២០២១
ស្នាម​ជក់ ៧ យ៉ាង​ដើម្បី​បាន​ជីវិត​ដែល​កាន់តែ​រីករាយ
ខែ កក្កដា ឆ្នាំ ២០២១


« ស្នាម​ជក់ ៧ យ៉ាង​ដើម្បី​បាន​ជីវិត​ដែល​កាន់តែ​រីករាយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ៨–១១ ។

ស្នាម​ជក់ ៧ យ៉ាង​ដើម្បី ​បាន​ជីវិត​ដែល​កាន់តែ​រីករាយ  

ជំហាន​សាមញ្ញៗ ដែល​ប្អូនៗ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បន្ថែម​ទៅក្នុង​ជីវិត​រីករាយ​មួយ ។

យុវនារី​គូរ​គំនូរ

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

« មើល​នែ៎ ! កូន​គូរ​រូប​នេះ​ជូន​ម៉ាក់ ! » កូន​ប្រុស​ខ្ញុំ​បាន​និយាយ ពេល​ដែល​គាត់​បាន​កាន់​រូបភាព​របស់​គាត់​នៅ​ចំ​ពី​មុខ​ខ្ញុំ ។ ក្រដាស​នោះ​ប៉ះ​នឹង​ច្រមុះ​ខ្ញុំ ហើយ​ពណ៌​ទាំងអស់​នោះ​មើល​ទៅ​ឡើង​ព្រិល ។ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការមើល​អ្វី​ឲ្យឃើញ​ច្បាស់​នោះ ។

ពេល​ដែល​ខ្ញុំ​ទាញ​ក្រដាស​គំនូរ​នោះ​ចេញ​ពី​មុខ​ខ្ញុំ នោះ​ស្នាម​ពណ៌​ដែល​ព្រិលៗ​នោះ​បាន​ប្រែ​ជា​ច្បាស់​វិញ ។

គាត់​បានសួរ​ថា « តើ​ម៉ាក់​គិត​យ៉ាង​ណា​ដែរ ? »

កូន​ប្រុស​របស់​ខ្ញុំ​បាន​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​គូរ​នូវ​អ្វី​ដែល​គាត់​បាន​គិត​ថា ជាការពិពណ៌នា​ជាក់ស្ដែង​ពីយើង​ទាំងពីរ​នាក់—លើកលែង​តែ​សក់​របស់​ខ្ញុំ​មិន​មែន​ពណ៌​លឿង​ទេ ។

គាត់​បាន​ជួយ​បន្ថែម​ថា « ខ្ញុំ​អត់​មាន​ពណ៌​ត្នោត​គ្រប់គ្រាន់​ទេ ។ ហើយ​ម្យ៉ាង​ទៀត ពណ៌​លឿង​ជា​ពណ៌​ដែល​រីករាយ​ជាង » ។

ពេល​ដែល​ខ្ញុំ​បាន​សម្លឹង​មើល​ដិត​ដល់​ទៅលើ​គម្រោង​របស់​គាត់ ខ្ញុំ​អាច​មើល​ឃើញ​ថា កូន​ប្រុស​របស់​ខ្ញុំ​បាន​គូរ​រូបភាព​នេះ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា ។ ខ្ញុំ​មិន​អាច​រាប់​ចំនួន​ស្នាម​ជក់​ថា​មាន​ប៉ុន្មាន​នោះ​ទេ ។ វា​មាន​ច្រើន​ពេក ។ ហើយ​គាត់​ត្រូវ​ណាស់ រូប​ខ្ញុំ​មើល​ទៅ​ពិតជារីករាយ​ណាស់—រួម​ទាំង​សក់​ពណ៌លឿង​ផង ។

សូម​គិត​អំពី​រូប​គំនូរ​មួយ​ដែល​ប្អូនៗ​បាន​ឃើញ ។ ប្អូនៗ​នឹង​ឃើញ​ថា សរសៃជក់​តែ​មួយ​មិន​អាច​គូសជា​គំនូរ​ស្រស់​ស្អាត​បាន​ឡើយ ។ តាមពិត​ទៅ នៅពេល​ប្អូនៗ​សម្លឹង​ទៅ​ស្នាម​ជក់​តែមួយ វា​មិន​មាន​អ្វី​គួរ​ឲ្យ​ស្ងើច​សរសើរ​ទាល់តែ​សោះ ។ ទោះ​ជា​យ៉ាង​ណា នៅពេល​ប្អូនៗ​ផ្ដុំ​វា​ទាំងអស់​បញ្ចូល​គ្នា នោះ​ប្អូនៗ​នឹង​ទទួល​បាន​កិច្ច​ការ​សិល្បៈ​មួយ​ដ៏​ស្រស់​ស្អាត​ខ្លាំង​ណាស់ ។

ការស្វែងរក​សុភមង្គល​នៅ​ក្នុង​ជីវិត​គឺ​ស្រដៀង​នឹង​ការគូរ​គំនូរ​មួយ​ដែរ ។ មាន​ស្នាម​ជក់​តូចៗ ដោយ​ចេតនា​នានា ឬ​ជា​សកម្មភាព​ទាំងឡាយ​ប្រចាំ​ថ្ងៃ ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្កើត​ជីវិត​មួយ​ដែល​ពោរពេញ​ទៅដោយ​សុភមង្គល ។ វា​មិនអាច​មានតម្លៃ​ដោយ​ឯកឯង ឬ​ធ្វើ​តែ​ម្ដង​បាន​នោះទេ ទាំងនេះ​ហាក់​ដូច​ជា​មិន​មាន​អ្វី​អស្ចារ្យ​ជាពិសេស​នោះ​ទេ ។ ប៉ុន្តែ ពេល​យើង​ផ្ដុំ​វា​បញ្ចូល​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្ដាហ៍ នោះ​វា​អាច​បង្កើត​ជា​ជីវិត​ដ៏​រីករាយ​យ៉ាង​បរិបូរ​មួយ ។

នេះ​ជា​ស្នាម​ជក់ ឬ​ជា​សកម្មភាព​ប្រាំពីរ​យ៉ាង ដែល​ប្អូនៗ​អាច​កែលម្អ​ ដើម្បី​ទទួលបាន​សុភមង្គល​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ជីវិត​របស់​ប្អូនៗ ។

ស្នាម​ជក់​ទី ១ ៖ រាប់​អាន​ជាមួយ​មនុស្ស​ដែល​ជួយលើក​ស្ទួយគ្នា ។

យុវវ័យ​កំពុង​មើល​ទៅ​លើ

សុភមង្គល​ទាក់ទង​នឹង​មនុស្ស​ដែល​ប្អូនៗ​ប្រាស្រ័យ​ទាក់ទង​ច្រើនណាស់ ។ ចំណុច​នេះ​មិនមែន​មាន​ន័យ​ថា ប្អូនៗ​មិន​អាច​ធ្វើ​ជា​មិត្តភក្ដិ​នឹង​មនុស្ស​ដែល​ពេល​ខ្លះ​មិន​សប្បាយ​ចិត្តនោះ​ទេ ។ តាម​ពិត​ទៅ យើង​ទាំងអស់​គ្នា​ជួប​នឹង​ភាពមិន​រីករាយ​ម្ដង​ម្កាល​ផងដែរ ។

ប៉ុន្តែ សូម​ប្រាកដ​ថា ប្អូនៗ​ចំណាយ​ពេល​ជាមួយ​នឹង​មនុស្ស​ដែល​លើកស្ទួយ និង​បំផុស​គំនិត​ដល់​ប្អូនៗ ។ មិត្ត​ល្អ​ដែល​ជួយ​ប្អូនៗ​ឲ្យ​រស់នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ អាច​ធ្វើ​ឲ្យ​មាន​ភាពខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​មួយ​ដល់​សុភមង្គល​របស់​ប្អូនៗ ។ ហើយ​សូម​ព្យាយាម​ធ្វើ​ជា​មិត្តភក្ដិ​ម្នាក់​ដែល​លើកស្ទួយ​ដល់​មនុស្ស​ដទៃ​ទៀត​ផងដែរ ។ ប្អូនៗ​អាច​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​មួយ​ក្នុងជីវិត​របស់​មនុស្ស​ដទៃ​ទៀត​ផងដែរ ។

ស្នាម​ជក់​ទី ២ ៖ ប្រើប្រាស់​តន្ត្រី​ដើម្បី​បង្កើន​សុភមង្គល​របស់​ប្អូនៗ ។

ខ្ទង់​តន្ត្រី

តន្ត្រី​មាន​ឥទ្ធិពល​ដ៏​មាន​អំណាច​ទៅលើ​សតិ​របស់​ប្អូនៗ ។ វា​អាច​ផ្លាស់ប្តូរ​គីមី​វិទ្យា​នៅក្នុង​ខួរ​ក្បាល​របស់​ប្អូនៗ ។ តន្ត្រី​ល្អ​នឹង​ជួយ​ប្អូនៗ​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន រីករាយ និង​បំផុស​គំនិត ។ សូម​បង្កើត​បញ្ជី​បទចម្រៀង​ដែល​រីករាយ លើក​ទឹកចិត្ត និង​បំផុស​ឲ្យ​មាន​សេចក្ដី​ជំនឿ ដែល​ប្អូនៗ​អាច​ស្ដាប់ជា​ទៀងទាត់ ។

ស្នាម​ជក់​ទី ៣ ៖ ចេញទៅ​ខាង​ក្រៅ ។

ដើម​ឈើ

ការរីករាយ​នឹង​ការបង្ក​បង្កើត​របស់​ព្រះ គឺ​ជា​ការព្យាបាល​ដល់​វិញ្ញាណ និង​រូបកាយ​របស់​យើង ។ វា​សំខាន់​ណាស់​ដល់​សុភមង្គល​របស់​ប្អូនៗ ក្នុង​ការយក​ពេល​ជា​ទៀតទាត់​សម្រាក​ពី​ទូរទស្សន៍ កុំព្យូរទ័រ និង​អេក្រង់​ទូរសព្ទ ដើម្បី​ចេញ​ទៅ​ខាង​ក្រៅ ហើយ​រីករាយ​នឹង​ពន្លឺ​ព្រះអាទិត្យ រុក្ខជាតិ និង​សត្វ​ដែល​នៅ​ជុំ​វិញ​ខ្លួន​ប្អូនៗ ។ ចេញ​ទៅ​ក្រៅ​ដើរ​ជាមួយ​នឹង​ក្រុមគ្រួសារ និង​មិត្តភក្ដិ​របស់​ប្អូនៗ លេង​ល្បែង​នៅ​ខាងក្រៅ អាន និង​សិក្សា​នៅ​ខាង​ក្រៅ ។ ប្អូនៗ​នឹង​ភ្ញាក់ផ្អើល​ចំពោះ​អារម្មណ៍​ដែល​ប្អូនៗ​មាន នៅពេល​ប្អូនៗ​ធ្វើ​ដូច្នោះ ។

ស្នាម​ជក់​ទី ៤ ៖ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ។

គ្រែ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ការគេង​គឺ​សំខាន់​ចំពោះ​សុខភាព​នៃ​សតិ​អារម្មណ៍ និង​សុខភាព​ខាង​​រូបកាយ​របស់​ប្អូនៗ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១២៤ ) ។ ដូចជា​ថ្ម​ទូរសព្ទ​ដែល​ត្រូវ​ការ​សាក​ថ្ម​ដែរ ខួរក្បាល​របស់​ប្អូនៗ​ត្រូវការ​ការគេង​ដើម្បី​ដំណើរការ​ឲ្យ​បាន​ត្រឹមត្រូវ ។ ដូច​ជា​ប្អូនៗ​កំណត់​ម៉ោង​រោទ៍​ដើម្បី​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក​ដែរ សូម​ប្រាកដ​ថា​កំណត់​ម៉ោង​សម្រាប់​ប្អូនៗ​ដើម្បី​ចូល​គេង​ផងដែរ ( ហើយ​កុំ​យក​ទូរសព្ទ​ទៅ​ជាមួយ​ប្អូនៗ ! )

ស្នាម​ជក់​ទី ៥ ៖ មាន​ការ​ជួប​សន្ទនា​ដោយ​ផ្ទាល់​​យ៉ាង​ជ្រាលជ្រៅ ។

យុវជន​កំពុង​និយាយ​គ្នា

ការប្រើប្រាស់​ការផ្ញើរសារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​និយាយ​ជាមួយ​មិត្តភក្ដិ និង​ក្រុមគ្រួសារ​របស់​ប្អូនៗ​អាច​ជា​រឿង​អស្ចារ្យ ។ ប៉ុន្តែ​ការជួបសន្ទនា​ដោយ​ផ្ទាល់​អាច​ជួយ​​ដល់​សតិ និង​វិញ្ញាណ​របស់​ប្អូនៗ ដែល​ការសន្ទនា​តាម​អេឡិចត្រូនិច​មិន​អាច​ធ្វើ​បាន ។ ត្រូវ​ប្រាកដ​ថា ប្អូនៗ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្ដិ​របស់​ប្អូនៗ ។ យក​ពេល​វេលា​ដើម្បី​ស្ដាប់​ និង​និយាយ​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ប្អូនៗ ។

ស្នាម​ជក់​ទី ៦ ៖ ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ ហើយ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​សុខភាព ។

