សមត្ថភាពខាងវិញ្ញាណ
ក្នុងនាមជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ បងប្អូនអាចទទួលការបំផុស និងវិវរណៈផ្ទាល់ខ្លួនស្របទៅនឹងបទបញ្ញត្តិរបស់ទ្រង់ដែលមានជាពិសេសសម្រាប់បងប្អូន ។
ពេលខ្ញុំចាកចេញពីការបោះជំរំយុវនារីកាលពីរដូវក្ដៅនេះ យុវនារីដ៏ផ្អែមល្ហែមម្នាក់បានហុចលិខិតមួយមកខ្ញុំ ។ នៅក្នុងលិខិតនោះ នាងបានសួរថា « តើខ្ញុំអាចដឹងបានដោយរបៀបណា ពេលដែលព្រះកំពុងព្យាយាមប្រាប់ខ្ញុំអ្វីមួយនោះ ? » ខ្ញុំ ចូលចិត្ត សំណួររបស់នាងណាស់ ។ ព្រលឹងយើងចង់មានទំនាក់ទំនងមួយជាមួយនឹងគេហដា្ឋនសួគ៌របស់យើងយ៉ាងខ្លាំង ។ យើងចង់មានអារម្មណ៍ថា មានគេត្រូវការយើង ហើយថាយើងមានប្រយោជន៍ ។ ប៉ុន្តែពេលខ្លះ យើងមានការលំបាកក្នុងការបែងចែកឲ្យដាច់រវាងគំនិតយើងផ្ទាល់ និងការបំផុសដ៏ស្រទន់ពីព្រះវិញ្ញាណ ។ ពួកព្យាការី ទាំងបុរាណ និងសម័យទំនើប បានបង្រៀនថា ប្រសិនបើអ្វីមួយ « អញ្ជើញ និងល្បួងឲ្យធ្វើល្អ នោះវាមកពីព្រះគ្រីស្ទ » ។
ប្រធាន រ័សុល អិម ណិលសុន បានធ្វើការអញ្ជើញដ៏សាមញ្ញដ៏មានអានុភាពមួយ ៖ « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូម អង្វរ បងប្អូនឲ្យបង្កើន សមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។… សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ ។
បំណងប្រាថ្នារបស់ខ្ញុំព្រឹកនេះ គឺនិយាយទៅបងប្អូន ចេញពីចិត្តខ្ញុំអំពីវិធីបួនយ៉ាងដើម្បីបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។
១. មានបំណងក្នុងការបង្កើតពេលវេលា និងទុកចន្លោះ ដើម្បីស្ដាប់ឮព្រះសូរសៀងរបស់ព្រះ
ពេលបងប្អូនប្រើសិទ្ធិជ្រើសរើសរបស់បងប្អូនដាក់កាលវិភាគជារៀងរាល់ថ្ងៃដើម្បីខិតកាន់តែជិតព្រះសូរសៀងរបស់ព្រះ ជាពិសេសនៅក្នុងព្រះគម្ពីរមរមន នោះយូរៗទៅ ព្រះសូរសៀងរបស់ទ្រង់នឹងឮកាន់តែច្បាស់ និងកាន់តែងាយស្គាល់ចំពោះបងប្អូន ។
ផ្ទុយពីនោះ ការរំខាន និង សម្លេង ដែលមានពេញពិភពលោក និងគេហដ្ឋាន ព្រមទាំងជីវិតរបស់យើង វាអាចធ្វើឲ្យយើងកាន់តែពិបាកក្នុងការស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ។ ការរំខានទាំងនេះ អាចធ្វើឲ្យគំនិត និងចិត្តយើងរវល់យ៉ាងខ្លាំង ដែលធ្វើឲ្យយើងពុំមានកន្លែងសម្រាប់ការបំផុសដ៏ស្រទន់ពីព្រះវិញ្ញាណបរិសុទ្ធ ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ជាញឹកញាប់បំផុត ព្រះបើកបង្ហាញព្រះអង្គទ្រង់ « ដល់បុគ្គលទាំងឡាយដោយផ្ទាល់ក្នុងទីឯកជនរបស់ពួកគេ ក្នុងទី ឬវាលរហោស្ថាន ដែលជាទូទៅពុំមានសម្លេង ឬភាពអ៊ូអរ » ។
សាតាំងចង់បំបែកយើងពីព្រះសូរសៀងរបស់ព្រះ ដោយរារាំងយើងមិនឲ្យទៅកន្លែងស្ងប់ស្ងាត់ទាំងនោះ ។ បើព្រះមានបន្ទូលជាសម្លេងតូចរហៀង នោះបងប្អូន និងខ្ញុំត្រូវតែខិតទៅជិតដើម្បីស្ដាប់ទ្រង់ ។ សូមស្រមៃមើល តើអ្វីនឹងកើតឡើងបើយើងមានបំណងក្នុងការបន្តភ្ជាប់នឹងស្ថានសួគ៌ដូចដែលយើងមានបំណងបន្តភ្ជាប់នឹង Wi-Fi នោះ ! សូមជ្រើសពេលវេលា និងកន្លែងដើម្បីស្ដាប់ព្រះសូរសៀងរបស់ព្រះជារៀងរាល់ថ្ងៃ ។ ហើយរក្សាការណាត់ជួបដ៏ពិសិដ្ឋនេះដោយភាពជាក់លាក់ ដ្បិតអ្វីៗច្រើនណាស់ពឹងផ្អែកលើវា !
