អំណរនៃពួកបរិសុទ្ធ
អំណរកើតចេញពីការគោរពបទបញ្ញត្តិរបស់ព្រះគ្រីស្ទ ការយកឈ្នះភាពសោកសៅ និងភាពទន់ខ្សោយតាមរយៈទ្រង់ និងការបម្រើដូចដែលទ្រង់បានបម្រើ ។
ព្យាការីអេណុសក្នុងព្រះគម្ពីរមរមន ជាចៅប្រុសរបស់លីហៃ បានសរសេរអំពីបទពិសោធន៍ដ៏អស្ចារ្យមួយដែលបានកើតឡើងកាលលោកនៅក្មេង ។ កាលនៅតែម្នាក់ឯងក្នុងព្រៃ អេណុស ចាប់ផ្តើមពិចារណាអំពីការបង្រៀនរបស់ឪពុកលោក យ៉ាកុប ។ លោកបាននិយាយថា « ពាក្យទាំងឡាយដែលខ្ញុំតែងបានឮឪពុកខ្ញុំនិយាយជាញឹកញាប់អំពីជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្តីអំណរនៃពួកបរិសុទ្ធ បានជ្រួតជ្រាបទៅក្នុងដួងចិត្តខ្ញុំ » ។ នៅក្នុងព្រលឹងដែលស្រេកឃ្លានខាងវិញ្ញាណរបស់លោក អេណុស បានលុតជង្គង់ចុះអធិស្ឋានដ៏អស្ចារ្យ តាំងពីពេលថ្ងៃដល់យប់ ជាការអធិស្ឋានដែលបាននាំលោកឲ្យទទួលវិវរណៈដ៏សំខាន់ ការធានាបញ្ជាក់ និងការសន្យាទាំងឡាយ ។
មានរឿងជាច្រើនដែលត្រូវរៀនមកពីបទពិសោធន៍របស់អេណុស ប៉ុន្តែនៅថ្ងៃនេះ អ្វីដែលផុសនៅក្នុងគំនិតខ្ញុំ គឺការចងចាំរបស់អេណុស អំពីការនិយាយជាញឹកញាប់របស់ឪពុកលោកអំពី « សេចក្តីអំណរនៃពួកបរិសុទ្ធ » ។២
នៅក្នុងសន្និសីទដូចនេះ កាលពីបីឆ្នាំកន្លងទៅហើយ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ពីសេចក្តីអំណរ ។ ក្នុងចំណោមរឿងផ្សេងៗទៀត លោកបានមានប្រសាសន៍ថា ៖
« អំណរដែលយើងមាននោះ វាមានឥទ្ធិពលតិចតួចលើស្ថានភាពនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ ។
« ពេលយើងផ្ដោតជីវិតរបស់យើងលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ… និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ យើងអាចមាននូវអំណរ ទោះជាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងក៏ដោយ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ … សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រះយេស៊ូវ គ្រីស្ទ គឺជាអំណរ ! »
ពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាជនទាំងឡាយណាដែលបានចូលទៅក្នុងសេចក្តីសញ្ញានៃដំណឹងល្អតាមរយៈពិធីបុណ្យជ្រមុជទឹក ហើយព្យាយាមធ្វើតាមព្រះគ្រីស្ទក្នុងនាមជាសិស្សរបស់ទ្រង់ ។ ហេតុដូច្នោះហើយ « សេចក្តីអំណរនៃពួកបរិសុទ្ធ » ចង្អុលបង្ហាញពីអំណរនៃការក្លាយដូចជាព្រះគ្រីស្ទ ។
