គោលការណ៍នៃការងារបម្រើ
ការងារបម្រើដល់អ្នកដែលមានបញ្ហាសុខភាពរាងកាយ
យើងអាចធ្វើជាព្រះហស្ដរបស់ព្រះអង្គសង្គ្រោះដើម្បីលួងលោម និងជួយ ។
ជំងឺ ការប្រតិកម្មចំណីអាហារ ពិការភាព ឬការមានវ័យចំណាស់អាចមានឥទ្ធិពលលើសមត្ថភាពរបស់សមាជិកក្នុងការថ្វាយបង្គំ ឬបម្រើ ។ ប្រសិនបើបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើឆាប់ដឹងពីតម្រូវការទាំងនេះ នោះយើងមានរបៀបជាច្រើនដើម្បីជួយសមាជិកដែលមានឧបសគ្គខាងរាងកាយ ឲ្យរីករាយនឹងពរជ័យនៃដំណឹងល្អបានកាន់តែប្រសើរ ។
ក្រោយពីម្ដាយវ័យក្មេងម្នាក់ដឹងថាខ្លួនមានជំងឺមហារីក នោះគាត់មានអារម្មណ៍ឯកោ និងពោរពេញដោយការភ័យខ្លាច ។ ប៉ុន្ដែកាលដំណឹងអំពីជំងឺរបស់គាត់បានរាលដាលដឹងពេញវួដរបស់គាត់ នោះមិនយូរប៉ុន្មាន គាត់ត្រូវបានហ៊ុមព័ទ្ធដោយសេចក្ដីស្រឡាញ់ និងការខ្វាយខ្វល់ពីបងប្អូនសមាជិកស្ដ្រីរបស់គាត់ ។ នៅពេលការព្យាបាលដ៏ពិបាករបស់គាត់បានចាប់ផ្ដើម នោះពួកបងប្អូនស្ដ្រីបានដឹកគាត់ទៅជួបពេទ្យ ហើយបានអង្គុយជាមួយគាត់អំឡុងពេលព្យាបាលដោយថ្នាំគីមីដ៏យូរ ។ ពួកគេបានអធិស្ឋានជាមួយគាត់ បានលើកទឹកចិត្តគាត់ បាននាំគាត់ទៅហូបអាហារបន្ដិចបន្ដួចដែលគាត់អាចហូបបាន ហើយបានយកម្ហូបអាហារឲ្យគ្រួសាររបស់គាត់រាល់សប្ដាហ៍ ។ បងប្អូនស្ដ្រីផ្សេងទៀតបានចំណាយពេលដ៏រវល់ផ្ទាល់ខ្លួនរបស់ពួកគេទៅសម្អាតផ្ទះរបស់គាត់ ។ មានបងស្រីម្នាក់បានដឹងថា ការព្យាបាលខ្លះអាចធ្វើឲ្យវាពិបាកសម្រាន្ដលក់ ដូច្នេះគាត់បានដាក់ផែនការទៅលេងនៅពេលរាងយប់បន្ដិចដើម្បីមើលរឿងកំប្លែងផ្សេងៗ ។ ជាជាងការខំសម្រាន្ដឲ្យលក់ ម្ដាយវ័យក្មេងរូបនេះអាចងាកចេញពីការភ័យខ្លាចអស់មួយរយៈ ហើយទទួលអារម្មណ៍ពីអំណាចព្យាបាលនៃការសើចរីករាយ និងមិត្តភាព ។ តាមរយៈការងារបម្រើទាំងនេះ ពរជ័យបព្វជិតភាព និងការតមអាហារជាវួដ នោះគាត់បានឆ្លងកាត់គ្រាដ៏លំបាកខ្លាំងមួយរួច ហើយចំណងដ៏រឹងមាំនៃសេចក្ដីស្រឡាញ់បានរីកដុះដាលក្នុងចំណោមអ្នកដែលមកជួយទាំងអស់ ។
