ឆ្នាំ ២០២១
របៀប​ដែល​យើង​អាច​ដោះស្រាយ​ការរំលោភ​បំពាន
ខែ កក្កដា ឆ្នាំ ២០២១


របៀប​ដែល​យើង​អាច​ដោះស្រាយ ការរំលោភ​បំពាន

នេះ​គឺជា​ការផ្ដល់​យោបល់​មួយ​ចំនួន​សម្រាប់​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

sad boy looking out window

រូបថត​មក​ពី Getty Images

ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​យ៉ាង​ម៉ត់ចត់​អំពី​ការរំលោភ​បំពាន ៖ « ប៉ុន្តែ បើ​អ្នក​ណា​ធ្វើ​ឲ្យ​កូន​តូច​ណាមួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាត​ចិត្ត​ចេញ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់កិន​យ៉ាង​ធំ​ចង​ក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទីជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជាជាង » ( ម៉ាថាយ ១៨:៦; សូមមើល​ផងដែរ ម៉ាកុស ៩:៤២; លូកា ១៧:២ ) ។

ការរំលោភ​បំពាន​គឺជា​ការប្រព្រឹត្ត​ខុស ឬ​ការប្រមាថ​ចំពោះ​មនុស្ស​ដទៃ​( ដូចជា កូន ឬ​ស្វាមី ឬ​ភរិយា មនុស្ស​ចាស់​ជរា ឬ​ជនពិការ )​តាម​វិធី​មួយ​ដែល​មាន​ការខូចខាត​ខាង​រាងកាយ ខាង​សតិ​អារម្មណ៍ ឬ​ខាង​ផ្លូវ​ភេទ ។ គោលជំហរ​របស់​សាសនាចក្រ​គឺ​ថា ការរំលោភ​បំពាន​មិន​អាច​ត្រូវ​បាន​ត្រាប្រណី​នៅ​គ្រប់​រូបភាព​ទាំងអស់ ។

យោបល់​ខាងក្រោម​នេះ​អាច​ជួយ​បាន មិន​ថា​អ្នក​គឺជា​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន ឬ​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ឪពុក ឬ​ម្ដាយ​របស់​ជនរងគ្រោះ​នោះ​ទេ ។

ចំពោះ​ជនរងគ្រោះ

ក្នុង​នាមជា​ជនរងគ្រោះ នៃ​ការរំលោភ​បំពាន អ្នក​មិនមែន​ជា​អ្នកខុស​ដោយសារ​ការរំលោភ​បំពាន​ដែល​អ្នក​បាន​ជួប​ប្រទះ​នោះទេ ហើយ​ក៏​មិន​ត្រូវការ​ការអភ័យទោស​ចំពោះ​សកម្មភាព​ដែល​នរណាម្នាក់​បាន​ប្រព្រឹត្ត​ដាក់​អ្នក​ដែរ ។ អ្នក​អាច​ងឿងឆ្ងល់​ថា តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ព្យាបាល​អ្នក​តាម​របៀប​ណា ។ អ្នក​អាច​គិត​ថា ពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សម្រាប់​តែ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប ហើយ​ត្រូវ​ប្រែចិត្ត​ប៉ុណ្ណោះ ។

ដូច្នេះ​តើ​ព្រះអង្គ​សង្រ្គោះ​ជួយ​អ្នក​យ៉ាង​ដូចម្តេច ? ដោយសារតែ​ពលិកម្ម​របស់​ទ្រង់ នោះ​ទ្រង់​យល់ ។ ព្រះអង្គ​សង្គ្រោះ​មាន​សេចក្ដី​មេត្តា​ដ៏​ទេវភាព ។ ទោះបីជា​យើង​អាច​មិន​បាន​ដឹង​យ៉ាង​ប្រាកដ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជ្រាប​ពី​ការឈឺចាប់​របស់​យើង​ទាំងអស់​ក្ដី ក៏​យើង​អាច​មាន​សេចក្ដី​ជំនឿ​ថា ទ្រង់​យល់​ពី​បុរស ស្ដ្រី និង​កុមារ​ម្នាក់ៗ​តាម​របៀប​ដ៏​ល្អ​ឥតខ្ចោះ​មួយ​ដែរ ( សូមមើល នីហ្វៃ​ទី​២ ៩:២១ ) ។ ទ្រង់​អាច​ប្រទាន​សេចក្ដី​សុខសាន្ដ និង​កម្លាំង​ដើម្បី​ឆ្ពោះ​ទៅមុខ ។