២. ប្រព្រឹត្តដោយមិនបង្អង់
ពេលបងប្អូនទទួលការបំផុស ហើយប្រព្រឹត្តដោយមានចេតនា នោះព្រះអម្ចាស់អាចប្រើប្រាស់បងប្អូន ។ ពេលបងប្អូនអនុវត្តកាន់តែច្រើន នោះបងប្អូនកាន់តែស្គាល់ព្រះសូរសៀងនៃព្រះវិញ្ញាណ ។ បងប្អូននឹងកាន់តែស្គាល់ការដឹកនាំរបស់ព្រះ ហើយថាទ្រង់ « មានព្រះរាជបំណង… ដើម្បីបង្ហាញព្រះតម្រិះ និងព្រះរាជបំណងរបស់ទ្រង់ » ។ បើបងប្អូនបង្អង់ នោះបងប្អូនអាចភ្លេចការបំផុសនោះ ឬបាត់បង់ឱកាសដើម្បីជួយនរណាម្នាក់ជំនួសព្រះ ។
៣. ធ្វើការងាររបស់បងប្អូនពីព្រះអម្ចាស់
ការអធិស្ឋានដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឆ្លើយតប គឺជាការអង្វរដើម្បីត្រូវបានដឹកនាំទៅកាន់នរណាម្នាក់ដែលត្រូវការជំនួយរបស់យើង ។ ប្រធានហែនរី ប៊ី អាវរីង បានបង្រៀនយើងឲ្យស្វែងរកវិវរណៈដោយការសួរដល់ព្រះថាយើងអាចជួយនរណាជំនួសទ្រង់ ។ « បើបងប្អូនសួរសំណួរដូចនោះ ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមក ហើយបងប្អូននឹងទទួលការបំផុសអំពីការណ៍ទាំងឡាយដែលបងប្អូនអាចធ្វើសម្រាប់មនុស្សផ្សេងទៀត ។ ពេលបងប្អូនទៅ ហើយធ្វើការណ៍ទាំងនោះ បងប្អូនធ្វើកិច្ចការរបស់ព្រះអម្ចាស់ ហើយពេលបងប្អូនធ្វើកិច្ចការរបស់ព្រះអម្ចាស់ នោះបងប្អូនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីមានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ » ។
បងប្អូនអាចអធិស្ឋាន ហើយសូមការងារពីព្រះអម្ចាស់ ។ ពេលបងប្អូនធ្វើដូច្នោះ ទ្រង់អាចប្រើប្រាស់ជំនាញធម្មតារបស់បងប្អូន ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។
ជីតាខ្ញុំ ហ្វ្រិត ហាលម៉ា ឡាន់គ្រិន បានធ្វើអន្តោប្រវេសន៍ពីប្រទេសស៊ុយអែត ពេលគាត់មានអាយុ ១៩ ឆ្នាំ ។ គាត់បានមកដល់អាមេរិកតែម្នាក់ឯង ជាមួយនឹងវ៉ាលីមួយ និងការសិក្សាជាផ្លូវការរយៈពេលប្រាំមួយឆ្នាំតែប៉ុណ្ណោះ ។ ដោយពុំចេះអង់គ្លេសសោះ នោះគាត់បានធ្វើដំណើរទៅរដ្ឋអ័រហ្គិន ហើយបានធ្វើការនៅទីនោះជាអ្នកកាប់ឈើ ក្រោយមកបានចូលរួមនឹងសាសនាចក្រជាមួយយាយខ្ញុំ និងម្ដាយខ្ញុំ ។ គាត់ពុំដែលធ្វើជាអធិបតីក្នុងវួដ ប៉ុន្តែគាត់ជាគ្រូបង្រៀនតាមផ្ទះដ៏ស្មោះត្រង់ម្នាក់ គាត់បាននាំ ៥០ គ្រួសារឲ្យមកសកម្មឡើងវិញក្នុងសាសនាចក្រ ។ តើគាត់ធ្វើរបៀបណា ?
បន្ទាប់ពីលោកយាយបានទទួលមរណភាពទៅ ខ្ញុំបានរើប្រអប់ដាក់ឯកសារមួយរបស់លោកតា ហើយបានឃើញលិខិតមួយសរសេរដោយបុរសម្នាក់ដែលបានត្រឡប់មកព្រះវិហារវិញដោយសារសេចក្ដីស្រឡាញ់របស់លោកតា ។ លិខិតនោះសរសេរថា « ខ្ញុំជឿថា ការសម្ងាត់របស់បងប្រុសហ្វ្រីត គឺថា គាត់តែងតែធ្វើការងារសម្រាប់ព្រះវរបិតាសួគ៌ជានិច្ច » ។
លិខិតនោះមកពីបងប្រុស វេន ស៊ីមុនីស ។ លោកតាបានសួរសុខទុក្ខគាត់ ហើយបានស្គាល់សមាជិកគ្រប់គ្នាក្នុងគ្រួសារនោះ ។ នៅទីបំផុត លោកតាបានប្រាប់ពួកគេថា ព្រះត្រូវការពួកគេ ហើយបានអញ្ជើញពួកគេឲ្យមកព្រះវិហារ ។ ប៉ុន្តែនៅថ្ងៃអាទិត្យនោះ បងប្រុសស៊ីមុនីសបានភ្ញាក់ឡើងដោយមានបញ្ហាមួយ—គាត់មិនទាន់ជួសជុលដំបូលផ្ទះរបស់គាត់ ហើយគេរំពឹងថាមានភ្លៀងនៅសប្ដាហ៍នោះ ។ គាត់បានសម្រេចចិត្តថា គាត់នឹងទៅព្រះវិហារ ចាប់ដៃជាមួយលោកតា រួចត្រឡប់មកផ្ទះវិញដើម្បីជួលជុលដំបូលផ្ទះឲ្យហើយ ។ គ្រួសាររបស់គាត់អាចចូលរួមការប្រជុំសាក្រាម៉ង់ដោយគ្មានរូបគាត់ ។
ផែនការរបស់គាត់ដំណើរការល្អ តែគាត់បានឮនរណាម្នាក់ឡើងតាមកាំជណ្ដើរ ពេលគាត់នៅលើដំបូលផ្ទះ ។ ក្នុងសម្ដីរបស់គាត់ ៖ « ពេលខ្ញុំងើយក្បាលឡើង… ខ្ញុំឃើញបងប្រុសហ្វ្រីតនៅលើជណ្ដើរ ។ គាត់ញញឹមពព្រាយមកកាន់ខ្ញុំ ។ ដំបូងឡើង ខ្ញុំខ្មាស ហើយមានអារម្មណ៍ដូចកូនក្មេងដែលគេតាមទាន់ពេលគេចសាលារៀនអញ្ចឹង ។ បន្ទាប់មក …ខ្ញុំមានអារម្មណ៍ខឹង ។ [ ប៉ុន្តែបងប្រុសហ្វ្រីត ] ដោះអាវធំគាត់ចេញ ហើយព្យួរវានៅលើជណ្ដើរ ។ គាត់មូរដៃអាវពណ៌សរបស់គាត់ គាត់បានបែរមកខ្ញុំ ហើយនិយាយថា ‹ បងប្រុស ស៊ីមុនីស តើបងមានញញួរមួយទៀតទេ ? ការងារនេះប្រាកដជាសំខាន់ណាស់ បើមិនដូច្នោះទេបងមិនចេញពីគ្រួសារមកនោះទេ ហើយបើវាសំខាន់យ៉ាងនោះ ខ្ញុំចង់ជួយបង › ។ ពេលខ្ញុំមើលទៅភ្នែកគាត់ ខ្ញុំឃើញតែចិត្តសប្បុរស និងក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ។ កំហឹងរបស់ខ្ញុំបានរសាយបាត់ ។… ខ្ញុំបានដាក់ញញួរចុះនៅថ្ងៃអាទិត្យនោះ ហើយបានចុះជណ្ដើរទៅតាមមិត្តល្អរបស់ខ្ញុំ ហើយត្រឡប់ទៅព្រះវិហារវិញ ។
លោកតាបានទទួលការងារគាត់ពីព្រះអម្ចាស់ ហើយគាត់បានដឹងថា គាត់ត្រូវស្វែងរកចៀមដែលបាត់ ។ ដូចជាបុរសបួននាក់ដែលសែងមិត្តពួកគេដែលស្លាប់ដៃស្លាប់ជើងទៅលើដំបូល ហើយសម្រូតគាត់ចុះក្រោមដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទព្យាបាលគាត់ នោះការងាររបស់លោកតាក៏បាននាំគាត់ឲ្យទៅលើដំបូលមួយផងដែរ ។ ព្រះអម្ចាស់បញ្ជូនវិវរណៈទៅអ្នកទាំងឡាយដែលស្វែងរកអ្នកត្រូវការជំនួយ ។
