ឆ្នាំ ២០១០-២០១៩
សុន្ទរកថា​បញ្ចប់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

សុន្ទរកថា​បញ្ចប់

ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន​តម្រូវ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ជឿ​នៃ​គំនិត និង​ដួង​ចិត្ត​ទាំង​ស្រុង ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអម្ចាស់ ។

បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ នៅពេល​យើង​មក​ដល់​ពេល​បញ្ចប់​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ យើង​សូម​ថ្លែង​អំណរគុណ​ព្រះអម្ចាស់​ចំពោះ​សារលិខិត​ និង​តន្ត្រី​ដ៏​បំផុសគំនិត​ដែល​បាន​ស្អាង​យើងទាំងអស់គ្នា ។ យើង​ពិតជា​មានអំណរ​ចំពោះ​ការទទួលទាន​អាហារ​ខាងវិញ្ញាណ ។

យើង​ដឹង​ថា​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ស្ដារ​ឡើង​វិញ​នឹង​នាំ​ក្ដីសង្ឃឹម និង អំណរ​ដល់​មនុស្ស​ដែល​នឹង​ស្ដាប់ ហើយ​គោរព​ចំពោះ​គោលលទ្ធិ​របស់ទ្រង់ ។ យើង​ក៏​ដឹង​ផងដែរ​ថា គេហដ្ឋាន​នីមួយៗ​អាច​ក្លាយជាទីពិសិដ្ឋ​ពិត​មួយ​នៃ​សេចក្ដីជំនឿ ភាពសុខសាន្ដ ក្ដីស្រឡាញ់ និង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់នៅ ។

ប្រាកដណាស់ ចំណែក​ដ៏​សំខាន់​បំផុតនៃ​ការស្ដារឡើងវិញ គឺ​ព្រះវិហារបរិសុទ្ធ ។ ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ គឺជាសំខាន់​ចំពោះ​ការ​រៀបចំ​មនុស្ស​ដែល​ត្រៀម​ខ្លួន​ជាស្រេច​ ដើម្បី​ស្វាគមន៍​ព្រះអង្គសង្គ្រោះ​នៅក្នុងការ​យាងមក​ជា​លើកទីពីរ​របស់ទ្រង់ ។ បច្ចុប្បន្ន​យើង​មាន ១៦៦ ព្រះវិហារបរិសុទ្ធ​ដែល​បាន​ឧទ្ទិស​ឆ្លង​រួច ហើយ​នឹង​មាន​ច្រើន​ទៀត​ផងដែរ ។

ការ​សម្ពោធ​បើក​នឹង​ធ្វើ​ឡើង​ពី​មុន​ការ​ឧទ្ទិស​ឆ្លង​សម្រាប់​ព្រះវិហារបរិសុទ្ធ​ថ្មី និង​ព្រះវិហារបរិសុទ្ធ​ដែល​បាន​ជួសជុល​ឡើងវិញ ។ មិត្តជាច្រើន​ដែល​ពុំ​មាន​ជំនឿ​ដូច​យើង នឹង​ចូលរួម​ដើរ​ទស្សនា​ព្រះវិហារបរិសុទ្ធ​ទាំង​នោះ ហើយ​នឹង​រៀន​អ្វី​មួយ​អំពី​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។ ហើយ​អ្នកមក​ទស្សនា​ទាំងនោះមួយ​ចំនួន នឹង​ត្រូវ​បំផុស​ឲ្យ​ចង់ដឹង​បន្ថែម​ទៀត ។ មនុស្ស​មួយចំនួន​នឹង​សួរ​ដោយ​ស្មោះ​អំពីរបៀប​ដែល​ពួកគេ​អាច​ស័ក្ដិសម​នឹង​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។

ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ យើង​ចាំបាច់​ត្រូវ​រៀបចំ​ខ្លួន​ឆ្លើយ​សំណួរ​ពួកគេ ។ យើង​អាច​ពន្យល់​ថា ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ គឺ​មាន​សម្រាប់​មនុស្ស​គ្រប់រូប ដែល​នឹង​រៀបចំ​ខ្លួន ។ ប៉ុន្តែ​ពី​មុន​ពួកគេ​អាច​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដែល​បាន​ឧទ្ទិស​ឆ្លងណាមួយ ពួកគេ​ចាំបាច់​ត្រូវ​មានភាព​ស័ក្ដិសម ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​ទ្រង់គ្រប់រូប​ទទួល​ពរជ័យ​អស់កល្បជានិច្ច​ដែល​មាន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ទ្រង់ ។ ទ្រង់​​បាន​ដឹកនាំ​​អ្វីៗ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ធ្វើ​ដើម្បី​មាន​ភាព​ស័ក្ដិសម​ចូល​ទៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

កន្លែង​ល្អ​មួយសម្រាប់​យើង​ដើម្បី​​ចាប់​ផ្ដើម​បង្រៀន​ដូច្នេះ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យដែល​បាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ខាង​ក្រៅ​នៃ​ព្រះវិហារបរិសុទ្ធ ៖ « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ ដំណាក់នៃ​ព្រះអម្ចាស់ » ។ សារលិខិត​របស់​ប្រធាន ហិនរី ប៊ី ​អាវរិងថ្ងៃនេះ និង​អ្នកដទៃទៀត​ជាច្រើន​បាន​បំផុសគំនិត​យើង​ឲ្យ​កាន់តែ​បរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធ​នីមួយៗ​គឺ​ជា​កន្លែង​បរិសុទ្ធ​មួយ អ្នកទៅ​ព្រះវិហារបរិសុទ្ធ​នីមួយៗ​ព្យាយាម​ឲ្យ​បាន​កាន់តែ​បរិសុទ្ធ ។

តម្រូវការ​ទាំងអស់​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ​ជាប់ទាក់ទង​នឹង​បរិសុទ្ធភាព​ផ្ទាល់ខ្លួន ។ ដើម្បី​វាយ​តម្លៃ​ភាពត្រៀម​ខ្លួន​ជា​ស្រេច មនុស្ស​ម្នាក់ៗ​ដែល​ចង់​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​ក្នុង​ព្រះវិហារបរិសុទ្ធ​នឹង​មាន​ការ​សម្ភាស​ពីរ​គឺ ៖ ទីមួយ​ជាមួយ​ប៊ីស្សព ទីប្រឹក្សាគណៈប៊ីស្សព ឬ​ប្រធាន​សាខា ទីពីរ ជាមួយ​ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ម្នាក់​របស់គាត់ ។ នៅក្នុង​ការ​សម្ភាស​ទាំងនោះ សំណួរ​ជាច្រើន​នឹង​ត្រូវ​បា​ន​សួរ ។

សំណួរ​មួយចំនួន​ទាំងនោះ ​ថ្មីៗ​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ភាព​ច្បាស់ ។ ខ្ញុំ​ចង់​រំឭក​សំណួរទាំងនោះជាមួយ​នឹង​អ្នក​ឥឡូវ​នេះ ៖

  1. តើ​អ្នក​មាន​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប, ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ?

  2. តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ និងតួ នាទី​របស់​ទ្រង់ ក្នុងនាម​ជា​ព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះ​ដែរ​ឬទេ ?

  3. តើអ្នក​មាន​ទីបន្ទាល់​អំពីដំណឹងល្អ ដែល​បាន​ស្តារ​ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ទំាងនេះ​ដែរ​ឬទេ ?

  4. តើ​អ្នក​គំាទ្រ ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ថាជា ព្យាការី, អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅលើ​ផែនដី ដែលមានការអនុញ្ញាតឲ្យ អនុវត្ត​កូនសោ​បព្វជិតភាព​ទំាងអស់​ដែរ​ឬទេ ?

    តើ​ប្អូន​គំាទ្រ​សមាជិក​នៃ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជាព្យាការី, អ្នកមើលឆុត, និង អ្នក​ទទួល​វិវរណៈ​ដែរ​ឬ​ទេ ?

    តើអ្នក​គំាទ្រ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ផ្សេង​ទៀត និង​អ្នក​មាន​សិទ្ធិអំណាច​ក្នុង​មូលដ្ឋាន​នៃសាសនាចក្រ​ដែរ​ឬទេ ?

  5. ព្រះអម្ចាស់​បាន​មានបន្ទូល​ថា​គ្រប់​ការណ៍ទាំង​អស់ គឺត្រូវ​ « ធ្វើ​ដោយ​ភាព​ស្អាតបាត » នៅ​ចំពោះទ្រង់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤១ ) ។

    តើ​អ្នក​ព្យាយាម​ដើម្បី​មានភាព​ស្អាតបាត​ខាង​សីលធម៌​នៅក្នុងគំនិត និង​អាកប្បកិរិយារបស់​អ្នកដែរ​ឬទេ ?

    តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?

  6. តើ​អ្នក​ធ្វើ​តាម​ការ​បង្រៀន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទទាំង​អាកប្បកិរិយាផ្ទាល់ខ្លួន និង​ជាសាធារណៈ​ជាមួយ​សមាជិក​ក្នុងគ្រួសារអ្នក និង​អ្នកដទៃ​ដែរ​ឬទេ ?

  7. តើអ្នកគាំទ្រ ឬ​លើក​កម្ពស់​ដល់​ការ​បង្រៀន ការ​អនុវត្ត ឬ​គោលលទ្ធិណាមួយ​ដែល​ផ្ទុយទៅ​នឹងការបង្រៀន ការ​អនុវត្ត ឬ គោលលទ្ធិ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែរឬទេ ?

  8. តើអ្នក​ព្យាយាម​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ទាំងនៅ​ក្នុងគេហដ្ឋាន និង​នៅ​សាសនាចក្រ ចូលរួមការ​ប្រជុំ​របស់អ្នក រៀបចំខ្លួន និង​មានភាព​ស័ក្ដិសម​ទទួល​ទាន​សាក្រាម៉ង់ ហើយ​រស់នៅ​ក្នុង​ជីវិត​របស់អ្នក​ស្រប​ទៅតាម​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែរឬទេ ?

  9. តើ​អ្នក​ព្យាយាម​មានភាព​ស្មោះត្រង់នៅគ្រប់កិច្ចការ​ដែលអ្នកធ្វើ​ដែរឬទេ ?

  10. តើ​អ្នក​ជា​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ​ដែរ​ឬ​ទេ ?

  11. តើអ្នក​យល់ និង​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃដែរឬទេ ?

  12. តើ​អ្នក​មាន​កាតព្វកិច្ច​ខាង​ហិរញ្ញវត្ថុ ឬកាតព្វកិច្ច​ដទៃ​ទៀត​ណា​មួយ​​ជាមួយ​នឹង​អតីត​ស្វាមី ឬភរិយា ឬ​កូនៗ​របស់​អ្នក​ដែរ​ឬ​ទេ ?

    បើមាន តើ​អ្នក​បាន​អនុវត្ត​​តាម​កាតព្វកិច្ច​ទំាងនោះ​ដែរឬទេ ?

  13. តើ​អ្នក​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​អ្នកបានធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ រួម​មាន​ទាំង​ការ​ស្លៀកពាក់​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ដូចបាន​ណែនាំ​នៅ​ក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ​ដែរឬទេ ?

  14. តើ​មានអំពើបាប​ធ្ងន់ធ្ងរ​នៅក្នុងជីវិត​របស់អ្នក ដែលអ្នក​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​អ្នកមានសិទ្ធិអំណាច​បព្វជិតភាព ជាចំណែក​នៃ​ការ​ប្រែចិត្ត​របស់អ្នក​ដែរឬទេ ?

  15. តើ​ប្អូន​គិត​ថា អ្នក​មាន​ភាពស័ក្តិសម ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ និង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ នានា​នៃ​ព្រះវិហារបរិសុទ្ធ​ដែរ​ឬ​ទេ ?

ថ្ងៃស្អែក សំណួរ​សម្ភាសន៍​ទទួល​បណ្ណ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ធ្វើកំណែថ្មី​ទាំងនេះ នឹង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៅទូទាំង​ពិភពលោក ។

បន្ថែម​ពី​លើ​ការ​ឆ្លើយ​សំណួរ​ទាំងនោះ​របស់​ពួកគេ​ដោយ​ស្មោះត្រង់ វា​គឺជា​ការ​យល់ដឹង​ថា​អ្នកទៅ​ព្រះវិហារបរិសុទ្ធពេញវ័យ​ម្នាក់ៗ នឹង​ស្លៀកពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​​នៅ​ពី​ក្នុងសម្លៀក​បំពាក់​ធម្មតា​របស់ពួកគេ ។ នេះ​គឺជា​និមិត្តរូប​នៃ​ការ​តាំង​ចិត្ត​ក្នុង​ខ្លួន​ដើម្បី​ព្យាយាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះអម្ចាស់ ។ វា​ក៏​រំឭក​យើង​ផងដែរ​ឲ្យ​បន្ដ​ស្មោះត្រង់ជា​រៀង​រាល់ថ្ងៃ​​ចំពោះ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ជា​រៀងរាល់ថ្ងៃ ហើយ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ជារៀងរាល់ថ្ងៃ​តាម​របៀបមួយ​ដែល​កាន់តែ​ខ្ពស់ និងកាន់តែ​បរិសុទ្ធ ។

ឥឡូវ​នេះ សម្រាប់គ្រានេះ ខ្ញុំ​ចង់​ថ្លែង​ទៅកាន់​យុវវ័យ​របស់​យើង ។ យើង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​មាន​ភាព​ស័ក្ដិសម​ដើម្បី​កាន់បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ប្រើប្រាស់​មានកំណត់ ។ អ្នកនឹង​ត្រូវ​សួរ​តែសំណួរ​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​អ្នក​នៅ​ក្នុង​ការ​រៀបចំខ្លួន​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក​ និងពិធីបញ្ជាក់ជំនួស​ប៉ុណ្ណោះ ។ យើង​មាន​អំណរគុណ​ណាស់​ចំពោះ​ភាពស័ក្ដិសម និង​ឆន្ទៈ​របស់​អ្នក​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នោះ ។ ពួកយើង​អរគុណ​ណាស់ !

ភាព​ស័ក្ដិសម​ផ្ទាល់ខ្លួន​ដើម្បី​ចូល​ក្នុង​ដំណាក់របស់​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ច្រើន​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួនម្នាក់ៗ ។ ប៉ុន្តែ​ដោយ​មានជំនួយ​របស់​ព្រះអម្ចាស់ គ្មាន​អ្វី​ដែល​ពុំ​អាច​ធ្វើ​បាន​នោះទេ ។ នៅ​ក្នុង​ទិដ្ឋភាព​ខ្លះ ការសង់​ព្រះវិហារបរិសុទ្ធ​គឺងាយ​ស្រួល​ជាង​ស្ថាបនា​មនុស្ស​ម្នាក់​ដែលត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ ភាព​ស័ក្ដិសម​ផ្ទាល់ខ្លួន​ម្នាក់ៗ​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ចិត្តជឿ​ទាំង​ស្រុង​ក្នុង​គំនិត និង​ដួងចិត្ត​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអម្ចាស់ ជា​ពលរដ្ឋ​ស្មោះត្រង់ ជាគំរូ​ល្អប្រសើរ និង​ជា​មនុស្ស​កាន់តែ​បរិសុទ្ធ ។

ខ្ញុំ​ថ្លែងទីបន្ទាល់ថា កិច្ចការ​រៀបចំ​ដូច្នេះ នាំមកនូវ​ពរជ័យ​រាប់មិនអស់​ក្នុងជីវិត​នេះ និង​ពរជ័យដែល​នឹក​ស្មាន​មិនដល់​សម្រាប់​ជីវិត​ខាង​មុខ រួមទាំង​និរន្ដរភាព​នៃ​អង្គភាព​គ្រួសារ​របស់​បងប្អូន​នៅ​អស់ទាំងភាពអស់កល្បជានិច្ច​« ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិនចេះចប់​មិន​ចេះហើយ » ។

ឥឡូវ​ខ្ញុំ​ចង់​បង្វែរ​ទៅប្រធាន​បទមួយទៀតគឺ ៖ ផែនការ​សម្រាប់​ឆ្នាំ​ខាង​មុខ ។ នៅ​ទិទារឃរដូវ​​ឆ្នាំ ២០២០ វា​នឹង​គម្រប់ ២០០ ឆ្នាំ​គត់ ចាប់តាំង​ពី​យ៉ូសែប ស្ម៊ីធ​បាន​ជួប​បទពិសោធន៍​ការ​បើក​សម្ដែង​ដែល​យើង​បាន​ដឹង​ថា​ជា​ការ​និមិត្តដំបូង ។ ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យ៉ូសែប ជាយុវជន​អាយុ ១៤ ឆ្នាំ ។ ព្រឹត្តិការណ៍​នោះ​បាន​គូស​បញ្ជាក់​ពីការ​ចាប់ផ្ដើម​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុងភាព​ពេញលេញ ដូច​ដែលបាន​ទាយ​ទុក​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ។

បន្ទាប់មកក៏​មាន​នូវការ​យាង​មកជួប​ពីពួក​សារទូតសួគ៌ា​រួមមានទាំង មរ៉ូណៃ យ៉ូហាន បាទីស្ទ និង​សាវក​ជំនាន់​ដើម​ឈ្មោះ ពេត្រុស យ៉ាកុប និង​យ៉ូហាន ។ ឯអ្នកដទៃទៀត​ដែល​មកតាម​ក្រោយ​រួមមាន ម៉ូសេ អេលីយ៉ា និង​អេលីយ៉ាស។ ម្នាក់ៗ​បាន​នាំ​មកនូវ​សិទ្ធិអំណាច​ដ៏​ទេវភាព​ដើម្បី​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់ព្រះ​នៅ​លើ​ផែនដី​ម្ដងទៀត ។

យើង​ក៏​បាន​ទទួល​ព្រះគម្ពីរមរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​គម្ពីរដៃគូ​នឹង​ព្រះគម្ពីរ​ប៊ីប ។ វិវរណៈ​ដែល​បាន​បោះពុម្ព​នៅ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា មាននូវ​ការយល់​ដឹងកាន់តែ​ទូលំទូលាយ​ផងដែរ​អំពី​បទបញ្ញត្តិ​របស់​ព្រះ និង​សេចក្ដីពិត​អស់កល្បជានិច្ច ។

កូនសោ និង​តំណែង​បព្វជិតភាព​ត្រូវ​បាន​ស្ដារឡើងវិញ រួមទាំង​តំណែង​នៃ​ពួក​សាវក ពួក​ចិតសិបនាក់ លោក​អយ្យកោ សង្ឃ​ជាន់ខ្ពស់ អែលឌើរ ប៊ីស្សព សង្ឃ គ្រូ និង​ឌីកុន ។ ហើយ​ស្ត្រី​ដែល​ស្រឡាញ់​ព្រះ​បម្រើ​ដោយ​ក្លហាន​នៅ​ក្នុង​សមាគម​សង្គ្រោះ អង្គការ​បឋមសិក្សា អង្គការ​យុវនារី សាលាថ្ងៃ​អាទិត្យ និង​ការហៅ​ក្នុង​សាសនាចក្រ​ដទៃទៀត— ជា​ផ្នែក​ដ៏​សំខាន់​​នៃ​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ភាព​ពេញលេញ ។