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​ជួយ​ដល់​អ្នក​ដែល​បាន​រង​ការឈឺចាប់ ។ ទ្រង់​អាច​ជួយ​បាន « តាមរយៈ​ការព្យាបាល និង​ការសង​ជំងឺ​ចិត្ត​យើង​វិញ​ចំពោះ​ការរងទុក្ខ​ណាមួយ ដែល​យើង​បាន​រងគ្រោះ​ទាំង​គ្មាន​កំហុស » ។

មិន​ថា​ពេលណា ឬ​តាម​របៀប​ណា​ដែល​ជនល្មើស​ត្រូវ​ទទួល​ខុសត្រូវ​នោះ​ទេ អ្នក​អាច « ដឹង​យ៉ាង​ជាក់ច្បាស់​ថា ចៅក្រម​ដ៏​ឥតខ្ចោះ គឺ​ព្រះយេស៊ូវ​ដ៏ជា​ព្រះគ្រីស្ទ ដែល​មាន​ព្រះតំរិះ​ដ៏​ឥតខ្ចោះ​អំពី​រឿង​លម្អិត​ទាំងអស់ នឹង​ចាប់​ឲ្យ​អ្នករំលោភ​បំពាន​ទាំងអស់​ទទួល​ខុសត្រូវ​ចំពោះ​គ្រប់​ទង្វើ​មិន​សុចរិត​ទាំងអស់ » ។ សូម​ដឹង​ផងដែរ​ថា អស់​អ្នក « ដែល​បាន​ធ្វើបាប​ភរិយា ឬ​កូនចៅ … គង់តែ​ថ្ងៃ​ណាមួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ » ។

ចំពោះ​ថ្នាក់ដឹកនាំ​សាសនាចក្រ

priesthood leader talking to a young man

ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ទាំងអស់​ដែល​បម្រើ​យុវវ័យ និង​កុមារ​គឺ​តម្រូវ​ឲ្យ​ទទួល​ការបំពាក់​បំប៉ន​តាម​អនឡាញ​ស្ដីពី « ការការពារ​កុមារ និង​យុវវ័យ » ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ទាំងឡាយ​មិន​ត្រូវ​បោះបង់​របាយការណ៍​ស្ដីពី​ការរំលោភ​បំពាន​ណាមួយ​សោះឡើយ ហើយ​ក៏​មិន​ត្រូវ​ហាម​សមាជិក​កុំ​ឲ្យ​រាយការណ៍​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​មួយ​ដែរ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​សមាជិក​គួរ​តែ​បំពេញ​កាតព្វកិច្ច​ផ្នែក​ច្បាប់ ដើម្បី​រាយការណ៍​ទៅ​អាជ្ញាធរ​ស៊ីវិល ។ ទោះជា​យ៉ាងណា តំបន់​ជាច្រើន​មាន​ច្បាប់​ស្ដីពី​របៀប​រាយការណ៍​ខុសៗ​គ្នា ។ តំបន់​មួយ​ចំនួន​តម្រូវ​ឲ្យ​បព្វជិត​ទាក់ទង​ទៅនឹង​អាជ្ញាធរ​ផ្លូវច្បាប់ ប៉ុន្ដែ​តំបន់​ផ្សេងទៀត​អាច​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដូច្នោះ​ទេ ។

