បុត្រីសំណព្វ
នៅក្នុងដួងចិត្តដែលយើងធ្វើអ្វីៗទាំងអស់នៅក្នុងអង្គការយុវនារីគឺមានបំណងប្រាថ្នាជួយដល់យុវនារីឲ្យបង្កើននូវសេចក្តីជំនឿដែលមិនចេះរង្គោះរង្គើទៅលើព្រះយេស៊ូវគ្រីស្ទ ។
បងប្អូនស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរណាស់ដោយមានវត្តមាននៅជាមួយបងប្អូន ។ យើងកំពុងធ្វើជាសាក្សីនៃការចាក់ស្រោចវិវរណៈដែលមានទាំងការព្យាយាមខាងវិញ្ញាណ និងក្ដីរំភើប ។
ពេលយើងចាប់ផ្ដើម ខ្ញុំចង់ណែនាំបងប្អូនឲ្យស្គាល់មិត្តភក្ដិមួយចំនួន ពួកគេគឺជាយុវនារីដែលមានភាពវិសេសវិសាល នៅក្នុងទេពកោសល្យ ការអនុវត្ត ព្រមទាំងកាលៈទេសៈផ្ទាល់ខ្លួន និងគ្រួសារ ។ ដូចជាបងប្អូនដែរ ពួកគេម្នាក់ៗបានឆក់យកដួងចិត្តរបស់ខ្ញុំ ។
ដំបូង សូមជួបនឹងប៊េលឡា ។ នាងឈរយ៉ាងរឹងមាំជាយុវនារីតែម្នាក់គត់នៅក្នុងសាខារបស់នាងនៅប្រទេសអ៊ីស្លង់ ។
សូមជួបនឹងយ៉ូសែបហ្វីនមកពីប្រទេសអាហ្វ្រិក ដែលនាងបានតាំងចិត្តជាថ្មីដើម្បីសិក្សាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ។ នាងកំពុងរកឃើញនូវអនុភាព និងពរជ័យដែលកើតចេញពីទង្វើដ៏សាមញ្ញ ហើយស្មោះត្រង់នេះ ។
ហើយជាចុងក្រោយសូមជួបនឹងមិត្តជាទីស្រឡាញ់របស់ខ្ញុំអាស្ទីន ជាយុវនារីដ៏អស្ចារ្យមួយរូបដែលបានស្លាប់ បន្ទាប់ពីតតាំងនឹងជំងឺមហារីកអស់រយៈពេលប្រាំមួយឆ្នាំ ។ ទីបន្ទាល់របស់នាងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនៅតែ ដក់ជាប់ក្នុងដួងចិត្តខ្ញុំ ។
បងប្អូន គ្រប់រូប គឺជាយុវនារីដ៏អស្ចារ្យ ។ បងប្អូនជាមនុស្សពិសេស បងប្អូនម្នាក់ៗមានអំណោយទាន និងបទពិសោធន៍ផ្ទាល់ខ្លួន ប៉ុន្តែដូចគ្នាតាមរបៀបអស់កល្បដ៏សំខាន់ ។
បងប្អូនពិតជាបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ហើយគ្មានអ្វីអាចបំបែកបងប្អូនចេញពីសេចក្ដីស្រឡាញ់របស់ទ្រង់ និងសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះឡើយ ។ ពេលបងប្អូនខិតកាន់តែទៅជិតទ្រង់ សូម្បីតែបោះជំហានតូចៗឆ្ពោះទៅមុខក្ដី ក៏បងប្អូនរកឃើញនូវភាពសុខសាន្តជានិរន្តរ៍នៅក្នុងព្រលឹងរបស់បងប្អូន ក្នុងនាមជាសិស្សស្មោះត្រង់ម្នាក់របស់ព្រះអង្គសង្គ្រោះនៃយើងគឺព្រះយេស៊ូវ គ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន ជាព្យាការីជាទីស្រឡាញ់របស់យើង បានសុំឲ្យខ្ញុំចែកចាយនូវការកែសម្រួលដ៏បំផុសគំនិតមួយចំនួន ដែលនឹងជួយបងប្អូន« អភិវឌ្ឍសក្ដានុពលដ៏ពិសិដ្ឋផ្ទាល់ខ្លួន[ របស់បងប្អូន ] » ហើយបង្កើនឥទ្ធិពលសុចរិតរបស់បងប្អូន ។ ខ្ញុំនឹងលើកឡើងនូវការកែសម្រួលបួនយ៉ាងនារាត្រីនេះ ។
បាវចនារបស់ក្រុមយុវនារី
ទីមួយ អ្វីៗទាំងអស់ដែលយើងធ្វើនៅក្នុងក្រុមយុវនារីគឺជាបំណងប្រាថ្នារបស់យើងដើម្បីជួយបងប្អូនទទួលបានសេចក្ដីជំនឿដ៏រឹងមាំទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងចំណេះដឹងមួយដ៏ពិតប្រាកដអំពីអត្តសញ្ញាណដ៏ទេវភាពរបស់បងប្អូនក្នុងនាមជាបុត្រីរបស់ព្រះ ។
រាត្រីនេះ ខ្ញុំចង់ប្រកាសពីការកែតម្រូវមួយចំពោះបាវចនារបស់យុវនារី ។ ខ្ញុំសូមអធិស្ឋានថា បងប្អូននឹងទទួលអារម្មណ៍ ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ពីសេចក្ដីពិតនៃពាក្យពេចន៍ទាំងនេះ ពេលខ្ញុំនិយាយពីបាវចនាថ្មីនេះ ៖
ខ្ញុំគឺជាបុត្រីសំណព្វម្នាក់របស់ព្រះវរបិតា និងព្រះមាតាសួគ៌ា ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំខិតខំប្រែក្លាយដូចជាទ្រង់ ។ ខ្ញុំព្យាយាមធ្វើតាមវិវរណៈផ្ទាល់ខ្លួន ហើយផ្ដល់ការងារបម្រើដល់មនុស្សដទៃក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។
ខ្ញុំនឹងឈរជាសាក្សីចំពោះព្រះនៅគ្រប់ពេល គ្រប់ការណ៍ទាំងអស់ និង គ្រប់កន្លែងទាំងអស់ ។
ពេលខ្ញុំខិតខំដើម្បីទទួលបានភាពតម្កើងឡើង នោះខ្ញុំឲ្យតម្លៃដល់អំណោយទាននៃការប្រែចិត្ត ហើយខិតខំកែលម្អរៀងរាល់ថ្ងៃ ។ ដោយមានសេចក្ដីជំនឿ នោះខ្ញុំនឹងពង្រឹងគេហដ្ឋាន និងគ្រួសាររបស់ខ្ញុំ ចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ហើយទទួលពិធីបរិសុទ្ធទាំងឡាយ និងពរជ័យនៃព្រះវិហារបរិសុទ្ធ ។
