សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ផ្ដល់ពរជ័យដល់បុព្វការីជនរបស់ខ្ញុំ
នៅពេលខ្ញុំបានទទួលពររបស់លោកអយ្យកោរបស់ខ្ញុំ ដួងចិត្តខ្ញុំបានពោរពេញទៅដោយសេចក្ដីស្រឡាញ់ដល់បុព្វការីជនរបស់ខ្ញុំ ។
ខ្ញុំបានកើតនៅប្រទេសកាមេរូន ដែលជាដែនដីនៃបុព្វការីជនរបស់ខ្ញុំ ។ បន្ទាប់មក ខ្ញុំបានធ្វើអន្ដោប្រវេសន៍ទៅប្រទេសបារាំង ជាកន្លែងដែលខ្ញុំបានរស់នៅ សិក្សា និងធ្វើការជាគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យជាច្រើននៅទីក្រុងប៉ារីស ។ ឥឡូវនេះ ខ្ញុំរស់នៅទីក្រុងម៉ុងត្រេអាល់ ជាកន្លែងដែលខ្ញុំនៅតែធ្វើការជាគិលានុបដ្ឋាយិកាដដែល ។
ខ្ញុំបានស្វែងរកសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទរាប់ឆ្នាំមកហើយ ។ នៅពេលខ្ញុំបានជួបនឹងអ្នកផ្សព្វផ្សាយសាសនានៅទីក្រុងប៉ារីស នោះព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទីបន្ទាល់ដល់ខ្ញុំថា ទីបំផុតខ្ញុំបានរកឃើញអ្វីដែលខ្ញុំកំពុងស្វែងរកហើយ—គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំបានពោរពេញដោយអំណរយ៉ាងខ្លាំង រហូតដល់ខ្ញុំគិតថា ខ្ញុំបានទៅដល់ស្ថានសួគ៌រួចហើយ ! ខ្ញុំបានប្ដេជ្ញាចិត្តថានឹងរស់នៅតាមដំណឹងល្អឲ្យបានពេញលេញទាំងស្រុង ។
ខ្ញុំត្រូវបានបង្រៀនឲ្យស្រាវជ្រាវរកបុព្វការីជនរបស់ខ្ញុំ ហើយធ្វើពិធីបរិសុទ្ធជំនួសឲ្យពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលខ្ញុំបានទទួលពររបស់លោកអយ្យកោរបស់ខ្ញុំ មានគេប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយជាអ្នកសង្គ្រោះម្នាក់នៅលើភ្នំស៊ីយ៉ូន ហើយនាំយកសេចក្ដីសង្គ្រោះទៅដល់គ្រួសាររបស់ខ្ញុំ ។ ដួងចិត្តខ្ញុំបានពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះពួកគាត់ ដូច្នេះខ្ញុំមិនអាចធ្វើឲ្យពួកគាត់អន់ចុះបានឡើយ ។ តាំងពីនោះមក ខ្ញុំបានធ្វើការដោយមិនខ្លាចនឿយហត់លើពង្សប្រវត្តិ និងពង្សាវលី ។
ខ្ញុំតែងតែដឹងរហូតមកថា ខ្ញុំបានកើតក្នុងវង្សត្រកូលក្សត្រមួយនៃប្រទេសកាមេរូន គឺវង្សត្រកូលបាមូន ។ ប្រពៃណី និងកេរ្ដិ៍តំណែលតំណាលតៗគ្នាថា វង្សត្រកូលនេះបានមកពីស្រុកអាសស៊ើរ ហើយបានលាយឡំជាតិសាសន៍ជាមួយនឹងមនុស្សដទៃទៀតអំឡុងពេលអន្ដោប្រវេសន៍របស់ពួកគេ ។ ពួកគេបានរក្សាពង្សាវលី និងកត់ត្រាទុកប្រវត្តិសាស្ដ្ររបស់ពួកគេចាប់តាំងពីឆ្នាំ ១៣០០ នៃគ.ស. មក ។ ឯកសារទាំងឡាយគឺនៅក្នុងបណ្ណាល័យនៃព្រះបរមរាជវាំង ។ ក្នុងចំណោមប្រវត្តិសាស្ដ្រផ្សេងទៀតជាច្រើន ឯកសារនោះតំណាលអំពីដំណើររឿងរបស់ជីតាទួតខាងម្ដាយខ្ញុំដែលមាននាមថា ហ្វន-ហ្គូហ៊ូអូ ដែលបានសោយរាជ្យពីឆ្នាំ ១៨១៨ ដល់ឆ្នាំ ១៨៦៣ ។
ខ្ញុំបានត្រឡប់ទៅកាន់មាតុភូមិកំណើតរបស់ខ្ញុំវិញ ហើយដោយសារខ្ញុំជាសមាជិកម្នាក់នៃគ្រួសារបាមូន នោះខ្ញុំមានសិទ្ធិចូលមើលឯកសារទាំងនេះបាន ។ ខ្ញុំក៏បានចូលគាល់ព្រះមហាក្សត្រ បានជួបជាមួយនឹងមន្ដ្រីរាជការក្នុងជួររដ្ឋាភិបាលផ្សេងៗ ហើយបានថ្លែងទៅកាន់អាជ្ញាធរទាំងឡាយអំពីសាសនាចក្រ និងចំណាប់អារម្មណ៍របស់សាសនាចក្រលើកិច្ចការពង្សប្រវត្តិនេះ ។ ដោយសារដំណឹងល្អដែលបានស្ដារឡើងវិញនេះ ខ្ញុំមានអំណរគុណដែលខ្ញុំអាចធ្វើចំណែករបស់ខ្ញុំដើម្បីផ្ដល់ពរជ័យដល់មាតុភូមិរបស់ខ្ញុំ និងបុព្វការីជនរបស់ខ្ញុំ ។