ខ្ញុំចង់និយាយពីអំណរដែលបានមកពីការគោរពបទបញ្ញត្តិរបស់ទ្រង់ អំណរដែលកើតមានមកពីការយកឈ្នះលើទុក្ខព្រួយ និងភាពទន់ខ្សោយតាមរយៈទ្រង់ និងអំណរដែលទទួលបានពីការបម្រើដូចជាទ្រង់បានបម្រើ ។
អំណរពីការគោរពបទបញ្ញត្តិរបស់ព្រះគ្រីស្ទ
យើងរស់នៅក្នុងយុគសម័យតម្រេកនិយម នៅពេលមានមនុស្សជាច្រើនសង្ស័យអំពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះអម្ចាស់ ឬមិនយកចិត្តទុកដាក់នឹងបទបញ្ញត្តិទាំងនោះ ។ ជារឿយៗ មនុស្សដែលបំពានលើសេចក្ដីបង្គាប់របស់ព្រះ ដូចជាច្បាប់ព្រហ្មចារីយភាព បទដ្ឋាននៃសេចក្ដីទៀងត្រង់ និងបរិសុទ្ធភាពនៃថ្ងៃឈប់សម្រាក ពេលខ្លះហាក់ដូចជារីកចម្រើន ហើយរីករាយនឹងអ្វីល្អៗក្នុងជីវិត ច្រើនជាងអ្នកដែលកំពុងខំគោរពប្រតិបត្តិទៅទៀត ។ មានមនុស្សខ្លះចាប់ផ្ដើមងឿងឆ្ងល់ថាតើការខិតខំ និងពលិកម្មទាំងនោះស័ក្ដិសមនឹងតម្លៃដែរឬទេ ។ មានគ្រាមួយ ប្រជាជនអ៊ីស្រាអែលកាលពីបុរាណបានត្អូញត្អែរថា ៖
« ការដែលខំគោរពតាមព្រះ ៖ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី ?
« ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង » ។
ព្រះអម្ចាស់បានមានបន្ទូលថា ចូររង់ចាំដល់ « ថ្ងៃដែលអញធ្វើការនេះ » ។ « គ្រានោះឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្តីសុចរិត និងសេចក្តីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ និងមនុស្សដែលមិនគោរពផង » ។ មនុស្សទុច្ចរិតអាចនឹង « បានសេចក្ដីអំណរនៅក្នុងកិច្ចការទាំងឡាយរបស់ពួកគេមួយរដូវតែប៉ុណ្ណោះ » ប៉ុន្តែវាជារឿងបណ្ដោះអាសន្នជានិច្ច ។ អំណរនៃពួកបរិសុទ្ធមានជានិរន្តរ៍ ។
ព្រះទតឃើញអ្វីៗនៅក្នុងទិដ្ឋភាពពិតរបស់វា ហើយទ្រង់ចែកចាយទិដ្ឋភាពនោះជាមួយនឹងយើងតាមរយៈបទបញ្ញត្តិរបស់ទ្រង់ ដោយដឹកនាំយើងយ៉ាងមានប្រសិទ្ធភាពឲ្យចៀសផុតពីរណ្ដៅ និងគ្រលុកនៃជីវិតរមែងស្លាប់ឆ្ពោះទៅរកអំណរអស់កល្បជានិច្ច ។ ព្យាការីយ៉ូសែប ស្ម៊ីធ បានពន្យល់ថា ៖ « នៅពេលបទបញ្ញត្តិរបស់ទ្រង់បង្រៀន វាគឺស្ថិតនៅក្នុង ដ្បិតយើងត្រូវបានទតមើលដោយព្រះ ដូចជាយើងស្ថិតនៅក្នុងភាពអស់កល្បជានិច្ច ព្រះគង់នៅអស់កល្បជានិច្ច ហើយពុំទតឃើញដូចជាយើងមើលឃើញនោះទេ » ។
