ដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់អ្នក
ព្រះអង្គសង្គ្រោះអញ្ជើញយើង ជារៀងរាល់ថ្ងៃ ឲ្យទុកចោលភាពសុខស្រួល និងសុវត្ថិភាពរបស់យើងមួយអន្លើរ ហើយចូលរួមដំណើរនៃភាពជាសិស្ស ជាមួយទ្រង់ ។
Of Hobbits
ប្រលោមលោកប្រឌិតរបស់កុមារតូចៗដែលជាទីស្រឡាញ់បាននិពន្ធជាច្រើនឆ្នាំកន្លងទៅ ចាប់ផ្ដើមដោយប្រយោគនេះថា « មានមនុស្សតឿរស់នៅក្នុងរូងក្រោមដីមួយ » ។
ដំណើររឿងអំពីប៊ីលបូ បាហ្គីនស៍ ជាមនុស្សតឿដែលសាមញ្ញបំផុតជាតំណាងឲ្យឱកាសដ៏អស្ចារ្យបំផុតមួយ— ឱកាសដ៏ល្អនៅក្នុងដំណើរផ្សងព្រេង ហើយសន្យាថានឹងទទួលបានរង្វាន់ដ៏មហិមា ។
បញ្ហាគឺថាពួកមនុស្សតឿដែលគោរពខ្លួនឯងបំផុតនោះ មិនចង់ធ្វើដំណើរផ្សងព្រេងអ្វីនោះទេ។ ជីវិតរបស់ពួកគេគឺរស់នៅក្នុងភាពសុខស្រួល ។ ពួកគេរីករាយនឹងទទួលទានអាហារប្រាំមួយពេលក្នុងមួយថ្ងៃ នៅពេលពួកគេមាន ហើយចំណាយពេលនៅក្នុងសួនច្បាររបស់ពួកគេ ផ្លាស់ប្ដូររឿងនិទានជាមួយនឹងអ្នកមកលេង ច្រៀង លេងឧបករណ៍តន្ត្រី ហើយរីករាយនឹងអំណរដ៏សាមញ្ញនៃជីវិត ។
យ៉ាងណា នៅពេលប៊ីលបូ ជាតំណាងឲ្យទិដ្ឋភាពនៃការធ្វើដំណើរផ្សងព្រេងដ៏ធំ នោះដួងចិត្តរបស់គាត់ចាប់អារម្មណ៍ខ្លាំងនឹងអ្វីមួយ ។ គាត់បានយល់ពីដំបូងថា ការធ្វើដំណើរនោះនឹងមានឧបសគ្គ ។ ទាំងមានគ្រោះថ្នាក់ផងដែរ ។ ហើយគាត់អាចនឹងមិនអាចត្រឡប់មកវិញផងដែរ ។
ប៉ុន្តែការចង់ធ្វើដំណើរផ្សងព្រេងបានចាក់ដោតក្នុងជម្រៅបេះដូងគាត់ ។ ដូច្នោះ មនុស្សតឿសាមញ្ញនេះ បានចាកចេញពីភាពសុខស្រួល ហើយដើរលើផ្លូវទៅកាន់ដំណើរផ្សងព្រេងដ៏ធំមួយ ដែលនឹងនាំទៅដល់ « ទីនោះ ហើយត្រឡប់មកវិញ » ។
ដំណើរផ្សងព្រេងរបស់អ្នក
ប្រហែលជាមូលហេតុមួយនៃដំណើររឿងនេះបន្លឺក្នុងខ្លួនមនុស្សជាច្រើន ដោយសារវាគឺជាដំណើររឿងរបស់យើងផងដែរ ។
ជាយូរលង់មកហើយ តាំងពីមុនយើងកើតមក ពេលវេលាដ៏យូរបានកន្លងទៅ ហើយពុំបានចងចាំ យើងក៏ត្រូវបានអញ្ជើញឲ្យចេញទៅធ្វើដំណើរផ្សងព្រេង ។ ព្រះ ជាព្រះវរបិតាសួគ៌របស់យើងបានដាក់សំណើរ ។ ការទទួលយកដំណើរផ្សងព្រេងនេះ គឺមានន័យថាត្រូវចាកចេញពីកន្លែងសុខស្រួល និងសុវត្ថិភាពនៃវត្តមានរបស់ទ្រង់ភ្លាមៗ ។ វាមានន័យថាជាការមកកាន់ផែនដីសម្រាប់ការធ្វើដំណើរមួយដែលមានពេញទៅដោយគ្រោះថ្នាក់ និងការសាកល្បងដែលយើងពុំដឹង ។
