យុវមជ្ឈិមវ័យ
នៅពេលមានការសង្ស័យ ចូរបន្ដបើកទ្វារឲ្យ សេចក្ដីជំនឿ
ទោះបីជាពេលខ្លះយើងអាចមានការសង្ស័យលើបទពិសោធន៍ខាងវិញ្ញាណរបស់យើងក្ដី ក៏ភាពប្រាកដច្បាស់របស់យើងអាចហូរត្រឡប់មកវិញបានដែរ ។
មិនថាយើងបានធំឡើងនៅក្នុងសាសនាចក្រ ឬបានប្រែចិត្តជឿក្រោយមកនៅក្នុងជីវិតទេ ពួកយើងជាច្រើនប្រហែលជាបានដកពិសោធន៍នឹងគ្រាដែលមានសំណួរ ឬការសង្ស័យ ។ យើងអាចធ្លាប់មានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យ ប៉ុន្ដែឥឡូវបែរជាឃើញថាខ្លួនឯងកំពុងឆ្ងល់ ៖ តើបទពិសោធន៍ខាងវិញ្ញាណទាំងនោះពិតមែន ឬក៏ខ្ញុំគ្រាន់តែស្រមៃថាមានអារម្មណ៍ពីព្រះវិញ្ញាណ ? ចុះបើដំណឹងល្អ និងសាសនាចក្រមិនពិតទេនោះ ? ហើយចុះសំណួររបស់ខ្ញុំដែលមិនទាន់មានចម្លើយនោះ ? តើខ្ញុំអាចបន្ដនៅក្នុងសាសនាចក្រនេះទៀតឬទេ ប្រសិនបើខ្ញុំមិនប្រាកដថាវាពិតឬអត់នោះ ?
សម្រាប់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើលដែលសំណួរទាំងនេះបានកើតមាន ក្រោយពីខ្ញុំបានបម្រើបេសកកម្មរបស់ខ្ញុំ ! ខ្ញុំបានដឹងពីសេចក្ដីពិតនេះដោយជំនឿស៊ប់មួយ រហូតដល់ខ្ញុំបានទៅផ្សព្វផ្សាយអំពីសេចក្ដីពិតនេះដល់មនុស្សដទៃក្នុងរយៈពេលមួយឆ្នាំកន្លះ—ហើយឥឡូវនេះ ខ្ញុំមានការសង្ស័យលើអ្វីទាំងអស់ ដែលខ្ញុំបានដឹង និងបង្រៀនទៅវិញ ។ តើវាអត់ប្រយោជន៍យ៉ាងណាទៅ ប្រសិនបើមិនមានអ្វីមួយពិតនោះ ។ ដូច្នេះ តើ វាពិតឬទេ អ្វីទាំងអស់ដែលខ្ញុំបានបង្រៀននោះ ? ឬខ្ញុំគ្រាន់តែ ចង់ ឲ្យវាក្លាយជាការពិត ? បន្ទាប់ពីឃើញមិត្តភក្ដិចាកចេញពីសាសនាចក្រ ហើយខណៈកំពុងប្រឈមមុខនឹងការពុះពារខាងសេចក្ដីជំនឿផ្ទាល់ខ្លួនខ្ញុំ នោះខ្ញុំងឿងឆ្ងល់ថាតើខ្ញុំបានបោកបញ្ឆោតខ្លួនខ្ញុំឬយ៉ាងណា ។
អំឡុងពេលសង្ស័យនេះ ខ្ញុំមិនបានឈប់ទៅព្រះវិហារ ឬកាន់តាមបទបញ្ញត្តិទាំងឡាយទេ ដោយសារខ្ញុំមានសំណួរដ៏ធំជាច្រើន ។ ផ្ទុយទៅវិញ ដោយសារ ខ្ញុំមានសំណួរ ទើបខ្ញុំបានព្យាយាមធ្វើតាមការប្រឹក្សារបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យ « ចម្រើនសមត្ថភាពខាងវិញ្ញាណ [ របស់ខ្ញុំ ] ដើម្បីទទួលបានវិវរណៈ » ។១
ខ្ញុំបានដឹងថា « គ្មានអ្វីមួយដែលធ្វើឲ្យស្ថានសួគ៌បើកចំហរឡើង ដូចជាពេលដែលមានការប្រមូលផ្ដុំនៃបរិសុទ្ធភាពកាន់តែខ្លាំង ការគោរពប្រតិបត្តិយ៉ាងមុតមាំ ការស្វែងរកដោយស្មោះ ការទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ និងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិជាទៀងទាត់នោះឡើយ » ។២ ខ្ញុំមានអារម្មណ៍ថា វាគឺជារឿងដ៏សំខាន់ដើម្បីបន្ដនៅក្បែរព្រះ ។ ព្រោះនៅទីបញ្ចប់ ទ្រង់គឺជាអង្គតែមួយគត់ដែលនឹងមានចម្លើយចំពោះសំណួររបស់ខ្ញុំ ។
ដំណើររឿងរបស់យូនីស
ថ្ងៃមួយកាលខ្ញុំកំពុងអានសៀវភៅ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំបានអានប៉ះដំណើររឿងដ៏អស្ចារ្យមួយអំពីស្ដ្រីម្នាក់នៅក្នុងការស្ដារឡើងវិញពីដើម ។ យូនីស ហ្វ្រាំងឃ្លីន មើលទៅមានសំណួរ និងការព្រួយបារម្ភដូចជាខ្ញុំដែរ ។
យូនីស បានជ្រមុជទឹកនៅទីក្រុងញូវយ៉ក ដោយអ្នកផ្សព្វផ្សាយសាសនាម្នាក់ឈ្មោះ អេលីយ៉ា អេប៊ល ។ នាងបានប្រែចិត្តជឿយ៉ាងស្មោះលើដំណឹងល្អនៅពេលនាងបានជ្រមុជទឹក ។ ប៉ុន្ដែក្រោយមក បន្ទាប់ពីអេលីយ៉ាបានចាកចេញទៅប្រទេសកាណាដាដើម្បីផ្សព្វផ្សាយ នោះយូនីសចាប់ផ្ដើមសង្ស័យលើដំណឹងល្អ និងអ្វីដែលនាងធ្លាប់បានដឹងថាជាការពិត ។ នាងបានចាប់ផ្ដើមឆ្ងល់ថា តើយ៉ូសែប ស៊្មីធពិតជាព្យាការីមែនឬ ហើយតើព្រះគម្ពីរមរមនគឺជាព្រះគម្ពីរដ៏ពិតមែនឬ ។ នាងសម្រាន្ដមិនលក់អស់ជាច្រើនយប់ ដោយគិតថានាងអាចត្រូវបានគេបោកបញ្ឆោត ។
ព្រះអម្ចាស់បានបង្ហាញការពុះពាររបស់យូនីសដល់អេលីយ៉ានៅក្នុងសុបិនមួយ ហើយគាត់បានត្រឡប់ទៅកាន់ទីក្រុងញូវយ៉កភា្លម ។ នៅពេលគាត់បានគោះទ្វារផ្ទះនាង នោះយូនីសបានស្រឡាំងកាំង—ព្រោះនាងបានគ្រោងនឹងប្រាប់គាត់ថា នាងលែងជឿទៀតហើយ នៅពេលនាងជួបគាត់ម្ដងទៀត ។ ផ្ទុយទៅវិញ នាងបានឲ្យគាត់ចូលក្នុងផ្ទះ ។ នៅពេលអេលីយ៉ាបានអញ្ជើញនាងឲ្យចូលរួមទេសនកថារបស់គាត់នាល្ងាចនោះ នាងបានស្ទាក់ស្ទើរ ហើយមិនចង់ទៅទេ ។ ប៉ុន្ដែនៅទីបំផុត នាងបានព្រម ហើយបានទៅស្ដាប់អ្វីដែលគាត់ត្រូវនិយាយ ។
នៅឯទេសនកថារបស់គាត់ អេលីយ៉ាបានដកស្រង់ ពេត្រុស ទី១ ៤:១២ ដែលបានចែងថា « កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នាឡើយ » ។ ភ្លើងដ៏ក្ដៅក្រហាយដែលបានព្យាយាមបំផ្លាញសេចក្ដីជំនឿរបស់យូនីសមិនអាចមានជោគជ័យបានទេ—ដោយសារយូនីសបានស្ដាប់អេលីយ៉ានិយាយ ហើយការសង្ស័យរបស់នាងក៏បានរសាយបាត់ទៅ ។ពួកបរិសុទ្ធ តំណាលរឿងនេះដូច្នេះ ៖ « ភាពប្រាកដប្រជាដែលនាងធ្លាប់មាន បានហូរត្រឡប់មកវិញ » ។៣
ភាពប្រាកដប្រជាហូរត្រឡប់មកវិញ
បទពិសោធន៍របស់យូនីសបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន ហើយខ្ញុំបានសញ្ជឹងគិតពីវាម្ដងហើយម្ដងទៀត ។ គឺដូចជាយូនីសដែរ ខ្ញុំបានរៀនពីពាក្យសម្ដីដ៏សាមញ្ញ និងមានអានុភាពរបស់អេលីយ៉ា ។ ចូរយើង « កុំឲ្យមានប្លែកក្នុងចិត្ត » ពេលមានសំណួរអំពីសេចក្ដីជំនឿរបស់យើង ។ វាពិតជាមិនអីទេ ។ ខណៈដែលសេចក្ដីពិតអាចធ្លាប់បានចាក់ស្រោចពីស្ថានសួគ៌ នោះក៏អាចមានពេលក្រោយដែលយើងមានអារម្មណ៍ថា មានគ្រោះទុរភិក្សខាងវិញ្ញាណ ។ យើងអាចឆ្ងល់ថា តើយើងពិតជាធ្លាប់មានអារម្មណ៍ថាមានទឹកភ្លៀងមែនឬ ។ ដោយគ្មានចម្លើយ ឬការបញ្ជាក់ប្រទានមកនៅឡើយ នោះយើងអាចបន្ដអធិស្ឋានសូមទឹកភ្លៀងនៃវិវរណៈបាន ។ យើងអាចស្វែងរកសាក្សីមួយដើម្បីដឹងថា អ្វីដែលពិតកាលពីម្សិលមិញគឺនៅតែពិតនៅថ្ងៃនេះ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូច្នេះ ៖ « ប្រសិនបើវាត្រឹមត្រូវ ពេលបងប្អូនអធិស្ឋាន ហើយទុកចិត្តលើការណ៍នោះ ហើយរស់នៅតាម នោះវាគឺជាពេលនេះហើយ ។ … សូមប្រឈមមុខនឹងការសង្ស័យរបស់បងប្អូន ។ សូមគ្រប់គ្រងភាពភ័យខ្លាចរបស់បងប្អូន » ។៤
តាមរយៈការបើកទ្វារឲ្យមិត្តអ្នកផ្សព្វផ្សាយសាសនារបស់នាងចូលផ្ទះម្ដងទៀត ទោះជាពេលនាងបានឆ្ងល់ថាហេតុអ្វីនាងគួរធ្វើដូច្នេះក្ដី នោះយូនីសបានបើកដួងចិត្តរបស់នាងសារជាថ្មី ។ ព្រះអម្ចាស់អាចឈោងទៅជួយយូនីសម្ដងទៀត ហើយជួយនាងឲ្យទទួលអារម្មណ៍បញ្ជាក់អំពីអ្វីទាំងអស់ដែលនាងធ្លាប់បានដឹង ។ តាមរបៀបដូចគ្នានេះ ពួកយើងម្នាក់ៗអាចទុកទ្វារឲ្យនៅបើកសម្រាប់សេចក្ដីជំនឿ ទោះជាពេលយើងពុះពារនឹងការសង្ស័យក្ដី ។ យើងអាចបន្ដធ្វើអ្វីដែលត្រូវ និងបន្ដស្វែងរកវិវរណៈ—ទោះជាពេលយើងមិនដឹងពីមូលហេតុជាក់លាក់ថា ហេតុអ្វីយើងកំពុងធ្វើវាក្ដី ។
យើងទុកទ្វារឲ្យបើក តាមរយៈការបន្ដធ្វើការណ៍តូចតាចដែលព្រះមានបន្ទូលមកយើងថាជាការណ៍ល្អសម្រាប់ព្រលឹងរបស់យើង ។ យើងរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ និងចូលរួមក្នុងការប្រជុំរបស់យើង ។ យើងអានព្រះគម្ពីរ ទោះបីយើងអានម្ដងតែមួយខក្ដី ។ យើងស្តាប់ទំនុកតម្កើង ឬសុន្ទរកថានៅក្នុងសន្និសីទទូទៅ ។ យើងទូលទៅព្រះវរបិតាសួគ៌អំពីកង្វល់ និងក្ដីសង្ឃឹមរបស់យើង ហើយសូមទ្រង់ឲ្យជួយយើងដឹងពីសេចក្ដីពិត ។ យើងកាន់តាមបទបញ្ញត្តិទាំងឡាយ ប្រែចិត្ត ហើយស្វែងរកភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។
ប្រសិនបើយើងពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការ ចង់ជឿ នោះយើងនៅតែអាចបន្ដធ្វើការណ៍តូចតាច ហើយសូមឲ្យចំណង់នេះមាននៅក្នុងខ្លួនយើងចុះ ។ យើងអាចទុកកន្លែងខ្លះនៅក្នុងដួងចិត្តរបស់យើង ដើម្បីឲ្យជំនឿបន្ថែមទៀតរីកដុះដាលឡើង ។ ( សូមមើល អាលម៉ា ៣២:២៧ ) ។
អ្វីដែលខ្ញុំដឹង
ទោះបីជាពេលខ្លះខ្ញុំបានឆ្ងល់ បានវង្វេង និងបានរេរាក្ដី ក៏ខ្ញុំបានរៀនហើយរៀនទៀតសម្រាប់ខ្លួនខ្ញុំថា នេះគឺជាសាសនាចក្ររបស់ព្រះគ្រីស្ទដែរ ។ ទោះបីជាយ៉ូសែប ស៊្មីធអាចជាបុរសមិនល្អឥតខ្ចោះក្ដី ក៏ខ្ញុំដឹងថា លោកគឺជាព្យាការីនៃព្រះដ៏បំផុសគំនិត ដែលបានលះបង់អ្វីៗគ្រប់យ៉ាង និងបានធ្វើអស់ពីសមត្ថភាពរបស់លោកដែរ ។ ខ្ញុំក៏ដឹងផងដែរថា ព្រះគម្ពីរមរមនគឺជាកំណត់ត្រាពីបុរាណដ៏ពិតមួយ និងជាព្រះគម្ពីរដ៏បរិសុទ្ធដែលត្រូវបានរក្សាទុកសម្រាប់តែពួកយើងនៅជំនាន់យើងប៉ុណ្ណោះ ។ ព្រះវរបិតាសួគ៌បន្ដបញ្ជាក់ពីសេចក្ដីពិតទាំងនេះដល់ខ្ញុំរាល់ថ្ងៃ ។ ហើយខ្ញុំរីករាយដែលទ្រង់បានបញ្ជាក់ពីសេចក្ដីពិតទាំងនេះដល់យូនីស ហ្វ្រាំងឃ្លីនផងដែរ ។
ខ្ញុំដឹងថា នៅពេលយើងទុកទ្វារ និងដួងចិត្តយើងឲ្យបើកចំពោះសេចក្ដីពិត នោះព្រះនឹងជួយយើងឲ្យមានអារម្មណ៍ពីអ្វីដែលពិត និងអ្វីដែលមិនពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ បទពិសោធន៍ខាងវិញ្ញាណរបស់យើងនឹងមិនអាចបដិសេធបានទេនៅគ្រានោះ ។ ហើយគ្រប់ពេលបន្ទាប់ពីគ្រានោះ ពេលយើងមានអារម្មណ៍ថាការសង្ស័យកំពុងកើតមានបន្ដិចម្ដងៗ យើងអាចរំឭកខ្លួនយើងពីអារម្មណ៍របស់យើងកាលពីមុនបាន ។ គឺដូចដែលវាបានកើតឡើងចំពោះយូនីសដែរ នោះភាពប្រាកដច្បាស់របស់យើងអំពីសេចក្ដីពិតនៃដំណឹងល្អអាចហូរត្រឡប់មកវិញបាន ។
យើងមិនចាំបាច់នៅក្នុងគ្រោះទុរភិក្សនៃការសង្ស័យនេះយូរពេកទេ បើយើងតោងជាប់នឹងបទពិសោធន៍ខាងវិញ្ញាណរបស់យើងនោះ ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់ឲ្យ « ឱបក្រសោបអនុស្សាវរីយ៍ដ៏ពិសិដ្ឋរបស់បងប្អូន ។ … សូមទុកចិត្តថា អនុស្សាវរីយ៍នោះកើតមានដល់បងប្អូនមកពីព្រះវរបិតាសួគ៌របស់បងប្អូន និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។ សូមទុកឲ្យអនុស្សាវរីយ៍នោះនាំយកភាពអត់ធ្មត់ចំពោះភាពសង្ស័យ និងការយល់ដឹងក្នុងគ្រាដ៏លំបាករបស់បងប្អូន ។ ខ្ញុំសូមសន្យាថា កាលបងប្អូនមានឆន្ទៈចង់ដឹង និងថែរក្សាព្រឹត្តិការណ៍ខាងវិញ្ញាណដ៏មានអត្ថន័យទាំងនោះនៅក្នុងជីវិតរបស់បងប្អូនដោយប្រុងប្រយ័ត្ន នោះបងប្អូននឹងកាន់តែទទួលបានច្រើនថែមទៀត » ។៥
ខ្ញុំដឹងថា សម្រាប់អ្នកដែលខិតខំបង្កើតបទពិសោធន៍ខាងវិញ្ញាណថ្មីៗ និងព្យាយាមអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ នោះការសន្យានេះគឺពិត ៖ « អ្នកណាដែលជឿដល់ [ ព្រះគ្រីស្ទ ] ក៏មិនត្រូវស្រេកដែរ » ( យ៉ូហាន ៦:៣៥ ) ។ ចម្លើយទាំងឡាយដែលយើងត្រូវការនឹងមកដល់ ។ យើងអាចឆ្លងកាត់ភ្លើងដ៏ក្ដៅក្រហាយ ដែលសាតាំងបោះមកលើផ្លូវយើងបាន ។ ហើយយើងអាចបន្ដនៅស្មោះត្រង់ចំពោះព្រះជាទីស្រឡាញ់របស់យើងពេញមួយជីវិតរបស់យើងបាន ។