ការកែសម្រួលដើម្បីពង្រឹងដល់យុវវ័យ
យើងមានទំនុកចិត្តថា យុវជនយុវនារីជាច្រើននឹងមានសមត្ថភាពប្រឈមនឹងឧបសគ្គ ហើយបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយសារតែការផ្ដោតដ៏សំខាន់លើយុវវ័យរបស់យើងនេះ ។
អរគុណ ប្រធាន ណិលសុន ចំពោះការដឹកនាំដ៏មានវិវរណៈពេញដោយអំណរស្ដីពីពួកសាក្សីនៅឯពិធីបុណ្យជ្រមុជទឹក និងការដឹកនាំដែលលោកបានសុំឲ្យយើងចែកចាយ ដើម្បីជួយពង្រឹងដល់យុវវ័យ ហើយអភិវឌ្ឍសក្ដានុពលដ៏ពិសិដ្ឋរបស់ពួកគេ ។
ពីមុនខ្ញុំចែកចាយការកែសម្រួលទាំងនេះ យើងសូមសម្ដែងអំណរគុណដោយស្មោះចំពោះវិធីដ៏ប្រពៃដែលសមាជិកបានឆ្លើយតបចំពោះការអភិវឌ្ឍនៅក្នុងការស្តារឡើងវិញនៃដំណឹងល្អជាបន្តបន្ទាប់នេះ ។ ដូចដែលប្រធានណិលសុនបានណែនាំកាលពីឆ្នាំមុនហើយថា បងប្អូនត្រូវលេបថ្នាំវីតាមីនរបស់បងប្អូន !
បងប្អូនសិក្សាសៀវភៅ ចូរមកតាមខ្ញុំដោយរីករាយនៅឯគេហដ្ឋាន ។ បងប្អូនក៏បានឆ្លើយតបចំពោះការកែសម្រួលនៅឯព្រះវិហារផងដែរ ។ សមាជិកនៃកូរ៉ុមអែលឌើរ និងបងប្អូនស្រីក្នុងសមាគមសង្គ្រោះបានរួបរួមគ្នាធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ ។
យើងអរគុណខ្លាំងណាស់ ។ យើងមានអំណរគុណជាពិសេស ដែលយុវវ័យរបស់យើងបន្តរឹងមាំ ហើយស្មោះត្រង់ ។
យុវវ័យរបស់យើងរស់នៅក្នុងគ្រាដ៏រីករាយមួយ ក៏ជាគ្រាដ៏លំបាកផងដែរ ។ វាមាននូវការជ្រើសរើសដ៏ច្រើនលើសគ្រាណាៗទាំងអស់ ។ ឧទាហរណ៍ទីមួយ ៖ ទូរសព្ទទំនើបផ្ដល់នូវព័ត៌មានដ៏សំខាន់ ហើយលើកស្ទួយបំផុត រួមមានពង្សប្រវត្តិ និងព្រះគម្ពីរបរិសុទ្ធ ។ ម្យ៉ាងទៀត វាក៏មាននូវភាពឆ្កួតលីលា អសីលធម៌ និងអំពើអាក្រក់ដែលពុំធ្លាប់មានកាលពីមុនផងដែរ ។
ដើម្បីជួយយុវវ័យរបស់យើងឲ្យជ្រើសរើសត្រឹមត្រូវ នោះសាសនាចក្របានរៀបចំគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យ ហើយមានភាពទូលំទូលាយចំនួនបី ។ ទីមួយ កម្មវិធីសិក្សាត្រូវពង្រឹង ហើយពង្រីកទៅដល់គេហដ្ឋាន ។ ទីពីរ កម្មវិធីមួយសម្រាប់កុមារ និងយុវវ័យ ដែលដាក់បញ្ចូលនូវសកម្មភាពដ៏រីករាយ និងការអភិវឌ្ឍផ្ទាល់ខ្លួន ត្រូវបានធ្វើបទបង្ហាញកាលពីថ្ងៃអាទិត្យមុនដោយប្រធាន រ័សុល អិម ណិលសុន ប្រធាន អិម. រ័សុល បាឡឺត និងពួកអ្នកកាន់តំណែងទូទៅ ។ គំនិតផ្ដួចផ្ដើមទីបីគឺជាការផ្លាស់ប្ដូររចនាសម្ព័ន្ធដើម្បីធ្វើឲ្យយុវវ័យក្លាយជាការផ្ដោតដ៏សំខាន់មួយរបស់ប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀត ។ ការផ្ដោតនេះត្រូវតែមានអនុភាពខាងវិញ្ញាណ ហើយជួយយុវវ័យរបស់យើងឲ្យក្លាយជាអ្នកចម្បាំងវ័យក្មេងដូចដែលប្រធានណិលសុនបានសុំពួកគេឲ្យធ្វើ ។