យើងដឹងថាវាមិនងាយស្រួលនោះទេ ។
ប៉ុន្តែយើងក៏បានដឹងថាយើង នឹងទទួលបានទ្រព្យដ៏មានតម្លៃ រួមទាំងរូបរាងកាយ និងបទពិសោធន៍នៃអំណរ និងទុក្ខព្រួយយ៉ាងច្រើននៅក្នុងជីវិតរមែងស្លាប់ ។ យើងនឹងរៀនព្យាយាម ពុះពារ និងការលំបាក ។ យើងនឹងរកឃើញសេចក្ដីពិតអំពីព្រះ និងខ្លួនយើង ។
ប្រាកដណាស់ យើងបានដឹងថាយើងនឹងសាងកំហុសជាច្រើននៅក្នុងការធ្វើដំណើរ ។ ប៉ុន្តែយើងក៏មានការសន្យាមួយផងដែរ ៖ ថាដោយសារតែពលិកម្មដ៏មហិមារបស់ព្រះយេស៊ូវគ្រីស្ទ យើងនឹងត្រូវបានស្អាតពីការរំលងរបស់យើង បន្សុទ្ធ ហើយបរិសុទ្ធនៅក្នុងព្រលឹងរបស់យើង ហើយនៅថ្ងៃមួយនឹងបានរស់ឡើងវិញ ហើយរួបរួមគ្នានឹងអ្នកទាំងឡាយដែលយើងស្រឡាញ់ ។
យើងបាន រៀនថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណា ។ ទ្រង់ប្រទានជីវិតដល់យើង ហើយទ្រង់ចង់ឲ្យយើងជោគជ័យ ។ ហេតុដូច្នោះហើយ ទ្រង់បានរៀបចំព្រះអង្គសង្គ្រោះមួយអង្គសម្រាប់យើង ។ « ទោះជាយ៉ាងណាក៏ដោយ » ព្រះវរបិតាសួគ៌របស់យើងបានមានបន្ទូលថា « អ្នកអាចជ្រើសរើសសម្រាប់ខ្លួនឯងផ្ទាល់ ត្បិតការណ៍នោះត្រូវបានប្រទានដល់អ្នកហើយ » ។
ច្បាស់ជាមានចំណែកខ្លះក្នុងដំណើរផ្សងព្រេងក្នុងជីវិតរមែងស្លាប់នេះដែលមានទុក្ខព្រួយ ហើយធ្វើឲ្យកូនចៅរបស់ព្រះភ័យខ្លាច ពីព្រោះមានបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើងមួយចំនួនធំបានសម្រេចចិត្តជំទាស់ ។
តាមរយៈអំណោយទាន និងអំណាចនៃសិទ្ធិជ្រើសរើសក្នុងជីវិតរមែងស្លាប់ នោះយើងបានប្ដេជ្ញាចិត្តថា អ្វីជាច្រើនដែលយើងអាចរៀន និងប្រែក្លាយអស់កល្បជានិច្ច គឺមានតម្លៃខ្លាំងដើម្បីធ្វើការប្រថុយ ។
ដូច្នេះ ដោយការទុកចិត្តទៅលើការសន្យា និងព្រះចេស្ដារបស់ព្រះ និងព្រះរាបុត្រាសំណព្វរបស់ទ្រង់ យើងបានទទួលយកតាមសំណូមពរ ។
ខ្ញុំបានធ្វើ ។
ហើយបងប្អូនក៏ដូចគ្នាដែរ !
