ឆ្នាំ ២០២១
អែលឌើរ និង​ស៊ីស្ទើរ អាន់ឌើរសិន លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ដែល​និយាយ​ភាសា​បារាំង​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


ព័ត៌មានក្នុងស្រុក

អែលឌើរ និង​ស៊ីស្ទើរ អាន់ឌើរសិន លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ដែល​និយាយ​ភាសា​បារាំង​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ

នេះ​គឺ​ជា​ការប្រជុំ​ធម្មនិដ្ឋាន​តំបន់​ដំបូងគេក្នុង​ចំណោម​ការប្រជុំ​ទាំង​ប្រាំមួយ ដែល​សាសនាចក្រ​កំពុង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ និង​ខែ មីនា​សម្រាប់​យុវមជ្ឈិមវ័យ​នៅគ្រប់​ទ្វីប​ទាំងអស់ ។

សាវក​របស់​ព្រះ​យេស៊ូវគ្រីស្ទ និង​ភរិយា​របស់​លោក​បាន​​ចែកចាយ​សារលិខិត​នៃ​សេចក្តី​សង្ឃឹម​ស្រដៀង​គ្នា​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែ កុម្ភៈ ទៅ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​និយាយ​ភាសា​បារាំង​នៅ​ជុំវិញ​ពិភពលោក ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់នៃ​សាសនាចក្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ភរិយា​របស់​លោក ស៊ីស្ទើរ ខេតធី អាន់ឌើរសិន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ប្រចាំ​តំបន់​ដំបូង​គេក្នុងចំណោម​ការប្រជុំ​ទាំង​ប្រាំមួយទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជា​យុវមជ្ឈិមវ័យ​ដែល​មាន​អាយុ​ពី ១៨ ដល់ ៣០​ឆ្នាំ ។ ព្រឹត្តិការណ៍​អនឡាញ​ទាំង​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ និង​ខែ​មីនា​ ឆ្នាំ ​២០២១ ។ នៅ​ពេល​ការប្រជុំ​ធម្មនិដ្ឋានរបស់​​សាវក​ទាំង​ប្រាំមួយ​រូប​នេះ​បានបញ្ចប់ ​នោះ​ការប្រជុំ​ធម្មនិដ្ឋាន​ទាំងនេះ​នឹងផ្ញើទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​គ្រប់​ទ្វីប​ទាំងអស់ ។

អែលឌើរ និង​ស៊ីស្ទើរ អាន់ឌើរសិន មាន​ប្រសាសន៍​ជា​ភាសា​បារាំង ។ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ដែល​អាច​និយាយ​ភាសា​ព័រទុយហ្កាល់ និង​អេស៉្បាញ​ ហើយ​ធ្លាប់​បាន​រស់នៅ​ប្រទេសបារាំង និង​ប្រេស៊ីលផង បាន​ចាប់​ផ្តើម​ជាមួយ​ឃ្លា​មួយ​មក​ពី​សាវកពេត្រុស ដែល បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរសញ្ញា​ថ្មី ៖ « រី​ឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សម្គាល់​​ពី​ការ​ដែល​មើល​មិន​ឃើញ » ។

អែលឌើរ អាន់ឌើរសិន បាន​មាន​ប្រសាសន៍ថា « ចិត្ត​ដែល​ដឹង​ជាក់ ។ សម្គាល់ ។ នេះ​គឺ​ជា​សេចក្តី​ជំនឿ ។ នេះ​ជា​អត្ថន័យ​នៃ​សេចក្តី​ជំនឿ » លោក​បាន​មាន​ប្រសាសន៍​ផ្សាយ​ផ្ទាល់​ពី​ស្ទូឌីយោ​ថត​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង សលត៍ លេក ។ « សេចក្តីជំនឿ​គឺ​មាន​ពិត​មែន ។ សេចក្តីជំនឿ​ជា​ផ្នែក​មួយដែល​មាន​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ វិញ្ញាណ​របស់​យើង​ចង់​ជឿ​លើ​ព្រះ និង​ចង់​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ » ។

បន្ទាប់​មក សាវក​រូប​នេះ​បាន​បន្ថែម​ការដាស់តឿន​ចំនួន​ប្រាំមួយ​យ៉ាងដែល​ទាក់ទង​នឹង​សេចក្តី​ជំនឿ ៖

  1. ជឿ​លើ​ព្រះ ។

  2. ជឿ​ថា អ្នក​គឺ​ជា​បុត្រី ឬ បុត្រារបស់​ព្រះ ហើយ​ថា ទ្រង់​ស្គាល់​អ្នក​ដោយ​ផ្ទាល់ និង​ស្រឡាញ់​អ្នក​អស់​ពី​ព្រះ​ហឫទ័យ ។

  3. ជឿ​ថា អ្នក​អាច​ទូល​ទៅ​កាន់​ព្រះវបិតា​សួគ៌​របស់​អ្នក ហើយ​ទ្រង់​នឹង​បើក​សម្តែង​ព្រះអង្គ​ទ្រង់ តាម​រយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  4. ជឿ​ថា នគរ​នៃ​ព្រះ​កំពុងរីកចម្រើន​ទៅមុខ​នៅ​ទូទាំង​ពិភពលោក ហើយ​ថាយើង​ម្នាក់ៗ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការរៀបចំ​ផ្លូវ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះអង្គ​សង្គ្រោះ ។

  5. ជឿ​ថា មនុស្ស​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​នឹង​ទទួល​យក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  6. ជឿ​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។

នៅ​ថ្ងៃ​ទី ​១៣ ខែ​មីនា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៩ យប់ ​ជាម៉ោង​តាម​តំបន់​ភ្នំ អែលឌើរ រ៉ូណល អេ រ៉ាសបាន នឹង​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​យុវមជ្ឈិមវ័យ​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ។ សម្រាប់​ទស្សនិកជន​នៅ​តំបន់​អាស៊ី ការប្រជុំ​ធម្មនិដ្ឋាន​នេះ​នឹង​មាន​ជា​ភាសាខ្មែរ ចិនកាតាំង អង់គ្លេស ឥណ្ឌូនេស៊ី ចិនកុកងឺ និង​ថៃ ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សាសនាចក្រ​ប្រចាំ​តំបន់ ។