៤. ជឿ ហើយទុកចិត្ត
ថ្មីៗនេះ ខ្ញុំបានអាននៅក្នុងព្រះគម្ពីរអំពីអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យម្នាក់ទៀត ដែលបានទទួលការងាររបស់គាត់ពីព្រះអម្ចាស់ ។ អើរ៉ុនបង្រៀនស្ដេចសាសន៍លេមិន ដែលបានឆ្ងល់ថាហេតុអ្វីអាំម៉ូនបងប្រុសរបស់អើរ៉ុន មិនបានមកបង្រៀនទ្រង់ដែរ ។ « ហើយអើរ៉ុនទូលទៅស្ដេចថា ៖ ក្រាបទូល ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានហៅឲ្យលោកទៅ ផ្លូវមួយទៀត
ព្រះវិញ្ញាណបានមានបន្ទូលទៅកាន់ដួងចិត្តខ្ញុំ ៖ យើងម្នាក់ៗមានបេសកកម្មខុសៗគ្នាដើម្បីធ្វើ ហើយពេលខ្លះព្រះវិញ្ញាណអាចហៅយើងទៅ « ផ្លូវមួយទៀត » ។ មានរបៀបជាច្រើនដើម្បីស្ថាបនានគររបស់ព្រះ ក្នុងនាមជាសិស្សដែលធ្វើសេចក្ដីសញ្ញា រក្សាសេចក្ដីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្នុងនាមជាសិស្សដ៏ស្មោះត្រង់របស់ទ្រង់ បងប្អូនអាចទទួលការបំផុស និងវិវរណៈផ្ទាល់ខ្លួនខ្ជាប់ខ្ជួននឹងបទបញ្ញត្តិរបស់ទ្រង់ដែលមានជាពិសេសសម្រាប់បងប្អូន ។ ខ្ញុំមានបេសកកម្ម និងតួនាទីដ៏ពិសេសនៅក្នុងជីវិត ហើយនឹងទទួលបានការណែនាំពិសេសដើម្បីបំពេញវា ។
នីហ្វៃ បងប្រុសរបស់យ៉ារេឌ សូម្បីតែម៉ូសេ ពួកលោកទាំងអស់គ្នាបានឆ្លងកាត់សមុទ្រដ៏ធំធេង—ហើយពួកលោកម្នាក់ៗបានធ្វើឆ្លងវាតាមរបៀបខុសៗគ្នា ។ នីហ្វៃបាន « យកឈើធ្វើរាងសំពៅដ៏វិចិត្រ » ។ បងប្រុសយ៉ារេឌ សង់ភេត្រាដែល «បិទជិតដូចជាចាន » ។ ម៉ូសេ « បានដើរលើដីគោគនៅកណ្ដាលសមុទ្រ » ។
ពួកលោកម្នាក់ៗបានទទួលការណែនាំផ្ទាល់ខ្លួន ដែលមានជាពិសេសដល់ពួកលោក ហើយពួកលោកម្នាក់ៗបានទុកចិត្ត និងប្រព្រឹត្តតាម ។ នៅក្នុងសម្ដីរបស់នីហ្វៃ ព្រះអម្ចាស់មានព្រះទ័យគិតគូរដល់អ្នកដែលគោរពតាម ហើយនឹង « រៀបចំផ្លូវ ដើម្បីឲ្យ [ យើង ] អាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជា » ។ សូមកត់សម្គាល់ នីហ្វៃនិយាយថា « ផ្លូវ »—មិនមែន « ផ្លូវនោះ »នោះទេ ។
តើយើងបានខកខាន ឬទុកចោលការងារផ្ទាល់ពីព្រះអម្ចាស់ដោយសារទ្រង់បានរៀបចំ « ផ្លូវ » ខុសពីផ្លូវមួយដែលយើងរំពឹងទុកឬទេ ?