យើងយល់ព្រមចាកចេញពីទីសុវត្ថិភាពក្នុងស្ថានភាពដំបូងរបស់យើង ហើយចេញទៅធ្វើដំណើរផ្សងព្រេងដ៏ធំផ្ទាល់ខ្លួនថា « ទៅទីនោះ ហើយត្រឡប់មកវិញ » ។
ការហៅឲ្យចេញដំណើរផ្សងព្រេង
ប៉ុន្តែជីវិតរមែងស្លាប់ មានផ្លូវមួយដែលរំខានយើង មែនទេ? យើងមានទំនោរមើលរំលងបេសកកម្មធំរបស់យើង ដោយចង់បានភាពសុខស្រួល ហើយមិនចង់រីកចម្រើន ឬលូតលាស់ទេ ។
ប៉ុន្តែយ៉ាងណាក៏ដោយ មានអ្វីមួយដែលពុំអាចបដិសេធបាន ចាក់ជ្រៅក្នុងដួងចិត្តយើង ដែលស្រេកឃ្លាននូវគោលបំណងកាន់តែខ្ពស់ និងកាន់តែថ្លៃថ្នូរ ។ ការស្រេកឃ្លាននេះ គឺជាហេតុផលមួយថាហេតុអ្វីមនុស្សត្រូវខិតមករកដំណឹងល្អ និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អដែលបានស្ដារឡើងវិញ គឺមានន័យថា ជាការបន្ដការហៅឲ្យធ្វើដំណើរផ្សងព្រេង ដែលយើងបានទទួលយកតាំងពីយូរលង់មកនោះ ។ ព្រះអង្គសង្គ្រោះអញ្ជើញយើង ជារៀងរាល់ថ្ងៃ ឲ្យទុកចោលភាពសុខស្រួល និងសុវត្ថិភាពរបស់យើងមួយអន្លើរ ហើយចូលរួមនឹងទ្រង់ធ្វើដំណើរនៃភាពជាសិស្ស ។
មានភាពបត់បែនជាច្រើននៅលើផ្លូវនេះ ។ មានកូនភ្នំ មានជ្រលងភ្នំ និងផ្លូវវៀង ។ ប្រហែលជាមានពីងពាង នុយ និងនាគមួយ ឬពីរ ។ ប៉ុន្តែបើអ្នកបន្ដនៅលើផ្លូវ ហើយទុកចិត្តព្រះ អ្នកនឹងរកឃើញផ្លូវទៅកាន់ជោគវាសនារុងរឿង ហើយត្រឡប់ទៅកាន់គេហដ្ឋានសួគ៌របស់អ្នកវិញនៅទីបំផុត ។
ដូច្នេះ តើអ្នកនឹងចាប់ផ្ដើមដោយរបៀបណា ?
វាសាមញ្ញណាស់ ។
ភ្ជាប់ដួងចិត្តរបស់អ្នកទៅនឹងព្រះ ។
ទីមួយ អ្នកចាំបាច់ត្រូវជ្រើសរើសភ្ជាប់ដួងចិត្តរបស់អ្នកទៅនឹងព្រះ ។ ព្យាយាមជារៀងរាល់ថ្ងៃដើម្បីស្វែងរកទ្រង់ ។ រៀនស្រឡាញ់ទ្រង់ ។ ហើយបន្ទាប់មកអោយក្តីស្រលាញ់នោះបំផុសគំនិតដល់អ្នកអោយរៀនយល់ដឹងហើយធ្វើតាមការបង្រៀនរបស់ទ្រង់និងរៀនគោរពបទបញ្ញាតិរបស់ទ្រង់។ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានប្រទានដល់យើងតាមរបៀបដ៏សាមញ្ញ និងងាយ ដែលកុមារតូចម្នាក់អាចយល់បាន ។ ប៉ុន្តែដំណឹងល្អព្រះយេស៊ូវគ្រីស្ទ មានចម្លើយចំពោះសំណួរស្មុគ្រស្មាញបំផុតនៅក្នុងជីវិត ហើយវាមានជម្រៅ និងភាពស្មុគ្រស្មាញយ៉ាងខ្លាំង ដែលត្រូវសិក្សា និងពិចារណាពេញមួយជីវិត យើងអាចនឹងពិបាកយល់បាននូវចំណែកដ៏តូចបំផុតមួយ ។
បើអ្នកស្ទាក់ស្ទើរនៅក្នុងដំណើរផ្សងព្រេងនេះ ដោយសារអ្នកសង្ស័យសមត្ថភាពរបស់អ្នក សូមចងចាំថា ភាពជាសិស្សគឺពុំមែនធ្វើអ្វីៗដោយឥតខ្ចោះនោះទេ វាគឺជាការធ្វើអ្វីៗដោយបំណងចិត្តវិញ ។ វាគឺជាជម្រើសរបស់អ្នកដែលបង្ហាញពីខ្លួនអ្នកពិត ហួសពីសមត្ថភាពរបស់អ្នកទៅទៀត ។