លំនាំដែលទាក់ទងគ្នា
ការខិតខំប្រឹងប្រែងទាំងនេះ រួមជាមួយនឹងអ្វីៗដែលបានប្រកាសកាលពីពីរបីឆ្នាំមុន ពុំមែនជាការផ្លាស់ប្ដូរដែលពុំជាប់ទាក់ទងគ្នានោះឡើយ ។ ការកែសម្រួលនីមួយៗគឺជាផ្នែកមួយដ៏សំខាន់នៃលំនាំដែលទាក់ទងគ្នាមួយ ដើម្បីផ្ដល់ពរដល់ពួកបរិសុទ្ធ ហើយរៀបចំពួកគេដើម្បីជួបនឹងព្រះ ។
ផ្នែកមួយនៃលំនាំជាប់ទាក់ទងនឹងជំនាន់ដែលកំពុងពេញវ័យ ។ យុវវ័យរបស់យើងកំពុងត្រូវបានសុំឲ្យទទួលយកការទទួលខុសត្រូវជាច្រើនក្នុងវ័យក្មេង—ដោយពុំឲ្យឪពុកម្ដាយ និងថ្នាក់ដឹកនាំធ្វើអ្វីដែលយុវវ័យអាចធ្វើដោយខ្លួនឯងឡើយ ។
សេចក្ដីប្រកាស
នៅថ្ងៃនេះ យើងសូមប្រកាសពីការផ្លាស់ប្ដូររចនាសម្ព័ន្ធសម្រាប់យុវវ័យនៅកម្រិតវួដ និងស្តេក ។ ដូចដែលប្រធានណិលសុនបានពន្យល់ នោះស៊ីស្ទើរ បូនី អេច ខ័រឌុន នឹងពិភាក្សាពីការផ្លាស់ប្ដូរសម្រាប់យុវនារីនៅល្ងាចនេះ ។ គោលបំណងមួយសម្រាប់ការផ្លាស់ប្ដូរដែលខ្ញុំនឹងពិភាក្សានាពេលនេះ គឺដើម្បីពង្រឹងពួកអ្នកកាន់បព្វជិតភាពអើរ៉ុន កូរ៉ុម និងគណៈប្រធានកូរ៉ុមនៃបព្វជិតភាពអើរ៉ុន ។ ការផ្លាស់ប្ដូរទាំងនេះស្របទៅនឹងការអនុវត្តរបស់យើងជាមួយនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៥ ដែលចែងថា « គណៈប៊ីស្សពគឺជាគណៈប្រធាននៃបព្វជិតភាព [ អើរ៉ុន ] នេះ ហើយកាន់កូនសោទាំងឡាយ ឬសិទ្ធិអំណាចដូចគ្នា » ។
កាតព្វកិច្ចមួយរបស់ប៊ីស្សពដែលចែងនៅក្នុងបទគម្ពីរគឺធ្វើជាអធិបតីលើពួកសង្ឃ ហើយអង្គុយនៅក្នុងក្រុមប្រឹក្សាជាមួយពួកគេ បង្រៀនពួកគេពីកាតព្វកិច្ចនៃតំណែងរបស់ពួកគេ ។ លើសពីនេះទៀត ទីប្រឹក្សាទីមួយនៅក្នុងគណៈប៊ីស្សពនឹងមានការទទួលខុសត្រូវជាក់លាក់សម្រាប់ពួកគ្រូ ហើយទីប្រឹក្សាទីពីរមើលឌីកុន ។
ដូច្នេះហើយ ដើម្បីសម្របជាមួយនឹងវិវរណៈនេះនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា នោះគណៈប្រធានយុវជននៅកម្រិតវួដនឹងឈប់មានតទៅទៀតហើយ ។ បងប្អូនប្រុសស្មោះត្រង់ទាំងនេះបានធ្វើការណ៍ល្អជាច្រើន ហើយយើងសូមថ្លែងអំណរគុណចំពោះពួកគេ ។