ការផ្ដល់ការងារបម្រើដល់អ្នកដែលមានបញ្ហាសុខភាពមិនងាយស្រួលជានិច្ចនោះទេ ។ ប៉ុន្ដែយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះបាន តាមរយៈការឈោងទៅជួយបងប្អូនប្រុសស្រីរបស់យើងដោយសេចក្ដីស្រឡាញ់ នៅពេលបញ្ហាសុខភាពបានកើតឡើង ។ យើងអាចធ្វើជាព្រះហស្ដរបស់ទ្រង់ដើម្បីលួងលោម និងជួយអស់អ្នកដែលនៅជុំវិញខ្លួនយើងបាន រួមទាំងអ្នកដែលមានបញ្ហា តែមិនអាចមើលឃើញដោយភ្នែកមនុស្សរបស់យើងផងដែរ ។
យោបល់ដែលត្រូវពិចារណា
១. គោរពដល់ជីវិតឯកជនរបស់ពួកគេ ។ មនុស្សមួយចំនួនមានការខ្មាសអៀនដោយសារបញ្ហាសុខភាព ដែលអ្នកអាចគិតមិនដល់សោះឡើយ ។ សូមសួរជានិច្ចថា តើវាមិនអីទេឬ ដើម្បីចែកចាយពីស្ថានភាពរបស់ពួកគេជាមួយនឹងមនុស្សដទៃ ពីមុនអ្នកដើរចែកចាយ ។
២. លើកទឹកចិត្តឲ្យមានការថែទាំវេជ្ជសាស្ដ្រតាមបទដ្ឋាន ។ សូមចៀសវាងការផ្ដល់អនុសាសន៍អំពីផលិតផល ឬសេវាកម្មសុខភាពដែលមិនបានបញ្ជាក់ត្រឹមត្រូវ ឬនៅក្រៅការថែទាំវេជ្ជសាស្ដ្រតាមបទដ្ឋាន ។ សូមចែកចាយគំនិតយោបល់ និងបទពិសោធន៍នានា នៅពេលអ្នកមានអារម្មណ៍បំផុសឲ្យចែកចាយ ប៉ុន្ដែសូមលើកទឹកចិត្តមនុស្សដទៃឲ្យធ្វើការស្រាវជ្រាវដោយផ្ទាល់ខ្លួនគេ ហើយប្រឹក្សាជាមួយនឹងអ្នកមានវីជ្ជាជីវៈខាងវេជ្ជសាស្ដ្រដែលបានទទួលការបំពាក់បំប៉ន ។
៣.បម្រើពួកគេ និងអធិស្ឋានសម្រាប់ពួកគេ ។ នៅពេលមនុស្សជួបនឹងបញ្ហាសុខភាពម្ដងម្កាលក្នុងរយៈពេលខ្លី ឬស្ថានភាពដែលអាចដឹងទុកមុនដូចជា ការសម្រាលកូន ឬការវះកាត់ នោះការបម្រើរបស់អ្នក ម្ហូបអាហារ សន្ដានចិត្ត និងការអធិស្ឋានរបស់អ្នកបង្ហាញពីការខ្វាយខ្វល់របស់អ្នក ។ នៅក្នុងករណីបន្ទាន់ ឆន្ទៈដើម្បីជួយភ្លាមៗរបស់អ្នកអាចមានតម្លៃជាអនេក ។
៤. ជួយពង្រឹងពួកគេ ។ ជាពិសេសនៅពេលមនុស្សប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ឬក្នុងរយៈពេលយូរ នោះពួកគេត្រូវការលើសពីជំនួយ ឬការបម្រើរបស់អ្នកទៅទៀត ។ ពួកគេក៏អាចត្រូវការជំនួយដើម្បីរៀនធ្វើការណ៍ដូចខាងក្រោមនេះសម្រាប់ខ្លួនគេផងដែរ ៖
-