ដូច្នេះ ឆ្នាំ ២០២០ នឹង​ត្រូវ​បាន​កំណត់ជា​ឆ្នាំ​គម្រប់​ខួប ។ សន្និសីទ​ទូទៅ​ខែ​មេសា​ក្រោយ នឹង​ខុសប្លែក​ពី​សន្និសីទ​ពី​មុនៗ​ទាំងអស់ ។ នៅ​ប្រាំ​មួយ​ខែ​ក្រោយ ខ្ញុំ​សង្ឃឹម​ថា សមាជិក និង​គ្រួសារ​គ្រប់​រូប នឹង​រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ពិសេស​មួយ ដែល​នឹងរំឭក​ខួបមូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។

បងប្អូន​អាច​នឹង​ចង់​ចាប់​ផ្ដើម​ការ​រៀបចំ​ខ្លួន​ដោយការអាន​ដំណើររឿង​នៃ​ការ​និមិត្ត​ដំបូង ដូចបាន​កត់ត្រា​នៅក្នុង​គម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។ ការ​សិក្សា​ឆ្នាំ​ក្រោយ​នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ គឺ​ព្រះគម្ពីរមរមន ។ បងប្អូន​គួរ​ពិចារណា​ពី​សំណួរ​សំខាន់ៗ​ដូចជា « តើ​ជីវិត​របស់​ខ្ញុំ​នឹង​មាន​ភាព​ខុស​ប្លែក​បែប​ណា​ទៅ ប្រសិន​បើ​ចំណេះដឹង​ដែល​ខ្ញុំ​ទទួល​បាន​មក​ពី​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​យក​ទៅ​មួយ​រំពេច​នោះ ? » ឬ « តើ​ព្រឹត្តិការណ៍​ដែល​កើត​មាន​ក្រោយ​ពី​ការ​និមិត្ត​ដំបូង​បាន​ធ្វើ​ឲ្យ​ភាព​ខុស​ប្លែក​មួយ​ចំពោះ​ខ្ញុំ និង​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្ញុំ​តាម​របៀបណា ? » វីដេអូ​ព្រះគម្ពីរមរមន​ឥឡូវ​ក៏​មាន​ផងដែរ បងប្អូន​អាច​នឹង​ចង់​ដាក់​វា​បញ្ចូល​នៅក្នុង​ការ​សិក្សា​ជា​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

សូម​ជ្រើសរើស​សំណួរ​ផ្ទាល់ខ្លួន​របស់​បងប្អូន ។ សូម​រៀបចំផែនការ​របស់​បងប្អូន​ផ្ទាល់ ។ សូម​ជ្រមុជ​ខ្លួន​បងប្អូន​ទៅ​ក្នុង​ពន្លឺ​ដ៏​រុងរឿង​នៃ​ការ​ស្ដារឡើងវិញ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​សន្និសីទ​ខែ​មេសា​ក្រោយ នឹង​ពុំគ្រាន់តែ​ជា​ការ​រំឭក​ចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ពុំ​អាច​បំភ្លេច​បាន​ផងដែរ ។

ឥឡូវ​ជា​ទីបញ្ចប់ ខ្ញុំ​សូម​បន្សល់​ទុក​ក្ដីស្រឡាញ់ និង​ពរជ័យ​របស់ខ្ញុំ​ឲ្យ​បងប្អូន​ម្នាក់ៗ​អាច​ប្រែក្លាយ​កាន់តែ​រីករាយ និងកាន់តែ​បរិសុទ្ធ​ជាមួយ​នឹង​ពេលវេលា​ដែលបាន​កន្លងទៅ​មួយថ្ងៃៗ ។ ក្នុង​ពេលនេះ ​ខ្ញុំ​សូម​អះអាង​​ថា វិវរណៈ​បន្ដ​មាន​នៅ​ក្នុង​សាសនាចក្រ​នេះ ហើយ​នឹង​បន្ដ​រហូត​ដល់ « គោលបំណង​របស់​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ » ។​

ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូន ដោយបញ្ជាក់ជាថ្មីនូវ​ក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ជាមួយ​នឹង​ទីបន្ទាល់ខ្ញុំ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​ពួកយើង​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