ចូរមកតាមខ្ញុំ
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧–៨០
« យើងនឹងដឹកនាំអ្នករាល់គ្នា »
ទោះបីជាយើងអាចដូចជាកូនក្មេងខាងវិញ្ញាណក្ដី ក៏ព្រះអម្ចាស់នឹងដឹកនាំយើងដែរ ប្រសិនបើយើងទុកចិត្តលើទ្រង់នោះ ។
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧–១៨ ព្រះអង្គសង្គ្រោះមានបន្ទូលថា
« ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នាជាកូនក្មេងតូច ហើយអ្នករាល់គ្នាពុំទាន់យល់នៅឡើយទេ អំពីព្រះពរដ៏ធំណាស់ហ្ន៎ ដែលព្រះវរបិតាមាននៅក្នុងព្រះហស្តរបស់ទ្រង់ ហើយបានរៀបចំទុកសម្រាប់អ្នក
« ហើយអ្នករាល់គ្នាពុំអាចទ្រាំគ្រប់ទាំងអស់បានឡើយនៅពេលនេះ ទោះជាយ៉ាងណាក៏ដោយ ចូរសង្ឃឹមឡើង ត្បិតយើងនឹង ដឹកនាំអ្នករាល់គ្នា ។ នគរជារបស់ផងអ្នករាល់គ្នា ហើយព្រះពរទាំងឡាយនៃនគរជារបស់ផងអ្នករាល់គ្នា ហើយទ្រព្យសម្បត្តិទាំងឡាយខាង ភាពអស់កល្បជានិច្ចជារបស់ផងអ្នករាល់គ្នា » ។
កាលពួកយើងម្នាក់ៗគិតអំពីបទពិសោធន៍ក្នុងជីវិតរបស់យើង នោះយើងប្រាកដជាចងចាំដល់គ្រាដែលព្រះអម្ចាស់បានដឹកនាំយើង ។
សេចក្ដីជំនឿរបស់អ្នកផ្សព្វផ្សាយសាសនាម្នាក់
ខ្ញុំចងចាំដល់គ្រាមួយដែលព្រះអម្ចាស់បានដឹកនាំមនុស្សជាច្រើន ។ ខ្ញុំបានបម្រើជាប្រធានបេសកកម្មនៅក្នុងបេសកកម្ម ប្រេស៊ីល ផ័រតូ អាឡេហ្គ្រេ ភាគខាងត្បូង ។ អ្នកផ្សព្វផ្សាយសាសនារបស់យើងម្នាក់មានលក្ខខណ្ឌវេជ្ជសាស្ដ្រមួយដែលហៅថា ឆែបក្រអូមមាត់ ដែលមិនដែលទទួលបានការព្យាបាលឡើយ ។ នៅពេលគាត់និយាយ ខ្យល់នឹងចូលតាមបបូរមាត់ខាងលើរបស់គាត់ ហើយចេញតាមច្រមុះរបស់គាត់ ។ មនុស្សដទៃពិបាកនឹងស្ដាប់យល់គាត់ណាស់ ។
អែលឌើរវ័យក្មេងរូបនេះបានប្រាប់ខ្ញុំថា គាត់បានអធិស្ឋានអំពីបញ្ហារបស់គាត់ ។ គាត់បានពោលថា ព្រះវិញ្ញាណបានខ្សឹបប្រាប់ថា ខ្ញុំនឹងជួយគាត់ឲ្យរកឃើញចម្លើយមួយ ។ សេចក្ដីជំនឿដ៏សាមញ្ញ និងដ៏ប្ដេជ្ញារបស់គាត់បានបំផុសគំនិតខ្ញុំ ។ ខ្ញុំបានងាកទៅរកព្រះទូលសូមជំនួយដើម្បីស្វែងរកដំណោះស្រាយមួយ ។
ការវះកាត់ដ៏សាមញ្ញមួយអាចដោះស្រាយបញ្ហានេះបាន ប៉ុន្ដែការទទួលការវះកាត់មិនមែនជាដំណើរការសាមញ្ញនោះទេ ។ ប្រសិនបើយើងធ្វើវាជាលក្ខណៈឯកជន វានឹងថ្លៃខ្លាំងណាស់សម្រាប់គ្រួសាររបស់អ្នកផ្សព្វផ្សាយសាសនារូបនេះ ។ ប៉ុន្ដែបើប្រើប្រព័ន្ធសុខភាពសាធារណៈ វានឹងតម្រូវឲ្យមានការណាត់ជួបច្រើនដង ហើយទំនងជានឹងចំណាយពេលប៉ុន្មានខែទៀតនៃបេសកកម្មរបស់គាត់ ។
សេចក្ដីជំនឿរបស់ភរិយាខ្ញុំ
គ្រប់ពេលដែលខ្ញុំពិបាកនឹងសម្រេចបានបេសកកម្មដ៏លំបាកមួយ នោះខ្ញុំពឹងលើសេចក្ដីជំនឿ និងជំនួយរបស់ភរិយាខ្ញុំ ។ ខ្ញុំបានពន្យល់ពីទុក្ខលំបាករបស់អ្នកផ្សព្វផ្សាយសាសនារូបនេះប្រាប់គាត់ ហើយសូមឲ្យគាត់និយាយជាមួយបុគ្គលិកនៅមន្ទីរពេទ្យសាធារណៈក្នុងតំបន់ ។ តើមានវិធីណាមួយដែលការវះកាត់អាចធ្វើឡើងបានដោយមិនចំណាយថវិកា ហើយនៅក្នុងពេលកំណត់ដែលមាននេះទេ ?
បន្ទាប់ពីការអធិស្ឋានសូមជំនួយ នោះភរិយារបស់ខ្ញុំបានទៅមន្ទីរពេទ្យ ។ គាត់បានឈរតម្រង់ជួរក្នុងជួរដ៏វែងមួយដើម្បីចាំនិយាយជាមួយនឹងអ្នកថែជំងឺ ។ ពេលជួរចេះតែខ្លីទៅៗ នោះភរិយារបស់ខ្ញុំអាចស្ដាប់ឮរបៀបដែលករណីរបស់អ្នកខាងមុខគាត់ត្រូវបានដោះស្រាយ ។ ជាទូទៅ គេប្រាប់ឲ្យត្រឡប់មកការណាត់ជួបក្នុងរយៈពេលប្រាំមួយខែទៀត ពេលខ្លះយូរជាងនេះទៀត ។
ភរិយារបស់ខ្ញុំបានដឹងថា វានឹងយូរណាស់សម្រាប់អ្នកផ្សព្វផ្សាយសាសនារបស់យើង ។ គាត់បានទទួលអារម្មណ៍បំផុសគំនិតឲ្យដើរចេញពីជួរនេះ ហើយដើរទៅទ្វារមួយទៀត ។ គាត់បានឃើញបុគ្គលិកមន្ទីរពេទ្យម្នាក់ទៀតនៅទីនោះ ។ ភរិយារបស់ខ្ញុំបានណែនាំខ្លួនគាត់ ហើយបានពន្យល់ពីសេចក្ដីត្រូវការរបស់អ្នកផ្សព្វផ្សាយសាសនាយើង ។
បុគ្គលិកនោះបានណែនាំគាត់ឲ្យទៅនិយាយដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតវះកាត់ ដែលបាននៅមន្ទីរពេទ្យធ្វើការវះកាត់នៅជាន់មួយទៀតនៅថ្ងៃនោះ ។ គាត់បានពន្យល់វេជ្ជបណ្ឌិតវះកាត់នោះពីអ្វីដែលអ្នកផ្សព្វផ្សាយសាសនាធ្វើ ហើយថាតើអ្នកផ្សព្វផ្សាយសាសនារូបនេះនឹងមានពរជ័យយ៉ាងណា ប្រសិនបើគាត់អាចទទួលបានការវះកាត់ដើម្បីកែក្រអូមមាត់ឆែបរបស់គាត់នោះ ។
វេជ្ជបណ្ឌិតវះកាត់បានសួរសំណួរមួយចំនួន ។ រួចហើយគាត់បានសួរថា « តើយើងអាចដាក់កាលវិភាគធ្វើការវះកាត់ក្នុងពេលពីរសប្ដាហ៍ទៀតបានទេ ? » គាត់បានបំពេញទម្រង់បែបបទមន្ទីរពេទ្យដែលពន្យល់ថា ការវះកាត់នេះគឺជាប្រយោជន៍ដល់សហគមន៍ ហើយថារូបគាត់ផ្ទាល់ចាប់អារម្មណ៍លើករណីនេះផងដែរ ។ គាត់បានហុចទម្រង់បែបបទនេះទៅជំនួយការរបស់គាត់ ហើយបានសុំឲ្យគាត់ណាត់ថ្ងៃវះកាត់ ។
ដប់ថ្ងៃក្រោយមក វេជ្ជបណ្ឌិតវះកាត់បានវះកាត់មាត់អ្នកផ្សព្វផ្សាយសាសនារបស់យើង ។ មិនយូរប៉ុន្មាន អែលឌើររូបនេះបានត្រឡប់មកកាន់តំបន់បេសកកម្មវិញដោយរីករាយ ហើយនិយាយយ៉ាងច្បាស់ ។ ដោយមានសេចក្ដីសាទរជាថ្មី នោះគាត់ដឹងថា ព្រះអម្ចាស់បានដឹកនាំគាត់ ។
បទពិសោធន៍របស់អ្នកផ្សព្វផ្សាយសាសនារូបនេះគឺជាទីបន្ទាល់មួយថា ព្រះបិតារបស់យើងទ្រង់ស្ដាប់ឮការអធិស្ឋានរបស់យើង ហើយដឹកដៃរបស់យើង ។
បើគ្មានព្រះទេ យើងគឺគ្មានជាអ្វីសោះ
បើនិយាយខាងវិញ្ញាណ យើងគឺដូចជាកូនក្មេងតូចៗ ។ យើងមិនយល់ពីពរជ័យដ៏មហិមាដែលព្រះវរបិតាសួគ៌បានរៀបចំសម្រាប់យើងឡើយ ។ នៅពេលយើងធំឡើង យើងចាប់ផ្ដើមយល់បន្ថែមទៀតអំពីច្បាប់ខាងលោកិយ ដែលគ្រប់គ្រងជីវិតរបស់យើង ។ ប៉ុន្ដែយើងមិនគួរអនុញ្ញាតឲ្យចំណេះដឹងខាងលោកិយមានសារៈសំខាន់ជាងការយល់ដឹងពីពរជ័យដ៏មហិមាដែលព្រះវរបិតានៅស្ថានសួគ៌មានសម្រាប់ពួកយើងឡើយ ។
ម៉ូសេ ដែលជាព្យាការីដ៏អស្ចារ្យម្នាក់ក្នុងព្រះគម្ពីរសញ្ញាចាស់បានមានបទពិសោធន៍មួយដែលបង្ហាញលោកថា តើគាត់ពិតជាដឹងពីអ្វីៗគ្រប់យ៉ាងតិចតួចប៉ុណ្ណា ។ បន្ទាប់មកលោក « បានសម្លឹងមើល ហើយបានឃើញពិភពលោកដែលគាត់កើតមក ហើយម៉ូសេ បានឃើញពិភពលោក និងទីបញ្ចប់ផងដែរ ព្រមទាំងកូនចៅមនុស្សលោកទាំងអស់ ដែលមាននៅពេលនោះ និងដែលបានបង្កើតឡើងមក អំពីការណ៍នោះ នោះគាត់មាន ចិត្តអស្ចារ្យ និងឆ្ងល់ជាអនេក » ។ រួចហើយ ព្រះបានថយចេញ ។ ម៉ូសេត្រូវបានទុកឲ្យនៅតែម្នាក់ឯង ហើយលោកក៏ដួលទៅលើដី ។
« ហើយហេតុការណ៍បានកើតឡើងថា អស់រយៈជាច្រើនម៉ោងមុនម៉ូសេបានទទួល កម្លាំងគាត់ដូចដើមវិញ ហើយគាត់ពោលទៅខ្លួនថា ៖ ឥឡូវនេះ ព្រោះហេតុនេះហើយ ទើបខ្ញុំដឹងថាមនុស្សគឺគ្មានជាអ្វីសោះ ជាការណ៍ដែលខ្ញុំពុំដែលគិតពីមុនមកឡើយ » ( ម៉ូសេ ១:៨–១០ ) ។
ប្រសិនបើព្រះអម្ចាស់ បាន បង្ហាញយើងគ្រប់ការណ៍ទាំងអស់ដែលយើងអាចធ្វើបានដោយមានព្រះចេស្ដារបស់ទ្រង់ នោះយើងប្រហែលជាមានអារម្មណ៍សន្ធប់ ។ ដូចជាម៉ូសេដែរ យើងនឹងឃើញថា បើគ្មានព្រះទេ យើងគឺគ្មានជាអ្វីសោះ ។
មួយជំហានម្តងៗ
ប៉ុន្ដែជាជាងធ្វើឲ្យយើងមានអារម្មណ៍សន្ធប់ នោះព្រះអម្ចាស់ដឹកនាំយើងមួយជំហានម្ដងៗ ។ ការណ៍នេះអនុញ្ញាតឲ្យយើងសម្រេចបានកាន់តែច្រើនថែមទៀត ជាងអ្វីដែលយើងអាចធ្វើបានដោយខ្លួនឯង ។
« ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ ។
« ត្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ » ( អេសាយ ៥៥:៨–៩ ) ។
ដូចដែលព្រះអម្ចាស់មានបន្ទូលនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៨ យើង « ពុំអាច ទ្រាំគ្រប់ទាំងអស់បានឡើយនៅពេលនេះ » ។ យើងមិនអាចយល់ពីអ្វីៗគ្រប់យ៉ាងដែលទ្រង់យល់នៅឡើយទេ ។ ដូច្នេះ តើយើងគួរតែធ្វើអ្វីទៅ ? ព្រះអម្ចាស់ឆ្លើយថា « ចូរឲ្យមាន សង្ឃឹម ! »
ការដើរលើផ្លូវនៃសេចក្ដីសញ្ញាដោយមានក្ដីសង្ឃឹម រួមមានការមានចិត្តរាបសាដូចជាកូនក្មេងតូចម្នាក់ ។ យើងត្រូវតែមានឆន្ទៈដើម្បីទទួលការបង្រៀន និងត្រូវបានដឹកនាំដោយព្រះវរបិតា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០ ) ។ ជីវិតគឺស្មុគស្មាញណាស់ រហូតយើងមិនអាចគ្រប់គ្រងព័ត៌មានលម្អិតទាំងអស់អំពីដំណើររបស់យើងបានឡើយ ។ ហើយយើងមិនអាចយល់ពីគ្រប់រឿងទាំងអស់ដែលយើង ឬមនុស្សជាទីស្រឡាញ់របស់យើងឆ្លងកាត់នៅលើផែនដីនេះបានទេ ។
ប៉ុន្ដែនៅពេលយើងទុកចិត្តលើព្រះអម្ចាស់ ហើយអនុញ្ញាតឲ្យទ្រង់ដឹកដៃយើង នោះយើងអាចសម្រេចបានកាន់តែច្រើននៅក្នុងនគររបស់ទ្រង់ ជាងអ្វីដែលយើងអាចស្រមៃដល់ទៅទៀត ។ យើងនឹងផ្ដល់ពរជ័យដល់ជីវិតរបស់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើងបានកាន់តែច្រើន ។ យើងនឹងស្គាល់ព្រះហស្ដរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើងកាន់តែច្បាស់ ។ យើងនឹងដឹងគុណដល់សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ទ្រង់កាន់តែខ្លាំង ។
ព្រះពរទាំងឡាយជារបស់ផងអ្នករាល់គ្នា
នៅទីបំផុត ព្រះអម្ចាស់ដឹកនាំយើងតាមរយៈការរំឭកយើងថា « នគរជារបស់ផងអ្នករាល់គ្នា ហើយព្រះពរទាំងឡាយនៃនគរជារបស់ផងអ្នករាល់គ្នា ហើយទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ចជារបស់ផងអ្នករាល់គ្នា » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ) ។
ខ្ញុំសូមត្រឡប់ទៅឧទាហរណ៍របស់អ្នកផ្សព្វផ្សាយសាសនាខ្ញុំវិញ ។ គាត់ត្រូវបានដឹកនាំឲ្យសូមជំនួយ ហើយមានពរដែលទទួលការវះកាត់មួយ ដែលអនុញ្ញាតឲ្យគាត់ប្រាស្រ័យទាក់ទងបានច្បាស់ល្អនាពេលនេះ ។ បន្ទាប់មក គាត់ត្រូវបានដឹកនាំឲ្យទៅរកអ្នកត្រៀមខ្លួនជាស្រេចដើម្បីទទួលដំណឹងល្អ និងពរជ័យទាំងឡាយនៃដំណឹងល្អ រួមមានពិធីបុណ្យជ្រមុជទឹកផងដែរ ។ ខ្ញុំក៏មើលទៅគំរូរបស់ភរិយាខ្ញុំផងដែរ ។ ទីបន្ទាល់របស់គាត់បានរឹងមាំខ្លាំងឡើង កាលព្រះអម្ចាស់បានដឹកនាំគាត់ ។ រួចហើយទ្រង់បានបើកទ្វារស្ថានសួគ៌ ហើយចាក់ព្រះពរមកលើយើង ។
ខ្ញុំមានអំណរគុណដែលខ្ញុំបានធ្វើការជាមួយអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរូបនេះ ដែលបានពោរពេញដោយសេចក្ដីជំនឿដ៏សាមញ្ញ និងមានអានុភាព ។ ហើយខ្ញុំមានអំណរគុណដែលខ្ញុំអាចរស់នៅអស់កល្បជាមួយភរិយារបស់ខ្ញុំ ដែលធ្វើជាគំរូនៃការអនុញ្ញាតឲ្យព្រះអម្ចាស់ដឹកនាំគាត់ ។
ពិតណាស់ នគរនេះ និងពរជ័យទាំងឡាយគឺជារបស់ផងយើង ។