សូមកត់សម្គាល់ពីការប្ដូរពាក្យ « យើង »ទៅជា« ខ្ញុំ » ។ សេចក្ដីពិតទាំងនេះអនុវត្តចំពោះបងប្អូនដោយផ្ទាល់ ។ ប្អូនៗ គឺ ជា បុត្រី សំណព្វ របស់ព្រះមាតាបិតាសួគ៌ ។ ប្អូនៗ គឺជា សិស្សនៃសេចក្ដីសញ្ញារបស់ព្រះអង្គសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូម អញ្ជើញ ប្អូនៗ ឲ្យ សិក្សា ហើយពិចារណាពាក្យពេចន៍ទាំងនេះ ។ ខ្ញុំដឹងថា ពេលប្អូនៗធ្វើដូច្នេះ ប្អូនៗនឹងទទួលបានទីបន្ទាល់មួយអំពីសេចក្ដីពិតដ៏ពេញលេញរបស់វា ។ ការយល់ដឹងសេចក្ដីពិតទាំងនេះនឹងផ្លាស់ប្ដូររបៀបដែលប្អូនៗប្រឈមមុខនឹងឧបសគ្គនានា ។ ការដឹងពីអត្តសញ្ញាណ និងគោលបំណងរបស់ប្អូនៗនឹងជួយប្អូនៗឲ្យសម្របឆន្ទៈរបស់ប្អូនៗទៅនឹងព្រះឆន្ទៈរបស់ព្រះអង្គសង្គ្រោះ ។
សេចក្ដីសុខសាន្ត និងការដឹកនាំនឹងក្លាយជារបស់ប្អូនៗ ពេលប្អូនៗធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
ថ្នាក់ទាំងឡាយរបស់ក្រុមយុវនារី
ចំណុចទីពីរនៃការកែសម្រួលនេះជះឥទ្ធិពលដល់ថ្នាក់របស់ក្រុមយុវនារី ។ អែលឌើរ ណែល អេ ម៉ាកស្វែល បានថ្លែងថា « ជាញឹកញាប់ អ្វីដែលមនុស្សត្រូវការបំផុតគឺជាទីជម្រកពីព្យុះនៃជីវិតនៅក្នុងទីដ៏សុវត្ថិភាព » ។ ថ្នាក់របស់យើងត្រូវតែជាទីសុវត្ថិភាពពីព្យុះទាំងនោះ ជាទីសុខសាន្តនៃសេចក្ដីស្រឡាញ់ និងការស្វាគមន៍ ។ ក្នុងការខិតខំជួយស្ថាបនាសាមគ្គីភាពដ៏ធំ ពង្រឹងមិត្តភាព ហើយបង្កើតអារម្មណ៍នៃការស្វាគមន៍នៅក្នុងក្រុមយុវនារី យើងនឹងធ្វើការកែសម្រួលខ្លះៗចំពោះរចនាសម្ព័ន្ធតាមថ្នាក់ ។
ជាងមួយ១០០ ឆ្នាំមកហើយ យុវនារីត្រូវបានបំបែកទៅជាបីថ្នាក់ ។ ដោយចាប់ផ្ដើមភ្លាមៗ យើងសូមអញ្ជើញថ្នាក់ដឹកនាំយុវនារី និងប៊ីស្សពឲ្យពិចារណាប្រកបដោយការអធិស្ឋានពីសេចក្ដីត្រូវការរបស់យុវនារីម្នាក់ៗ ហើយរៀបចំពួកគេតាមស្ថានភាពជាក់លាក់របស់វួដ ។ នេះគឺជាឧទាហរណ៍មួយចំនួនអំពីរបៀបដែលកិច្ចការនេះអាចដំណើរការបាន ។
-
ប្រសិនបើបងប្អូនមានយុវនារីតិចតួច បងប្អូនអាចមានថ្នាក់យុវនារីមួយ ដោយមានយុវនារីទាំងអស់ប្រជុំរួមគ្នា ។
-
ប្រហែលជាបងប្អូនមានយុវនារីអាយុ១២ ឆ្នាំមួយក្រុមធំ និងយុវនារីមួយក្រុមតូចដែលមានអាយុច្រើនជាងនេះ ។ បងប្អូនអាចសម្រេចចិត្តមានថ្នាក់រៀនពីរគឺ ៖ ថ្នាក់យុវនារី ១២ ឆ្នាំ និងថ្នាក់យុវនារី ១៣–១៨ ឆ្នាំ ។
-
ឬប្រសិនបើបងប្អូនមានវួដធំ ដែលមានយុវនារី ៦០ នាក់ចូលរួម នោះបងប្អូនអាចមានប្រាំមួយថ្នាក់ ស្របតាមអាយុនីមួយៗ ដោយរៀបចំតាមឆ្នាំ ។
