« តើខ្ញុំអាចឈប់សង្ស័យនឹងតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំបានយ៉ាងដូចម្ដេច ? » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ៣០–៣១ ។
សំណួរនិងចម្លើយ
« តើខ្ញុំអាចឈប់សង្ស័យនឹងតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំបានយ៉ាងដូចម្ដេច ? »
តាមរយៈព្រះនេត្ររបស់ព្រះវរបិតាសួគ៌
« ជារៀងរាល់ថ្ងៃ ខ្ញុំអធិស្ឋានទៅព្រះវរបិតាសួគ៌ ហើយទូលសុំទ្រង់ឲ្យជួយខ្ញុំមើលឃើញខ្លួនឯងតាមរបៀបដែលទ្រង់ទតមើលមកខ្ញុំ ។ បន្ទាប់មក ខ្ញុំស្ដាប់យ៉ាងដិតដល់ ពេលដែលព្រះវិញ្ញាណប្រទានសារវិជ្ជមានដល់ខ្ញុំមកពីព្រះ អំពីតម្លៃ និងអត្តសញ្ញាណរបស់ខ្ញុំ ហើយខ្ញុំនិយាយពាក្យទាំងនេះទៅកាន់ខ្លួនឯងនៅក្នុងកញ្ចក់ ។ សកម្មភាពដ៏សាមញ្ញនេះ គឺជារបៀបមួយដែលយើងអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងស្ថានសួគ៌ ហើយរៀនថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយជឿលើយើង » ។
ម៉ាឌ័លីន អិម អាយុ ១៤ ឆ្នាំ រដ្ឋ ញូវយ៉ក ស.រ.អា.
ស្រឡាញ់ភាពខុសគ្នារបស់យើង
« ខ្ញុំតែងតែខិតខំអស់ពីសមត្ថភាព ដើម្បីចងចាំថា ខ្ញុំគឺជាបុត្ររបស់ព្រះដែលទ្រង់ស្រឡាញ់ខ្ញុំ ។ ខ្ញុំព្យាយាមមិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃទៀត ដោយសារវាធ្វើឲ្យកាន់តែពិបាកក្នុងការជឿលើតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ព្រះបានបង្កើតយើងទាំងអស់គ្នាជាពិសេស និងស្រស់ស្អាតតាមធម្មជាតិរបស់យើងម្នាក់ៗ ហើយភាពខុសគ្នាទាំងនោះគឺជារឿងដ៏ល្អ » ។
ប្រូក ឌី អាយុ ១៤ ឆ្នាំ ទីក្រុង អាល់ប៊ើរតា ប្រទេស កាណាដា
ពរជ័យលាក់កំបាំង
« ជាញឹកញាប់ យើងគិតថា ការទន់ខ្សោយ ឬការមានកង្វះខាត ធ្វើឲ្យយើងគ្មានតម្លៃ ។ តាមពិតទៅ យើងត្រូវបានប្រទានពរជ័យ ដើម្បីយើងអាចក្រោកឡើងឲ្យខ្ពស់ជាងភាពទន់ខ្សោយទាំងនោះ ហើយក្លាយជាទម្រង់កាន់តែប្រសើរនៃខ្លួនយើង តាមរយៈការបន្ទាបខ្លួន និងការកែលម្អខ្លួនឯង ។ ប្រសិនបើយើងខិតខំធ្វើអ្វីដែលពិបាកសម្រាប់យើង ព្រះអម្ចាស់នឹងទតឃើញ ហើយប្រទានរង្វាន់ដល់កិច្ចខិតខំរបស់យើង ។ វាគឺអំពីការព្យាយាម និងការមិនបោះបង់ឡើយ » ។
រីកាដូ អរ អាយុ ១៧ ឆ្នាំ ទីក្រុង ឈីវាវា ប្រទេស ម៉ិកស៊ិក
អត្តសញ្ញាណដ៏ទេវភាពរបស់យើង
« គ្មានអ្វីដែលប្រៀបផ្ទឹមបានទៅនឹងការដឹងថា យើងជាបុត្រាបុត្រីនៃព្រះដែលមានព្រះជន្មរស់នោះទេ យើងអាចប្រែក្លាយដូចជាទ្រង់ផងដែរ ។ វាផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ! ពេលដែលយើងមានគំនិតអាក្រក់ៗ ដែលធ្វើឲ្យយើងសង្ស័យចំពោះតម្លៃខ្លួនរបស់យើង សូមចាំថា គំនិតទាំងនោះគឺមកពីសាតាំង មិនមែនមកពីព្រះទេ ។ យើងមានសក្ដានុពលដ៏គ្មានទីបញ្ចប់ និងលក្ខណៈដ៏ទេវភាពដូចជាព្រះវរបិតាសួគ៌របស់យើងដែរ ។ ទ្រង់ទុកព្រះទ័យ និងស្រឡាញ់យើងម្នាក់ៗ » ។