ទោះជាអ្នកបរាជ័យ អ្នកអាចជ្រើសរើសមិនចុះចាញ់នោះឡើយ ប៉ុន្តែរកបានភាពក្លាហានរបស់អ្នកវិញ ឆ្ពោះទៅមុខ ហើយក្រោកឡើង ។ នោះគឺជាការសាកល្បងដ៏ធំបំផុតនៅក្នុងការធ្វើដំណើរ ។
ព្រះដឹងថាអ្នកមិនល្អឥតខ្ចោះ ដែលជួនកាលអ្នកនឹងបរាជ័យ ។ ព្រះស្រឡាញ់អ្នកយ៉ាងខ្លាំងទាំងពេលមានបញ្ហាក៏ដូចជាពេលដែលអ្នកទទួលបានជោគជ័យ ។
ដូចជាឪពុកម្ដាយជាទីស្រឡាញ់ ទ្រង់គ្រាន់តែចង់ឲ្យអ្នកបន្ដព្យាយាមដោយចេតនាល្អ ។ ភាពជាសិស្សគឺដូចជាការៀនលេងព្យាណូ ។ ប្រហែលជាអ្វីដែលអ្នកអាចធ្វើពីដំបូងគឺលេងដូចជាគោះ « ចង្កឹះ » ។ ប៉ុន្តែបើអ្នកបន្ដហាត់សម សំឡេងសាមញ្ញៗ ថ្ងៃណាមួយអាចលេងជា សូណាតាស រាបសូឌីស និងខនសើតូស ។
ឥឡូវ ថ្ងៃនោះអាចនឹងមិនកើតមានក្នុងជីវិតនេះ ប៉ុន្តែវានឹងកើតមាន ។ អ្វីដែលទ្រង់សុំ គឺថាសូមឲ្យអ្នកបន្ដព្យាយាមដោយមានមនសិការ ។
ឈោងទៅជួយអ្នកដទៃដោយក្ដីស្រឡាញ់
មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្ទើរតែជាមតិផ្ទុយ អំពីផ្លូវនេះដែលអ្នកបានជ្រើសរើស ៖ វិធីតែមួយគត់សម្រាប់អ្នករីកចម្រើននៅក្នុងដំណើរផ្សងព្រេងដំណឹងល្អរបស់អ្នក គឺត្រូវជួយអ្នកដទៃរីកចម្រើនផងដែរ ។
ដើម្បីជួយអ្នកដទៃ គឺជា ផ្លូវនៃភាពជាសិស្ស ។ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងការបម្រើបន្សុទ្ធយើងជាពួកសិស្ស ។
តាមរយៈការខិតខំរបស់អ្នកដើម្បីជួយអ្នកក្រីក្រ និងអ្នកខ្វះខាត ដើម្បីឈោងទៅជួយអ្នកទាំងឡាយដែលមានទុក្ខលំបាក អាក្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកគឺត្រូវបានបន្សុទ្ធ និងចម្រើនទៅមុខ វិញ្ញាណអ្នកត្រូវបានពង្រីកធំឡើង ហើយអ្នកដើរកាន់តែត្រង់ខ្លួន ។
ប៉ុន្តែក្ដីស្រឡាញ់នេះ ពុំអាចកើតមានមកដោយការរំពឹងទុកឲ្យបង់ថ្លៃសងទេ ។ វាមិនអាចជាប្រភេទការបម្រើដែលរំពឹងថាមានការទទួលស្គាល់ អួតសរសើរ ឬគាប់ចិត្តទេ ។
សិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទស្រឡាញ់ព្រះ និងកូនចៅរបស់ទ្រង់ដោយគ្មានការរំពឹងចង់បានអ្វីត្រឡប់មកវិញ ។ យើងស្រឡាញ់អ្នកទាំងឡាយដែលធ្វើឲ្យយើងខកចិត្ត ដែលមិនចូលចិត្តយើង ។ ទោះជាអ្នកដែលចំអក បំពាន ហើយព្យាយាមធ្វើឲ្យយើងឈឺចាប់ ។
នៅពេលអ្នកបំពេញដួងចិត្តដោយក្ដីស្រឡាញ់បរិសុទ្ធរបស់ព្រះគ្រីស្ទ នោះអ្នកពុំមានគំនុំ វិនិច្ឆ័យ ឬអៀនខ្មាសទេ ។ អ្នករក្សាបទបញ្ញត្តិរបស់ព្រះដោយសារអ្នកស្រឡាញ់ទ្រង់ ។ នៅក្នុងដំណើរការនេះ អ្នកប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទសន្សឹមៗនៅក្នុងគំនិត និងទង្វើរ ។ ហើយតើមានដំណើរផ្សងព្រេងណាធំធេងជាងនេះ ?
