ការទុកចិត្តដ៏ថិតថេរ ហើយរឹងមាំ
ការទុកចិត្តលើព្រះអម្ចាស់ រាប់បញ្ចូលទាំងការទុកចិត្តលើកាលវេលារបស់ទ្រង់ ហើយវាតម្រូវឲ្យមានការអត់ធ្មត់ និងការស៊ូទ្រាំដែលលើសពីខ្យល់ព្យុះនៃជីវិត ។
កូនប្រុសរបស់ខ្ញុំឈ្មោះ ដានីយ៉ែល បានឈឺនៅក្នុងបេសកកម្មរបស់គាត់នៅអាហ្វ្រិក ហើយត្រូវបាននាំទៅមន្ទីរពេទ្យមួយដែលធនធានមានកំណត់ ។ ពេលយើងអានសំបុត្រដំបូងដែលគាត់បានផ្ញើមកយើង បន្ទាប់ពីគាត់មានជំងឺនោះ យើងបានរំពឹងថា គាត់នឹងបាក់ទឹកចិត្តជាមិនខាន ប៉ុន្តែផ្ទុយទៅវិញគាត់បានសរសេរថា « ទោះជាកូនដេកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្ដី ក៏កូនមានភាពសុខសាន្តដែរ ។ កូនពុំធ្លាប់មានភាពរីករាយដ៏ថិតថេរ ហើយរឹងមាំបែបនេះក្នុងជីវិតរបស់កូនឡើយ » ។
កាលភរិយាខ្ញុំ និងខ្ញុំបានអានពាក្យទាំងនេះហើយ យើងក្តុកក្តួលយ៉ាងខ្លាំង ។ ដោយក្ដីរីករាយដ៏ថិតថេរ ហើយរឹងមាំ ។ យើងពុំធ្លាប់ឮពាក្យសុភមង្គលត្រូវបានរៀបរាប់តាមរបៀបនោះឡើយ ប៉ុន្តែពាក្យគាត់មាននូវការពិត ។ យើងបានដឹងថា សុភមង្គលដែលគាត់បានពិពណ៌នាពុំគ្រាន់តែជាភាពរីករាយ ឬជាអារម្មណ៍មួយដែលកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែជាភាពសុខសាន្ត និងអំណរមួយដែលកើតឡើង នៅពេលយើងចុះចូលខ្លួនយើងចំពោះព្រះ ហើយដាក់ការទុកចិត្តរបស់យើងលើទ្រង់នៅគ្រប់រឿងទាំងអស់ ។ ក្នុងជីវិតរបស់យើង យើងក៏ធ្លាប់ជួបគ្រាបែបនោះដែរ ពេលព្រះបានមានបន្ទូលនូវភាពសុខសាន្តមកកាន់ព្រលឹងយើង ហើយធ្វើឲ្យយើងមានសេចក្ដីសង្ឃឹមលើព្រះគ្រីស្ទ សូម្បីតែពេលជីវិតមានការលំបាក និងខ្វះភាពច្បាស់លាស់ក្ដី ។
លីហៃបង្រៀនថា បើអ័ដាម និង នាងអេវ៉ាពុំបានធ្លាក់ទេ « ពួកគេនឹងនៅក្នុងភាពឆោតល្ងង់ ដោយគ្មានសេចក្ដីអំណរ ព្រោះពួកគេមិនស្គាល់សេចក្ដីទុក្ខវេទនា ។ …
« ប៉ុន្តែមើលចុះ អ្វីៗសព្វសារពើបានត្រូវធ្វើឡើងទៅតាមប្រាជ្ញារបស់ទ្រង់ ដែលជ្រាបគ្រប់ការណ៍ទាំងអស់ ។
« លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។
តាមរបៀបមួយ ការរងទុក្ខ និងភាពសោកសៅរៀបចំយើងឲ្យដកពិសោធន៍នូវអំណរ បើយើងនឹងទុកចិត្តលើព្រះអម្ចាស់ និងផែនការរបស់ទ្រង់សម្រាប់យើង ។ សេចក្ដីពិតនេះ ត្រូវបានបង្ហាញយ៉ាងប្រពៃនៅក្នុងកំណាព្យទស្សវត្សន៍ទី ១៣ ថា ៖ « សេចក្ដីសោកសៅរៀបចំអ្នកសម្រាប់អំណរ ។ វាបោសសម្អាតអ្វីៗចេញពីផ្ទះរបស់អ្នកយ៉ាងគំហុក ដើម្បីឲ្យអំណរថ្មីអាចចូលមកបាន ។ វាជម្រុះស្លឹកឈើចាស់ៗចេញពីមែកឈើនៃដួងចិត្តរបស់អ្នក ដើម្បីស្លឹកឈើខ្ចីថ្មីអាចលូតលាស់ជំនួសវិញ ។ វាទាញឫសរលួយចេញ ដើម្បីឲ្យឫសថ្មីដែលកប់នៅខាងក្រោមអាចលូតលាស់បាន ។ ទោះជាភាពសោកសៅជម្រុះអ្វីចេញពីដួងចិត្តរបស់អ្នកក៏ដោយ ក៏រឿងដ៏ប្រសើរទាំងឡាយនឹងកើតឡើងជំនួសវិញ » ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អំណរដែលព្រះអង្គសង្គ្រោះផ្ដល់ឲ្យ [ យើង ] … គឺជាអះអាងយ៉ាងខ្ជាប់ខ្ជួនដល់យើងថា ‹ សេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ › [គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧ ] ហើយឧទ្ទិសសម្រាប់ជាប្រយោជន៍របស់យើង » ។ ការសាកល្បង និងការរងទុក្ខរបស់យើង អាចធ្វើឲ្យមានចម្លោះសម្រាប់អំណរកាន់តែខ្លាំង ។
ដំណឹងល្អពុំមែនជាការសន្យានៃការមានជីវិតដោយគ្មានភាពសោកសៅ និងទុក្ខវេទនានោះទេ ប៉ុន្តែជាជីវិតមួយដែលពោរពេញដោយគោលបំណង និងអត្ថន័យ–ជាជីវិតមួយដែលភាពសោកសៅ និងសេចក្ដីវេទនារបស់យើងអាចត្រូវបានលុបបំបាត់នៅក្នុងអំណរនៃព្រះគ្រីស្ទ » ។ ព្រះអង្គសង្គ្រោះបានប្រកាសថា « នៅលោកិយនេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ។ ដំណឹងល្អរបស់ទ្រង់គឺជាសារលិខិតមួយនៃសេចក្ដីសង្ឃឹម ។ ភាពសោកសៅរួមផ្សំនឹងសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទបង្កើតឲ្យមានការសន្យានៃអំណរដ៏ខ្ជាប់ខ្ជួន ។
ដំណើររឿងអំពីការធ្វើដំណើររបស់សាសន៍យ៉ារេឌទៅកាន់ដែនដីសន្យាអាចត្រូវបានប្រើជារឿងប្រៀបប្រដូចមួយសម្រាប់ដំណើររបស់យើងក្នុងជីវិតរមែងស្លាប់ ។ ព្រះអម្ចាស់បានសន្យាដល់បងប្រុសរបស់យ៉ារេឌ និងប្រជាជនរបស់គាត់ថា ទ្រង់នឹង«នាំ[ពួកគេ]ទៅឯដែនដីមួយ ដែលជាជម្រើសលើដែនដីទាំងអស់នៃផែនដី » ។ ទ្រង់បានបង្គាប់ពួកគេឲ្យសង់ភេត្រា ហើយពួកគេបានចេញទៅធ្វើភេត្រាទាំងនោះដោយគោរពតាមសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ ។ ប៉ុន្តែ កាលកិច្ចការនោះបានដំណើរការទៅមុខ បងប្រុសរបស់យ៉ារេឌមានកង្វល់ថាការរចនារបស់ព្រះអម្ចាស់សម្រាប់ភេត្រាទាំងនោះពុំគ្រប់គ្រាន់ទេ ។ លោកបានទូលថា
« ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើនូវកិច្ចការដែលទ្រង់បានបញ្ជាទូលបង្គំហើយ ហើយទូលបង្គំបានធ្វើភេត្រាទាំងឡាយ ស្របតាមដែលទ្រង់បានដឹកនាំទូលបង្គំ ។
« ហើយមើលចុះ ឱព្រះអម្ចាស់អើយ នៅក្នុងភេត្រាទាំងនោះគ្មានពន្លឺទេ » ។
« ឱព្រះអម្ចាស់អើយ តើព្រះអង្គទុកឲ្យយើងខ្ញុំឆ្លងកាត់ទឹកដ៏ធំនេះក្នុងភាពងងឹតឬ? »
តើបងប្អូនធ្លាប់ទូលទៅព្រះដោយអស់ពីចិត្តតាមរបៀបនេះដែរឬទេ ? កាលការខិតខំរស់នៅតាមអ្វីដែលព្រះអម្ចាស់បង្គាប់ ហើយការរំពឹងទុកដ៏សុចរិតពុំត្រូវបានបំពេញ តើបងប្អូនធ្លាប់ងឿងឆ្ងល់ថា បងប្អូនត្រូវតែឆ្លងកាត់ជីវិតនេះក្នុងសេចក្ដីងងឹតដែរឬទេ ?