វា​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​ដើម្បី​យល់​ថា ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន​អាច​ពិបាក​នឹង​ទុកចិត្ត​មនុស្ស​ដទៃ—ជាពិសេស​អ្នក​នៅក្នុង​តំណែង​ដែល​មាន​សិទ្ធិ​អំណាច ។ ស្ថានភាព​នេះ​អាច​ពិបាក​ខាង​ផ្លូវ​អារម្មណ៍ ខ្លួន​អ្នក​ផ្ទាល់​អាច​មិន​យល់​ពី​ការលំបាក​របស់​ជនរងគ្រោះ​ក្នុង​ការនិយាយ​អំពី​រឿង​នេះ​តាម​វិធី​ណាមួយ​ឡើយ ។ ការជួប​នឹង​ថ្នាក់​ដឹកនាំ​តែម្នាក់ឯង​អាច​មាន​អារម្មណ៍​គួរឲ្យ​ខ្លាច​បាន​សម្រាប់​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន ។ ជនរងគ្រោះ​អាច​អញ្ជើញ​មជ្ឈិមវ័យ​ដែល​ទុកចិត្ត​បាន​ម្នាក់​ឲ្យ​មក​ជាមួយ​ពួកគេ នៅពេល​ពួកគេ​ជួប​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បព្វជិតភាព ។

មិន​ថា​នរណាម្នាក់​ត្រូវបាន​គេ​រំលោភ​បំពាន​នៅពេល​ណា​នោះទេ គាត់ ឬ​នាង​អាច​ទទួល​បាន​ការគាំទ្រ និង​ជំនួយ​ប្រកប​ដោយ​វិជ្ជាជីវៈ​ជានិច្ច ។ ជនរងគ្រោះ​ភាគច្រើន​ទទួល​ការព្យាបាល​បាន​ល្អ​បំផុត នៅពេល​ពួកគេ​ដឹង​ថា​មាន​គេ​យល់ពី​អារម្មណ៍​របស់​ពួកគេ ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​ការគាំពារ ពួកគេ​មាន​អារម្មណ៍​ថា នរណាម្នាក់​ជឿ​លើ​ពួកគេ ហើយ​ពួកគេ​យល់​ថា​ការរំលោភ​បំពាន​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ពួកគេ ។ ការគាំទ្រ​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ​សេចក្ដី​សុខសាន្ដ និង​ធ្វើឲ្យ​ពួកគេ​មិនមាន​អារម្មណ៍​ឯកោ នៅពេល​ពួកគេ​ព្យាយាម​ទទួលបាន​ការព្យាបាល ។

ការប្រឆាំង​នឹង​ការរំលោភ​បំពាន​គួរតែ​ជា​បទដ្ឋាន​មួយ មិន​ថា​នរណា​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ទេ ។ ទោះជា​យ៉ាងណា​នៅពេល​ជនល្មើស​ស្ថិត​ក្នុង​តំណែង​ដែល​មាន​សិទ្ធិ​អំណាច និង​ការទុកចិត្ត នោះ​ការរំលោភ​បំពាន​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​កាន់តែ​ខ្លាំង​ឡើង ។ អស់​អ្នក​ដែល​ស្ថិត​ក្នុង​តំណែង​ដែល​មាន​ការទុកចិត្ត ដែល​រំលោភ​បំពាន​មនុស្ស​ដទៃ ត្រូវ​ទទួល​ខុសត្រូវ​តាម​បទដ្ឋាន​ដ៏​ខ្ពស់ជាង​មួយ ពីព្រោះ​ពួកគេ​បាន​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​របស់​ជនរងគ្រោះ ។ គោលនយោបាយ​សាសនាចក្រ​គឺ​ពុំ​មាន​ការត្រា​ប្រណី​សោះ​ឡើយ​ចំពោះ​ការរំលោភ​បំពាន ហើយ​នោះ​គឺ​ពិត​ជាពិសេស​សម្រាប់​អស់​អ្នក​ដែល​ស្ថិត​ក្នុង​តំណែង​ដែល​មាន​ការទុកចិត្ត និង​សិទ្ធិ​អំណាច ។

