ឆ្នាំ ២០២១
ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​វិញ
ខែ កក្កដា ឆ្នាំ ២០២១


ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​វិញ

អ្នក​ប្រហែល​ជា​ដើរ​លើ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​អ្នក​វិញ​បាន​ឆ្ងាយ​ជាង​អ្វី​ដែល​អ្នក​ដឹង ។

man walking in light

ឪពុក​ម្ដាយ​របស់​ខ្ញុំ​គឺ អាផារ៉េស៊ីដូ និង មែស៊ីដេស សូរ៉េស តែងតែ​ស្រមៃ​ចង់​បម្រើ​បេសកកម្ម​មួយ ។ ពួកគាត់​ចង់​សង​ថ្លៃ​ដល់​ព្រះអម្ចាស់​ចំពោះ​ពរជ័យ​ជាច្រើន ដែល​បាន​កើត​មាន​ដល់​គ្រួសារ​របស់​ពួកគាត់ តាំងពី​ពួកគាត់​បាន​ចូលរួម​ក្នុង​សាសនាចក្រ​មក ។ ឱកាស​របស់​ពួកគាត់​បាន​មកដល់​នៅ​ឆ្នាំ ១៩៨៩ នៅពេល​ពួកគាត់​បាន​ទទួល​ការហៅ​មួយ​ឲ្យ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។

ប៉ុន្ដែ​រយៈពេល​តែ​ពីរបី​ខែ​ក្នុង​បេសកកម្ម​របស់​ពួកគាត់ ឪពុក​របស់​ខ្ញុំ​បាន​គាំង​បេះដូង ហើយ​បាន​លាចាក​លោក​ទៅ ។ អំឡុង​បុណ្យសព​របស់​គាត់ ខ្ញុំ​បាន​ឱប​ម្ដាយ​របស់​ខ្ញុំ ពេល​យើង​ឈរ​នៅមុខ​ក្ដារ​មឈូស​របស់​ឪពុក​ខ្ញុំ ។

ខ្ញុំ​បាន​សួរ​ថា « ម៉ាក់ តើ​ម៉ាក់​នឹង​ធ្វើ​អ្វី​ឥឡូវនេះ ? »

គាត់​បាន​ឆ្លើយ​ថា « ឪពុក​របស់​កូន និង​ម៉ាក់​បាន​ស្រមៃ​ពី​បេសកកម្ម​នេះ » ។ « ម៉ាក់​កំពុង​បម្រើ​នាពេល​នេះ ហើយ​ម៉ាក់​នឹង​បន្ដ​បម្រើ—សម្រាប់​គាត់ និង​សម្រាប់​ម៉ាក់​ខ្លួនឯង » ។

ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ចិត្ត​ល្អ​ម្នាក់​បាន​ចាត់តាំង​ស្ដ្រី​មេម៉ាយ​ម្នាក់ទៀត​ឲ្យ​បម្រើ​ជា​ដៃគូ​របស់​ម្ដាយ​ខ្ញុំ ហើយ​ម្ដាយ​ខ្ញុំ​បាន​បន្ដ​បេសកកម្ម​របស់​គាត់​រយៈពេល​ជាង ២០ ខែ​ទៀត ។ ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​របស់​គាត់​បាន​ផ្ដល់​ពរជ័យ​ដល់​គាត់ ហើយ​សេចក្ដី​ជំនឿ និង​គំរូ​របស់​គាត់​បាន​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​ខ្ញុំ និង​រូបខ្ញុំ ។

អំឡុង​បេសកកម្ម​របស់​គាត់ បងប្រុស​របស់​ខ្ញុំ​ពីរនាក់​ក៏​បាន​លាចាក​លោក​ផងដែរ ហើយ​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​បាត់បង់​កូន​ពីរនាក់ ។ កូន​ទីមួយ​បាន​កើត​មុន​ខែ ហើយ​បាន​ស្លាប់ បន្ទាប់មក​យើង​បាន​បាត់បង់​កូន​ទីពីរ​ដោយសារ​ការរលូត ។ អំឡុង​គ្រា​ដ៏​ពិបាក​សម្រាប់​គ្រួសារ​របស់​យើង ម្ដាយ​របស់​ខ្ញុំ​បាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជារៀងរាល់​ថ្ងៃ ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ជំនឿ​របស់​គាត់—និង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​យើង—លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

សេចក្ដី​ជំនឿ​របស់​គាត់​លើ​ការរួបរួម​ដ៏​រុងរឿង​ជាមួយ​ឪពុក របស់​ខ្ញុំ និង​លើ​សេចក្ដី​សន្យា​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌ យើង បាន​គាំទ្រ​គាត់​រយៈពេល ២៩ ឆ្នាំ​ក្នុងនាម​ជា​ស្ដ្រី​មេម៉ាយ​រហូតដល់​ដង្ហើម​ចុងក្រោយ​របស់​គាត់​នៅ​អាយុ ៩៤ ឆ្នាំ ។

ផែនការ​នៃ​សុភមង្គល

ឱ យើង​មាន​ពរជ័យ​ខ្លាំង​ណាស់​ក្នុងនាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ដឹង​ថា ដំណឹងល្អ​ត្រូវបាន​ស្ដារឡើងវិញ ។ ផែនការ​នៃ​សេចក្តី​សង្រ្គោះ​គឺ​ពិត​ជា « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ( អាលម៉ា ៤២:៨ ) មែន ។ ផែនការ​នៃ​សុភមង្គល​សន្យា​ថា អ្នកជឿ​ដ៏​ពិត និង​អ្នកស្មោះត្រង់​នឹង​ទទួល​បាន​រង្វាន់​ដ៏​អស់កល្ប​អស់កាល​មួយ​នៅក្នុង​វត្តមាន​របស់​ព្រះ ។

ដូច​បាន​បើក​សម្ដែង​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ស្ទើរតែ​ទាំងអស់​នឹង​ចូល​ទៅក្នុង​នគរ​នៃ​សិរីល្អ​មួយ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អស់​អ្នកដែល​ចេញ​មក « នៅក្នុង​ដំណើរ​រស់​ឡើងវិញ​នៃ​មនុស្ស​សុចរិត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១៧ ) នឹង​បាន​ល្អ​ឥតខ្ចោះ ហើយ​គ្រង​មរតក​សិរីល្អ​សេឡេស្ទាល ។

សមាជិក​ភាគច្រើន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទទួល​យក​គោលលទ្ធិ​នេះ ។ ជាអកុសល សមាជិក​មួយ​ចំនួន​អាច​មិន​បាន​ជឿ​ថា វា​អនុវត្ត​ចំពោះ​ពួកគេ​ផ្ទាល់​នោះ​ទេ ។ ពួកគេ​ធ្វើ​ខុស ។ ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ទោះបីជា​វា​ថេរ​មែន តែ​វា​យឺត ។ ពួកគេ​ឆ្ងល់​ថា តើ​ពួកគេ​នឹង​បាន​ល្អ​គ្រប់គ្រាន់​សម្រាប់​នគរ​សេឡេស្ទាល​ដែរ​ឬអត់ ។

ប្រសិនបើ​អ្នក​ឃើញ​ថា​ខ្លួនឯង​ស្ថិត​ក្នុង​ក្រុម​នោះ សូម​ចងចាំ​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​ពួកអ្នកជឿ​មួយ​ក្រុម​ទៀត ៖ « ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​យើង​ដឹង​នូវ​សេចក្ដី​សញ្ញា ដែល​អ្នករាល់គ្នា​បាន​ធ្វើ​ជាមួយ​នឹង​យើង » ( ម៉ូសាយ ២៤:១៣ ) ។

ព្រះ​ទ្រង់​ស្រឡាញ់​យើង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​ពួកយើង​ទាំងអស់​គ្នា​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​វិញ ។ អ្នក​ប្រហែល​ជា​ដើរ​លើ​ផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​បាន​ឆ្ងាយ​ជាង​អ្វី​ដែល​អ្នក​ដឹង ។

« សុចរិត ហើយ​ពិត »

woman resting her head in her hands

នៅក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​របៀប​ដែល​បុត្រា​បុត្រី​របស់​ទ្រង់​អាច​គ្រង​មរតក​នគរ​សេឡេស្ទាល​បាន ។ ប្រសិនបើ​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​មាន​ទីបន្ទាល់​មួយ នោះ​អ្នក​បាន​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​របស់​អ្នក​រួចហើយ ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៖

  • យើង​ត្រូវតែ​ទទួល​បាន « ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ហើយ​ជឿ « ដល់​ព្រះនាម​ទ្រង់ » ( ខទី ៥១ ) ។

  • យើង​ត្រូវតែ​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច​ចូល​ក្នុង​ទឹក ( សូមមើល ខទី ៥១ ) ។

  • យើង​ត្រូវតែ « ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយសារ​ការដាក់​ ដៃ​លើ » ពី​អ្នក​ណា​ដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ( ខទី ៥២ ) ។

