ព័ត៌មានក្នុងស្រុក
ការជាសះស្បើយពីការស្ពឹកស្រពន់ខាងវិញ្ញាណ
យើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខាងវិញ្ញាណ នៅពេលយើងឈប់ទទួលអារម្មណ៍ពីព្រះវិញ្ញាណ ប៉ុន្តែដោយមានជំនួយពីព្រះគ្រីស្ទ យើងអាចយកឈ្នះលើ ភាពស្ពឹកស្រពន់ខាងវិញ្ញាណបាន ។
យើងបានអាន អំពីជំងឺឃ្លង់ដែលជាមេរោគឆ្លងមួយនៅក្នុងព្រះគម្ពីរប៊ីប ។ វាបង្កឡើងដោយបាក់តេរីមួយដែលបង្កើតជាដំបៅ និងរបួសធ្ងន់ធ្ងរនៅលើស្បែក ។ ប៉ុន្តែរោគសញ្ញាចម្បងនៃមេរោគនេះគឺវាអាចបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រពន្ធ័សសៃប្រាសាទ ដែលជាលទ្ធលផលមកពីការបាត់បង់ញាណក្នុងការស្ទាប កំដៅ និងការឈឺចាប់ឬញាណទាំងឡាយផ្សេងៗទៀត ។ មនុស្សដែលឆ្លងមេរោគនេះប្រែក្លាយជាស្ពឹក ។
ទោះបីជាជំងឺឃ្លង់ហាក់ដូចជាមិនមានអាការៈធ្ងន់ធ្ងរ ឬ មិនសូវទូទៅដូចសម័យមុនក្តី ក៏មនុស្សសម័យបច្ចុប្បន្ននេះ បានបាត់បង់សមត្ថភាពក្នុងការទទួលអារម្មណ៍—ប៉ុន្តែជំនួសឲ្យពិការភាពខាងសាច់ឈាមគឺយើងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការប្រែក្លាយជាស្ពឹកខាងវិញ្ញាណវិញ ។
អែលឌើរ នែល អេ ម៉ាកស្វែល (១៩២៦–២០០៤) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា នេះជាសណ្ឋាននៃការក្រិនដែលបណ្តាលមកពីការមិនអើពើចំពោះការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធនិងការមិនគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ លោកបានបង្រៀនថា ៖
« សមត្ថភាពរបស់យើងក្នុងការចេះគ្រប់គ្រងអាកប្បកិរិយារបស់យើងនៅក្នុងរបៀបជាច្រើន ហើយតាមរយៈភាពព្រងើយកន្តើយចំពោះអារម្មណ៍របស់យើងដែលបានបំផុសគំនិតឲ្យធ្វើល្អ នោះយើងបង្អាក់សមត្ថភាពរបស់យើងដើម្បីទទួលអារម្មណ៍នោះ ។ វាជាញាណដឹងយ៉ាងខ្ពស់របស់ព្រះយេស៊ូវចំពោះសេចក្ដីត្រូវការរបស់អស់អ្នកទាំងនោះ ដែលជាហេតុធ្វើឲ្យទ្រង់អាចឆ្លើយតបតាមសកម្មភាព ។
« ម្យ៉ាងមិញទៀត មជ្ឈដ្ឋានខាងវិញ្ញាណ នៃបុគ្គលម្នាក់ៗគឺផ្សេងពីគ្នា គឺដូចជាបងប្រុស របស់នីហ្វៃដែលកំពុងធ្វើខុស នីហ្វៃបានកត់សម្គាល់ឃើញការរីកចម្រើននៃភាពមិនចេះខ្វល់ខ្វាយចំពោះរឿងអ្វីៗខាងវិញ្ញាណរបស់ពួកគេថា ៖ ‹ [ ព្រះ ] ទ្រង់មានព្រះបន្ទូលជាមួយនឹងបងរាល់គ្នាដោយសំឡេងតូចរហៀងៗ ប៉ុន្តែបងរាល់គ្នាមានចិត្តវក់វិញ ទើបមិនអាចចាប់អារម្មណ៍ពីព្រះបន្ទូលរបស់ព្រះអង្គឡើយ › [នីហ្វៃ ១ ១៧:៤៥] » ។១
វាគ្រោះថ្នាក់យ៉ាងខ្លាំង នៅពេលដែលយើងឈប់ទទួលអារម្មណ៍ពីព្រះវិញ្ញាណ ឬ នៅពេលដែលយើងមិនប្រាកដថា តើព្រះវិញ្ញាណមានបន្ទូលមកកាន់យើងរបៀបណា ។ ពិភពលោកនេះងាយនឹងរំខាន ឬធ្វើឲ្យយើងធ្លាក់ចុះជារៀងរាល់ថ្ងៃ វាធ្វើឲ្យយើងស្ពឹក ស្ដាប់មិនឮសំឡេងតូចរហៀងដ៏មានព្រះចេស្តាដែលតែងតែត្រៀមដើម្បីដឹកនាំយើងជារៀងរាល់ថ្ងៃ ។ (សូមមើល ពង្សាវតាក្សត្រទី ១ ១៩:១១–១២) ។
ប៉ុន្តែសូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា យើងអាចនឹងជួបករណី « មានជំងឺឃ្លង់ខាងវិញ្ញាណ » នៅគ្រាណាមួយក្ដី ក៏វាអាចព្យាបាលបានដែរ ។
យើងគួរតែចងចាំជានិច្ចថា ព្រះយេស៊ូវ គ្រីស្ទ គឺជាអង្គតែមួយគត់ដែលអាចជួយមនុស្សដែលមានជំងឺឃ្លង់ អំឡុងពេលនៃការងារបម្រើរបស់ទ្រង់ ។ ទ្រង់គឺជាតួអង្គតែមួយគត់ដែលអាចព្យាបាល ភាពស្ពឹកខាងវិញ្ញាណរបស់យើងនាបច្ចុប្បន្ននេះ និងជួយយើងឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណជាថ្មីឡើងវិញ ។ នេះគឺជាគន្លឹះមួយចំនួនដែលអាចជួយយើងបាន ។
ការទទួលស្គាល់ព្រះវិញ្ញាណ
គន្លឹះដើម្បីទទួលអារម្មណ៍នោះម្តងទៀត គឺបានមកពីសមត្ថភាពរបស់យើងដើម្បីស្តាប់ និងទទួលស្គាល់ការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។ មរ៉ូណៃបានបង្រៀនថា « ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។ យើងអាចលុបបំបាត់ភាពស្ពឹកនោះ ដោយការស្វែងរកវិវរណៈផ្ទាល់ខ្លួន និងទទួលអារម្មណ៍ដឹងពីសេចក្តីពិតគ្រប់យ៉ាងក្នុងខ្លួនយើង ។
នៅក្នុងដំណើរត្រឡប់ទៅទទួលអារម្មណ៍ពីព្រះវិញ្ញាណវិញ ប្អូនៗអាចសួរខ្លួនឯងនូវសំណួរទាំងនេះដើម្បីយល់ពីទំនាក់ទំនងរបស់ប្អូនជាមួយនឹងវិវរណៈ ៖
-
តើពេលណាជាពេលចុងក្រោយបំផុតដែលខ្ញុំ បានទទួល វិវរណៈផ្ទាល់ខ្លួន ?
-
តើពេលណាជាពេលចុងក្រោយបំផុតដែលខ្ញុំ បានសូម វិវរណៈផ្ទាល់ខ្លួន ?
-
តើពេលណាជាពេលចុងក្រោយបំផុតដែលខ្ញុំបានទូលសូមព្រះវរបិតាសួគ៌ឲ្យជួយខ្ញុំ ទទួលស្គាល់ វិវរណៈផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ខ្ញុំ ?
សរុបមកតើប្អូនៗពិតជាកំពុងស្វែងរកវិវរណៈមកពីព្រះឬទេ ? វាពិបាកក្នុងការទទួលអារម្មណ៍រីករាយនឹងផលផ្លែនៃព្រះវិញ្ញាណ នៅពេលដែលស្ថានសួគ៌ហាក់បីដូចជាបានបិទនោះ ( សូមមើល កាឡាទី ៥:២២–២៣ ) ។ ប៉ុន្តែការសកម្មនៅក្នុងការស្វែងរកវិវរណៈនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្អូនៗ គឺជាគន្លឹះដើម្បីបើកទ្វារស្ថានសួគ៌ និងយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងជីវិតរបស់ប្អូនៗវិញ ។
ការយល់ខុសអំពីវិរណៈ
ប៉ុន្តែនេះជាកន្លែងដែលបទពិសោធន៍ខាងវិញ្ញាណ និងវិវរណៈផ្ទាល់ខ្លួន អាចត្រូវបានបញ្ឆោត ។
នៅពេលដែលយើងនិយាយអំពីវិវរណៈផ្ទាល់ខ្លួន ជាញឹកញាប់គំនិតរបស់យើងលោតផ្លោះទៅរកការនិមិត្ត ការយាងមកជួបរបស់ពួកទេវតា ឬ សំឡេងចម្លែកផ្សេងៗ ។ ហើយនៅពេលដែលយើងមិនបានទទួលបទពិសោធន៏ទាំងនេះ យើងអាចនឹងមានអារម្មណ៍ថា ការទទួលបានការណែនាំពីព្រះវិញ្ញាណអាចជារឿងអស់សង្ឃឹម ។ យើងអាចមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីជាមួយយើង ដែលវាអាចដឹកនាំយើងឲ្យបោះបង់ចោលក្នុងការស្វែងរកព្រះវិញ្ញណទាំងស្រុង ។
ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ការទទួលអារម្មណ៍ពីព្រះវិញ្ញាណគឺមិនមែនចំពោះតែការណ៍ធំៗ ជាព្រឹត្តិការណ៍ដែលផែនដីខ្ចាត់ខ្ចាយ ឬ ព្រះអម្ចាស់នឹងមានព្រះបន្ទូលមកកាន់យើងតែអំពីការសម្រេចចិត្តដ៏ធំនៅក្នុងជីវិតរបស់យើងនោះទេ ។ អន្ទាក់មួយទៀតដែលយើងជំពប់ដួលនោះគឺថា ជាញឹកញាប់យើងច្រើនតែត្រឡប់ទៅរកព្រះអម្ចាស់សម្រាប់តែជំនួយដែលជាការសម្រេចចិត្តធំៗប៉ុណ្ណោះ ដូចជា សាលារៀន វិជ្ជាជីវៈ អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ប៉ុន្តែយើងបែរជាព្រងើយមិនងាកទៅរកទ្រង់នូវគ្រប់ទាំងគំនិតទៅវិញ ( សូមមើល គោលលទ្ធិ និង សេចក្តី សញ្ញា ៦:៣៦ ) ។ ប៉ុន្តែជាញឹកញាប់ព្រះវរបិតាសួគ៌តែងតែមានព្រះបន្ទូលមកកាន់យើង ។ ទ្រង់មានបន្ទូលមកកាន់យើងតាមរបៀបដែលបុគ្គលម្នាក់ៗអាចយល់បានយ៉ាងប្រសើរ ។ ទ្រង់អាចដឹកនាំយើងជារៀងរាល់ថ្ងៃ សូម្បីតែជារឿងលម្អិតតូចតាចនៃជីវិតរបស់យើងផងដែរ ។
ការរៀបចំខ្លួនដើម្បីទទួលវិវរណៈ
ដើម្បីអាចស្ដាប់ឮពីស្ថានសួគ៌ ដំបូងយើងត្រូវតែបើកត្រចៀកដើម្បីស្តាប់ការណ៍នៃស្ថានសួគ៌ ។ នេះគឺជាវិធីមួយចំនួនដែលយើងអាចបើកត្រចៀករបស់យើង និងត្រៀមខ្លួនដើម្បីស្តាប់ព្រះអម្ចាស់ ៖
ជឿ ។ នៅក្នុងការខិតខំរបស់យើងដើម្បីយកឈ្នះលើជំងឹឃ្លង់ខាងវិញ្ញាណ យើងប្រហែលជាត្រូវផ្លាស់ប្តូរការគិតរបស់យើង ហើយត្រូវជឿលើព្រះវរបិតាសួគ៌យ៉ាងពិតប្រាកដ ហើយមានជំនឿថាទ្រង់ នឹង ហើយ និង ប្រទានវិវរណៈដល់យើង ។ តាមពិតយើងគួររំពឹងថាទ្រង់នឹងធ្វើដូច្នេះ ។ យើងក៏អាចទូលសូមឲ្យទ្រង់ជួយយើងឲ្យដឹងពីរបៀបដែលទ្រង់មានបន្ទូលនឹងយើងផងដែរ ។ យើងគួររំពឹងថានឹងមានបទពិសោធន៍ខាងវិញ្ញាណញឹកញាប់ នៅពេលដែលយើងព្យាយាមដើរតាមព្រះអង្គសង្គ្រោះ និងរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ដាក់កិច្ចខិតខំជារៀងរាល់ថ្ងៃ ។ យើងក៏អាចកាន់តែងាយទទួលអារម្មណ៏ដឹងពីព្រះវិញ្ញាណតាមរយៈការអធិស្ឋានដោយស្មោះត្រង់ ការសិក្សាព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ ការចូលរួមចំណែកក្នុងកិច្ចការព្រះវិហារបរិសុទ្ធ ការចូលរួមចំណែកក្នុងកិច្ចការពង្សប្រវត្តិ ការស្តាប់តន្រ្តីដែលមានព្រះវិញ្ញាណ ការងារបម្រើ ឬរបៀបណាក៏ដោយដែលប្អូនអាចមានអារម្មណ៍ខិតកាន់តែជិតព្រះ ។ ពេលដែលយើងខិតកាន់តែជិតទ្រង់ នោះដួងចិត្តរបស់យើងកាន់តែបើកចំហរទៅរកការព្យាបាលជំងឺឃ្លង់ខាងវិញ្ញាណរបស់យើង និងទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធជាថ្មី ។
ការគោរព ទស្សនៈវិស័យសំខាន់មួយទៀតនៃការយាងអញ្ជើញព្រះវិញ្ញណឲ្យត្រឡប់មកក្នុងជីវិតរបស់ប្អូនៗនោះគឺឆន្ទៈរបស់ប្អូនៗក្នុងការធ្វើតាមនូវអ្វីដែលព្រះវិញ្ញាណប្រាប់ដល់ប្អូនៗ ។ ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីពីរនៃគណៈប្រធានទីមួយបាន បង្រៀន ៖
« នៅពេលបងប្អូនបានបង្ហាញពីឆន្ទៈរបស់បងប្អូនក្នុងការគោរពតាម នោះព្រះវិញ្ញាណនឹងបញ្ជូនការបំផុសគំនិតបន្ថែមទៀតដល់បងប្អូនអំពីអ្វីដែលព្រះសព្វព្រះទ័យឲ្យបងប្អូនធ្វើសម្រាប់ទ្រង់ » ។
« នៅពេលបងប្អូនគោរពតាម នោះការបំផុសគំនិតមកពីព្រះវិញ្ញាណនឹងកើតមានកាន់តែញឹកញាប់ ហើយកាន់តែខិតជិតទៅនឹងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន ។ អំណាចក្នុងការរើសផ្លូវត្រូវរបស់បងប្អូននឹងកើនឡើង ។ »
ការចាប់ផ្តើមជាមួយបំណងដើម្បីធ្វើតាមឆន្ទៈរបស់ព្រះអម្ចាស់ជំនួសឲ្យឆន្ទៈរបស់យើងផ្ទាល់ ពេលខ្លះអាចជារឿងពិបាក ប៉ុន្តែយើងនឹងតែងតែទទួលបានពរជ័យជាមួយនឹងការបង្កើនសមត្ថភាពខាងវិញ្ញាណ នៅពេលដែលយើងធ្វើដូច្នេះ ។ សូម្បីតែការគោរពតូចតាចចេញមកពីការជ្រើសរើសបង់ដង្វាយមួយភាគក្នុងដប់របស់យើង ការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ឬការធ្វើតាមការបំផុសគំនិតឲ្យបម្រើអ្នកផ្សេងទៀតក្តី ក៏វាអាចជួយយើងឲ្យរៀបកន្លែងឲ្យព្រះវិញ្ញាណគង់នៅក្នុងជីវិតរបស់យើងផងដែរ ។
ការទទួលអារម្មណ៍ពីព្រះវិញ្ញាណគឺជាអំណោយទាន
យើងក៏គួរតែចងចាំការសន្យាដែលមាននៅក្នុងសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងជាមួយនឹងព្រះអម្ចាស់ផងដែរ ។ យើងទាំងអស់គ្នាដែលបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានទទួលសេចក្តីសន្យាថា យើងអាចមានព្រះវិញ្ញាណជាមួយយើងជារៀងរាល់ថ្ងៃ នៅពេលដែលយើងព្យាយាមរក្សាសេចក្តីសញ្ញារបស់យើង ។ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧,៧៩ ) ។
ព្រះវរបិតាសួគ៌បានប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់យើង ហើយទ្រង់ចង់ឲ្យយើងរីករាយនឹងអំណោយទាននោះដោយពេញលេញ ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាដៃគូយ៉ាងខ្ជាប់ខ្ជួនដែលអនុញ្ញាតឲ្យយើងធ្វើការសម្រេចចិត្តដោយមានទំនុកចិត្ត ទទួលអារម្មណ៍លួងលោមចិត្តក្នុងគ្រាលំបាក រីកលូតលាស់ខាងវិញ្ញាណ ទទួលអារម្មណ៍នៃភាពសុខសាន្ត និងអំណរ ហើយដឹងអំពីរបៀបដើម្បីបម្រើអ្នកដទៃផងដែរ ។ វាពិតជាអំណោយទាន ។
ការព្យាបាលភាពស្ពឹកខាងវិញ្ញាណ វាអាស្រ័យលើសេចក្តីជំនឿ និងឆន្ទះរបស់យើងផ្ទាល់ដើម្បីឈោងទៅជួយ ទោះបីជានៅក្នុងគ្រាដែលយើងមានអារម្មណ៍ថាគ្មានអ្វីទាំងអស់ក៏ដោយ ។ នៅពេលយើងព្យាយាមយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងជីវិតរបស់យើង នោះយើងនឹងទទួលការបញ្ជាក់បន្តិចម្តងៗ នៅពេលដែលយើងស្តាប់ និងគោរពតាម ។ ការរស់នៅក្នុងជីវិតដែលស្របទៅនឹងឆន្ទៈរបស់ព្រះ ជួយយើងឲ្យអភិវឌ្ឍ អារម្មណ៍យល់ដឹងខាងវិញ្ញាណ ហើយនឹងព្យាបាលយើងបន្តិចម្តងៗពីអារម្មណ៍ស្ពឹកស្រពន់គ្រប់យ៉ាងដែលយើងមាន ។ ប្រសិនបើយើងឈោងទៅរកព្រះអង្គសង្គ្រោះ សូម្បីតែនៅក្នុងពេលដែលយើងមានអារម្មណ៍ថាគ្មានអ្វីទាំងអស់ នោះទ្រង់នឹងជួយយើងមានអារម្មណ៏ថាទ្រង់គឺគង់នៅចាំជួយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ ) ។
ថាឌីអូ មូរីឡូ មកពី ហ៊ីរីឌៀ ឃូស្តា រីកា ។ លោកបានបម្រើបេសកកម្មពេញម៉ោងនៅ អេក្វាឌ័រ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ហើយបានរៀបអាពាហ៍ពិពាហ៍នឹងភរិយាលោកឈ្មោះ ដានញៀលឡា ក្នុងឆ្នាំ ២០១៨ ។ បច្ចុប្បន្ននេះលោកកំពុងបម្រើនៅក្នុងគណៈប៊ីស្សពនៃវួដរបស់លោក ហើយលោកចូលចិត្តចងចាំគម្ពីរ ម៉ូសាយ ២:១៧, ជាខគម្ពីរដែលលោកពេញចិត្តនៅពេលបម្រើអ្នកដទៃ ។