មិនថាថ្នាក់ប្អូនៗត្រូវបានរៀបចំតាមរបៀបណានោះទេ ប្អូនៗដែលជាយុវនារីគឺជាផ្នែកសំខាន់ក្នុងការស្ថាបនាសាមគ្គីភាព ។ ចូរធ្វើជាពន្លឺដល់មនុស្សជុំវិញខ្លួនប្អូនៗ ។ ចូរធ្វើជាប្រភពនៃសេចក្ដីស្រឡាញ់ និងការមើលថែ ដែលប្អូនៗសង្ឃឹមចង់បានពីមនុស្សដទៃ ។ សូមបន្តឈោងជួយ ហើយធ្វើជាកម្លាំងសម្រាប់សេចក្ដីល្អ ដោយមានការអធិស្ឋាននៅក្នុងចិត្ត ។ ពេលប្អូនៗធ្វើដូច្នោះ នោះជីវិតប្អូនៗនឹងពោរពេញដោយសេចក្ដីសប្បុរស ។ ប្អូនៗនឹងមានអារម្មណ៍ល្អចំពោះមនុស្សដទៃ ហើយនឹងចាប់ផ្ដើមមើលឃើញពីសេចក្ដីល្អ របស់ពួកគេ ។
ឈ្មោះថ្នាក់របស់ក្រុមយុវនារី
ទីបី ដោយមានការរៀបចំថ្នាក់ថ្មីនេះ គ្រប់ថ្នាក់ទាំងអស់នឹងត្រូវបានហៅតាមឈ្មោះតែមួយថា « យុវនារី » ។ យើងនឹងឈប់ប្រើថ្នាក់ប៊ីហៃ, ម៉ៃម៉េត និងឡូរ៉លទៀតហើយ ។
ពង្រឹងគណៈប្រធានថ្នាក់
ចំណុចចុងក្រោយដែលខ្ញុំចង់លើកឡើងគឺសារៈសំខាន់នៃគណៈប្រធានថ្នាក់ ។ មិនថាថ្នាក់យុវនារីត្រូវបានរៀបចំតាមបែបណានោះទេគ្រប់ថ្នាក់ទាំងអស់គួរមានគណៈប្រធានថ្នាក់មួយ !វាគឺជាការរៀបចំមកពីព្រះ ដែលយុវនារីត្រូវបានហៅឲ្យដឹកនាំនៅក្នុងយុវវ័យរបស់ខ្លួន ។
តួនាទី និងគោលបំណងរបស់គណៈប្រធានថ្នាក់ត្រូវបានពង្រឹង ហើយកំណត់កាន់តែច្បាស់ ។ កិច្ចការនៃសេចក្ដីសង្គ្រោះគឺជាការទទួលខុសត្រូវមួយសំខាន់ ជាពិសេសនៅក្នុងផ្នែកនៃការផ្ដល់ការងារបម្រើ កិច្ចការផ្សព្វផ្សាយសាសនា ការធ្វើឲ្យសកម្ម និងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ចា៎ស នេះគឺជារបៀបដែលយើងប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល —ជាកិច្ចការដ៏រុងរឿងមួយចំពោះយុវនារីទាំងអស់ ក្នុងនាមជាសមាជិកនៃកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ ។
ដូចជាអ្នកបានដឹងហើយ នៅគ្រប់កម្រិតក្នុងសាសនាចក្រ ព្រះអម្ចាស់ហៅគណៈប្រធានដើម្បីដឹកនាំរាស្ត្ររបស់ទ្រង់ ។ យុវនារីអើយ ការធ្វើជាសមាជិកម្នាក់ក្នុងគណៈប្រធានថ្នាក់ ប្រហែលជាឱកាសដំបូងរបស់ប្អូនៗដើម្បីចូលរួមនៅក្នុងគន្លងដ៏បំផុសគំនិតនៃភាពជាអ្នកដឹកនាំនេះ ។ ថ្នាក់ដឹកនាំធ្វើការហៅគណៈប្រធានថ្នាក់ជាអាទិភាពមួយ រួចហើយដឹកនាំនៅក្បែរពួកគេ ដោយណែនាំ ហើយដឹកនាំពួកគេ ដើម្បីពួកគេអាចមានភាពជោគជ័យ ។ មិនថាបទពិសោធន៍នៃភាពជាអ្នកដឹកនាំនៃគណៈប្រធានថ្នាក់មានកម្រិតបែបណាទេ សូមចាប់ផ្តើមនៅត្រង់នោះ ហើយជួយពួកគេអភិវឌ្ឍជំនាញ និងទំនុកចិត្តដែលនឹងផ្ដល់ពរជ័យដល់ពួកគេ ក្នុងនាមជាថ្នាក់ដឹកនាំ ។ សូមនៅក្បែរពួកគេ ប៉ុន្តែកុំធ្វើជំនួសពួកគេឡើយ ។ ព្រះវិញ្ញាណនឹងដឹកនាំបងប្អូន ពេលបងប្អូនដឹកនាំពួកគេ ។
ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់ឪពុកម្ដាយ និងថ្នាក់ដឹកនាំ ក្នុងនាមជាអ្នកណែនាំ ខ្ញុំសូមប្រាប់បងប្អូនពីដំណើររឿងមួយ ។ ក្លូអ៊ី ត្រូវបានហៅឲ្យបម្រើជាប្រធានថ្នាក់ ។ ថ្នាក់ដឹកនាំបព្វជិតភាពដ៏ឆ្លាតវៃរបស់នាងបានលើកទឹកចិត្តនាងឲ្យស្វែងរកជំនួយរបស់ព្រះអម្ចាស់នៅក្នុងការហៅយុវនារីផ្សេងទៀតក្នុងគណៈប្រធានរបស់នាង ។ ក្លូអ៊ី បានអធិស្ឋាន ហើយបានទទួលការបំផុសគំនិតពីឈ្មោះមនុស្សដែលត្រូវធ្វើជាទីប្រឹក្សារបស់នាងភ្លាម ។ ពេលនាងបានបន្តពិចារណា ហើយអធិស្ឋានអំពីលេខា ព្រះវិញ្ញាណនាំនាងម្ដងហើយម្ដងទៀតឲ្យផ្ដោតទៅលើយុវនារីម្នាក់ដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើល–ជាមនុស្សម្នាក់ដែលកម្រមកព្រះវិហារ ឬមកសកម្មភាព ។
ដោយមានអារម្មណ៍មិនស្រួលក្នុងចិត្តបន្តិចចំពោះការបំផុសគំនិតនេះ ក្លូអ៊ី បានពិភាក្សានឹងម្ដាយនាង ដោយគាត់បានពន្យល់ថា វិធីមួយដែលយើងអាចទទួលវិវរណៈគឺតាមរយៈគំនិតដែលមានម្ដងហើយម្ដងទៀត ។ ដោយមានទំនុកចិត្តជាថ្មី ក្លូអ៊ី មានអារម្មណ៍ថា នាងគួរឲ្យឈ្មោះយុវនារីម្នាក់នេះទៅ ។ ប៊ីស្សពបានហៅ ហើយយុវនារីនោះបានទទួលយក ។ បន្ទាប់ពីត្រូវបានញែកចេញ លេខារូបនេះ បានពោលថា « ឯងដឹងទេ ខ្ញុំពុំធ្លាប់គិតថា មានគេត្រូវការខ្ញុំនោះទេ ។ ខ្ញុំពុំបានមានអារម្មណ៍ថា មានគេស្វាគមន៍ឡើយ ។ ប៉ុន្តែដោយមានការហៅនេះ ខ្ញុំគិតថា ព្រះវរបិតាសួគ៌មានគោលបំណងមួយ និងកន្លែងមួយសម្រាប់ខ្ញុំ » ។ កាល ក្លូអ៊ី និងម្ដាយនាងចាកចេញពីការប្រជុំនោះ ក្លូអ៊ី បានងាកទៅរកម្ដាយនាង ហើយពោលទាំងទឹកភ្នែកថា « វិវរណៈមានពិតមែន ! វិវរណៈដំណើរការពិតមែន ! »
