ឆ្នាំ ២០២១
ប្រធាន នាង គួនណូ វាសនា ត្រូវបានហៅជាប្រធានថ្មីនៃបេសកកម្មភ្នំពេញកម្ពុជា
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


ព័ត៌មានក្នុងស្រុក

ប្រធាន នាង គួនណូ វាសនា ត្រូវបានហៅជាប្រធានថ្មីនៃបេសកកម្មភ្នំពេញកម្ពុជា

ប្រធាន នាង ​គួនណូ វាសនា គឺជា​ប្រធាន​បេសកកម្ម​ដំបូងគេ​ដែល​ជា​ជនជាតិ​ខ្មែរ​បម្រើ​នៅ​ប្រទេស កម្ពុជា ។

នា​ពេល​ថ្មីៗ ព័ត៌មាន​សាសនាចក្រ​បាន​ប្រកាស​ថា ប្រធាន នាង គួនណូ វាសនា ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធានបេសកកម្ម​ភ្នំពេញ​កម្ពុជា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បច្ចុប្បន្ន​នេះ ប្រធាន វាសនា​ កំពុង​បម្រើ​ជា​ប្រធាន​ទី​មួយ​ដែល​បាន​ហៅ​ដើម្បី​ដឹកនាំ​មណ្ឌល​ខាងកើត ភ្នំពេញ​កម្ពុជា ។ ឥឡូវនេះ គាត់​នឹង​ត្រូវ​បម្រើ​ជា​ប្រធាន​បេសកកម្ម​ភ្នំពេញ​កម្ពុជា​ដំបូង​គេ​ដែល​ជា​ជនជាតិ​ខ្មែរ ។

នៅ​ពេល​ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្របានផ្តល់​ការងារ​បម្រើ​នេះដល់​ប្រធាន ​វាសនា គាត់បាន​មាន​ប្រសាសន៍​ថា ភរិយារបស់​គាត់ ចន្ធី បាន​សួរ​ថា « ហេតុ​អ្វី​បាន​ជា​ហៅ​ពួក​យើង ? » ប្រធាន​វាសនា​ បាន​ប្រាប់ថា ភរិយា​របស់​គាត់ចង់​សំដៅ​ថា មានថ្នាក់​ដឹកនាំល្អៗ​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជានេះ​ ដែល​ពួកគាត់​គិត​ថាគេ​ស័ក្ដិសម​​ជាង ។

​បន្ទាប់​ពី​ត្រូវ​បាន​ហៅភ្លាម អ៊ែលឌើរ ភីធើ អែហ្វ មើស៍ ក្នុង​​គណៈ​ប្រធាន​តំបន់​អាស៊ី បាន​ទូរសព្ទមក​​អបអរ​សាទរ និង​ជូន​ពរ​ពួកគាត់​ឲ្យ​បំពេញ​ការងារ​ហៅ​ថ្មី​នេះឲ្យបាន​ជោគជ័យ ។ ពួកគាត់​បាន​សូម​ពាក្យ​ទូន្មាន​របស់អ៊ែលឌើរ ភីធើ អែហ្វ មើស៍ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា « ធ្វើតាម​ទម្លាប់ទៅ​បានហើយ » ។ ភរិយា​របស់​ប្រធាន វាសនា ចន្ធី បាន​មាន​ប្រសាសន៍​ថា ពាក្យ​ទាំង​នោះ​ប្រហែល​ជា​ការលួងលោម​ដ៏​ល្អ​បំផុត​ហើយ​ដែល​ពួកគាត់​បាន​ឮ ។

ប្រធាន ចន លូវីស៍ ​ជា​ប្រធាន​បេសកកម្ម ​បេសកកម្ម​ភ្នំពេញ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និង​ស៊ិស្ទើរ ឡាស៊ិនដា លូវីស៍ ជា​ភរិយា​របស់​គាត់ បាន​មានប្រសាសន៍​ថា

« យើង​មានចិត្ត​រំភើប​ខ្លាំងណាស់​ ពេលបាន​ឮ​ព័ត៌មាន​ថា ប្រធាន វាសនា និង​ភរិយា​របស់​គាត់​នឹង​បម្រើ ហើយ​ដឹកនាំ​បេសកកម្ម​ភ្នំពេញ​កម្ពុជា ។ ពួកគាត់គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​នៃ​អ្នក​បម្រើ​ដូច​ជា​ព្រះ​គ្រីស្ទ​ដែល​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ! » 

​ប្រធាន នាង គួនណូ វាសនា បាន​កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​១៩៨០ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ។ គាត់​គឺ​ជា​កូន​ច្បង ហើយ​មាន​ប្អូន​ប្រុសបួន​នាក់ និង​ប្អូន​ស្រី​ម្នាក់ ។ កាល​គាត់​នៅ​វ័យជំទង់ គាត់​​មាន​ចំណាប់​អារម្មណ៍ជា​ខ្លាំងអំពី​សាសនា ។ នៅ​អាយុ ១៦ ​ឆ្នាំ គាត់​បាន​ចូល​រួម​ក្នុង​ព្រះវិហារ​គ្រីស្ទ​មួយ ។ ប៉ុន្តែ​សំណួរ​របស់​គាត់​នៅ​តែ​មាន​ដដែល ។ គាត់​បន្ត​សួរ​ខ្លួន​ឯងថា « តើ​ហេតុ​អ្វី​មាន​ព្រះវិហារ​ច្រើន​ម្ល៉េះ ? » នៅ​ថ្ងៃ​មួយ គាត់​បាន​ជជែក​ជាមួយ​នឹង​មិត្ត​របស់​គាត់ម្នាក់ ​​ឈ្មោះ ប្រមូល អំពី​កង្វល់​ទាំង​នេះ ។ មិត្ត​របស់​គាត់​គឺ​ជា​សមាជិក​ជំនាន់ដំបូង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គាត់​បាន​ផ្តល់​យោបល់​ឲ្យ វាសនា ជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ការណាត់​ជួបជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនាក៏​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក វាសនា​ បាន​ទទួលពិធី​បុណ្យ​ជ្រមុជ​ទឹក ។

បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក គាត់​បាន​ចូល​រួម​សកម្មភាពយុវជន​​យុវនារី នៅ​សាខាទី៥ ។ គាត់​មាន​មិត្ត​ម្នាក់​ដែល​ជា​យុវនារី ហើយ​អំឡុង​សកម្មភាព​នោះ នាង បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់ ប្អូន​ស្រី​នាង​ឈ្មោះ ចន្ធី ថុល ។ ពួកគាត់បាន​ចូល​រួម​ក្នុង​ក្រុមយុវវ័យ​នោះ​ជាមួយគ្នា ហើយ​តាម​ការរៀបរាប់​របស់​គាត់​ថា « គ្រាន់​តែ​ជា​មិត្តនឹងគ្នា​ប៉ុណ្ណោះ » ។

ពីរ​ឆ្នាំ​ក្រោយ​មក នៅ​អាយុ ២០ ​ឆ្នាំ វាសនា​ បាន​ទទួល​ជំនួយ​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ហើយ​ត្រូវបាន​ទទួល​ឲ្យ​ចូល​រៀន​នៅសាកលវិទ្យាល័យប៊ីវ៉ាយយូ ហាវ៉ៃ ។ គាត់​បាន​សិក្សា​នៅ​ទីនោះ ហើយ​បាន​ទទួលសញ្ញាបត្រថ្នាក់​​បរិញ្ញាបត្រ​ ។ គាត់​បាន​មាន​ឱកាស​ដើម្បី​ធ្វើ​ការ​នៅ​សហរដ្ឋអាមេរិក តែ​ទោះ​ជា​យ៉ាង​ណា គាត់​បាន​មាន​អារម្មណ៍​ថា គាត់​គួរ​តែ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ។

ពេល​ត្រឡប់​មក​វិញ គាត់​បាន​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ « មិត្ត » ​របស់​គាត់ ចន្ធី ថុល ហើយ​ពួកគាត់​បាន​រៀបការ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០០៨ ។ គាត់​មាន​ប្រសាសន៍​ថា ពួកគាត់​តាម​ពិត​បាន​រៀបការ​ចំនួន​បួន​លើក ។ លើក​ទី​មួយ​គឺ​តាម​ទំនៀមទម្លាប់​អាពាហ៍ពិពាហ៍​របស់​ខ្មែរ ។ លើក​ទី​ពីរ​គឺ​នៅ​ក្នុង​សាលាប្រជុំ​​របស់​សាសនាចក្រ ។ មួយ​សប្តាហ៍​ក្រោយ​មក ពួកគាត់​បាន​ចុះសំបុត្រ​អាពាហ៍​ពិពាហ៍​ស្របច្បាប់ ។ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក ពួកគាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង​ ហើយ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហុងកុង ប្រទេស ចិន ។ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ទាញ​យក ។ ប្រធាន វាសនា និង​ភរិយា​របស់​គាត់ មាន​កូន​ចំនួន​បួន​នាក់​—ប្រុស​ពីរ និង​ស្រី​ពីរ​—​ពួកគេ​មាន​អាយុ ​៤ ឆ្នាំ ៦ ឆ្នាំ ៨ ឆ្នាំ និង ១១ ឆ្នាំ ។

ប្រធាន វាសនា ធ្លាប់​បាន​បម្រើ​ជា​ប្រធាន​សាខា និង​​បម្រើ​នៅ​ក្នុង​ការហៅ​បច្ចុប្បន្ន​របស់​គាត់​ជា​ប្រធាន​មណ្ឌល​ ។ គាត់​មាន​ប្រសាសន៍​ថា ពរជ័យ​ដ៏​អស្ចារ្យ​បាន​កើត​ឡើង​ចំពោះ​គាត់​ និង​គ្រួសារ​តាម​រយៈ​ការបម្រើ​នៅ​ក្នុង​សាសនាចក្រ ។ ឧទាហរណ៍ អំឡុង​ពេល​កំពុង​បម្រើ​ជា​ប្រធានមណ្ឌល គាត់​កំពុង​តែ​ធ្វើការ​មួយ​ដែល​ល្អ​ជាមួយ​ក្រុមហ៊ុន​របស់​គាត់ ។ ក្រុមហ៊ុន​នោះបាន​និយាយ​ថា ដើម្បី​គាត់​បន្ត​រីកចម្រើន​នៅ​ក្នុង​អាជីពការងារ​របស់​គាត់ គាត់​គួរ​តែ​ទទួលតំណែង​មួយ​នៅ​ប្រទេស​វៀតណាម ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​អាច​ទទួល​ការងារ​នោះ​បាន​ទេ ដោយ​សារ​តែ​គាត់​កំពុង​តែ​បម្រើ​ជា​ប្រធានមណ្ឌល​​នៅ​ក្នុង​សាសនាចក្រ ។ ក្រុមហ៊ុននោះ​បាន​តប​ថា ប្រសិន​បើ​គាត់​មិន​ទទួល​ការងារ​នោះ​ទេ គាត់​នឹង​ត្រូវលាឈប់​ពី​ក្រុមហ៊ុននេះ​ហើយ ។ ដូច្នេះ​ហើយ គាត់​ក៏​លាឈប់​ពី​ក្រុមហ៊ុននោះ ។ ប្រធាន វាសនា បាន​ចែកចាយ​នូវ​រឿង​នោះ​ជាមួយ​នឹង​ក្រុម​ជំនុំ​ ។ បន្ទាប់​ពី​ការប្រជុំចប់ អតីត​ប្រធាន បេសកកម្ម​ភ្នំពេញ​កម្ពុជា​ ដែល​បាន​មក​លេង​ប្រទេស​កម្ពុជានាពេល​នោះ បាន​ដើរ​សំដៅមក​រក​ប្រធាន វាសនា ហើយ​បាន​ផ្តល់​ការងារ​មួយ​ឲ្យ​គាត់ធ្វើ ។

ទោះ​បី​ជា​ការហៅ​ថ្មី​ជា​ប្រធាន​បេសកកម្មនេះ មាន​នូវ​​បញ្ហា​ប្រឈមដ៏​ធំ​ក្តី ក៏ប្រធាន វាសនា ដឹង​ថា​ព្រះអម្ចាស់​នឹង​ផ្តល់​ជំនួយ​ឲ្យ​គាត់ដែរ ។ គាត់ និង​គ្រួសារ​ពឹង​​ផ្អែកលើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការណែនាំ និង​ការដឹកនាំ​ដែល​នឹង​ត្រូវការ​នៅ​ក្នុង​ការហៅ​ថ្មី​នេះ ។