្រាប់​ទទួល​មរតក​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

បន្ត​ទៅ​មុខ​ទៀត ហើយ​កុំ​បោះបង់​ចោល​ឡើយ !

ការធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​នគរ​សេឡេស្ទាល​នេះ គឺ​ពោរពេញ​ទៅដោយ​ក្តី​សង្ឃឹម ប៉ុន្តែ​វា​មិន​ងាយស្រួល​ជានិច្ច​នោះ​ទេ ។ ព្រះវរបិតាសួគ៌​ត្រាស់ដឹង​ពី​រឿង​នោះ ។ ទ្រង់ និង​ព្រះយេស៊ូវគ្រីស្ទ បាន​សន្យា​ដើម្បី​ជួយ និង​ពង្រឹង​យើង​នៅ​គ្រប់​ជំហាន​នៅ​តាម​ផ្លូវ​នោះ ។

ថ្ងៃ​រះ

រូបថត​មក​ពី Getty Images

ដូច្នេះ សូម​បន្ត​ទៅ​មុខ​ទៀត ហើយ​កុំ​បោះបង់​ចោល​ឡើយ ។ យើង​នឹង​មាន​ជំនួយ កាលដែល​យើង​ពុះពារ​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ រស់នៅ​ឲ្យ​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល និង​ធ្វើ​តាម​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដឹង​ពី​កន្លែង​ណា​ដែល​យើង​ត្រូវ​កែលម្អ ។ កាលដែល​យើង​ឆ្លងកាត់​ជីវិត​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​នៅពេល​ដែល​យើង​ត្រូវ​ប្រែចិត្ត នោះ​ព្រះវរបិតាសួគ៌​របស់​យើង នឹង​ជួយ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ការមាន​ភាពស័ក្ដិសម​ដើម្បី​ចូលទៅ​ក្នុង​នគរ​សេឡេស្ទាល ពុំ​អាច​សម្រេច​បាន​តែ​នៅក្នុង​ទង្វើ​អស្ចារ្យ​តែ​មួយ​ឡើយ​ ។ វា​ជា​លទ្ធផល​នៃ​ការជ្រើសរើស​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ និង​ពឹង​ផ្អែក​ទៅលើ​សេចក្ដី​សង្ឃឹម និង​ការអះអាង​ដែល​មក​ពី​ដំណឹងល្អ​របស់​ទ្រង់ ។

ដូច្នេះ ប្រសិន​បើ​ប្អូនៗ​ពុះពារ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​នៅតែ​ព្រួយ​បារម្ភ ថាតើ​ប្អូនៗ​នឹង​អាច​ទៅ​ដល់​នគរ​សេឡេស្ទាល ឬ​អត់ នោះ​សញ្ញា​ទាំងអស់​ចង្អុល​ទៅ​កាន់​ឃ្លា​ដ៏​លាន់រំពង​ថា « មែនហើយ ! ប្អូនៗ​អាច​ធ្វើ​វា​បាន ! » នេះ​គឺជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះរាជ​បំណង​សម្រាប់​យើង​ទាំងអស់​គ្នា ! ហើយ​ដូចជា​អ្វី​ដែល​ប្រធាន អូក បាន​បង្រៀន ថា​វាអាច​ធ្វើ​ទៅបាន « តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​ទ្រង់ និង​តាមរយៈ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ‹ ដែល​សរសើរ​តម្កើង​ព្រះ​វរបិតា ហើយ​សង្គ្រោះ អស់ ទាំង​ការ​នៃ​ព្រះ​ហស្ត​ទ្រង់ › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤៣ ] » ។

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៧ (EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៥ ) ។

  2. ដាល្លិន អេច អូក « Apostasy and Restoration » សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ១៩៩៥ ( Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៨៦ ) ។

  3. ដាល្លិន អេក អូក « Apostasy and Restoration » ( ទំព័រ ៨៧ ) ។

  4. ដាល្លិន អេក អូក « Apostasy and Restoration » ( ទំព័រ ៨៧ ) ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ។