មូលដ្ឋានគ្រឹះនៃដំណឹងល្អ
ព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងរីករាយ
នៅពេលយើងចងចាំដល់ផែនការនៃសុភមង្គលរបស់ព្រះ នោះយើងអាចរកឃើញអំណរ ទោះជាក្នុងពេលជីវិតជួបការលំបាកក្ដី ។
ពីមុនយើងបានកើតមកលើផែនដីនេះ យើងទាំងអស់គ្នាបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ជាបុត្រាបុត្រីវិញ្ញាណរបស់ទ្រង់ ។ ទ្រង់បានបង្ហាញផែនការមួយ ដើម្បីជួយបុត្រាបុត្រីរបស់ទ្រង់ឲ្យរៀនសូត្រ និងរីកចម្រើន ។ តាមរយៈផែនការរបស់ទ្រង់ យើងអាចក្លាយកាន់តែដូចជាទ្រង់ ហើយមានភាពស័ក្ដិសមដើម្បីរីករាយនឹងជីវិតដ៏នៅអស់កល្បជានិច្ច ។ ផែនការនេះអាចកើតឡើងបាន ដោយសារព្រះរាជបុត្រារបស់ព្រះ ព្រះយេស៊ូវគ្រីស្ទបានយាងមកកាន់ផែនដីដើម្បីរងទុក្ខជំនួសអំពើបាបរបស់យើង ជាពលិកម្មដែលត្រូវបានហៅថាដង្វាយធួន ។
ផែនការរបស់ព្រះវរបិតាសួគ៌ត្រូវបានហៅថាផែនការនៃ
-
សុភមង្គល ( សូមមើល អាលម៉ា ៤២:៨ )
-
សេចក្ដីសង្គ្រោះ ( សូមមើល ម៉ូសេ ៦:៦២ )
-
សេចក្ដីប្រោសលោះ ( សូមមើល យ៉ាកុប ៦:៨ ) ឬ
-
សេចក្ដីមេត្តាករុណា ( សូមមើល អាលម៉ា ៤២:១៥ ) ។
ដូចដែលបទគម្ពីរទាំងនេះ និងបទគម្ពីរផ្សេងទៀតបង្ហាញ ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងក្លាយដូចជាទ្រង់ ត្រឡប់ទៅកាន់ទ្រង់វិញ ហើយមានភាពរីករាយយ៉ាងពិតប្រាកដ ( សូមមើល ម៉ូសេ ១:៣៩ ) ។
យើងមកកាន់ផែនដីដើម្បីរៀនសូត្រ និងរីកចម្រើន
ព្រះបានបញ្ជូនយើងមកកាន់ផែនដី ជាកន្លែងដែលយើងអាចមានរូបកាយខាងសាច់ឈាម ( សូមមើល លោកុប្បត្តិ ១:២៦–២៧ ) ។ យើងត្រូវការរូបកាយដើម្បីជួយយើងឲ្យដកពិសោធន៍ជីវិតនៅលើផែនដីនេះ ។
ព្រះទ្រង់បានជ្រាបថា យើងនឹងមិនមានភាពរីករាយគ្រប់ពេលវេលានោះទេ ។ យើងជួបនឹងការអាក់អន់ចិត្ត ការឈឺចាប់ ហើយថែមទាំងសេចក្ដីស្លាប់ផងដែរ ។ ប៉ុន្ដែតាមរយៈឧបសគ្គនៃជីវិតនេះ ព្រះវរបិតាសួគ៌ជួយយើងឲ្យរៀនសូត្រ និងរីកចម្រើន ។
ព្រះក៏បានប្រទានដល់យើងនូវសិទ្ធិជ្រើសរើសផងដែរ ដែលជាសមត្ថភាពដើម្បីជ្រើសរើសរវាងការល្អ និងការអាក្រក់ ។ ទ្រង់អនុញ្ញាតឲ្យយើងជ្រើសរើសសម្រាប់ខ្លួនយើងនូវអ្វីដែលយើងគិត និងធ្វើ ។ ទ្រង់បានប្រទានដល់យើងនូវព្រះគម្ពីរ និងព្យាការីដែលនៅរស់ដើម្បីជួយយើងឲ្យរៀនជ្រើសរើសអ្វីដែលត្រូវ ( សូមមើល អ័ប្រាហាំ ៣:២៥ ) ។
ព្យាយាមក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ
ព្រះមិនបានបញ្ជូនយើងមកកាន់ផែនដី ដោយមិនមានគំរូដើម្បីធ្វើតាមនោះទេ ( សូមមើល យ៉ូហាន ១៣:១៥ ) ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីបង្ហាញផ្លូវដល់យើង ។ ដើម្បីរៀនពីរបៀបធ្វើតាមទ្រង់ យើងអាចអានព្រះគម្ពីរដើម្បីរៀនថាទ្រង់ជានរណា និងអ្វីដែលទ្រង់បានធ្វើអំឡុងព្រះជន្មរបស់ទ្រង់នៅលើផែនដីបាន ។ យើងក៏អាចធ្វើអស់ពីលទ្ធភាពរបស់យើងដើម្បីធ្វើដូចជាព្រះគ្រីស្ទផងដែរ តាមរយៈការគោរពតាមព្រះ និងការស្រឡាញ់មនុស្សដទៃ ។
នៅពេលយើងធ្វើខុស យើងទូលសូមការអភ័យទោស ហើយទាញយកអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីជួយយើងឲ្យកែប្រែ ។ យើងអាចរីករាយបាន នៅពេលយើងព្យាយាមដើម្បីក្លាយកាន់តែដូចជាទ្រង់ជារៀងរាល់ថ្ងៃ ។
សេចក្ដីស្លាប់ពុំមែនជាទីបញ្ចប់ទេ
នៅពេលយើងស្លាប់ទៅ នោះវិញ្ញាណរបស់យើងនឹងទៅកាន់ពិភពវិញ្ញាណ ។ នៅទីនោះ យើងបន្ដរៀន ពេលយើងរៀបចំខ្លួនសម្រាប់ការរស់ឡើងវិញ ។
អំឡុងការរស់ឡើងវិញ រូបកាយ និងវិញ្ញាណរបស់យើងនឹងរួបរួមគ្នាឡើងវិញ ។ រូបកាយរបស់យើងនឹងបានល្អឥតខ្ចោះ ហើយយើងនឹងមិនត្រូវរងទុក្ខនឹងសេចក្ដីស្លាប់ ឬជំងឺម្ដងទៀតឡើយ ។ ( សូមមើល អាលម៉ា ១១:៤៤–៤៥ ) ។ គឺដូចជាព្រះយេស៊ូវគ្រីស្ទដែលបានសុគត និងបានមានព្រះជន្មម្ដងទៀតដែរ នោះយើងទាំងអស់គ្នានឹងរស់ម្ដងទៀត ។
នៅពេលព្រះកាត់សេចក្ដីយើង ទ្រង់នឹងព្រះតំរិះពីសកម្មភាពរបស់យើង និងបំណងប្រាថ្នារបស់យើង ។ ប្រសិនបើយើងបានព្យាយាមកាន់តាមបទបញ្ញត្តិ និងសេចក្ដីសន្យាទាំងឡាយដែលយើងបានធ្វើជាមួយព្រះវរបិតាសួគ៌ នោះយើងអាចរស់នៅជាមួយនឹងទ្រង់ម្ដងទៀត ។
ជីវិតជាមួយព្រះ និងក្រុមគ្រួសាររបស់យើងនៅស្ថានសួគ៌
នៅក្នុងនគរសេឡេស្ទាល យើងនឹងរស់នៅជាមួយព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ យើងក៏អាចរស់នៅទីនោះជាមួយនឹងក្រុមគ្រួសាររបស់យើងជារៀងរហូតបានដែរ ប្រសិនបើយើងបានផ្សារភ្ជាប់នឹងពួកគេ ។ យើងនឹងរកឃើញសេចក្ដីសុខសាន្ដ សុភមង្គល និងការសម្រាក ( សូមមើល ម៉ូសាយ ២:៤១ ) ។
ជីវិតរបស់យើងនៅលើផែនដីអាចមានការលំបាកនៅពេលខ្លះ ប៉ុន្ដែប្រសិនបើយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរកឃើញអំណរនៅក្នុងជីវិតនេះ និងសុភមង្គលដ៏អស់កល្បជានិច្ចនៅក្នុងជីវិតបរលោកនាយ ។
តើព្រះគម្ពីរបានប្រាប់អ្វីខ្លះអំពីផែនការនៃសុភមង្គល ?
របៀបដែលយើងរស់នៅជីវិតរបស់យើងមានសារៈសំខាន់ណាស់ ។ ព្រះនឹងកាត់សេចក្ដី ហើយប្រទានរង្វាន់ដល់យើងស្របតាមគំនិត និងសកម្មភាពរបស់យើង ។ ( សូមមើល អាលម៉ា ៤១:៣ )
សាតាំងគឺជាសត្រូវចំពោះសុភមង្គលរបស់យើង ។ វាល្បួងយើងឲ្យប្រើជីវិតរបស់យើងនៅលើផែនដីនេះខុស ហើយប្រព្រឹត្តអំពើបាប ។ វាចង់ឲ្យយើងអភ័ព្វដូចវាដែរ ។ ( សូមមើល នីហ្វៃទី២ ២:២៧ ) ។
នៅពេលយើងមានសេចក្ដីជំនឿលើផែនការរបស់ព្រះសម្រាប់ពួកយើង នោះយើងអាចមានសេចក្ដីសុខសាន្ដ មិនថាយើងប្រឈមមុខនឹងការសាកល្បងយ៉ាងណានោះទេ ។ យើងអាចទន្ទឹងរង់ចាំដល់ការរស់នៅជាមួយនឹងព្រះជារៀងរហូតបាន ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២៣ ) ។