ប៉ុន្ដែ ជំហាន​ផ្សេងៗ​ទៀត​ត្រូវ​ចំណាយ​ពេល​ខិតខំ​ពេញ​មួយ​ជីវិត ហើយ​សមាជិក​មួយ​ចំនួន​មាន​អារម្មណ៍​បាក់​ទឹកចិត្ត នៅពេល​ពួកគេ​មិន​បាន​សម្រេច​តាម​គោលដៅ ។ យើង​ទាំងអស់គ្នា​កំពុង​ធ្វើការ​ដើម្បី​បំពេញ​តាម​កិច្ចតម្រូវ​ទាំងនេះ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​សម្រេច​បាន​អ្វី​ទាំងអស់ ៖

  • កាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ ហើយ « បាន​លាង ហើយ​សំអាត​ឲ្យ​ ជ្រះ​ចេញពី​អស់​ទាំង​អំពើបាប​របស់ [ យើង ] » ( ខទី ៥២ ) ។

  • « បាន​ឈ្នះ​ដោយសារ​សេចក្ដី​ជំនឿ » ( ខទី ៥៣ ) ។

  • « បាន​ភ្ជាប់​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា » ( ខទី ៥៣ ) ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ឯង​ដែល « ធ្វើ​ទីបន្ទាល់​ដល់​ព្រះវរបិតា ថា​ពិធីបរិសុទ្ធ​ទាំងឡាយ​ខាង​ការសង្គ្រោះ [ របស់​យើង ] នោះ​បាន​ធ្វើ​ដោយ​ត្រឹមត្រូវ ហើយ​ថា​សេចក្ដី​សញ្ញា​ដែល​រួម​នឹង​ពិធី​ទាំងនោះ នោះ​ក៏​បាន​កាន់​តាម » ។ ព្រះវរបិតា​សន្យា​ពី​ការផ្សារភ្ជាប់​នេះ​ដល់ « អស់​អ្នក​ណា​ដែល​សុចរិត​ហើយ​ពិត » ( ខទី ៥៣ ) ។

ដូច​ដែល​បាន​ប្រកាស​ដោយ​ប្រធាន អែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ភាព « សុចរិត​ហើយ​ពិត » គឺជា « ការបង្ហាញ​ដ៏​រហ័ស​សម្រាប់​អស់​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ។ ពួកគេ​ក្លាហាន​ក្នុង​ការការពារ​សេចក្ដីពិត និង​សេចក្ដី​សុចរិត ។ អ្នកទាំងនេះ​គឺជា​សមាជិក​នៃ​សាសនាចក្រ​ដែល​លើក​តម្កើង​ការហៅ​របស់​ពួកគេ​ក្នុង​សាសនាចក្រ ( សូមមើល គ. និង ស. ៨៤:៣៣ ) បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​តម​អាហារ​របស់​ពួកគេ រស់នៅ​ដោយ​មាន​ភាពស្អាតស្អំ​ខាង​សីលធម៌ គាំទ្រ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ពួកគេ​តាមរយៈ​ពាក្យ​សម្ដី និង​សកម្មភាព រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​បរិសុទ្ធ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ព្រះ » ។

ដើម្បី​ទទួល​បាន​លំដាប់​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ដែល​ជាញឹកញាប់​គឺ​សំដៅ​លើ​ភាពលើក​តម្កើង​ឡើង មាន​កិច្ចតម្រូវ​ចុងក្រោយ​មួយ ។ យើង​ត្រូវតែ​ចូល​ទៅក្នុង « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​ អាពាហ៍ពិពាហ៍ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:២ ) ដែល​បាន​ធ្វើឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ។ យោងតាម​ផែនការ​ដ៏​ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​នៃ​ព្រះវរបិតា​របស់​យើង យើង​ដឹង​ថា ពរជ័យ​សេឡេស្ទាល​នឹង​កើត​មាន​ឡើង​នៅ​ជីវិត​បន្ទាប់ពី​នេះ ដល់​អស់​អ្នក​ដែល​មិន​បាន​មាន​ឱកាស​ទទួល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ជីវិត​នេះ ប៉ុន្ដែ​បាន​បន្ដ​ស្មោះត្រង់​រហូត​ដល់​ចុង​បំផុត ។

យើង​រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​ស្មោះត្រង់​នឹង​ទទួលបាន​ពរជ័យ មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​អ្វី​ក្នុង​ជីវិត​ឡើយ ហើយ​ព្រមទាំង « ត្រូវបាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ( ម៉ូសាយ ២:៤១ ) ទៀត​ផង ។ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ពួកយើង​ជានិច្ច នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង ។

ពរជ័យ​នៃ​ការប្រែចិត្ត

man praying

រូបថត​ដោយ ហ៊ីយុន លី

ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះអម្ចាស់​ពុំ​រំពឹង​ភាពល្អ​ឥតខ្ចោះ​ពី​យើង អំឡុង​ពេល​នៃ​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​យើង​នេះ​ឡើយ ។ ប៉ុន្តែ​ទ្រង់​រំពឹង​ឲ្យ​យើង​កាន់តែ​បាន​បរិសុទ្ធ ។ ការប្រែចិត្ត​ប្រចាំ​ថ្ងៃ​គឺជា​ច្រកទ្វារ​ទៅកាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង » ។

ប្រធាន​ណិលសុន​ក៏​បាន​ថ្លែង​ផងដែរ​ថា « ការប្រព្រឹត្ត និង​ការធ្វើជា​មនុស្ស​ប្រសើរ​ជាង​បន្ដិច​ម្ដងៗ​ជា​រៀងរាល់​ថ្ងៃ » នាំឲ្យ​យើង​មាន « ការពង្រឹង​អំណាច » ។ នៅពេល​យើង​ប្រើ​ការពង្រឹង​អំណាច​នោះ​ប្រឆាំង​នឹង​ភាពជា​មនុស្ស ( សូមមើល ម៉ូសាយ ៣:១៩ ) នោះ​យើង​ដើរ​លើ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតា​របស់​យើង​វិញ​បាន​រឹតតែ​ឆ្ងាយ​ជាងមុន ។

ដោយសារ​គ្មាន​អ្វី​ដែល​ មិន​ស្អាត​អាច​អាស្រ័យ​នៅក្នុង​វត្តមាន​របស់​ព្រះ​បាន ( សូមមើល ម៉ូសេ ៦:៥៧ ) នោះ​យើង​ខិតខំ​ធ្វើការ​ប្រចាំ​ថ្ងៃ​ដើម្បី​មាន​ការផ្លាស់ប្ដូរ​ខាង​វិញ្ញាណ​យ៉ាង​ពិតប្រាកដ—​នៅក្នុង​គំនិត​របស់​យើង បំណង​ប្រាថ្នា​របស់​យើង និង​អាកប្បកិរិយា​របស់​យើង ។ នៅក្នុង​ពាក្យសម្ដី​របស់​សាវក​ប៉ុល គឺ​យើង​ព្យាយាម​កើត​ជាថ្មី​នៅក្នុង​ព្រះគ្រីស្ទ បន្ដិច​ម្ដងៗ ដោយ​ជំនួស​ខ្លួន​យើង​ចាស់​ជាមួយ​នឹង​ខ្លួន​យើង​ថ្មី ( សូមមើល កូរិនថូស ទី​២ ៥:១៧ ) ។ ការផ្លាស់ប្ដូរ​នេះ​កើត​មាន​មួយ​បន្ទាត់​ម្ដងៗ នៅពេល​យើង​ខិតខំ​ដើម្បី​បាន​ប្រសើរ​ឡើង​បន្ដិច​ម្ដងៗ​ជារៀងរាល់​ថ្ងៃ ។

ការធ្វើតាម​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការព្យាយាម​ក្លាយ​ដូចជា​ទ្រង់ គឺជា​ដំណើរការ​នៃ​ការលះ​កាត់​ចិត្ត​ខ្លួនឯង​ចោល ដូច​ដែល​ទ្រង់​បាន​ផ្ដល់​និយមន័យ​ថា​ជា​ការផ្ទុក​ឈើ​ឆ្កាង​របស់​យើង ( សូមមើល ម៉ាថាយ ១៦:២៤–២៦ ) ។ យើង​ផ្ទុក​ឈើ​ឆ្កាង​របស់​យើង នៅពេល​យើង ៖

  • គ្រប់គ្រង​បំណង​ប្រាថ្នា ចំណង់ និង​តណ្ហា​របស់​យើង ។

  • « ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ » សម្រាប់​យើង​ដោយ​ចិត្ត​អំណត់ ( ម៉ូសាយ ៣:១៩ ) ។

  • លះបង់​ចោល​ពី​ខ្លួនយើង​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។

  • ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។

ចុះ​តើ​យើង​ធ្វើ​អ្វីខ្លះ នៅពេល​យើង​ធ្វើខុស​នោះ ? យើង​ងាក​ទៅរក​ព្រះវរបិតា​របស់​យើង ហើយ​ទូល​ទៅ​ទ្រង់​ឲ្យ « សូម​ប្រទាន​នូវ​ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការអភ័យទោស​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​យើង » ( ម៉ូសាយ ៤:២ ) ។ យើង​ខិតខំ​យកឈ្នះ​លើ​ភាពទន់ខ្សោយ និង​បោះបង់​អំពើបាប​ជាថ្មី​ម្ដងទៀត ។ យើង​អធិស្ឋាន​ទូលសូម​ព្រះគុណ ជា « ព្រះចេស្ដា​បង្កើត​ឲ្យ​មាន និង​ការព្យាបាល​ខាង​វិញ្ញាណ » របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​លើក​ឈើឆ្កាង​របស់​យើង​ឡើង ហើយ​បន្ដ​ដំណើរ​របស់​យើង​ទៅមុខ​ទៀត មិន​ថា​វា​យូរ និង​លំបាក​ប៉ុណ្ណា​ទេ គឺ​ទៅកាន់​ដែនដី​សន្យា​ក្នុង​វត្តមាន​របស់​ទ្រង់​ទាំងទ្វេ ។

ទុកចិត្ត​លើ​សេចក្ដី​សន្យា​របស់​ទ្រង់

ជីវិត​រមែង​ស្លាប់ និង​ជីវិត​ដ៏​អស់កល្ប​របស់​យើង​គឺជា​កិច្ចការ និង​សិរីល្អ​របស់​ព្រះ ( សូមមើល ម៉ូសេ ១:៣៩ ) ។ កិច្ចការ​របស់​យើង​ដើម្បី​សម្រេច​ឲ្យ​បាន​សិរីល្អ​នោះ រួមមាន​ការក្លាហាន​ក្នុង​ទីបន្ទាល់​របស់​យើង​ខណៈ​នៅលើ​ផែនដី​នេះ ។

នៅក្នុង​ការនិមិត្ត​មួយ ព្យាការី យ៉ូសែប ស៊្មីធ បាន​ឃើញ​ថា​អ្នកស្មោះត្រង់ « នឹង​បាន​ឈ្នះ​គ្រប់​ការណ៍​ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦០ ) ។ ក្រោយមក លោក​បាន​ប្រកាស​ថា « គ្រប់​ទាំង​បល្ល័ង្ក និង​អំណាច​គ្រប់គ្រង ក្សត្រ​បុរី និង​អំណាច​ទាំងឡាយ​នឹង​ត្រូវ បាន​បើក​សម្ដែង ហើយ​ប្រទាន​មក​លើ​អស់អ្នក​ណា​ដែល​ស៊ូទ្រាំ​ដោយ​ក្លាហាន ដើម្បី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:២៩ ) ។

នៅពេល​យើង​ទុកចិត្ត​លើ​សេចក្ដី​សន្យា​ទាំងនេះ នោះ​យើង​នឹង​មិន​លះបង់​ចោល​ខ្លួនយើង មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ឬ​បុត្រា​បុត្រី​របស់​ព្រះ​ផ្សេងទៀត​ឡើយ ។ យើង​នឹង​ខិតខំ​ធ្វើ​អស់ពី​សមត្ថភាព​របស់​យើង ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​ផងដែរ ។ បើ​ផ្អែកតែ​លើ​ខ្លួន​យើង​ផ្ទាល់ នោះ​គ្មាន​ពួកយើង​ណាម្នាក់​នឹង​បាន​ល្អ​គ្រប់គ្រាន់​ដើម្បី​បាន​សង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល​ឡើយ ប៉ុន្ដែ « លើកលែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃ​ទី​២ ២:៨ ) នោះ​ពរជ័យ​ទាំងនោះ​នឹង​នៅតែ​អាច​ទទួល​យក​បាន ។

កាល​យើង​បន្ដ​ស្មោះត្រង់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​នឹង​ទទួល​បាន​នូវ « សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » នៅក្នុង​វត្តមាន​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ « ឱ សូម​ចាំ សូម​ចាំ​ថា រឿង​ទាំងនេះ​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ( ម៉ូសាយ ២:៤១ ) ។

កំណត់​ចំណាំ

  1. សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

  2. អែសរ៉ា ថាហ្វ ប៊ែនសឹន « Valiant in the Testimony of Jesus » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៨៧ ទំព័រ ២ ។

  3. រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ។

  4. រ័សុល អិម ណិលសុន​« We Can Do Better and Be Better » ទំព័រ ៦៧ ។

  5. « Grace » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។