យើងសង្ឃឹមថា គណៈប៊ីស្សពនឹងផ្ដល់ការគូសបញ្ជាក់ និងការផ្ដោតដ៏សំខាន់ចំពោះការទទួលខុសត្រូវបព្វជិតភាពរបស់យុវជន ហើយជួយពួកគេនៅក្នុងកាតព្វកិច្ចកូរ៉ុមរបស់ពួកគេ ។ ពួកមជ្ឈិមវ័យដ៏មានសមត្ថភាពជាអ្នកផ្ដល់ប្រឹក្សាដល់យុវជននឹងត្រូវបានហៅឲ្យជួយគណៈប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុន និងគណៈប៊ីស្សពនៅក្នុងកាតព្វកិច្ចរបស់ពួកគេ ។ យើងមានទំនុកចិត្តថា យុវជនយុវនារីជាច្រើននឹងមានសមត្ថភាពប្រឈមនឹងឧបសគ្គ ហើយបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញាជាមួយនឹងការផ្ដោតដ៏សំខាន់លើយុវវ័យរបស់យើងនេះ ។
នៅក្នុងលំនាំបំផុសគំនិតរបស់ព្រះអម្ចាស់ នោះប៊ីស្សពមានការទទួលខុសត្រូវសម្រាប់មនុស្សគ្រប់គ្នានៅក្នុងវួដ ។ គាត់ផ្ដល់ពរជ័យដល់ឪពុកម្ដាយរបស់យុវវ័យ ក៏ដូចជាយុវវ័យផងដែរ ។ ប៊ីស្សពម្នាក់បានរកឃើញថា កាលគាត់ប្រឹក្សាជាមួយយុវជនម្នាក់ដែលមានបញ្ហានឹងរឿងអាសគ្រាម នោះគាត់អាចជួយយុវជននោះប្រែចិត្តបាន លុះត្រាតែគាត់ជួយឪពុកម្ដាយឲ្យមានប្រតិកម្មដោយសេចក្ដីស្រឡាញ់ និងការយល់ចិត្ត ។ ការព្យាបាលយុវជននោះគឺជាការព្យាបាលមួយដល់គ្រួសារគាត់ ហើយអាចកើតឡើងតាមរយៈប៊ីស្សពធ្វើការជំនួសឲ្យគ្រួសារនោះ ។ ឥឡូវនេះ យុវជននេះបានក្លាយជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកសក្ដិសមម្នាក់ និងជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
ដូចដែលដំណើររឿងនេះបានលើកឡើង ការកែសម្រួលនេះនឹង ៖
-
ជួយប៊ីស្សព និងទីប្រឹក្សារបស់គាត់ផ្ដោតលើការទទួលខុសត្រូវសំខាន់របស់ពួកគាត់ចំពោះយុវវ័យ និងកុមារក្នុងអង្គការបឋមសិក្សា ។
-
ដាក់អំណាច និងកាតព្វកិច្ចនៃបព្វជិតភាពអើរ៉ុនផ្ដោតសំខាន់លើជីវិតផ្ទាល់ខ្លួន និងគោលដៅរបស់យុវជនគ្រប់រូប ។
ការកែសម្រួលទាំងនេះក៏ ៖
-
គូសបញ្ជាក់ពីការទទួលខុសត្រូវរបស់គណៈប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុន និងការរាយការណ៍ដោយផ្ទាល់របស់ពួកគេទៅគណៈប៊ីស្សពផងដែរ ។
-
លើកទឹកចិត្តថ្នាក់ដឹកនាំដែលជាមជ្ឈិមវ័យឲ្យជួយ ហើយណែនាំដល់គណៈប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុននៅក្នុងការតម្កើងអំណាច និងសិទ្ធិអំណាចនៃតំណែងរបស់ពួកគេ ។
ដូចដែលបានកត់ចំណាំ ការកែសម្រួលទាំងនេះពុំកាត់បន្ថយការទទួលខុសត្រូវរបស់គណៈប៊ីស្សពចំពោះ យុវនារី ឡើយ ។ ដូចប្រធានណិលសុនទើបបានបង្រៀនថា « ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ [ប៊ីស្សព] គឺ ដើម្បីមើលថែយុវជន និង យុវនារី នៅក្នុងវួដរបស់គាត់ » ។
តើប៊ីស្សពដែលខិតខំធ្វើការដ៏ជាទីស្រឡាញ់របស់យើងនឹងបំពេញការទទួលខុសត្រូវនេះតាមរបៀបណា ? ដូចបងប្អូនចាំថា នៅឆ្នាំ២០១៨ កូរ៉ុមបព្វជិតភាពមិលគីស្សាដែកត្រូវបានកែសម្រួលឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមសង្គ្រោះ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ដើម្បីកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះអាចជួយធ្វើការទទួលខុសត្រូវសំខាន់ៗដែលកាលពីមុន ត្រូវការពេលវេលារបស់គាត់យ៉ាងច្រើន ។ ការទទួលខុសត្រូវទាំងនេះ រួមមាន កិច្ចការផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការព្រះវិហារបរិសុទ្ធនិងពង្សប្រវត្តិនៅក្នុងវួដ ក៏ដូចជាការងារបម្រើដល់សមាជិកវួដផងដែរ ។
ប៊ីស្សព ពុំអាច បែងចែកការទទួលខុសត្រូវមួយចំនួន ដូចជាការពង្រឹងដល់យុវវ័យ ការធ្វើជាចៅក្រមទូទៅ ការមើលថែអ្នកដែលខ្វះខាត និងការគ្រប់គ្រងលើកិច្ចការហិរញ្ញវត្ថុ និងខាងសាច់ឈាមបានទេ ។ ប៉ុន្តែ ទាំងនេះជាកិច្ចការបន្តិចបន្តួចជាងកាលដែលយើងយល់ពីមុន ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានពន្យល់កាលពីឆ្នាំមុន នៅពេលការកែសម្រួលកូរ៉ុមថ្នាក់ដឹកនាំបព្វជិតភាពត្រូវបានប្រកាសថា ៖ « ពិតណាស់ ប៊ីស្សពនៅតែជាសង្ឃជាន់ខ្ពស់អធិបតីក្នុងវួដ ។ ការសម្រប [នៃកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ] ថ្មីនេះ គួរតែអនុញ្ញាតឲ្យគាត់ធ្វើជាអធិបតីនៅលើកិច្ចការបព្វជិតភាពមិលគីស្សាដែក និងសមាគសង្គ្រោះដោយពុំតម្រូវឲ្យគាត់ធ្វើកិច្ចការនៃអង្គភាពទាំងពីរនេះឡើយ » ។
ឧទាហរណ៍ ប្រធានសមាគមសង្គ្រោះម្នាក់ និងប្រធានកូរ៉ុមអែលឌើរម្នាក់ ដូចបានចាត់ គាត់អាចដើរតួកាន់តែសំខាន់នៅក្នុងការប្រឹក្សាជាមួយនឹងពួកមជ្ឈិមវ័យ— ហើយប្រធានយុវនារីម្នាក់ក៏អាចប្រឹក្សាជាមួយយុវនារីបានផងដែរ ។ ខណៈដែលមានតែប៊ីស្សពអាចបម្រើជាចៅក្រមទូទៅ នោះថ្នាក់ដឹកនាំដទៃទៀតក៏អាចទទួលវិវរណៈមកពីស្ថានសួគ៌ដើម្បីជួយដោះស្រាយបញ្ហាដែលពុំតម្រូវឲ្យមានចៅក្រមទូទៅ ឬពុំជាប់ទាក់ទងនឹងការរំលោភបំពានណាមួយបាន ។
នោះពុំមែនមានន័យថា យុវនារីម្នាក់ពុំអាច ឬពុំគួរនិយាយនឹងប៊ីស្សព ឬឪពុក ឬម្ដាយរបស់នាងនោះទេ ។ ការផ្ដោតរបស់ពួកគាត់គឺយុវវ័យ ! ប៉ុន្តែវាមានន័យថា ថ្នាក់ដឹកនាំយុវនារីម្នាក់អាចបំពេញសេចក្ដីត្រូវការរបស់យុវនារីម្នាក់ៗបានយ៉ាងល្អបំផុត ។ គណៈប៊ីស្សពខ្វល់ខ្វាយនឹងយុវនារី ដូចជាយុវជនផងដែរ ប៉ុន្តែយើងទទួលស្គាល់កម្លាំងដែលកើតចេញមកពីការមានថ្នាក់ដឹកនាំយុវនារីដែលរឹងមាំ ដែលមានក្ដីស្រឡាញ់ និងចេះណែនាំដែលពុំធ្វើតួនាទីរបស់គណៈប្រធានថ្នាក់ ប៉ុន្តែជួយយុវវ័យឲ្យជោគជ័យនៅក្នុងតួនាទីទាំងនោះ ។
ស៊ីស្ទើរ ខ័រឌុន នឹងចែកចាយអំពីការផ្លាស់ប្ដូដ៏រីករាយបន្ថែមទៀតដល់យុវនារីនាល្ងាចនេះ ។ ប៉ុន្តែសូមប្រកាសថា ឥឡូវនេះ គណៈប្រធានយុវនារីប្រចាំវួដនឹងរាយការណ៍ ហើយប្រឹក្សាដោយផ្ទាល់ជាមួយនឹងប៊ីស្សពក្នុងវួដ ។ កាលពីមុន កិច្ចការនេះអាចត្រូវបានបែងចែកទៅឲ្យទីប្រឹក្សាម្នាក់ ប៉ុន្តែចាប់ពីពេលនេះតទៅ យុវនារីនឹងជាការទទួលខុសត្រូវដោយផ្ទាល់មួយរបស់បុគ្គលម្នាក់ដែលកាន់កូនសោជាអធិបតីសម្រាប់វួដ ។ ប្រធានសមាគមសង្គ្រោះនឹងបន្តរាយការណ៍ដោយផ្ទាល់ទៅប៊ីស្សព ។
នៅកម្រិតទូទៅ និងកម្រិតស្តេក យើងនឹងបន្តមានគណៈប្រធានយុវជន ។ នៅកម្រិតស្តេក ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នឹងធ្វើជាប្រធានយុវជន ហើយនឹងព្រមជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ដែលចាត់ទៅមើលខាងយុវនារី និងអង្គការបឋមសិក្សា គឺជាផ្នែកនៃគណៈកម្មាការបព្វជិតភាពអើរ៉ុន–យុវនារីស្ដេក ។ បងប្អូនប្រុសទាំងនេះនឹងធ្វើការជាមួយគណៈប្រធានយុវនារីស្តេកក្នុងគណៈកម្មាការនេះ ។ ដោយមានទីប្រឹក្សាម្នាក់របស់ប្រធានស្តេកធ្វើជាប្រធាន នោះគណៈកម្មាការនេះនឹងកាន់តែសំខាន់ ដោយសារកម្មវិធី និងសកម្មភាពជាច្រើននៅក្នុងកម្មវិធីផ្ដួចផ្ដើមថ្មីសម្រាប់កុមារ និងយុវវ័យនឹងមាននៅកម្រិតស្តេក ។
ទីប្រឹក្សាជាន់ខ្ពស់ទាំងនេះ នៅក្រោមការដឹកនាំរបស់គណៈប្រធានស្តេក អាចបម្រើជាធនធានមួយដល់ប៊ីស្សព និងកូរ៉ុមបព្វជិតភាពអើរ៉ុនមានលក្ខណៈស្រដៀងគ្នាក្នុងការបម្រើដែលបានផ្ដល់ឲ្យដោយទីប្រឹក្សាជាន់ខ្ពស់ទៅកាន់កូរ៉ុមអែលឌើរវួដ ។
ដោយវាជាបញ្ហាជាប់ទាក់ទងគ្នា នោះ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ទៀតនឹងបម្រើជាប្រធានសាលាថ្ងៃអាទិត្យស្តេក ហើយប្រសិនបើចាំបាច់ អាចបម្រើនៅក្នុងគណៈកម្មាការបព្វជិតភាពអើរ៉ុន–យុវនារីស្តេក ។