ចំំពោះ​ឪពុក​ម្ដាយ

ទោះបីជា​ដំណើររឿង​អំពី​ការរំលោភ​បំពាន​ដោយ​នរណាម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ទទួល​បាន​ការចាប់​អារម្មណ៍​នៅក្នុង​សារព័ត៌មាន​ច្រើន​ជាង​ក្ដី ក៏​ជារឿយៗ​ជនរងគ្រោះ​ភាគច្រើន​រង​ការរំលោភ​បំពាន​ដោយ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​ដែរ ។ ជនល្មើស​អាច​ជា​សមាជិក​គ្រួសារ សាច់ញាតិ ឬ​អ្នកជិតខាង ។ ជនល្មើស​អាច​មាន​គ្រប់វ័យ ។ ជនល្មើស​កម្រ​ជា​ជនចម្លែក​មុខ​ណាស់ ។១០

ប៉ុន្ដែ​មាន​ទីសម្គាល់​មួយ​ចំនួន​ស្ដីពី​ការរំលោភ​បំពាន ដែល​យើង​អាច​បង្រៀន​កូនចៅ​របស់​យើង ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់ និង​ចៀសវាង​ពី​វា​បាន ។ សូម​បង្រៀន​កូនចៅ​របស់​អ្នក​ថា ប្រសិនបើ​នរណាម្នាក់​សុំ​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ ដែល​ពួកគេ​ដឹង​ថា​ខុសឆ្គង នោះ​ពួកគេ​អាច​និយាយ​ថា​ទេ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​ស្ដីពី​របៀប​ដែល​ជនល្មើស​អាច​បង្ខំ គំរាម​កំហែង ឬ​ទាក់ទាញ​ជនរងគ្រោះ ៖

  • ឧក្រិដ្ឋជន​ប្រើ​តំណែង សិទ្ធិ អំណាច អាយុ មាឌ ឬ​ចំណេះដឹង​របស់​ពួកគេ​ដើម្បី​បង្ខំ​ឲ្យ​ជនរងគ្រោះ​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​បាន ។

  • ពួកគេ​និយាយ​ថា ពួកគេ​មិន​ចង់​ធ្វើជា​មិត្ត​របស់​ជនរងគ្រោះ​ទេ ទាល់តែ​ជនរងគ្រោះ​ធ្វើតាម​អ្វី​ដែល​ពួកគេ​និយាយ​សិន ។

  • ពួកគេ​យក​អ្វីមួយ ហើយ​មិន​ព្រម​ប្រគល់​វា​ឲ្យ​ជនរងគ្រោះ​វិញ​ទេ ទាល់តែ​ជនរងគ្រោះ​ធ្វើតាម​អ្វី​ដែល​ពួកគេ​និយាយ​សិន ។

  • ពួកគេ​គំរាម​ថា​នឹង​និយាយ​រឿង​មិន​ពិត​អំពី​ជនរងគ្រោះ​ប្រាប់​គេឯង បើ​ជនរងគ្រោះ​មិន​ព្រម​ចុះចាញ់​ទេ​នោះ ។

  • ពួកគេ​ផ្ដល់​អំណោយ ធ្វើតាម​សំណើ ឬ​ឲ្យ​រង្វាន់​ផ្សេងទៀត​ដើម្បី​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន ។

  • ពួកគេ​ប្រាប់​ជនរងគ្រោះ​ថា គ្មាន​នរណា​ម្នាក់​នឹង​ជឿ​ពួកគេ​ឡើយ ហើយ​ពួកគេ​នឹង​មាន​រឿង ប្រសិនបើ​ពួកគេ​ប្រាប់​នរណា​ម្នាក់​អំពី​ការរំលោភ​បំពាន​នេះ ។

  • ពួកគេ​គំរាម​ថា​នឹង​ធ្វើបាប​ជនរងគ្រោះ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ប្រសិនបើ​ជនរងគ្រោះ​មិន​ធ្វើតាម​អ្វី​ដែល​ពួកគេ​និយាយ​ទេ​នោះ ។១១

ការដោះស្រាយ​ការរំលោភ​បំពាន​គឺជា​ស្ថានភាព​ដ៏​សាំញ៉ាំ​មួយ ។ ពុំ​មាន​ចម្លើយ​សាមញ្ញ​នោះ​ទេ ប៉ុន្ដែ​យើង​អាច​រកឃើញ​ការលួងលោម​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពាក្យពេចន៍​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ « គ្មាន​ការឈឺចាប់​ខាង​សាច់ឈាម ការរង​របួស​ខាង​វិញ្ញាណ ការឈឺចាប់​ក្នុង​ព្រលឹង ឬ​ការឈឺចិត្ត គ្មាន​ជំងឺ ឬ​ភាពកម្សោយ​ណា​ដែល​អ្នក ឬ​ខ្ញុំ​ជួប​ក្នុង​ជីវិត​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​មិន​ធ្លាប់​បាន​ដក​បទពិសោធន៍​ជាមុន​នោះ​ទេ ។ នៅក្នុង​គ្រា​នៃ​ភាពទន់ខ្សោយ​មួយ យើង​អាច​នឹង​ស្រែក​ឡើង​ថា ‹ គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណា​ម្នាក់​យល់​ទេ › ។ ប៉ុន្តែ​ព្រះរាជបុត្រា​នៃ​ព្រះ​ត្រាស់​ដឹង និង​យល់​យ៉ាង​ឥតខ្ចោះ ដ្បិត​ទ្រង់​បាន​ដឹង និង​រែក​បន្ទុក​របស់​យើង​ម្នាក់ៗ ។ ហើយ​ព្រោះតែ​ពលិកម្ម​ដ៏​និរន្តរ៍ និង​ដ៏​អស់កល្ប​ជានិច្ច​របស់ទ្រង់ ( សូម​មើល អាលម៉ា ៣៤:១៤ ) នោះ​ទើប​ទ្រង់​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​មក​រកយើង​បាន ។ ទ្រង់​អាច​ឈោង​ព្រះហស្ដ ប៉ះ ជួយ​សង្គ្រោះ ប្រោស និង​ពង្រឹង​យើង ហួស​ពី​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន បើ​យើង​ពឹង​តែ​លើ​អំណាច​យើង​ផ្ទាល់​នោះ » ។១២

Savior in Gethsemane

ឱ ! ព្រះបិតា ដោយ ស៊ីម៉ូន ឌីវី

សូម​យើង​ងាក​ទៅរក​ម្ចាស់​នៃ​មេត្រីភាព ហើយ​តាមរយៈ​ទ្រង់ យើង​នឹង​រកឃើញ​សេចក្ដី​សង្ឃឹម និង​ការព្យាបាល ។

កំណត់​ចំណាំ

  1. បុគ្គល​មួយ​ចំនួន​ពេញចិត្ត​ឲ្យ​ប្រើ​ពាក្យ អ្នកនៅ​រស់ ជាជាង​ពាក្យ ជនរងគ្រោះ ។

  2. សូមមើល « How Can the Savior Help Me as a Victim of Abuse? » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។

  3. ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១១០ ។

  4. រីឆាដ ជី ស្កត « To Heal the Shattering Consequences of Abuse » ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤២–៤៣ ។

  5. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  6. សូមមើល «Protecting Children and Youth » នៅលើ​គេហទំព័រ ChurchofJesusChrist.org/callings/church-safety-and-health/training-and-video-resources/youth-protection ។

  7. សូមមើល « Protecting Members and Reporting Abuse » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។

  8. សូមមើល ៣១.១.១ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  9. សូមមើល « Should I Get Professional Help? » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។

  10. សូមមើល « Recognizing Patterns of Abuse » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។

  11. សូមមើល « Talking to Children about Abuse » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។

  12. ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ ។

  13. សូមមើល « Talking to Children about Abuse » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ។