« អំណររបស់ ខូស៊ី » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ១២–១៥ ។
អំណររបស់ ខូស៊ី
យុវជននេះមកពីប្រទេស ជប៉ុន គាត់ចូលចិត្តចែកចាយដំណឹងល្អណាស់ ។
គាត់លេងព្យាណូ ។ គាត់រត់ ។ គាត់ថែមទាំងលោតចម្ងាយទៀតផង ! ប៉ុន្តែទាំងនោះមិនមែនជាអ្វីតែម៉្យាងដ៏គួរឲ្យស្ងើចសរសើរអំពី ខូស៊ី អេច ដែលជាយុវជនមានអាយុ ១៧ ឆ្នាំ មកពីទីក្រុង ណាហ្កាសាគី ប្រទេស ជប៉ុន នោះទេ ។
ស៊ីស្ទើរ ម៉ាក់ឃិនណា ហ្រេស៊ួរ ជាអ្នកទើបត្រឡប់មកពីផ្សព្វផ្សាយសាសនា ដែលបានបម្រើនៅក្នុងប្រទេស ជប៉ុន នៅកន្លែងដែល ខូស៊ី រស់នៅ បាននិយាយថា « គាត់គឺជាយុវជនម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយសាសនាក្មេងម្នាក់ដ៏អស្ចារ្យបំផុត ដែលខ្ញុំធ្លាប់ស្គាល់ » ។ នាងនិយាយថា « ខូស៊ី មិនដែលខកខានឱកាសដើម្បីនៅជាមួយនឹងអ្នកផ្សព្វផ្សាយសាសនា ឬថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ តាមរយៈសកម្មភាពសាសនាចក្រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ » ។
ខូស៊ី គិតថាពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួនដូចជាមិត្តដ៏ជិតដិតបំផុតរបស់គាត់ ។ ហើយវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលគាត់មានអារម្មណ៍បែបនោះ នៅពេលដែលប្អូនៗដឹងថា គាត់រីករាយក្នុងការចែកចាយដំណឹងល្អប៉ុណ្ណានោះ ។
ខូស៊ី និយាយថា « កិច្ចការផ្សព្វផ្សាយសាសនាគឺជាអំណររបស់ខ្ញុំ » ។ « នីហ្វៃបានបង្រៀនយើងថា ផ្លែនៃដើមឈើជីវិត ‹ គួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ › ( នីហ្វៃទី១ ១១:២២ ) ។ មនុស្សមួយចំនួនអាចនឹងបដិសេធផ្លែនេះ ។ ទោះជាយ៉ាងណា ក្នុងនាមជាមនុស្សម្នាក់ដែលដឹងអំពីភាពផ្អែមល្ហែមនៃផ្លែនោះ ខ្ញុំចង់ចែកចាយដំណឹងល្អជាមួយមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ » ។
ការចែកចាយពរជ័យនៃដំណឹងល្អ ប្រហែលជាទេពកោសល្យដ៏ល្អបំផុតរបស់ ខូស៊ី ។
ភាពជោគជ័យក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម
បន្ទាប់ពីរៀនថ្នាក់រៀបចំសម្រាប់អ្នកផ្សព្វផ្សាយសាសនា ខូស៊ី មានបំណងប្រាថ្នាកាន់តែខ្លាំងថែមទៀត ដើម្បីនាំសេចក្ដីអំណរនៃដំណឹងល្អទៅកាន់មិត្តភក្ដិរបស់គាត់ ។ គាត់បានចាប់ផ្ដើមដោយប្រើអ៊ីនធឺណិត ។ ឧបករណ៍ដ៏សំខាន់មួយ ដែលគាត់ប្រើប្រាស់ដើម្បីចែកចាយសារ និងមាតិកាទាក់ទងនឹងដំណឹងល្អ គឺតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។
មិត្តភក្ដិរបស់គាត់មួយចំនួនបានឆ្លើយតបនឹងការបង្ហោះទាំងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ជាពិសេសមានមិត្តម្នាក់បានមករក ខូស៊ី ហើយនិយាយថា « ខ្ញុំមានចំណាប់អារម្មណ៍នឹងសាសនាចក្ររបស់ឯង » ។