គណៈប្រធានថ្នាក់អើយ ប្អូនៗត្រូវបានហៅមកពីព្រះ ហើយបានទុកចិត្តឲ្យដឹកនាំបុត្រីមួយក្រុមរបស់ទ្រង់ ។ « ព្រះអម្ចាស់ស្គាល់ប្អូនៗ ។ … ទ្រង់បានរើសប្អូនៗ » ។ ប្អូនៗត្រូវបាន ញែកចេញ ដោយអ្នកដែលមានសិទ្ធិអំណាចបព្វជិតភាព នេះមានន័យថា ប្អូនៗធ្វើកាតព្វកិច្ចនៃការហៅរបស់ប្អូនៗ ប្អូនៗអនុវត្តសិទ្ធិអំណាចបព្វជិតភាព ។ ប្អូនៗមានកិច្ចការដ៏សំខាន់មួយដែលត្រូវធ្វើ ។ ចូរយកចិត្តទុកដាក់ ហើយធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ។ ពេលប្អូនៗធ្វើដូច្នោះ ប្អូនៗអាចបម្រើដោយទំនុកចិត្ត ពីព្រោះប្អូនៗពុំបម្រើតែម្នាក់ឯងទេ !
ប្រធានថ្នាក់អើយ យើងត្រូវការប្រាជ្ញា សំឡេង និងថាមពលរបស់ប្អូនៗនៅក្នុងក្រុមប្រឹក្សាយុវវ័យវួដថ្មី ដែលអែលឌើរ ឃ្វីនថិន អិល ឃុក បានប្រកាសនៅថ្ងៃនេះ ។ ប្អូនៗគឺជាផ្នែកដ៏សំខាន់មួយនៃដំណោះស្រាយដើម្បីបំពេញសេចក្ដីត្រូវការនៃបងប្អូនប្រុសស្រីរបស់ប្អូនៗ ។
ការកែសម្រួលនៅក្នុងការរៀបចំថ្នាក់ និងថ្នាក់ដឹកនាំទាំងនេះអាចចាប់ផ្ដើមភ្លាមៗ ពេលដែលវួដ និងសាខារួចរាល់ ប៉ុន្តែគួរចាប់ផ្ដើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ។
បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ អើយ ខ្ញុំសូមថ្លែងជាសាក្សីថា ការកែសម្រួលទាំងនេះដែលខ្ញុំបានលើកឡើងនៅថ្ងៃនេះគឺជាការដឹកនាំដ៏បំផុសគំនិតមកពីព្រះអម្ចាស់ ។ ពេលយើងអនុវត្តការកែសម្រួលទាំងនេះដោយឧស្សាហ៍ សូមយើងកុំភ្លេចពីគោលបំណងរបស់យើង ៖ ដើម្បីពង្រឹងការសម្រេចចិត្តរបស់យើងក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយជួយមនុស្សដទៃឲ្យមករកទ្រង់ ។ ខ្ញុំ សូម ថ្លែង ទី បន្ទាល់ ថា នេះ ជា សាសនាចក្រ របស់ទ្រង់ ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ដែលទ្រង់អនុញ្ញាតឲ្យយើងធ្វើជាផ្នែកដ៏សំខាន់បំផុតមួយនៃកិច្ចការពិសិដ្ឋរបស់ទ្រង់ ។
ខ្ញុំសូមអធិស្ឋានថា ព្រះវិញ្ញាណដូចគ្នាដែលបានដឹកនាំការកែសម្រួលនេះនឹងដឹកនាំបងប្អូន ពេលបងប្អូនដើរឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។