អាលិចហ្សាឌ្រេ អេស អាយុ ១៦ ឆ្នាំ ទីក្រុង មីណាស ហ្គើរេស ប្រទេស ប្រេស៊ីល
ការទទួលខុសត្រូវដ៏អស្ចារ្យ
« កាលដែលខ្ញុំពុះពារក្នុងការសិក្សា ហើយពិចារណាបទគម្ពីរ និងប្រសាសន៍ព្យាការីនៅរស់ ខ្ញុំអាចមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយខ្ញុំ ដែលរំឭកដល់ខ្ញុំថា ខ្ញុំជាបុត្រីជាទីស្រឡាញ់របស់ព្រះវរបិតាព្រះមាតាសួគ៌ ហើយថា ព្រះមានផែនការដ៏អស្ចារ្យសម្រាប់ខ្ញុំ ។ ប្រធាន ណិលសុន តែងតែបង្ហាញយើងពីការទទួលខុសត្រូវដ៏អស្ចារ្យ ដែលយើងមាននៅក្នុងថ្ងៃចុងក្រោយនេះ ហើយថា ព្រះទុកព្រះទ័យនឹងយើង ហើយទ្រង់ត្រាស់ដឹងថា យើងមានសមត្ថភាពធ្វើបាន » ។
មីរីអាន ភី អាយុ ១៦ ឆ្នាំ ទីក្រុង ប៉ារ៉ាណា ប្រទេស ប្រេស៊ីល
ធ្វើអ្វីដែលបងប្អូនស្រឡាញ់
« នៅពេលយើងចាប់ផ្ដើមសង្ស័យពីតម្លៃផ្ទាល់ខ្លួនរបស់យើង យើងតែងតែអាចស្វែងរកជំនួយពីមនុស្សផ្សេងទៀត ។ ប៉ុន្តែ ជាដំបូង យើងត្រូវចាប់ផ្ដើមធ្វើការលើផ្នត់គំនិតរបស់យើងផ្ទាល់ជាមុនសិន ។ យើងអាចហាត់ប្រាណ ជួបគ្នាជាមួយមិត្តភក្ដិ និងក្រុមគ្រួសារតាមរបៀបដ៏ល្អនានា ឬធ្វើសកម្មភាពមួយដែលយើងចូលចិត្ត ។ វាជួយយើងឲ្យដឹងថា យើងគឺជាបុត្រាបុត្រីរបស់ព្រះ ដែលប្រទានតម្លៃ និងទេពកោសល្យដល់យើង » ។
ខារឡូស វី ប្រទេស ម៉ិកស៊ិក
ស្គាល់ខ្លួនឯង
« ខ្ញុំបានស្វែងយល់ឃើញថា វាងាយស្រួលជាងក្នុងការស្រឡាញ់ខ្លួនឯង ដោយសារខ្ញុំបានយកពេលវេលាដើម្បីសិក្សាថាខ្លួនខ្ញុំជានរណា ។ មានពេលមួយ លោកតារបស់ខ្ញុំបានប្រាប់ខ្ញុំថា « ចៅត្រូវរស់នៅជាមួយខ្លួនឯងអស់កល្បជានិច្ច ដូច្នេះ ចៅគួរធ្វើជាមនុស្សម្នាក់ដែលចៅចង់ដើរលេងជាមួយ » ។ ខ្ញុំបានធ្វើតាមដំបូន្មាននោះ ហើយបានព្យាយាមក្លាយជាទម្រង់ដ៏ល្អបំផុតនៃខ្លួនខ្ញុំ ។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍កាន់តែមានទំនុកចិត្ត ដោយសារខ្ញុំដឹងពីអ្វីដែលខ្ញុំចូលចិត្ត អ្វីដែលខ្ញុំពូកែ និងអ្វីដែលខ្ញុំតំណាងឲ្យ ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលខ្ញុំកំពុងព្យាយាមធ្វើជាមនុស្សម្នាក់ ដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំប្រែក្លាយទៅជា » ។
សារ៉ា ណិលសុន រដ្ឋ យូថាហ៍ ស.រ.អា
សូមចងចាំថាបងប្អូនគឺជានរណា
« ខ្ញុំគិតអំពីចម្រៀងថ្នាក់កុមារ « ខ្ញុំជាកូនរបស់ព្រះ » ។ វារំឭកដល់ខ្ញុំថា ខ្ញុំបានទទួលអំណោយទាន និងទេពកោសល្យ ដើម្បីជួយដល់ពិភពលោកឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ផ្នែករបស់មនុស្សគ្រប់គ្នានៅក្នុងនេះ គឺពិសេស និងចាំបាច់ ហើយយើងទាំងអស់គ្នាជាអព្ភូតហេតុនៅក្នុងជីវិតគ្នាទៅវិញទៅមក ។ បងប្អូនពិតជាអព្ភូតហេតុមួយនៅក្នុងជីវិតនេះ ចំពោះមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនរបស់បងប្អូន ។ ប្រសិនបើបងប្អូនភ្លេចពីវា សូមគិតអំពីអ្វីៗទាំងអស់ដែលព្រះយេស៊ូវបានធ្វើនៅលើផែនដី ហើយព្យាយាមធ្វើតាមគំរូរបស់ទ្រង់ ។ នៅពេលណាដែលបងប្អូនមានអារម្មណ៍សោកសៅ ឬគ្មានតម្លៃ សូមស្វែងរកជួយនរណាម្នាក់ដែលមានអារម្មណ៍ដូចគ្នាដែរ ហើយបងប្អូននឹងមានអារម្មណ៍លើកស្ទួយ » ។
ប្រិកហាំ អិម ប្រទេស ម៉ិកស៊ិក
ការអនុម័តដ៏ទេវភាព
« នៅពេលខ្ញុំស្ដាប់តាមព្រះ ទ្រង់ជួយខ្ញុំឲ្យឈប់សង្ស័យពីតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ ។ មនុស្សផ្សេងទៀតមិនអាចយល់ពីតម្លៃរបស់ខ្ញុំទាំងស្រុងនោះទេ ប៉ុន្តែព្រះយល់ ហើយខ្ញុំទុកចិត្តទ្រង់ ។ ប្រសិនបើខ្ញុំអនុញ្ញាតឲ្យមនុស្សនៅជុំវិញខ្លួនខ្ញុំ សម្រេចចិត្តពីតម្លៃរបស់ខ្ញុំ នោះអ្វីៗទាំងអស់ដែលខ្ញុំធ្វើ គឺស្ថិតនៅលើពាក្យរបស់ពួកគេ ហើយគិតអាក្រក់ចំពោះខ្លួនឯង ។ ប៉ុន្តែ នៅពេលដែលខ្ញុំបោះចោលពាក្យសម្ដីអវិជ្ជមានរបស់ពួកគេ ខ្ញុំមិនត្រូវសង្ស័យនឹងតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំទៀតទេ ។ ខ្ញុំបានរៀនថា ខ្ញុំមិនត្រូវការការអនុម័តពីពួកគេទៀតនោះទេ ។ យើងម្នាក់ៗមានតម្លៃដែលនៅជាប់ជាមួយ ក្នុងនាមជាបុត្រាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង ។ យើងត្រូវរំឭកខ្លួនឯងអំពីរឿងនោះ ជាពិសេសប្រសិនបើគ្មាននរណាម្នាក់ផ្សេងទៀតរំឭកវាទេ » ។
អានណា ជី អាយុ ២៣ ឆ្នាំ ប្រទេស បារាំង
ទំនុកចិត្តនៅក្នុងដំណឹងល្អ
« នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំឃើញមនុស្សគ្រប់ប្រភេទ ដែលហាក់ដូចជាល្អឥតខ្ចោះ ឬយ៉ាងហោចល្អជាងខ្ញុំ ។ ការរស់នៅតាមដំណឹងល្អ ជួយខ្ញុំឲ្យបង្កើតឥរិយាបទនៃការដឹងគុណអំពីខ្លួនខ្ញុំជានរណា ។ ពេលខ្ញុំរស់នៅតាមគោលការណ៍នៃដំណឹងល្អ ដូចជា សេចក្ដីជំនឿ ការប្រែចិត្ត និងការពិចារណាបទគម្ពីរ ខ្ញុំមានអារម្មណ៍ថាពិសេស ។ ខ្ញុំមិនមានអារម្មណ៍ថាត្រូវការប្រៀបធៀបខ្លួនរបស់ខ្ញុំទៅនឹងអ្នកដទៃនោះទេ ហើយនៅទីបំផុត ខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងឡើង ។
អាលិចហ្សាដ្រា អរ ប្រទេស ម៉ិកស៊ិក
អភ័យទោសឲ្យខ្លួនឯង
« យើងមិនតែងតែគិតថា ខ្លួនយើងសមនឹងទទួលការអត់ទោសនោះទេ ដោយសារយើងដឹងពីកំហុសដែលយើងបានធ្វើ ។ ប៉ុន្តែយើងជាមនុស្សលោក—យើងធ្វើខុស ហើយនឹងបន្តធ្វើខុសទៅមុខទៀត ។ យើងត្រូវអត់ទោសដល់ខ្លួនយើង ដោយសារមនុស្សគ្រប់គ្នាសមនឹងទទួលបានឱកាសទីពីរ ។ យើងត្រូវមើលមកខ្លួនយើង តាមរយៈភ្នែករបស់មនុស្សដែលស្រឡាញ់យើង ។ យើងនឹងឃើញមនុស្សពិសេស និងអស្ចារ្យម្នាក់ ដែលសមនឹងទទួលបានសេចក្ដីស្រឡាញ់ឥតលក្ខខណ្ឌ មិនថាមានអ្វីកើតឡើងនោះទេ ។
វ៉ាលើរី ជេ ប្រទេស ម៉ិកស៊ិក