ដំបូងគ្រាន់តែជាមនុស្សស្គាល់គ្នាធម្មតាប៉ុណ្ណោះ ប៉ុន្តែទំនាក់ទំនងមិត្តភាពរបស់ពួកគេបានក្លាយជាស្និទ្ធស្នាលយ៉ាងឆាប់រហ័ស ។ ខូស៊ី ពន្យល់ថា « គាត់បានចាប់ផ្ដើម ដោយសួរខ្ញុំអំពីភាពខុសគ្នារវាងសាសនារបស់គាត់ និងសាសនារបស់ខ្ញុំ » ។ « ថ្វីបើខ្ញុំមិនបាននិយាយជាមួយគាត់ញឹកញាប់ក្ដី ក៏យើងបានក្លាយជាមិត្តល្អបន្ទាប់ពីការចែកចាយដំណឹងល្អរបស់ខ្ញុំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម » ។
កីឡា ចំណង់ចំណូលចិត្ត និងមិត្តភាពជានិរន្តរ៍
ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាមធ្យោបាយតែមួយ ដែលខូស៊ីចែកចាយសេចក្ដីជំនឿរបស់គាត់នោះទេ ។ ចាំទេថា គាត់មានជីវិតមួយដ៏រវល់ ដែលពេញដោយសកម្មភាពនានា ។ គាត់មានឱកាសជាច្រើន ដើម្បីជួបមនុស្ស និងបង្កើតមិត្តភាព ។ ហើយគាត់ប្រើប្រាស់ឱកាសទាំងនោះដើម្បីចែកចាយអំណរនៃដំណឹងល្អ ។
ខូស៊ីពន្យល់ថា « មានម្ដងនោះ ខ្ញុំបានអញ្ជើញមិត្តភក្ដិម្នាក់ក្នុងក្រុមកីឡាទៅកាន់ថ្នាក់ភាសាអង់គ្លេស ដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀននៅព្រះវិហារ » ។ « គាត់ និងពួកអ្នកផ្សាយសាសនាបានក្លាយជាមិត្តដ៏ល្អនឹងគ្នា ពេលដែលគាត់កំពុងរៀនភាសាអង់គ្លេស » ។
ទោះជាយ៉ាងណា ការសន្ទនាមិនបានបញ្ចប់ត្រឹមថ្នាក់ភាសាអង់គ្លេសនោះទេ ។
« មិត្តរបស់ខ្ញុំបានចាប់ផ្ដើមគិតអំពីមូលហេតុដែលពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះ ដែលមានអាយុប្រហាក់ប្រហែលនឹងគាត់ដែរ កំពុងតែស្ម័គ្រចិត្តធ្វើកិច្ចការ និងបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងប្រទេស ជប៉ុន ។ សំណួរបន្ទាប់ទៀតរបស់គាត់គឺសួរអ្នកផ្សព្វផ្សាយសាសនាថា មូលហេតុអ្វីដែលជំរុញពួកគេឲ្យធ្វើការបម្រើ ។ ឥឡូវនេះ គាត់ស្ដាប់មេរៀនអ្នកផ្សព្វផ្សាយសាសនា ហើយនៅតែមានការឆ្លើយឆ្លងជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាតាមរយៈវីដេអូឈែត » ។
នៅពេលណាដែលគាត់លើកឡើងពីដំណឹងល្អជាមួយមិត្តភក្ដិរបស់គាត់ ខូស៊ីព្យាយាមផ្គូផ្គងអ្វីដែលគាត់ចែកចាយជាមួយកម្រិតចំណាប់អារម្មណ៍របស់ពួកគេ ។ គាត់និយាយថា « ឧទាហរណ៍ ដំបូងខ្ញុំនិយាយអំពីអ្វីដែលកើតឡើងបន្ទាប់ពីសេចក្ដីស្លាប់ អ្វីដែលជាគោលបំណងនៃជីវិត ឬថាមានព្រះឬទេ » ។ « បន្ទាប់មកខ្ញុំអាចកែសម្រួល ដោយផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេ » ។
ពិតណាស់ គាត់ដឹងថា មិនមែនមនុស្សគ្រប់គ្នានឹងចាប់អារម្មណ៍នោះទេ ។ គាត់មានឧបសគ្គដូចជាមនុស្សគ្រប់គ្នាដែរ ។ ថ្ងៃមួយ បន្ទាប់ពីមិត្តភក្ដិគាត់មួយចំនួនកំពុងសួរសំណួរគាត់អំពីសាសនាចក្រ ខូស៊ី បានព្យាយាមចែកចាយឯកសារអំពីសាសនាចក្រជាមួយមិត្តម្នាក់ក្នុងចំណោមនោះ ។ « ទោះជាយ៉ាងណា មិត្តនោះបានរត់ចេញពីថ្នាក់ ហើយបានសើចចំអកឲ្យខ្ញុំពីច្រកដើរ ។
