ឆ្នាំ ២០២១
ការយកឈ្នះ​លើ​ការជំទាស់
ខែ កក្កដា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

ការយកឈ្នះ​លើ​ការជំទាស់

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧១–៧៥

ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា

people gathered on a street corner with Church leader and missionaries

រចនា​រូបភាព​ដោយ ដាន ប៊ឺ

វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១ ប្រាប់​ដល់​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​ឲ្យ​ទៅ​ផ្សាយ​ដំណឹងល្អ​ដើម្បី​ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​មិន​រាក់ទាក់​នឹង​សាសនាចក្រ ដែល​បាន​កើតឡើង​ដោយសារ​ការរិះគន់​ពី​សមាជិក​ដែល​បាន​បាត់បង់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ជាង ១០០ ឆ្នាំ​ក្រោយមក អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ស្ដីពី​ការផ្សាយ​ដំណឹងល្អ​ដើម្បី​ការពារ​សាសនាចក្រ ។

ការធ្វើ​ទស្សនកិច្ច​របស់​អែលឌើរ​ឃឹមបឹល​ទៅកាន់​ប្រទេស​អេក្វាទ័រ

អំឡុងពេល​ទស្សនកិច្ច​នៅ​ទីក្រុង​អូតាវ៉ាឡូ ប្រទេស​អេក្វាទ័រ​នៅ​ឆ្នាំ ១៩៦៥ អែលឌើរ​ឃឹមបឹល​បាន​ប្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្ហាញ​ព្រះគម្ពីរ​មរមន​ដល់​ពួកជនជាតិ​ដើម​អូតាវ៉ាឡូ ។ ទោះយ៉ាងណា ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រឈម​នឹង​ការប្រឆាំង នៅពេល​ពួក​ជនជាតិ​អូតាវ៉ាឡូ​បាន​ចាប់ផ្ដើម​និយាយ​ពាក្យភូតភរ​អំពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​នៅ​ភូមិ​ក្បែរៗ​នោះ ហើយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពិបាក​នឹង​យកឈ្នះ​លើ​រឿង​មិន​ពិត​ទាំងនេះ ។

ពីរ​ឆ្នាំ​ក្រោយមក អែលឌើរ​ឃឹមបឹល​បាន​ចូលរួម​នឹង​សមាជិក​ពីរ​បី​នាក់ ព្រមទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ការប្រជុំ​មួយ​នៅក្បែរ​ចំណត​ឡានក្រុង​ក្នុង​មូលដ្ឋាន ។ កាល​ប្រជាជន​ក្នុង​មូលដ្ឋាន​នោះ​បាន​ចុះពី​ឡានក្រុង ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​អញ្ជើញ​ពួកគេ​ឲ្យ​មក​ស្ដាប់​សាវក​នៅរស់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មិន​យូរ​ប៉ុន្មាន មាន​មនុស្ស​ប្រហែល ២០ នាក់​បាន​មក​ជុំគ្នា ។ កាល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចាប់ផ្ដើម​ការប្រជុំ​របស់​ពួកគេ នោះ​ហ្វូង​មនុស្ស​បាន​កើនឡើង​ដល់​ជាង ១០០ នាក់ ។

បន្ទាប់មក អែលឌើរ​ឃឹមបឹល​បាន​ឡើង​និយាយ ។ លោក​បាន​ថ្លែង​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ទ្វីប​អាមេរិក ។ លោក​បាន​ចង្អុល​ទៅ​មេឃ ហើយ​បាន​ថ្លែង​អំពី​សំឡេង​តូច​រហៀង​មកពី​ស្ថានសួគ៌ ដែល​បាន​ប្រកាស​ពី​ការបង្ហាញ​ព្រះកាយ​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​មរមន ។ អែលឌើរ​ឃឹមបឹល​បាន​រំឭក​ថា « គ្រប់​ទាំង​ភ្នែក​បាន​មើល​តាម​ដៃ​ខ្ញុំ​ចង្អុល​ទៅ​មេឃ ហាក់​ដូចជា​ព្រះអង្គ​សង្គ្រោះ​ពិតជា​បាន​គង់​នៅ​ទីនោះ​មែន ដោយ​យាង​កាត់​ពពក​ដ៏​ស្ដើង​នោះ » ។

បន្ទាប់ពី​នោះ​មក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បន្ដ​ព្យាយាម​បង្រៀន​ពួកជនជាតិ​អូតាវ៉ាឡូ ។ ពួក​ស៊ីស្ទើរ​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​បុរស​ម្នាក់​ឈ្មោះ រ៉ាហ្វាអែល ថាបានហ្គោ ដែល​បាន​ជ្រមុជ​ទឹក​នៅ​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៦៨—ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជនជាតិ​ដើម​អូតាវ៉ាឡូ​ដំបូង​គេ​បង្អស់ ។ ភរិយា​របស់​លោក​ឈ្មោះ ថេរ៉េស្សា ក៏​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ផងដែរ ។ មិន​ដល់ ១៥ ឆ្នាំ​ក្រោយមក ស្ដេក​មួយ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីក្រុង​អូតាវ៉ាឡូ ហើយ​បងប្រុស ថាបានហ្គោ ត្រូវបាន​ហៅ​ជា​លោកអយ្យកោ​ដំបូង​គេ ។

article on overcoming opposition

កំណត់​ចំណាំ

  1. កំណត់ហេតុ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ១៩៦៧ ដូច​បាន​ដកស្រង់​នៅក្នុង « Preaching in Peguche » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org/GlobalHistories ។