ការផ្លាស់ប្ដូររចនាសម្ព័ន្ធបន្ថែមទៀតនឹងពន្យល់ឲ្យស៊ីជម្រៅនៅក្នុងព័ត៌មានដែលផ្ញើទៅកាន់ថ្នាក់ដឹកនាំ ។ ការផ្លាស់ប្ដូរទាំងនេះរួមមាន ៖
-
ការប្រជុំគណៈកម្មាការយុវវ័យរបស់គណៈប៊ីស្សពនឹងជំនួសដោយក្រុមប្រឹក្សាយុវវ័យប្រចាំវួដ ។
-
ពាក្យ « ម៉្ញូឆល » នឹងឈប់មាន ហើយ តែជំនួសវិញដោយ « សកម្មភាពយុវនារី » « សកម្មភាពកូរ៉ុមបព្វជិតភាពអើរ៉ុន » ឬ « សកម្មភាពយុវវ័យ » ហើយនឹងធ្វើឡើងរាល់សប្ដាហ៍ បើអាចធ្វើទៅបាន ។
-
ថវិកាវួដសម្រាប់សកម្មភាពយុវវ័យនឹងត្រូវបានបែងចែករវាងយុវជន និងយុវនារីស្មើភាគគ្នាស្របតាមចំនួនយុវវ័យនៅក្នុងអង្គភាពនីមួយៗ ។ ចំនួនទឹកប្រាក់គ្រប់គ្រាន់មួយនឹងត្រូវផ្ដល់ឲ្យសម្រាប់សកម្មភាពអង្គការបឋមសិក្សា ។
-
នៅគ្រប់កម្រិត — វួដ, ស្តេក និងទូទៅ — យើងនឹងប្រើពាក្យ « អង្គការ » ជាជាងពាក្យ« អង្គការជំនួយ » ។ អ្នកដែលដឹកនាំសមាគមសង្គ្រោះទូទៅ យុវនារី យុវជន អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យទូទៅនឹងត្រូវបានគេស្គាល់ថាជា « ពួកអ្នកកាន់តំណែងទូទៅ » ។ អ្នកដែលដឹកនាំអង្គការនៅកម្រិតវួដ និងស្តេកនឹងត្រូវបានគេស្គាល់ថា « អ្នកកាន់តំណែងក្នុងវួដ » និង « អ្នកកាន់តំណែងក្នុងស្តេក » ។
ការកែសម្រួលដែលបានប្រកាសនៅថ្ងៃនេះអាចនឹងចាប់ផ្ដើមភ្លាម ពេលសាខា វួដ មណ្ឌល និងស្តេកត្រៀមរួចរាល់ ប៉ុន្តែគួរសម្រេចឲ្យបានត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ។ ពេលដាក់បញ្ចូលជាមួយនឹងការកែសម្រួលពីមុន ការកែសម្រួលទាំងនេះ តំណាងឲ្យការខិតខំខាងវិញ្ញាណ និងខាងរចនាសម្ព័ន្ធមួយដែលសមស្របនឹងគោលលទ្ធិដើម្បីផ្ដល់ពរជ័យ ហើយពង្រឹងបុរស ស្ត្រី យុវវ័យ និងកុមារគ្រប់រូប ដោយជួយបុគ្គលម្នាក់ៗធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ កាលយើងរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមសន្យា ហើយថ្លែងទីបន្ទាល់ថា ការកែសម្រួលទាំងនេះ នៅក្រោមការដឹកនាំរបស់ព្យាការីដ៏បំផុសគំនិតរបស់យើង ប្រធាន រ័សុល អិម ណិលសុន នឹងផ្ដល់នូវអនុភាព ហើយពង្រឹងដល់សមាជិកសាសនាចក្រគ្រប់រូប ។ យុវវ័យរបស់យើងនឹងអភិវឌ្ឍសេចក្ដីជំនឿដ៏អស្ចារ្យលើព្រះអង្គសង្គ្រោះ ទទួលបានការការពារពីការល្បួងរបស់មារសត្រូវ ហើយឈរយ៉ាងរឹងមាំប្រឈមនឹងឧបសគ្គនៃជីវិត ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