បងប្រុសរបស់យ៉ារេឌបានបង្ហាញនូវកង្វល់ដ៏ធំមួយទៀតអំពីលទ្ធភាពរបស់ពួកគេដើម្បីរស់រានមានជីវិតនៅក្នុងភេត្រានោះ ។ លោកបានទូលថា « ហើយយើងខ្ញុំនឹងវិនាសបង់ផង ត្បិតនៅក្នុងនោះ យើងខ្ញុំមិនអាចដកដង្ហើមបានទេ ក្រៅតែពីខ្យល់ដែលនៅក្នុងនោះ » ។ តើភាពលំបាកនៃជីវិតធ្លាប់ធ្វើឲ្យបងប្អូនពិបាកដកដង្ហើម ហើយធ្វើឲ្យបងប្អូនងឿងឆ្ងល់ថា បងប្អូនអាចឆ្លងផុតថ្ងៃនោះ ហើយត្រឡប់ទៅផ្ទះសួគ៌ារបស់បងប្អូនវិញតាមរបៀបណាដែរឬទេ ?
បន្ទាប់ពី ព្រះអម្ចាស់បានធ្វើការជាមួយនឹងបងប្រុសយ៉ារេឌ ដើម្បីកង្វល់នីមួយៗរបស់គាត់ រួចមានបន្ទូលពន្យល់ថា « ត្បិតអ្នករាល់គ្នាមិនអាចឆ្លងកាត់ទីជម្រៅដ៏ធំនេះបានទេ លើកលែងតែយើងរៀបចំ វិធីមួយសម្រាប់ឲ្យអ្នកតទល់នឹងរលកនៃសមុទ្រ ហើយខ្យល់ដែលបក់ និងទឹកជំនន់ដែលនឹងមក » ។
ព្រះអម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ថា នៅទីបំផុត សាសន៍យ៉ារេឌពុំអាចទៅដល់ដែនដីសន្យាដោយគ្មានទ្រង់បានឡើយ ។ ពួកគេពុំអាចគ្រប់គ្រងស្ថានភាពបានទេ ហើយវិធីតែមួយគត់ដែលពួកគេអាចឆ្លងសមុទ្រដ៏ធំនោះបាន គឺការដាក់ការទុកចិត្តរបស់ពួកគេលើទ្រង់ ។ បទពិសោធន៍ និងការបង្រៀនទាំងនេះមកពីព្រះអម្ចាស់ទំនងជាបានពង្រឹងដល់សេចក្ដីជំនឿ និងការទុកចិត្តរបស់បងប្រុសយ៉ារេឌលើព្រះអម្ចាស់ ។
សូមកត់ចំណាំពីរបៀបដែលការអធិស្ឋានរបស់គាត់បានផ្លាស់ប្ដូរពីសំណួរ និងកង្វល់ទៅជាការបង្ហាញនូវសេចក្ដីជំនឿ និងការទុកចិត្តថា ៖
« ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ទ្រង់មានអស់ទាំងព្រះចេស្ដា ហើយអាចធ្វើអ្វីក៏ដោយ ដែលទ្រង់សព្វព្រះហឫទ័យ ដើម្បីជាប្រយោជន៍ដល់មនុស្ស ។…
« មើលចុះ ឱព្រះអម្ចាស់អើយ ទ្រង់អាចធ្វើការនេះ ។ យើងខ្ញុំដឹងថា ទ្រង់អាចបង្ហាញព្រះចេស្ដាដ៏មហិមា ដែលមើលដូចជាតូចចំពោះយោបល់របស់មនុស្ស » ។
បន្ទាប់មក វាត្រូវបានកត់ត្រាថា សាសន៍យ៉ារេឌ « នោះពួកគេចុះភេត្រា …ហើយចេញទៅសមុទ្រ ដោយទីពឹង ដល់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ » ។ ការទីពឹង មានន័យថា ការទុកចិត្ត ឬការចុះចូល ។ សាសន៍យ៉ារេឌ ពុំបានចូលទៅក្នុងភេត្រាដោយសារពួកគេបានដឹងថានឹងមានរឿងអ្វីខ្លះកើតឡើងនៅក្នុងដំណើររបស់ពួកគេនោះទេ ។ ពួកគេបានចុះភេត្រា ដោយសារពួកគេបានរៀនទុកចិត្តលើព្រះចេស្ដា សេចក្ដីល្អ និងសេចក្ដី មេត្តាករុណារបស់ព្រះអម្ចាស់ ដូច្នេះហើយពួកគេយល់ព្រមដាក់ខ្លួន ព្រមទាំងភាពសង្ស័យ ឬភាពភ័យខ្លាចណាមួយដែលពួកគេអាចមានដើម្បីចុះចូលនឹងព្រះអម្ចាស់ ។