ចែកចាយរឿងរបស់អ្នក
រឿងទីបីដែលយើងព្យាយាមមានជំនាញនៅក្នុងការធ្វើដំណើរនេះ គឺត្រូវលើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយពុំអៀនខ្មាសនឹងខ្លួនយើងជាសមាជិកម្នាក់នៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។
យើងមិនលាក់ជំនឿរបស់យើង ។
យើង មិនកប់វាលាក់ទុកទេ ។
ផ្ទុយទៅវិញ យើងនិយាយអំពីការធ្វើដំណើររបស់យើងជាមួយអ្នកដទៃតាមរបៀបសាមញ្ញ និងតាមធម្មតា ។ នោះជាអ្វីដែលមិត្តធ្វើ — ពួកគេនិយាយអំពីរឿងដែលសំខាន់ចំពោះពួកគេ ។ រឿងដែលជិតនឹងដួងចិត្តរបស់ពួកគេ ហើយធ្វើឲ្យមានភាពខុសគ្នាចំពោះពួកគេ ។
នោះជាអ្វីដែលអ្នកធ្វើ ។ អ្នកប្រាប់រឿង និងបទពិសោធន៍របស់អ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ពេលខ្លះរឿងរបស់អ្នកធ្វើឲ្យមនុស្សសើច ។ ពេលខ្លះវាធ្វើឲ្យមនុស្សយំ ។ ពេលខ្លះពួកគេនឹងជួយមនុស្សឲ្យបន្ដអត់ធ្មត់ តស៊ូ និងក្លាហានប្រឈមមុខបន្ដទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមកកាន់តែជិតនឹងព្រះ ។
សូមចែកចាយបទពិសោធន៍របស់អ្នកដោយផ្ទាល់ នៅលើប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងក្រុម នៅគ្រប់ទីកន្លែង ។
រឿងចុងក្រោយមួយដែលព្រះយេស៊ូវបានប្រាប់ដល់ពួកសិស្សរបស់ទ្រង់គឺថា ពួកគេត្រូវចេញទៅក្នុងពិភពលោក ហើយចែកចាយអំពីដំណើរឿងនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ។ សព្វថ្ងៃនេះ យើងរីករាយនឹងទទួលយកការបង្គាប់ដ៏មហិមានោះផងដែរ ។
សារលិខិតដ៏រុងរឿងមួយដែលយើងត្រូវចែកចាយគឺ ៖ ដោយសារតែព្រះយេស៊ូវគ្រីស្ទ គ្រប់បុរស ស្ត្រី និងកុមារ អាចត្រឡប់ទៅផ្ទះសួគ៌វិញដោយសុវត្ថិភាព នៅទីនោះ រស់នៅក្នុងសិរីល្អ និងសេចក្ដីសុចរិត !
មានដំណឹងល្អជាច្រើនទៀតដើម្បីចែកចាយ ។
ព្រះបានលេចមកជួបមនុស្សនៅជំនាន់របស់យើង ! យើងមានព្យាការីដែលមានព្រះជន្មរស់
ខ្ញុំសូមរំឭកអ្នកថា ព្រះមិនត្រូវការឲ្យអ្នក « លក់ » ដំណឹងល្អដែលបានស្ដារឡើងវិញ ឬសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទទេ ។
ទ្រង់គ្រាន់តែរំពឹងថាអ្នកមិនលាក់វានៅក្រោមថាំងទេ ។
ហើយបើមនុស្សសម្រេចចិត្តថាសាសនាចក្រនេះពុំមែនសម្រាប់ពួកគេទេ នោះគឺជាការសម្រេចចិត្តរបស់ពួកគេ ។
វាពុំមានន័យថាអ្នកបរាជ័យនោះទេ ។ អ្នកបន្ដប្រព្រឹត្តល្អចំពោះពួកគេ ។ ហើយវារាប់បញ្ចូលទាំងអ្នកអញ្ជើញពួកគេម្ដងទៀត ។
ភាពខុសគ្នារវាងទំនាក់ទំនងសង្គមធម្មតា និងភាពជាសិស្សក្លាហានដោយមេត្តាគឺ— ការអញ្ជើញ !
យើងស្រឡាញ់ និងគោរពដល់កូនចៅរបស់ព្រះគ្រប់រូប មិនថាពួកគេនៅក្នុងឋានៈណានៃជីវិតពួកគេ មិនគិតពីជាតិសាសន៍ ឬសាសនា មិនគិតពីការសម្រេចចិត្តក្នុងជីវិតរបស់ពួកគេជាយ៉ាងណានោះទេ ។
សម្រាប់ចំណែករបស់យើង យើងនឹងនិយាយថា « ចូរមក ហើយមើល ! សូមរកមើលដោយខ្លួនឯងអំពីរបៀបដើរនៅលើផ្លូវនៃភាពជាសិស្ស នោះនឹងទទួលបានរង្វាន់ ហើយការលើកតម្កើង » ។
យើងអញ្ជើញមនុស្សឲ្យ « មក ហើយជួយ នៅពេលយើងព្យាយាមធ្វើឲ្យពិភពលោកក្លាយជាកន្លែងមួយកាន់តែល្អប្រសើរ » ។
ហើយយើងនិយាយថា « មក ហើយនៅជាមួយយើង ! យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីនឹងគ្នា ។ យើងមិនឥតខ្ចោះនោះទេ ។ យើងទុកចិត្តព្រះ ហើយព្យាយាមរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
« សូមចូលរួមនឹងយើង ហើយអ្នកនឹងធ្វើឲ្យយើងកាន់តែល្អប្រសើរ ។ ហើយនៅក្នុងដំណើរនោះ អ្នកនឹងប្រែក្លាយកាន់តែល្អប្រសើរផងដែរ ។ សូមឆក់យកឱកាសនេះរួមគ្នា » ។
តើខ្ញុំគួរចាប់ផ្ដើមនៅពេលណា ?
នៅពេលមិត្តរបស់យើង ប៊ីលបូ បាហ្គីន ដឹងពីការហៅឲ្យចេញដំណើរផ្សងព្រេងនៅក្នុងខ្លួនគាត់ គាត់បានសម្រេចចិត្តថាទៅដេកឲ្យបានស្កប់នៅពេលយប់ រីករាយនឹងអាហារពេលព្រឹក ហើយចាប់ផ្ដើមធ្វើវាជារឿងទីមួយនៅព្រឹកនោះ ។
នៅពេលប៊ីលបូ ភ្ញាក់ឡើង គាត់បានកត់សម្គាល់ថាផ្ទះរបស់គាត់រញ៉េរញ៉ៃ ហើយគាត់ស្ទើរតែត្រូវបានរំខានទាំងស្រុងមិនឲ្យធ្វើផែនការល្អរបស់គាត់ ។
ប៉ុន្តែមិត្តរបស់គាត់ ហ្គានដាលហ្វ បានមក ហើយសួរថា « តើឯងនឹងមកដល់នៅពេលណា ? » ដើម្បីឲ្យទាន់មិត្តគាត់ ប៊ីលបូ ត្រូវសម្រេចចិត្តថាគាត់ត្រូវធ្វើអ្វី ។
ដូច្នេះ មនុស្សតឿដ៏សាមញ្ញបានរកឃើញថាខ្លួនគាត់កំពុងស្ថិតនៅលើមាត់ច្រកទៅកាន់ផ្លូវធ្វើដំណើរផ្សងព្រេងយ៉ាងលឿន គាត់បានភ្លេចមួក ឈើច្រត់ និងកន្សែងដៃ ។ គាត់ថែមទាំងបានទុកអាហារពេលព្រឹកទីពីររបស់គាត់ចោល ។
ប្រហែលជាមានមេរៀនមួយនៅទីនេះសម្រាប់យើងផងដែរ ។
បើអ្នក និងខ្ញុំមានអារម្មណ៍រំជួលចិត្តឲ្យចូលរួមក្នុងដំណើរផ្សងព្រេងដ៏មហិមាអំពីការរស់នៅ និងការចែកចាយអ្វីដែលព្រះវរបិតាសួគ៌យើងបានរៀបចំសម្រាប់យើងជាយូរលង់មក ខ្ញុំសូមអះអាងនឹងអ្នកថា ថ្ងៃនេះគឺជាថ្ងៃដើម្បីធ្វើតាមព្រះរាជបុត្រារបស់ព្រះ និងព្រះអង្គសង្គ្រោះរបស់ទ្រង់នៅលើមាគ៌ានៃការបម្រើ និងភាពជាសិស្សរបស់ទ្រង់ ។
យើងអាចចំណាយពេលពេញមួយជីវិតរងចាំឱកាសនោះ នៅពេលអ្វីៗតម្រៀបគ្នាយ៉ាងល្អឥតខ្ចោះ ។ ប៉ុន្ដែឥឡូវគឺជាពេលដើម្បីតាំងចិត្តពេញលេញដើម្បីស្វែងរកព្រះ ផ្ដល់ការងារបម្រើដល់អ្នកដទៃ ហើយចែកចាយបទពិសោធន៍របស់យើងជាមួយអ្នកដទៃ ។
សូមទុកមួក ឈើច្រត់ កន្សែងដៃ និងផ្ទះរញ៉េរញ៉ៃចោលសិនទៅ ។
ចំពោះគ្នាយើងដែលបានដើរនៅលើផ្លូវនោះរួចហើយ សូមក្លាហាន មានក្ដីមេត្តា មានទំនុកចិត្ត ហើយបន្ដទៅមុខ !
ចំពោះអ្នកដែលបានចាកចេញពីផ្លូវ សូមត្រឡប់មកវិញ ចូលរួមនឹងពួកយើងម្ដងទៀត សូមជួយយើងឲ្យកាន់តែខ្លាំង ។
ហើយចំពោះ អ្នកដែលពុំទាន់ដើរលើផ្លូវនៅឡើយ ហេតុអ្វីក៏នៅពន្យាពេលទៀត ? បើអ្នកចង់មានបទពិសោធន៍ដំណើរខាងវិញ្ញាណដ៏អស្ចារ្យនេះ សូមឈានជើងរបស់អ្នកក្នុងដំណើរផ្សងព្រេងដ៏ធំដោយខ្លួនឯង ! និយាយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ និយាយនឹងមិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយរបស់អ្នក ។ សូមនិយាយនឹងពួកគេអំពីកិច្ចការដ៏ធំ និងអស្ចារ្យនេះ ។
ដល់ពេលត្រូវចាប់ផ្ដើមហើយ ។
សូមមកចូលរួមជាមួយយើង !
បើអ្នកបានដឹងថា ជីវិតរបស់អ្នកអាចមានអត្ថន័យកាន់តែច្រើន គោលបំណងកាន់តែខ្ពស់ ចំណងគ្រួសារកាន់តែខ្លាំង និងទំនាក់ទំនងកាន់តែជិតនឹងព្រះ សូមមកចូលរួមជាមួយយើង ។
បើអ្នកស្វែងរកសហគមន៍មនុស្សមួយដែលធ្វើការដើម្បីប្រែក្លាយទៅជាខ្លួនពួកគេល្អបំផុត សូមជួយដល់អ្នកទាំងឡាយដែលត្រូវការ ហើយធ្វើឲ្យពិភពលោកជាកន្លែងកាន់តែល្អប្រសើរ សូមមកចូលរួមជាមួយយើង !
សូមមក ហើយមើលដំណើរផ្សងព្រេងដ៏អស្ចារ្យ ស្រស់ស្អាត និងមហិមាជាអ្វី ។
នៅតាមផ្លូវនោះ អ្នកនឹងរកឃើញខ្លួនអ្នក ។
អ្នកនឹងរកឃើញអត្ថន័យ ។
អ្នកនឹងរកឃើញព្រះ ។
អ្នកនឹងរកឃើញដំណើរផ្សងព្រេងដ៏រុងរឿងបំផុតនៅក្នុងជីវិតអ្នក ។
ខ្ញុំសូមថ្លែងទីបន្ទាល់ អំពីការណ៍នេះនៅក្នុងព្រះនាមនៃព្រះប្រោសលោះ និងព្រះអង្គសង្គ្រោះរបស់យើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។