ឆ្នាំ ២០២១
សូម​ត្រឡប់​មក​វិញ​មក
ខែ កក្កដា ឆ្នាំ ២០២១


សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សូម​ត្រឡប់​មក​វិញ​មក

ពេល​យើង​មាន​កូន​បី​នាក់ វ៉ាន់ណេសា បាន​និយាយ​ថា « យើង​ត្រូវការ​សាសនា​នៅក្នុង​ផ្ទះ​នេះ » ។

a father helping his son with his shirt sleeve

នៅពេល​ខ្ញុំ​មាន​អាយុ ១២ ឆ្នាំ បងប្រុស​ច្បង​របស់​ខ្ញុំ​បាន​នាំ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​មក​ផ្ទះ​យើង ហើយ​ពួកគេ​បាន​ណែនាំ​យើង​ឲ្យ​ស្គាល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ មិន​យូរ​ប៉ុន្មាន ម្ដាយ​របស់​ខ្ញុំ​ចាប់ផ្ដើម​នាំ​បងប្រុស​ពីរ​នាក់​របស់​ខ្ញុំ បងស្រី​របស់​ខ្ញុំ និង​រូបខ្ញុំ​ទៅកាន់​ព្រះវិហារ ។ យើង​ទាំងអស់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បន្ទាប់​ពី​នោះ​មក ។

ប៉ុន្ដែ បន្ដិច​ម្ដងៗ​យើង​ឈប់​ទៅ​ព្រះវិហារ ។ ខ្ញុំ​តែងតែ​ចូលចិត្ត​ទៅ​ព្រះវិហារ ប៉ុន្ដែ​ពេល​ខ្ញុំ​អាយុ ១៧ ឆ្នាំ រឿងរ៉ាវ​ក្នុង​ជីវិត​ខ្ញុំ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ទៅរក​ផ្លូវ​ផ្សេង​មួយ​ទៀត ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើជា​មនុស្ស​ល្អ​ម្នាក់ ហើយ​ខ្ញុំ​មិន​ដែល​មាន​បំណង​អាក្រក់​អ្វី​ឡើយ ។ ប៉ុន្ដែ​ខ្ញុំ​បាន​វង្វេង ហើយ​ចាប់ផ្ដើម​រស់នៅ​តាម​របៀប​លោកិយ ។ ដោយ​មិន​បាន​ដឹង​ខ្លួន នោះ​ខ្ញុំ​បាន​ធ្លាក់​ជ្រៅ​ទៅក្នុង​ពិភពលោក​នេះ ។

បន្ទាប់មក ខ្ញុំ​បាន​ជួប​នឹង វ៉ាន់ណេសា ។ នៅ​ថ្ងៃមួយ បន្ទាប់ពី​យើង​បាន​នៅ​ជាមួយ​គ្នា​បាន​មួយ​រយៈ​មក នាង​បាន​និយាយ​ថា « យើង​ត្រូវការ​សាសនា​នៅក្នុង​ផ្ទះ​នេះ » ។ នៅពេល​នោះ យើង​មាន​កូន​បី​នាក់​ហើយ ។

ដោយសារ​ពិភពលោក​នេះ​មាន​សភាព​ដូច្នេះ នោះ​យើង​បាន​ព្រួយ​បារម្ភ​ពី​ទិសដៅ​ខាង​វិញ្ញាណ​ដែល​យើង​នឹង​ផ្ដល់​ដល់​កូនៗ​របស់​យើង ។ ខ្ញុំ​បាន​គិត​ថា ប្រសិនបើ​ខ្ញុំ​ត្រឡប់​ទៅរក​សាសនា​វិញ នោះ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ព្រះវិហារ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាំ​ថា វា​គឺជា​កន្លែង​មួយ​ដែល​មាន​មនុស្ស​ល្អៗ ។

ខ្ញុំ​បាន​និយាយ​ទៅកាន់​សមាជិក​សាសនាចក្រ​ម្នាក់ ហើយ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​គិត​ចង់​ត្រឡប់​មក​ព្រះវិហារ​វិញ ។

គាត់​បាន​និយាយ​ថា « សូម​ត្រឡប់​មក​វិញ​មក ! »

ការបារម្ភ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ថា កូនៗ​របស់​ខ្ញុំ​នឹង​គិត​ថា ព្រះវិហារ​គឺ​គួរឲ្យ​ធុញទ្រាន់ ហើយ​នឹង​មិន​ចូលចិត្ត​ទៅ​ទេ ផ្ទុយទៅវិញ​ពួកគេ​ចូលចិត្ត​ទៅ​ព្រះវិហារ​ណាស់ ។ កាល​យើង​បន្ដ​ទៅ​ព្រះវិហារ នោះ​វ៉ាន់ណេសា​បាន​សម្រេច​ចិត្ត​ថា ពុំមាន​អ្វី​ដូចជា​សាសនាចក្រ​ដែល​ជួយ​ឲ្យ​ក្រុមគ្រួសារ​រីកចម្រើន​ជាមួយ​គ្នា​នោះ​ទេ ។ នោះ​គឺ​ពិតជា​អ្វី​ដែល​នាង​បាន​ស្វែងរក ។ វ៉ាន់ណេសា និង​ខ្ញុំ​បាន​រៀបការ ហើយ​នាង និង​កូនៗ​របស់​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ឥឡូវ​នេះ យើង​កំពុង​ដើរលើ​ផ្លូវ​នៃ​ដំណឹងល្អ​ជា​គ្រួសារ​មួយ ។ គោលដៅ​របស់​យើង​គឺ​ដើម្បី​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

អំឡុង​ពេល​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ រីអូ ឌឺ ជេណេរ៉ូ ប្រេស៊ីល ខ្ញុំ​បាន​ដើរកាត់​វា​ស្ទើរតែ​រាល់ថ្ងៃ ។ ខ្ញុំ​បាន​ប្រាប់​មិត្តភក្ដិ​របស់​ខ្ញុំ​ថា « ថ្ងៃមួយ ខ្ញុំ​នឹង​រៀបការ​នៅក្នុង​អគារ​នេះ » ។

ពួកគេ​បាន​និយាយ​ថា « អើយ ឮ​តែ​ឯង​និយាយ​ពាក្យ​ហ្នឹង​ដដែលៗ​រាល់ថ្ងៃ ! »

ខ្ញុំ​បាន​និយាយ​ពាក្យ​នេះ​រាល់ថ្ងៃ ដោយសារ​ខ្ញុំ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​បាន​សង់​ជិត​រួចរាល់​ហើយ ហើយ​ខ្ញុំ​ចង់​រំឭក​ខ្លួនឯង​ឲ្យ​បន្ដ​ធ្វើ​អ្វីៗ​ដែល​ត្រឹមត្រូវ ដើម្បី​គ្រួសារ​របស់​យើង​អាច​ផ្សារភ្ជាប់​ជាមួយ​គ្នា​បាន ។ នេះ​គឺជា​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​ខ្ញុំ ។

ខ្ញុំ​ដឹង​ថា កូនៗ​របស់​ខ្ញុំ​នឹង​ចាប់ផ្ដើម​រៀន​បន្ថែម​ទៀត​អំពី​ពិភពលោក​នេះ ហើយ​នឹង​ឆ្លងកាត់​រឿង​ដដែល​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​រួចហើយ ។ ប៉ុន្ដែ​នៅពេល​ខ្ញុំ​ចែកចាយ​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​នឹង​ពួកគេ នោះ​ខ្ញុំ​បាន​និយាយ​ថា « សូម​កុំ​ចង់​ទៅ​ក្បែរ​អ្វី​ដែល​ប៉ា​បាន​ធ្វើ ព្រោះ​វា​មិន​មាន​តម្លៃ​ឡើយ » ។

ខ្ញុំ​លើក​ទឹកចិត្ត​កូនៗ​ខ្ញុំ​ឲ្យ​សិក្សា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ផ្ដោត​លើ​ការធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នា​ពេលនេះ ដើម្បី​ពួកគេ​អាច​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ។ ពួកគេ​មិន​យល់​ពី​អ្វីៗ​គ្រប់យ៉ាង​នៅឡើយ ប៉ុន្ដែ​ពួកគេ​កំពុងតែ​រៀន​ពី​វា ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ប្រាថ្នា​សម្រាប់​ពួកគេ ។