ថ្មីៗនេះ ចៅរបស់យើង អាប៊ី ខ្លាចក្នុងការជិះសត្វ ដែលវាងើបឡើងចុះ ។ គាត់ចង់ជិះសត្វដែលវាឥតកំរើក ។ ទីបំផុត ជីដូនគាត់បានបញ្ចុះបញ្ចូលគាត់ថាវាសុវត្ថិភាពទេ ដូច្នេះគាត់បានឡើងជិះ ដោយទុកចិត្តជីដូន ។ បន្ទាប់មក គាត់បាននិយាយដោយស្នាមញញឹមដ៏ធំៗថា « ខ្ញុំពុំមានអារម្មណ៍សុវត្ថិភាពទេ ប៉ុន្តែខ្ញុំសុវត្ថិភាព » ។ ប្រហែលនោះ ជារបៀបដែលពួកសាសន៍យ៉ារ៉េតមានអារម្មណ៍ ។ ការទុកចិត្តព្រះ ពុំតែងតែមានអារម្មណ៍សុវត្ថិភាពពីដំបូងទេ ប៉ុន្តែមានអំណរមកតាមក្រោយ ។
ការធ្វើដំណើរមិនងាយស្រួលទេសម្រាប់សាសន៍យ៉ារ៉េឌ ។ « ពួកគេបានត្រូវបានលិចចូលក្នុងជម្រៅសមុទ្រយ៉ាងជ្រៅជាច្រើនដង « ពីព្រោះមកពីរលកទាំងឡាយ ដូចជាភ្នំ ដែលបានបោកមកលើពួកគេ » ។ ប៉ុន្តែវាត្រូវបានកត់ត្រាថា « ខ្យល់បក់ [ពួកគេ] មិនឈប់ឈរឆ្ពោះទៅ ដែនដីសន្យា » ។ ទោះជាវាពិបាកយល់ក្ដី ជាពិសេសនៅគ្រាក្នុងជីវិតរបស់យើងពេលដែលខ្យល់មកខ្លាំង ហើយសមុទ្រមានភាពខ្មួលខ្មាញ់ នោះយើងអាចមានការលួងលោមចិត្តដោយដឹងថា ព្រះតែងតែបក់យើងនៅក្នុងសេចក្ដីល្អជានិរន្តរ៍របស់ទ្រង់ឆ្ពោះទៅរកផ្ទះជានិច្ច ។
កំណត់ត្រានោះបន្តទៀតថា « ពួកគេត្រូវបានរុញទៅមុខ ហើយគ្មានយក្សសមុទ្រអាចបំបាក់ពួកគេឡើយ ហើយត្រីបាឡែនក៏មិនអាចបៀតបៀនពួកគេដែរ ហើយពួកគេមានពន្លឺជាប់រហូត ទោះជានៅលើទឹក ក៏ដូចជានៅក្រោមទឹកក្ដី » ។ យើងរស់នៅក្នុងពិភពលោកមួយដែល ទឹករលកដ៏ធំនៃសេចក្ដីស្លាប់ ជំងឺផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការសាកល្បង និងសេចក្ដីវេទនាគ្រប់ប្រភេទធ្វើឲ្យយើងមានការថប់បារម្ភ ។ ប៉ុន្តែតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការជ្រើសទុកចិត្តលើទ្រង់យើងអាចមានពន្លឺជាបន្តបន្ទាប់ មិនថានៅក្រោមទឹក ឬនៅលើទឹកនោះទេ ។ យើង អាចមាននូវការអះអាងថា ព្រះនឹងពុំបញ្ឈប់បក់យើងឆ្ពោះទៅផ្ទះសួគ៌ាឡើយ ។