ខ្ញុំពុំធ្លាប់ជួបនរណាម្នាក់ដែលបានរកឃើញដំណឹងល្អនៅក្នុងជីវិតនេះហើយ មិនប្រាថ្នាថាចង់បានស្គាល់ដំណឹងល្អឲ្យបានលឿនជាងនេះនោះទេ ។ ពួកគេនឹងនិយាយថា « ស្តាយណាស់ ! ខ្ញុំមិនគួរជ្រើសរើសខុស និងធ្វើមិនល្អនោះទេ » ។ បទបញ្ញត្តិរបស់ព្រះអម្ចាស់គឺជាមគ្គុទេសន៍របស់យើងនាំទៅរកការជ្រើសរើសដ៏ប្រសើរ និងលទ្ធផលដ៏រីករាយ ។ ឱ! យើងគួរតែរីករាយ ហើយថ្លែងអំណរគុណទ្រង់សម្រាប់ការបង្ហាញមាគ៌ាដ៏ល្អប្រពៃនេះមកកាន់យើង ។
កាលពីក្មេង ប្អូនស្រី កាលុមបូ រូសេត ខាំវ៉ានយ៉ា មកពី សាធារណៈរដ្ឋកុងហ្គូ ឥឡូវនេះកំពុងបម្រើនៅក្នុងបេសកកម្មកូតេ ឌីវ៉ូ អាប៊ីចាន់ខាងលិច បានតមអាហារ ហើយអធិស្ឋានរយៈពេលបីថ្ងៃដើម្បីស្វែងរកទិសដៅដែលព្រះសព្វព្រះទ័យឲ្យនាងទៅ ។ នៅក្នុងការនិមិត្តមួយនាវេលាយប់ នាងបានឃើញអគារពីរ និងអ្វីដែលនាងឥឡូវនេះដឹងថាជាព្រះវិហារបរិសុទ្ធ ។ នាងបានចាប់ផ្ដើមស្រាវជ្រាវ ហើយរំពេចនោះបានរកឃើញសាលាប្រជុំដែលនាងបានសុបិនឃើញ ។ ស្លាកសញ្ញានោះបានសរសេរថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ ប្អូនស្រី ខាំវ៉ាន់យ៉ា បានជ្រមុជទឹក រួចហើយម្ដាយនាង ព្រមទាំងប្អូនប្រុសប្រាំមួយនាក់របស់នាងផងដែរ ។ ប្អូនស្រី ខាំវ៉ាន់យ៉ា បានថ្លែងថា « ពេលខ្ញុំបានទទួលដំណឹងល្អ ខ្ញុំមានអារម្មណ៍ដូចជាសត្វចាបមួយក្បាលដែលជាប់ទ្រុងត្រូវបានលែងមានឲ្យសេរីភាព ។ ដួងចិត្តរបស់ខ្ញុំបានពេញដោយអំណរ ។… ខ្ញុំមានការជឿជាក់ថា ព្រះស្រឡាញ់ខ្ញុំ » ។
ការគោរពបទបញ្ញត្តិរបស់ព្រះជួយយើងឲ្យងាយទទួលសេចក្ដីស្រឡាញ់របស់ទ្រង់យ៉ាងពេញលេញ ។ ផ្លូវតូច ហើយចង្អៀតនៃដំណឹងល្អ នាំទៅកាន់ដើមឈើនៃជីវិតដោយផ្ទាល់ ហើយដើមឈើ និងផ្លែវា គឺផ្អែមបំផុត ហើយ « គួរឲ្យប្រាថ្នាលើសអ្វីៗទាំងអស់ » គឺជាតំណាងឲ្យសេចក្ដីស្រឡាញ់នៃព្រះ ហើយបំពេញព្រលឹង « ដោយសេចក្ដីអំណរដ៏មហិមា » ។ ព្រះអង្គសង្គ្រោះមានបន្ទូលថា ៖
« បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ ។
« ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណរ របស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង » ។
សេចក្តីអំណរបានមកពីការយកឈ្នះឧបសគ្គតាមរយៈព្រះគ្រីស្ទ