ខូស៊ីនិយាយថា « វាបានធ្វើឲ្យខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំង » ។
ប៉ុន្តែគាត់ពុំបណ្តោយឲ្យការបាក់ទឹកចិត្តបញ្ឈប់គាត់ទេ ។ គាត់ដឹងថា អ្វីដែលគាត់កំពុងចែកចាយនឹងផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេជារៀងរហូត ប្រសិនបើពួកគេស្ដាប់ ។
អំណរដែលជំរុញដល់គាត់
ខូស៊ីនិយាយថា « ខ្ញុំមានអារម្មណ៍នៃក្ដីអំណរនៅក្នុងការបង្រៀនរបស់ព្រះគ្រីស្ទ » ។ « ប្រសិនបើខ្ញុំពុំបានដឹងពីការបង្រៀនទាំងនោះទេ ខ្ញុំនឹងមានជីវិតមួយដែលមិនមានអំណរពិតប្រាកដទេ » ។
កាលដែលគាត់ចាត់ចែងសកម្មភាព និងចំណាប់អារម្មណ៍ជាច្រើនរបស់គាត់ ខូស៊ីដឹងពីរបៀបដើម្បីដាក់អាទិភាពវា ។ គាត់និយាយថា « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នាំមកនូវក្ដីសង្ឃឹមដល់ជីវិតរបស់យើង ហើយបង្ហាញពីអ្វីៗទាំងអស់ដែលយើងគួរធ្វើ » ។ « សូម្បីតែពេលយើងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬកំពុងជួបការលំបាកក្ដី ការអធិស្ឋានដ៏ស្មោះសរនឹងនាំមកនូវភាពសុខសាន្ត ហើយជួយយើងឲ្យមានឥរិយាបទវិជ្ជមាន » ។
នោះជាមូលហេតុដែលគាត់មានការតាំងចិត្តយ៉ាងខ្លាំង ដើម្បីចែកចាយដំណឹងល្អគ្រប់ឱកាសដែលគាត់មាន ។ គាត់ចង់ឲ្យអ្នកដទៃទៀតដកពិសោធន៍នូវអ្វីដែលគាត់រីករាយជាមួយជារៀងរាល់ថ្ងៃ ! គាត់និយាយថា « ខ្ញុំសង្ឃឹមអស់ពីចិត្តថា មនុស្សជាច្រើនអាចមានឱកាសដើម្បីដកពិសោធន៍អំណរដ៏ពិតនេះ » ។
អ្វីដែលសំខាន់បំផុត
ជាធម្មតា ការចែកចាយដំណឹងល្អមិនទាមទារពេលវេលា ទាំងអស់ របស់គាត់នោះទេ ។ ខូស៊ីខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាមួយនឹងគោលដៅផ្សេងៗទៀតនៅក្នុងជីវិត ។ ជារៀងរាល់ថ្ងៃ គាត់ហ្វឹកហាត់យ៉ាងខ្លាំងជាមួយនឹងការរត់ និងការហ្វឹកហ្វឺនខាងកម្លាំង ។ ពេលគាត់ត្រូវការសម្រាកលម្ហែបន្តិច គាត់លេងព្យាណូ ។ គាត់ក៏រីករាយនឹងធម្មជាតិ ហើយចូលចិត្តចំណាយពេលជាមួយនឹងគ្រួសាររបស់គាត់ផងដែរ ។ គាត់និយាយថា « ចេញទៅក្រៅនៅក្នុងធម្មជាតិជាមួយបងប្អូនខ្ញុំ—ខ្ញុំនឹងមិនដែលភ្លេចទេអំពីថ្ងៃដែលយើងបានចាប់ត្រី ហើយបានញ៉ាំវា ! »
ទោះជាយ៉ាងនេះក្តី ខូស៊ីបន្តឆ្លៀតពេលសម្រាប់អ្វីដែលសំខាន់បំផុត ។
ហើយគាត់មានដំបូន្មានបន្តិចបន្តួចដល់អស់អ្នកណាដែលចង់ធ្វើដូចគាត់ដែរ ៖ « យើងទទួលការណែនាំ នៅពេលយើងរក្សាបទបញ្ញត្តិទាំងឡាយ ។ នៅពេលដែលយើងធ្វើដូច្នោះ យើងត្រូវបានពង្រឹងដោយព្រះអម្ចាស់ ។ ការភ័យខ្លាច និងការថប់បារម្ភ ត្រូវបានជំនួសដោយក្ដីសង្ឃឹម និងទំនុកចិត្តវិញ ។ ប្រសិនបើយើងបើកមាត់របស់យើង ដោយមិនខ្មាស់អៀនពីដំណឹងល្អ នោះមនុស្សនឹងបានមកស្គាល់សេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ហើយនឹងបានពោរពេញទៅដោយអំណរ » ។