« ផែនការដ៏ទេវភាពនៃការប្រែក្លាយកាន់តែប្រសើរឡើង » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ២–៥ ។
ផែនការដ៏ទេវភាពនៃ ការប្រែក្លាយកាន់តែប្រសើរឡើង
នៅពេលយើងមើលទៅជីវិតរមែងស្លាប់ក្នុងបរិបទវែងឆ្ងាយ យើងឃើញថា វាមិនមែនជាសំណួរអំពី « គឺជា ឬមិនមែនជា ? » នោះទេ ប៉ុន្តែជាសំណួរអំពី « ការប្រែក្លាយកាន់តែប្រសើរឡើង ឬក៏អត់ ? » វិញ ។
ខ្ញុំមានពរជ័យដែលបាននៅជាមួយនឹងភរិយារបស់ខ្ញុំ នៅពេលកូនយើងម្នាក់ៗកើត ហើយក៏មានវត្តមាននៅពេលឪពុក និងម្ដាយខ្ញុំស្លាប់ផងដែរ ។ ខ្ញុំភ្ញាក់ផ្អើលនឹងអារម្មណ៍ដែលខ្ញុំមាននៅពេលកើត និងពេលស្លាប់ ។ ខ្ញុំបានមានអារម្មណ៍ថា មានអ្វីមួយដែលពិសិដ្ឋកំពុងកើតឡើង ។ ពេលវេលារបស់យើងនៅលើផែនដី គឺជាផ្នែកមួយដ៏សំខាន់អស់កល្បជានិច្ចនៃជីវិតរបស់យើង ។ ស្ថានសួគ៌ចារចំណុចចាប់ផ្ដើម និងចំណុចបញ្ចប់នៃជីវិតរមែងស្លាប់នីមួយៗ ។
អ្វីដែលយើងត្រូវធ្វើ អំឡុងពេលយើងនៅលើផែនដីនេះអាចយល់ដឹងបាន តែតាមរយៈចំណេះដឹងអំពីអ្វីដែលបានកើតឡើងពីមុនកំណើត និងអ្វីដែលនឹងកើតឡើងបន្ទាប់ពីសេចក្ដីស្លាប់ប៉ុណ្ណោះ ។ ប្រសិនបើជីវិតយើងទាំងអស់មានតែនៅលើផែនដីនេះទេ នោះយើងទាំងអស់គ្នាគួរតែ « ស៊ីផឹក ហើយអរសប្បាយទៅចុះ » ( នីហ្វៃទី២ ២៨:៧ ) ដោយមិនបាច់ខ្វល់អ្វីច្រើនពីអ្នកដទៃទេ ។ នៅពេលយើងមើលទៅជីវិតរមែងស្លាប់ក្នុងបរិបទវែងឆ្ងាយ យើងឃើញថា វាមិនមែនជាសំណួរអំពី « គឺជា ឬមិនមែនជា ? » នោះទេ ប៉ុន្តែជាសំណួរអំពី « ការប្រែក្លាយកាន់តែប្រសើរឡើង ឬក៏អត់ ? » វិញ ។១
ការយល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ—នៃជីវិតរបស់យើងមុនពេលចាប់កំណើត គោលបំណងនៃជីវិតរបស់យើងនៅលើផែនដី ជីវិតរបស់យើងបន្ទាប់ពីសេចក្ដីស្លាប់—និងតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការនោះ បង្ហាញយើងថា ទ្រង់នឹងជួយយើងឲ្យឆ្លងកាត់ជីវិតនេះ ។ ពេលយើងចុះសេចក្ដីសញ្ញាជាមួយទ្រង់ យើងដាក់ខ្លួនយើងនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ—ហើយយើងប្រែក្លាយកាន់តែដូចជាទ្រង់ និងព្រះវរបិតាសួគ៌របស់យើងមួយជំហានម្ដងៗ ។
ជីវិតរបស់យើងពីមុនមកផែនដី
វិវរណៈបង្រៀនថា យើងគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ ហើយថាយើងបានរស់នៅជាមួយទ្រង់យូរលង់មកហើយ មុននឹងយើងមកកាន់ផែនដីនេះ ។ ព្រះវរបិតាសួគ៌របស់យើងបានរៀបចំផ្លូវមួយដើម្បីឲ្យយើងប្រែក្លាយដូចជាទ្រង់ ។ អស់អ្នកដែលបានជ្រើសរើសផែនការនៃសេចក្ដីសង្គ្រោះ ឬផែនការនៃសុភមង្គលរបស់ព្រះវរបិតារបស់យើង នៅក្នុងជីវិតមុនជីវិតនេះ—ដែលជាយើងទាំងអស់គ្នា—បានជ្រើសរើសដើម្បី « ប្រែក្លាយកាន់តែប្រសើរឡើង » ។
ពេលវេលារបស់យើងនៅលើផែនដី
យើងបានមកកាន់ផែនដីមួយ ដែលបានបង្កើតឡើងដោយព្រះ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ យើងបានទទួលរូបកាយជាសាច់ឈាមមួយ ។ ការមានរូបកាយមួយគឺចាំបាច់ចំពោះការទទួលសិរីល្អ ដែលព្រះសព្វព្រះទ័យ ។ ប្រសិនបើយើងបង្ហាញថា យើងនឹងរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះ នោះយើងនឹង « បានសិរីល្អបន្ថែមទៅលើក្បាល [ របស់យើង ] ជារៀងដរាបរហូតតទៅ » ( អ័ប្រាហាំ ៣:២៦ ) ។ នេះមានន័យថា យើងនឹងប្រែក្លាយដូចជាព្រះវរបិតាមាតាសួគ៌របស់យើង ហើយរស់នៅជាមួយទ្រង់ជារៀងរហូត ។ យើងបានស្រែកដោយអំណរចំពោះលទ្ធភាពដ៏រុងរឿងទាំងនេះ ។
បងប្អូន និងខ្ញុំបានរង់ចាំជាយូរ ប៉ុន្តែឥឡូវនេះ យើងនៅលើផែនដីនេះហើយ ។ យើងទន្ទឹងចាំដល់ពេល ដែលយើងនឹងរស់ឡើងវិញជាមួយនឹងរូបកាយដ៏ល្អឥតខ្ចោះ និងអមតៈ ហើយចូលទៅក្នុងនគរសេឡេស្ទាល ដើម្បីរីករាយនឹងជីវិតដ៏នៅអស់កល្បជានិច្ច—ជាអ្វីដែលល្អប្រពៃណាស់ដែលយើងមិនអាចទាំងស្រមៃឃើញផង ។ នៅក្នុងពេលនេះ យើងកំពុងរៀន និងពុះពារដើម្បី « ប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ [ យើង ] នឹងបញ្ជាដល់ [ យើង ] » ( អ័ប្រាហាំ ៣:២៥ ) ។ ដោយសារយើងស្គាល់ផែនការរបស់ព្រះ នោះយើងដឹងថា បទបញ្ញត្តិទាំងនេះត្រូវបានប្រទានឲ្យ មិនមែនដើម្បីរារាំងសេរីភាព ឬសុភមង្គលរបស់យើងនោះទេ—ប៉ុន្តែវាផ្ទុយពីនោះវិញ ។ បទបញ្ញត្តិទាំងនេះគឺជាមគ្គទេសក៍របស់យើងទៅកាន់សេរីភាព និងអំណរដ៏គ្មានទីបញ្ចប់ ។
ទ្រង់បានប្រទានព្រះអង្គសង្គ្រោះមួយអង្គ
ប៉ុន្ដែ ជីវិតនៅតែមានការលំបាក ។ យើងទាំងអស់គ្នាជំពប់ដួល នៅពេលយើងរៀនរស់នៅដោយសេចក្ដីជំនឿ ។ ប៉ុន្តែ ព្រះបានសន្យានឹងយើងមុនពេលការបង្កើតផែនដីថា ទ្រង់នឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គ ដើម្បីរំដោះយើងពីអំពើបាប និងសេចក្ដីស្លាប់ ។ ដោយការរងទុក្ខ និងការសុគតរបស់ទ្រង់ផ្ទាល់—ដែលជាដង្វាយធួនរបស់ទ្រង់—នោះព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ហើយប្រទានដល់យើងនូវអំណោយនៃការប្រែចិត្ត ។ ដូច្នេះ នៅពេលយើងប្រែចិត្ត នោះទ្រង់នឹងអត់ទោសដល់អំពើបាបរបស់យើង ហើយសម្អាតយើងពីផលប៉ះពាល់របស់វា ។ ហើយតាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានប្រទានដល់យើងនូវអំណោយនៃការរស់ឡើងវិញ និងជីវិតអមតៈរបស់យើងផ្ទាល់ ។
ការដើរលើផ្លូវនៃសេចក្តីសញ្ញា
គឺដូចជាយើងកើតមកដោយមានរូបកាយចូលក្នុងពិភពរមែងស្លាប់នេះដែរ នោះយើងត្រូវតែបានកើតម្ដងទៀតខាងវិញ្ញាណ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ។ យើងធ្វើដូច្នេះ តាមរយៈការអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ ការប្រែចិត្ត និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ។ នេះជាការចាប់ផ្ដើមនៃការកែប្រែខាងវិញ្ញាណ ដែលមានរយៈពេលពេញមួយជីវិតរបស់យើងនៅលើផែនដី ។ ជួនកាលយើងហៅវាថា « ការប្រកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ដែលមានន័យថា យើងពុះពារព្យាយាមកាន់ខ្ជាប់តាមសេចក្ដីសញ្ញានៃការគោរពប្រតិបត្តិនៅឯពិធីបុណ្យជ្រមុជទឹករបស់យើងអស់មួយជីវិតយើង ដោយប្រែចិត្តតាមអ្វីដែលចាំបាច់ និងបន្តឆ្ពោះទៅមុខម្ដងទៀត ។ ព្រះយេស៊ូវមានព្រះបន្ទូលថា « មែនហើយ ហើយដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយដែលគេបានប្រព្រឹត្តទាស់នឹងយើង » ( ម៉ូសាយ ២៦:៣០ ) ។