លោកតាខ្ញុំត្រូវបានដឹកនាំទៅកាន់កន្លែងមិនធម្មតាមួយ—ទៅលើដំបូលផ្ទះក្នុងអាវធំគាត់ នៅថ្ងៃអាទិត្យនោះ ។ ចូរទុកចិត្តព្រះឲ្យដឹកនាំបងប្អូន សូម្បីតែផ្លូវនោះមើលទៅខុសពីអ្វីដែលបងប្អូនរំពឹងទុក ឬខុសពីផ្លូវរបស់អ្នកផ្សេងទៀត ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយមានរូបរាងខុសៗគ្នា ប៉ុន្តែ « ទាំងអស់ … ដូចគ្នានៅចំពោះព្រះ »—« គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី » នៅលីវ និងរៀបការ មាន និងក្រ ក្មេង និងចាស់ សមាជិកអស់មួយជីវិត និងអ្នកប្រែចិត្តជឿថ្មី ។ មិនថាបងប្អូនជានរណា ឬអ្វីដែលបងប្អូនកំពុងជួបប្រទះទេ បងប្អូនត្រូវបានអញ្ជើញមកឯតុរបស់ព្រះអម្ចាស់ ។
ពេលការស្វែងរក និងការធ្វើតាមព្រះរាជបំណងរបស់ព្រះបិតា ក្លាយជាគន្លងជីវិតប្រចាំថ្ងៃរបស់បងប្អូន នោះបងប្អូននឹងពិតជាត្រូវដឹកនាំឲ្យផ្លាស់ប្ដូរ និងប្រែចិត្ត ។
កម្មវិធីថ្មីរបស់សាសនាចក្រសម្រាប់កុមារ និងយុវវ័យ ត្រូវបានបង្កើតឡើងលើគ្រឹះនៃការរៀនសូត្រដើម្បីស្វែងរកវិវរណៈ រកមើលអ្វីដែលព្រះអម្ចាស់ឲ្យយើងធ្វើ ហើយបន្ទាប់មកធ្វើវាតាមការណែនាំនោះ ។ យើងម្នាក់ៗ មិនថាមានអាយុ ឬស្ថានភាពបែបណាទេ អាចពុះពារដើម្បី ស្វែងរក ទទួល និងធ្វើ ។ ពេលបងប្អូនធ្វើតាមគន្លងដ៏អស់កល្បនេះ ដែលបានបង្កើតឡើងសម្រាប់ជំនាន់របស់យើង នោះបងប្អូននឹងកាន់តែខិតជិតព្រះយេស៊ូវគ្រីស្ទ—ក្ដីស្រឡាញ់ទ្រង់ ពន្លឺទ្រង់ ការណែនាំទ្រង់ ភាពសុខសាន្តទ្រង់ ព្រមទាំងព្យាបាល និងព្រះចេស្ដាធ្វើឲ្យកើតឡើងរបស់ទ្រង់ ។ ហើយបងប្អូននឹងបង្កើនសមត្ថភាពខាងវិញ្ញាណដើម្បីក្លាយជាឧបករណ៍មួយក្នុងព្រះហស្ដទ្រង់ជារៀងរាល់ថ្ងៃ ក្នុងការសម្រេចនូវកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។