កំណត់ពីតម្រូវការរបស់ពួកគេ ។ តើពួកគេដឹងអ្វីខ្លះហើយអំពីស្ថានភាពរបស់ពួកគេ ? តើពួកគេមានអារម្មណ៍យ៉ាងណាអំពីស្ថានភាពនោះ ? តើពួកគេមានការព្រួយបារម្ភ និងតម្រូវការអ្វីខ្លះនៅក្នុងពេលនេះ និងក្នុងពេលអនាគត ? សូមស្ដាប់ដោយចិត្តអាណិតអាសូរ និងដោយគ្មានការកាត់សេចក្ដីដើម្បីជួយពួកគេឲ្យប្រឈមមុខនឹងការពិតតាមត្រង់ ។
-
ចងចាំពីកម្លាំងរបស់ពួកគេ ។ សូមសួរពីប្រភេទឧបសគ្គផ្សេងទៀតដែលពួកគេបានជួបប្រទះ និងអ្វីដែលពួកគេបានរៀនមកពីបទពិសោធន៍ទាំងនោះ ។ សូមចង្អុលបង្ហាញពីគុណសម្បត្តិ គុណតម្លៃ និងជំនាញក្នុងន័យវិជ្ជមានដែលអ្នកបានឃើញថាពួកគេមាន ។ សូមសួរថា តើគុណតម្លៃផ្ទាល់ខ្លួនអ្វីដែលសំខាន់បំផុតចំពោះពួកគេ ដើម្បីរស់នៅក្នុងស្ថានភាពថ្មីនេះ ។ តើពួកគេអាចរស់នៅតាមគុណតម្លៃទាំងនោះដោយរបៀបណា ?
-
ដាក់ផែនការមួយ ។ តើមានការសម្រេចចិត្តអ្វីខ្លះដែលត្រូវធ្វើភ្លាមៗ ហើយតើពួកគេត្រូវការព័ត៌មានបន្ថែមទៀតអ្វីខ្លះដើម្បីធ្វើការសម្រេចចិត្តទាំងនោះ ? តើពួកគេត្រូវការជំនួយ ឬធនធានភ្លាមៗអ្វីខ្លះ ហើយតើពួកគេនឹងត្រូវការអ្វីក្នុងរយៈពេលវែង ? តើពួកគេមើលឃើញជម្រើសអ្វីខ្លះ ? តើមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះពីជម្រើសនីមួយៗ ?
-
រៀបចំក្រុមរបស់ពួកគេ ។ តើនរណាខ្លះអាចជួយបាន ? គ្រួសារផ្ទាល់ដែលជាសាច់ញាតិជិតដិតមានការទទួលខុសត្រូវបឋមក្នុងការជួយ ប៉ុន្ដែគ្រួសារធំដែលជាសាច់ញាតិឆ្ងាយៗ មិត្តភក្ដិ សមាជិកវួដផ្សេងទៀត អ្នកមានវិជ្ជាជីវៈខាងសុខភាព សេវាកម្មសាធារណៈទាំងឡាយ អ្នក និងដៃគូរបស់អ្នក ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ទាំងអស់គ្នាអាចជាផ្នែកមួយនៃក្រុមរបស់ពួកគេ ។ តាមការគួរសម និងដោយមានការអនុញ្ញាតរបស់ពួកគេ សូមជម្រាបជូនទៅប្រធានសមាគមសង្គ្រោះ និងប្រធានកូរ៉ុមអែលឌើរដើម្បីជួយពួកគេឲ្យស្វែងរករបៀបដែលអ្នក សមាជិកផ្សេងទៀត និងធនធានសាសនាចក្រអាចជួយបានតាមការជាក់ស្ដែង ។
-
យាងអញ្ជើញព្រះវិញ្ញាណ ។ សូមអធិស្ឋានជាមួយពួកគេ និងសម្រាប់ពួកគេ ដោយយាងអញ្ជើញព្រះអម្ចាស់ឲ្យបញ្ជាក់ និងដឹកនាំការសម្រេចចិត្តរបស់ពួកគេ ហើយជួយពួកគេឲ្យទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។