កាលត្រូវបានបក់បោកនៅក្នុងភេត្រានោះ សាសន៍យ៉ារេឌ « បានច្រៀងសរសើរតម្កើងដល់ព្រះអម្ចាស់… ហើយ [ពួកគេ]បានខថ្លែងអំណរគុណ ហើយសរសើរតម្កើងដល់ព្រះអម្ចាស់ពេញមួយថ្ងៃ ហើយកាលវេលាយប់មកដល់ នោះពួកគេពុំបានឈប់សរសើរតម្កើងដល់ព្រះអម្ចាស់ឡើយ » ។ ពួកគេមានអំណរ និងបានថ្លែងអំណរគុណ ទោះជាស្ថិតនៅក្នុងសេចក្ដីវេទនារបស់ពួកគេក្ដី ។ ពួកគេពុំទាន់ទៅដល់ដែនដីសន្យានៅឡើយទេ ប៉ុន្តែពួកគេបានរីករាយនៅក្នុងពរជ័យដែលបានសន្យា ដោយសារតែការទុកចិត្ត ដ៏ថិតថេរ ហើយ រឹងមាំ លើទ្រង់ ។
សាសន៍យ៉ារេឌបានធ្វើដំណើរនៅលើទឹករយៈពេល ៣៤៤ ថ្ងៃ ។ តើអ្នកអាចស្រមៃគិតអំពីរឿងនោះបានទេ ? ការទុកចិត្តលើព្រះអម្ចាស់ រាប់បញ្ចូលទាំងការទុកចិត្តលើកាលវេលារបស់ទ្រង់ ហើយវាតម្រូវឲ្យមានការអត់ធ្មត់ និងការស៊ូទ្រាំដែលលើសពីខ្យល់ព្យុះនៃជីវិត ។
នៅទីបំផុត សាសន៍យ៉ារេឌ « បានឡើងទៅលើត្រើយនៃដែនដីសន្យា ។ ហើយកាលពួកគេបានដាក់ជើងលើត្រើយនៃដែនដីសន្យាហើយ នោះពួកគេបានក្រាបទៅលើដី ហើយបានបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ ហើយបានស្រក់ទឹកភ្នែកដោយសេចក្ដីអំណរនៅចំពោះព្រះអម្ចាស់ ដោយសារសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ឥតគណនារបស់ទ្រង់ដល់ពួកគេ » ។
បើយើងស្មោះត្រង់នៅក្នុងការរក្សាសេចក្ដីសញ្ញារបស់យើង នោះនៅថ្ងៃណាមួយ យើងនឹងទៅដល់ផ្ទះដោយសុវត្ថិភាពផងដែរ ហើយនឹងក្រាបនៅចំពោះព្រះអម្ចាស់ ហើយសម្រក់ទឹកភ្នែកដោយអំណរសម្រាប់សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់យ៉ាងច្រើនឥតគណនារបស់ទ្រង់នៅក្នុងជីវិតរបស់យើង រួមទាំងភាពសោកសៅដែលបានបង្កើតកន្លែងសម្រាប់អំណរដ៏ច្រើនផងដែរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងជ្រើសដើម្បីមានការទុកចិត្តដ៏ថិតថេរ ហើយរឹងមាំលើព្រះយេស៊ូវគ្រីស្ទ និងព្រះរាជបំណងដ៏ទេវភាពរបស់ទ្រង់នៅក្នុងជីវិតរបស់យើង នោះទ្រង់នឹងយាងមកអះអាងដល់យើង មានបន្ទូលធ្វើឲ្យព្រលឹងយើងបានសុខសាន្ត ហើយធ្វើឲ្យយើង « មានសេចក្ដីសង្ឃឹមសម្រាប់ការប្រោសលោះរបស់យើងនៅក្នុងទ្រង់ » ។
ខ្ញុំសូមធ្វើជាសាក្សីថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ ។ ព្រះគុណរបស់ទ្រង់គឺគ្រប់គ្រាន់, ហើយទ្រង់មានព្រះចេស្ដារដើម្បីសង្គ្រោះ។ ព្រះអង្គគឺជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក ។ ទ្រង់នឹងពុំអនុញ្ញាតឲ្យយើងវិនាសឡើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