ទោះបីជាយើងជាអ្នកគោរពបទបញ្ញត្តិដោយស្មោះត្រង់ក្តី ក៏យើងនៅតែជួបឧបសគ្គ និងទុក្ខលំបាកដែលបង្អាក់សេចក្តីអំណរយើងដែរ ។ ប៉ុន្តែ នៅពេលយើងព្យាយាមយកឈ្នះឧបសគ្គទាំងនេះដោយមានជំនួយពីព្រះអង្គសង្រ្គោះ វានឹងរក្សាសេចក្តីអំណរដែលយើងទទួលអារម្មណ៍ឥឡូវនេះ និងសេចក្តីអំណរដែលយើងប្រាថ្នា ។ ព្រះគ្រីស្ទបានបញ្ជាក់ដល់ពួកសិស្សរបស់ទ្រង់ថា « នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ។ ជាការតបស្នងដល់ទ្រង់វិញ គឺត្រូវគោរពទ្រង់ ចងភ្ជាប់ខ្លួនយើងទៅនឹងទ្រង់ នោះការសាកល្បង និងទុក្ខសោកនោះនឹងប្រែទៅជាសេចក្តីអំណរវិញ ។ ខ្ញុំសូមលើកពីឧទាហរណ៍មួយ ។
នៅក្នុងឆ្នាំ ១៩៨៩ ប្រធាន ចាក រូសតុន កំពុងបម្រើជាប្រធាននៃស្តេក អាយវីន កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ក្នុងអំឡុងពេលវិស្សមកាលគ្រួសារនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ចាកកំពុងជិះស្គីលើទឹក នៅពេលរលកបានបោកបក់គាត់ចូលទៅលើផ្ទាំងថ្ម បាក់-ករបស់គាត់ និងរងរបួសធ្ងន់ធ្ងរដល់ខួរឆ្អឹងខ្នង ។ ក្រោយមក ចាក បាននិយាយថា « ពេលខ្ញុំប៉ះនឹងថ្មភ្លាម ខ្ញុំដឹងថា ខ្ញុំនឹងខ្វិនហើយ » ។ គាត់មិនអាចនិយាយ ទាំងមិនអាចដកដង្ហើមបានដោយខ្លួនគាត់ឡើយ ។
ក្រុមគ្រួសារ មិត្តភក្តិ និងសមាជិកស្តេកបានជួបជុំគ្នានៅជុំវិញបងប្រុស រូសតុន និងភរិយាគាត់ បងស្រី ចូ អាន ហើយនៅក្នុងចំណោមកិច្ចការជាច្រើន ក៏ត្រូវមានកិច្ចការមួយត្រូវធ្វើ គឺត្រូវកែច្នៃផ្ទះរបស់គាត់ឲ្យត្រូវនឹងរទេះរុញរបស់ចាក ។ ចូ អាន បានក្លាយជាអ្នកជួយដ៏សំខាន់របស់ចាករយៈពេល ២៣ ឆ្នាំ ។ យោងតាមដំណើររឿងព្រះគម្ពីរមរមន អំពីរបៀបដែលព្រះអម្ចាស់បានយាងទៅជួបរាស្រ្តរបស់ទ្រង់ កាលពួកគេជួបទុក្ខលំបាក ហើយបានធ្វើឲ្យបន្ទុករបស់ពួកគេបានធូរស្រាល ចូ អាន បាននិយាយថា « ជាញឹកញាប់ ខ្ញុំស្ងប់ស្ងែងនឹងពន្លឺនៃដួងចិត្តរបស់ខ្ញុំ ដែលខ្ញុំមានក្នុងការថែរក្សាស្វាមីខ្ញុំ » ។
ការផ្លាស់ប្តូរប្រព័ន្ធដកដង្ហើមរបស់គាត់ បានស្តារសមត្ថភាពរបស់ចាក ក្នុងការនិយាយ ហើយក្នុងមួយឆ្នាំ ចាកត្រូវបានគេហៅឲ្យបង្រៀនគោលលទ្ធិដំណឹងល្អ និងជាអយ្យកោប្រចាំស្តេក ។ នៅពេលគាត់អាចផ្តល់ពរជ័យអយ្យកោ នោះអ្នកកាន់បព្វជិតភាពម្នាក់ទៀតដាក់ដៃរបស់បងប្រុស រ៉ូសតុន នៅលើក្បាលរបស់បុគ្គលដែលកំពុងទទួលពរជ័យ ហើយជួយទប់ដៃរបស់គាត់អំឡុងធ្វើពិធីប្រសិទ្ធពរ ។ ចាក បានទទួលមរណភាពនៅថ្ងៃបុណ្យគ្រីស្ទម៉ាសនាឆ្នាំ ២០១២ បន្ទាប់ពីបានបម្រើយ៉ាងស្មោះត្រង់អស់រយៈពេល ២២ ឆ្នាំ ។
