២០២១
ការអធិស្ឋាន​អំពី​វែនតា​ហែលទឹក
ខែ កក្កដា ឆ្នាំ ២០២១


« ការអធិស្ឋាន​អំពី​វែនតា​ហែលទឹក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ២៧ ។

គ្រឹះ ដ៏​មាំមួន

ការអធិស្ឋាន​អំពី​វែនតា​ហែលទឹក

ក្មេងប្រុស និង​ក្មេងស្រី​នៅ​សមុទ្រ

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ

មាន​ម្ដង​នោះ ខ្ញុំ​បាន​ទៅ​ក្រុង ស៊ីហ្កាតូកា កោះ​ហ្វីជី ជាមួយ​ប៉ា​របស់​ខ្ញុំ—ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ហែល​នៅក្នុង​សមុទ្រ ។ ប៉ា​ម៉ាក់​របស់​ខ្ញុំ​បាន​លែងលះ​គ្នា ដូច្នេះ ម្ដាយ​ខ្ញុំ​មិន​បាន​ទៅ​ជាមួយ​យើង​ទេ ។ មុន​ពេល​យើង​ចាកចេញ ម៉ាក់​បាន​ទិញ​វែនតា​ហែល​ទឹក​ពណ៌​ស្វាយ​ឲ្យ​ខ្ញុំ ។ មែន​ហើយ វា​គ្រាន់តែ​ជា​វែនតា​ហែល​ទឹក​តែប៉ុណ្ណោះ ប៉ុន្តែ​ម៉ាក់​រំពឹង​ឲ្យ​ខ្ញុំ​ថែ​រក្សា​វា និង​យក​វា​ត្រឡប់​មក​វិញ ។

នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​ទីពីរ​នៅ​ក្រុង ស៊ីហ្កាតូកា ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​មាន​វែនតា​ហែលទឹក​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​ព្រួយ​បារម្ភ​ថា ខ្ញុំ​បាន​បាត់​វា​នៅក្នុង​សមុទ្រ ។ រឿង​ទីមួយ​ដែល​ខ្ញុំ​ធ្វើ គឺ​អធិស្ឋាន​ថា ខ្ញុំ​នឹង​អាច​រក​វែនតា​ហែល​ទឹក​របស់​ខ្ញុំ​ឃើញ​វិញ ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ ហើយ​ដឹង​ថា​អ្វីៗ​នឹង​មិន​ថ្វី​ទេ ។

មនុស្ស​តែ​ម្នាក់​ដែល​ខ្ញុំ​បាន​ប្រាប់ គឺ​ប្អូន​ប្រុស​របស់​ខ្ញុំ ។ គាត់​មិន​ជឿ​លើ​ព្រះ​ទេ ហើយ​ជា​ញឹកញាប់​គាត់​បាន​រិះគន់​ជំនឿ​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តែ​ម្នាក់​គត់​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ ។ គាត់​បាន​និយាយ​ថា « មែនហើយ បង​នឹង​មិន​អាច​រកវា​ឃើញ​ទេ » ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា « បង​បានអធិស្ឋាន​អំពី​វា ហើយ​បង​ដឹង​ថា ការអធិស្ឋាន​របស់​បង​នឹង​ត្រូវបាន​ឆ្លើយ​តប » ។

ថ្ងៃ​បន្ទាប់​ទៀត ខ្ញុំ​បាន​សម្លឹង​មើល​ទៅក្នុង​ទឹក ពេល​ខ្ញុំ​ហែល​ទឹក ។ វា​ដល់​ពេល​ត្រឡប់​ទៅវិញ​ហើយ​ខ្ញុំ​នៅ​តែ​មិន​ទាន់​រកឃើញ​វែនតា​ហែលទឹក​របស់​ខ្ញុំ​ទៀត ។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ប្រហែល​ជា​រក​វា​មិន​ឃើញ​ទេ ហើយ​បាន​អរព្រះគុណ​ព្រះវរបិតាសួគ៌​សម្រាប់​ការលួងលោម និង​ភាពសុខសាន្ត ។

រំពេច​នោះ ប្អូន​ប្រុស​របស់​ខ្ញុំ​បាន​ស្រែក​ខ្លាំងៗ ។ គាត់​កំពុង​កាន់​វែនតា​ហែល​ទឹក​ពណ៌​ស្វាយ​របស់​ខ្ញុំ !

ប្អូន​ប្រុស​ខ្ញុំ​នៅតែ​មិន​ជឿ​លើ​ដំណឹងល្អ ប៉ុន្តែ​ខ្ញុំ​មាន​អំណរ​គុណ​សម្រាប់​ការលួងលោម កម្លាំង និង​ការបញ្ជាក់ ដែល​បាន​មក​នៅពេល​ដែល​ខ្ញុំ​ដាក់​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ស្រេយ៉ា អេស. ទីក្រុង​សូវ៉ា កោះ​ហ្វីជី