បងប្អូនអាចពឹងផ្អែកលើជំនួយពីព្រះអម្ចាស់បាន
នៅក្នុងជីវិតរបស់បងប្អូនមុនចាប់កំណើត បងប្អូនបានជ្រើសរើសព្រះ បងប្អូនបានជ្រើសរើសព្រះគ្រីស្ទ បងប្អូនបានជ្រើសរើសដើម្បី « ប្រែក្លាយកាន់តែប្រសើរឡើង » ដោយមានជំនួយពីពួកទ្រង់ ។ ហើយបងប្អូនពឹងផ្អែកលើជំនួយពីពួកទ្រង់ ។ សមាជិកនៃក្រុមព្រះមិនមែនជាអ្នកសង្កេត ដែលមិនចាប់អារម្មណ៍នឹងជីវិតរបស់យើងនោះទេ ។ ពួកទ្រង់ស្រឡាញ់យើងដោយគ្មានដែនកំណត់ ហើយប្រើព្រះចេស្ដារបស់ពួកទ្រង់ដើម្បីជួយយើង បានច្រើនតាមដែលយើងនឹងអនុញ្ញាត ។ ពួកទ្រង់តែងតែគោរពសិទ្ធិជ្រើសរើសរបស់យើង ប៉ុន្តែពួកទ្រង់មានព្រះទ័យចង់ប្រទានពរដល់យើងណាស់ ។ ព្រះយេស៊ូវអះអាងដល់យើងថា « ឱវង្សអ៊ីស្រាអែលអើយ យើងមិនដែលភ្លេចអ្នកឡើយ ។ មើលចុះ យើងបានចារឹកអ្នកទុកនៅផ្ទៃបាតដៃរបស់យើង » ( នីហ្វៃទី១ ២១:១៥–១៦ ) ។
ការប្រែក្លាយកាន់តែប្រសើរឡើងមួយជំហានម្ដងៗ
មនុស្សមួយចំនួនមានអារម្មណ៍ថា នគរសេឡេស្ទាលគឺជាសេចក្ដីសង្ឃឹមដ៏ប្រាកដរបស់អ្នកផ្សេងទៀត ប៉ុន្តែមិនមែនសម្រាប់ពួកគេទេ ។ ការពិតនោះគឺថា គ្មាននរណាម្នាក់មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដោយគ្មានព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។ សំណាងល្អ បងប្អូនអាចទទួលបានព្រះគុណរបស់ទ្រង់ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់យើងថា ទ្រង់បានយកឈ្នះលើលោកិយនេះ ។ ជាមួយនឹងពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាផ្សេងៗទៀតរបស់បងប្អូន នោះបងប្អូនចងភ្ជាប់ខ្លួនបងប្អូនទៅនឹងទ្រង់ ដូច្នេះជាមួយនឹងទ្រង់ បងប្អូនក៏អាចយកឈ្នះលោកិយនេះផងដែរ ។
បងប្អូនពុំចាំបាច់បានល្អឥតខ្ចោះនៅលើផែនដីនេះទេ ។ ព្យាការី យ៉ូសែប ស៊្មីធ បានប្រៀបធៀបវាទៅនឹងការឡើងជណ្ដើរ ៖ បងប្អូនចាប់ផ្ដើមពីជាន់ក្រោម ហើយឡើងមួយកាំម្ដងៗ នៅក្នុងការរៀនសូត្រ និងការរស់នៅតាមគោលការណ៍ដំណឹងល្អ ។ ហើយលោកបានបង្រៀនថា ការរៀនសូត្រនោះបន្តទៅហួសពីជីវិតនេះទៀត—« វាមិនត្រូវបានយល់ទាំងអស់នៅក្នុងពិភពលោកនេះទេ » ។២
មិនថាមានភាពទន់ខ្សោយអ្វី ការលំបាកអ្វី ឬការរងទុក្ខអ្វីដែលយើងប្រឈមមុខនៅលើផែនដីនេះទេ ព្រះសន្យាដល់បុត្រាបុត្រីដ៏ស្មោះត្រង់របស់ទ្រង់ថា គ្មានពរជ័យណានឹងត្រូវបានដកហូតឡើយ ប្រសិនបើយើងបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ( ឬត្រឡប់មកកាន់វាវិញឲ្យបានឆាប់ ) នោះ ។ បន្ទាប់មក វាដំណើរការទាំងអស់ ។ នោះជាផែនការដ៏ទេវភាពនៃការប្រែក្លាយកាន់តែប្រសើរឡើង !