នៅពេលមួយក្នុងការសម្ភាសន៍ ចាក បានសង្កេតឃើញថា « បញ្ហានានានឹងកើតឡើងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា វាគឺជាផ្នែកមួយនៃការមកកាន់ផែនដីនេះ ។ ហើយមនុស្សមួយចំនួនគិតថា សាសនា ឬការមានជំនឿលើព្រះនឹងការពារអ្នកពីរឿងអាក្រក់ទាំងនោះ ។ ខ្ញុំគិតថា នោះមិនត្រឹមត្រូវទេ ។ ខ្ញុំគិតថា រឿងដែលសំខាន់នោះគឺ បើជំនឿរបស់យើងរឹងមាំ នៅពេលរឿងអាក្រក់ៗកើតឡើង ដែលវាប្រាកដជាកើតឡើង នោះយើងអាចប្រឈមមុខនឹងវាបាន ។ … សេចក្តីជំនឿរបស់ខ្ញុំមិនដែលវៀចវេរទេ ប៉ុន្តែនោះមិនមានន័យថា ខ្ញុំមិនដែលមានរឿងស្មុគស្មាញនោះដែរ ។ ខ្ញុំគិតថា ជាលើកដំបូងនៅក្នុងជីវិតខ្ញុំ ខ្ញុំត្រូវបានរុញច្រានឲ្យទ័លច្រក ហើយគ្មានកន្លែងណាឲ្យខ្ញុំងាកទៅរកជំនួយទេ ដូច្នេះខ្ញុំក៏បានងាកទៅសូមជំនួយពីព្រះអម្ចាស់ ហើយនៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព » ។
នេះគឺជាសម័យដែលពេលខ្លះ មានការវាយលុកដោយគ្មានមេត្តានៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោយផ្ទាល់ ប្រឆាំងដល់ជនទាំងឡាយណាដែលស្វែងរកដើម្បីលើកតម្កើងបទដ្ឋានរបស់ព្រះអម្ចាស់ ទាំងសម្លៀកបំពាក់ ការកម្សាន្ត និងបរិសុទ្ធភាពខាងផ្លូវភេទ ។ ជាញឹកញាប់ គឺជាយុវវ័យ និងយុវមជ្ឈិមវ័យក្នុងចំណោមពួកបរិសុទ្ធ ក៏ដូចជាស្រ្តី និងម្តាយទាំងឡាយ ដែលស៊ូទ្រាំនឹងការសើចចំអក និងការធ្វើទុក្ខបុកម្នេញនេះ ។ វាមិនមែនងាយស្រួលទេក្នុងការនៅឲ្យឆ្ងាយពីការបៀតបៀននេះ ប៉ុន្តែសូមចងចាំពាក្យសម្ដីរបស់ពេត្រុសថា ៖ « បើសិនជាគេតិះដៀលអ្នករាល់គ្នាដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ » ។
នៅក្នុងសួនច្បារអេដែន អ័ដាម និង នាងអេវ៉ា « គ្មានសេចក្ដីអំណរ ព្រោះពួកគេមិនស្គាល់សេចក្ដីទុក្ខវេទនា » ។ ឥឡូវនេះ នៅពេលការទទួលខុសត្រូវចាប់ផ្តើម យើងរកឃើញសេចក្តីអំណរនៅក្នុងការយកឈ្នះលើសេចក្តីវេទនាមិនថាតាមទម្រង់ណានោះទេ មិនថាវាជាអំពើបាប ការសាកល្បង ភាពទន់ខ្សោយ ឬឧបសគ្គណាផ្សេងទៀតដែលរារាំងមិនឲ្យយើងមានសុភមង្គលនោះឡើយ ។ នេះគឺជាសេចក្តីអំណរនៃរកឃើញការរីកចម្រើននៅលើផ្លូវនៃភាពជាសិស្ស សេចក្តីអំណរនៃការ « បានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ ហើយដោយមានសេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » សេចក្តីអំណរនៃការមានអារម្មណ៍ថាព្រលឹងមួយបានរីកចម្រើនឡើងតាមរយៈព្រះគុណនៃព្រះគ្រីស្ទ ។
សេចក្តីអំណរក្នុងការបម្រើដូចជាព្រះគ្រីស្ទ
ព្រះអង្គសង្រ្គោះមានសេចក្តីអំណរនៅក្នុងការនាំមកនូវជីវិតអមតៈ និងអស់កល្បជានិច្ច ។ ពេលនិយាយពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា ៖
« ដូចនៅក្នុងគ្រប់រឿងទាំងអស់ដែរ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុត ‹ ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង › [ ហេព្រើរ ១២:២ ] ។ ចូរគិតទៅមើល ! ដើម្បីទ្រង់អាចស៊ូទ្រាំបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលទ្រង់បានស៊ូទ្រាំនៅលើផែនដីនេះ នោះព្រះអង្គសង្គ្រោះយើងបានផ្តោតព្រះទ័យទ្រង់ទៅលើសេចក្តីអំណរ !
« ហើយតើមានអំណរអ្វីខ្លះដែលនៅចំពោះទ្រង់ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និង ការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យបងប្អូន និង រូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និង មានភាពស័ក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និងក្រុមគ្រួសារសួគ៌ា » ។
ស្រដៀងគ្នានេះដែរ សេចក្តីអំណរ « នៅចំពោះយើង » គឺជាសេចក្តីអំណរនៃការជួយព្រះអង្គសង្រ្គោះនៅក្នុងកិច្ចការប្រោសលោះរបស់ទ្រង់ ។ ក្នុងនាមជាពូជពង្ស និងកូនចៅរបស់អ័ប្រាហាំយើងទទួលពរជ័យជាក្រុមគ្រួសារទាំងអស់នៅលើផែនដី « ដោយព្រះពរទាំងឡាយនៃដំណឹងល្អ ដែលជាព្រះពរទាំងឡាយខាងសេចក្ដីសង្គ្រោះ គឺខាងជីវិតដ៏នៅអស់កល្បជានិច្ច » ។
ពាក្យសំដីរបស់អាលម៉ាក៏ផុសឡើងក្នុងគំនិត ៖
« នេះគឺជាការអួតរបស់ខ្ញុំ ក្រែងខ្ញុំអាចបានទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ ដើម្បីនាំមនុស្សខ្លះទៅកាន់ការប្រែចិត្ត ហើយនេះគឺសេចក្ដីអំណររបស់ខ្ញុំ ។
« ហើយមើលចុះ កាលខ្ញុំឃើញបងប្អូនខ្ញុំជាច្រើនបានប្រែចិត្តជាពិតប្រាកដ ហើយមករកព្រះអម្ចាស់ជាព្រះរបស់គេ នៅពេលនោះ ព្រលឹងខ្ញុំពោរពេញទៅដោយសេចក្ដីអំណរ ។ …
« ប៉ុន្តែខ្ញុំមិនមានសេចក្ដីអំណរតែនៅក្នុងការជោគជ័យរបស់ខ្ញុំប៉ុណ្ណោះទេ តែសេចក្ដីអំណររបស់ខ្ញុំពោរពេញថែមឡើង ដោយព្រោះភាពជោគជ័យរបស់បងប្អូនខ្ញុំ ដែលបានឡើងទៅឯដែនដីនីហ្វៃ ។ …
« ឥឡូវនេះ កាលខ្ញុំនឹកដល់ការជោគជ័យរបស់បងប្អូនទាំងនេះ នោះព្រលឹងខ្ញុំត្រូវបានបណ្ដែតចេញទៅ គឺឃ្លាតចេញពីរូបកាយ នៅពេលនោះសេចក្ដីអំណររបស់ខ្ញុំធំអស្ចារ្យណាស់ » ។
ផលផ្លែនៃការបម្រើរបស់យើងចំពោះគ្នាទៅវិញទៅមកនៅក្នុងសាសនាចក្រគឺជាផ្នែកនៃសេចក្តីអំណរ « នៅចំពោះយើង » ។ ទោះបីជានៅគ្រាដែលបាក់ទឹកចិត្ត ឬ ស្មុគស្មាញក្តី យើងអាចធ្វើការងារបម្រើដោយអំណត់ ប្រសិនបើយើងផ្តោតសំខាន់នៅលើសេចក្តីអំណរដែលគាប់ព្រះហឫទ័យព្រះ និងការនាំមកនូវពន្លឺ ការធូរស្បើយ និងសុភមង្គលមកកាន់កូនចៅរបស់ទ្រង់ ដែលជាបងប្អូនប្រុសស្រីរបស់យើង ។
ពេលនៅ ហៃទី កាលពីខែមុនដើម្បីធ្វើការឧទិ្ទសឆ្លងព្រះវិហារបរិសុទ្ធ ផត អូ ព្រីន អែលឌើរ ដេវីឌ និង ស៊ីស្ទើរ ស៊ូសាន បែដណា បានជួបជាមួយនឹងប្អូនស្រីម្នាក់ដែលស្វាមីនាងបានស្លាប់នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់កាលពីរបីថ្ងៃមុន ។ ពួកគាត់បានយំជាមួយនឹងនាង ។ ប៉ុន្តែ នៅថ្ងៃអាទិត្យប្អូនស្រីជាទីស្រឡាញ់ម្នាក់នេះបានបម្រើការងារនាងជាអ្នកនាំផ្លូវនៅក្នុងពិធីធ្វើការឧទិ្ទសឆ្លងនេះ ដោយមានស្នាមញញឹមដ៏ទន់ភ្លន់ និងរាក់ទាក់ចំពោះមនុស្សគ្រប់គ្នាដែលចូលព្រះវិហារបរិសុទ្ធ ។
ខ្ញុំជឿថា « អំណរនៃពួកបរិសុទ្ធ » ដ៏ធំបំផុតកើតមានឡើងតាមរយៈការដឹងថា ព្រះអង្គសង្គ្រោះទូលអង្វរចំពោះបុព្វហេតុរបស់ពួកគេ ហើយគ្មានអ្នកណាមួយអាចយល់នូវសេចក្ដីអំណរដែល [នឹង] ពោរពេញនៅក្នុងព្រលឹងនៃយើង [កាល] យើងបានឮ [ព្រះយេស៊ូវ] អធិស្ឋានដល់ព្រះវរបិតាសម្រាប់យើងនោះទេ » ។ ជាមួយប្រធាន រ័សុល អិម ណិលសុន ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្តីអំណរគឺជាអំណោយទានសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ « ដែលបានស៊ូទ្រាំនូវឈើឆ្កាងទាំងឡាយនៃពិភពលោក » ហើយពួកគេ « មានចេតនាព្យាយាមរស់នៅក្នុងជីវិតសុចរិត ដូចដែលបានបង្រៀនដោយព្រះគ្រីស្ទ » ។ សូមឲ្យបងប្អូនពោរពេញដោយសេចក្តីអំណរ ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។