អាហារ

ខួរក្បាល​របស់​ប្អូនៗ​អាច​ដំណើរ​ការ​នៅ​ពេល​ប្អូនៗ​ផ្ដល់​អាហារ​ឲ្យវា​ប៉ុណ្ណោះ ។ អាហារ​ដែល​ឆ្លង​កាត់​ដំណើរ​ការកែច្នៃ​ច្រើន ហើយ​មាន​ជាតិ​ស្ករ​ច្រើន ( ជួនកាល​ត្រូវបាន​ស្គាល់​ថា​ជា អាហារ​គ្មាន​ជីវជាតិ ) អាច​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ​ជា​ញឹកញាប់​វាធ្វើ​ឲ្យ​សតិ និង​រូបកាយ​របស់​fuel​មាន​អារម្មណ៍​ថា​យឺតយ៉ាវ ។ ដំណឹងល្អ​នោះ​គឺ​ថា នៅពេល​ដែល​ប្អូនៗ​ញ៉ាំ​ផ្លែ​ឈើ បន្លែ និង​ធញ្ញជាតិ នោះ​ការឃ្លាន​អាហារ​គ្មាន​ជីវជាតិ​នឹង​កាត់​បន្ថយ ។ ព្រះអម្ចាស់​ប្រទាន​រូបកាយ​តែ​មួយ​ដល់​យើង ដូច្នេះ យើង​ត្រូវ​ថែ​រក្សា​វា​ឲ្យបាន​ល្អ !

ស្នាម​ជក់​ទី ៧ ៖ អធិស្ឋាន និង​ពិចារណា ។

យុវជន​កំពុង​គិត

ព្រះអម្ចាស់ និង​ព្យាការី និង​សាវក​របស់​ទ្រង់ បាន​ផ្ដល់​ការប្រឹក្សា​ដល់​យើង​ជា​ញឹកញាប់​ឲ្យ​យក​ពេល​វេលា​ដើម្បី​អធិស្ឋាន ហើយ​នៅ​ស្ងៀម ។ ការអធិស្ឋាន និង​ការសមាធិ​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ផ្នែក​នានា​នៃ​ខួរក្បាល ដែល​នៅក្នុង​នោះ​ប្អូនៗ​ទទួលបាន​នូវ​សុភមង្គល ។ ប្រសិន​បើ​ប្អូនៗ​យក​ពេលវេលា​ជា​ទៀងទាត់ ដើម្បី​ពិចារណា និង​អធិស្ឋាន នោះ​សុភមង្គល​របស់​ប្អូនៗ​នឹង​កើន​ឡើង​បន្តិច​ម្ដងៗ​រាល់​ពេល ។ ក្នុង​រយៈពេល​ដ៏​យូរ អ្នក​នឹង​កត់​សម្គាល់​ឃើញ​នូវ​ភាពខុស​ប្លែក​ដ៏​ធំ​មួយ ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​សុខសាន្ត និង​មាន​ទំនុកចិត្ត ។

រកមើល​គំនិត​បន្ថែម​ទៀត មែន​ទេ ?

ស្នាម​ជក់​ទាំង​ប្រាំពីរ​នេះ គឺ​គ្រាន់តែ​ជា​ជំហាន​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន ដើម្បី​បំពេញ​សុភមង្គល​ឲ្យ​រូបកាយ និង​វិញ្ញាណ​របស់​យើង ។ សម្រាប់​គំនិត​បន្ថែម​ទៀត សូមមើល​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ដើម្បី​កំណត់​រកមើល​គោលការណ៍​ទាំងឡាយ ដែលបាន​ធ្វើ​ឲ្យ​ប្អូនៗ និង​អ្នក​ដទៃ​ទៀត​រីករាយ​កាល​ពី​មុន ។ តើ​ប្អូនៗ​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​បញ្ចូល​ចំណុច​ទាំងនោះ​ឲ្យ​កាន់តែ​ខ្ជាប់ខ្ជួន​ទៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្អូនៗ ?

ចូរ​ចងចាំ​ជានិច្ច​ថា ប្រភព​ដ៏​ធំ​បំផុត​នៃ​ក្ដី​សុភមង្គល​ គឺនៅក្នុង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ មិន​ថា​កាលៈទេសៈ​របស់​ប្អូនៗ​យ៉ាង​ណា​នោះ​ទេ ទ្រង់​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ប្រទាន​ពរជ័យ​ដល់​ប្អូនៗ និង​ជួយ​ប្អូនៗឲ្យ​ឆ្លងកាត់​រាល់​ការលំបាក​ទាំងឡាយ​របស់​ប្អូនៗ ។ ទ្រង់​នឹង​ជួយ​ប្អូនៗ​ស្វែងរក​សុភមង្គល ដែល​ប្អូនៗ​សង្ឃឹម​ចង់​បាន ។

កំណត់​ចំណាំ

  1. អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ដូចជា … ស្នាម​ជក់​ផាត់​ពណ៌​ដែល​បំពេញ​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​ដែរ ដូច្នេះ​ភាពខ្ជាប់ខ្ជួន​របស់​យើង នៅក្នុង​ការធ្វើ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ជា​តូច អាច​ដឹកនាំ​ទៅកាន់​លទ្ធផល​ខាង​វិញ្ញាណ​ដ៏សំខាន់ » ( សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០០៩EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៩–២០ ] ) ។