២០២២
ឱកាស​រៀនសូត្រ និង​ការ​រីកចម្រើន
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ឱកាស​រៀនសូត្រ និង​ការ​រីកចម្រើន » លីអាហូណា ខែ កក្កដា/សីហា ឆ្នាំ ២០២២

ចម្រើន​វ័យ​ដោយ​ស្មោះត្រង់

ឱកាស​រៀនសូត្រ និង​ការ​រីកចម្រើន

ព្រះអម្ចាស់​ទ្រង់​បាន​ជ្រាប​ថា ខ្ញុំ​នឹង​រីកចម្រើន ហើយ​រីករាយ​ជាថ្មី​ម្ដងទៀត ។

រូបភាព
ផ្កា​នៅ​ក្នុង​ផើង

ស្វាមី​របស់​ខ្ញុំ ឈ្មោះ ជឺរ៉ូល បាន​ស្លាប់​ទៅ​បីបួន​ឆ្នាំ​ហើយ ។ គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក ហើយ​រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ​ក៏​បាន​ស្លាប់ ។ ឥឡូវ​នេះ​ចិត្ត​ខ្ញុំ​ចេះ​តែ​គិត​ពី​គាត់ ពេល​ខ្ញុំ​ធ្វើការ​នៅ​ទីធ្លា​ក្នុង​ផ្ទះ​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​ដក​រុក្ខជាតិ​ទៅ​ដាក់​ក្នុង​ផើង​ថ្មី នោះ​ខ្ញុំ​នឹក​ឃើញ​គំនិត​មួយ ។ ពីមុន​ខ្ញុំ​ដក​វា​រុក្ខជាតិ​នោះ​មាន​សភាព​ធម្មតា ។ វា​ស្ថិត​នៅ​ក្នុង​ផើង​មួយ​ដ៏​សុខស្រួល ប៉ុន្តែ​វា​មិន​លូតលាស់​សោះ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិន​បើ​ខ្ញុំ​មិន​ប្ដូរ​ផើង​វា​ទេ នោះ​នៅ​ថ្ងៃ​ណា​មួយ​វា​នឹង​ឈប់​ចេញ​ផ្កា ហើយ​ប្រហែល​ជា​ឈប់​លូតលាស់​ទៀត​ផង ។ ប្រាកដ​ណាស់ វា​នឹង​មិន​អាច​លូតលាស់​ឲ្យ​អស់​ពី​លទ្ធភាព​របស់​វា​ឡើយ ។

ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទុក​ឱកាស​ឲ្យ​រុក្ខជាតិ​នោះ​លូតលាស់​ដោយ​ដក​វា​ទៅ​ដាក់​ក្នុង​ផើង​ដែលធំជាង​នោះ ។ ផើង​ធំ​នោះ​មិនអស្ចារ្យ​ណាស់​ណា​នោះទេ—ប៉ុន្តែ​វា​មាន​អង្កត់ផ្ចិត​ធំជាង​ប្រមាណ​ជា​ប្រាំ​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ។ ប្រសិន​បើ​ខ្ញុំ​ទុក​ចន្លោះ​វា ធំ​ពេក​នោះ​វា​អាច​នឹង​ជាំទឹក​ខ្លាំង ហើយ​ងាប់​ដោយសារ​តែ​រលួយ​ឫស ។

រូបភាព
ធុង​ស្រោច​ទឹក

ខ្ញុំ​រំពឹងទុក​ថា រុក្ខជាតិ​នោះ​នឹង​ជួប​បញ្ហា ដោយសារ​វា​ព្យាយាម​សម្រប​ខ្លួន ។ វាមាន​ផាសុកភាព​ល្អនៅ​ក្នុង​ផើង​នោះ​រហូត​វា​អាច​ទម្លាប់បាន ។ វា​មិន​ដឹង​ជាមុន​ទេ​ថា​ការ​ផ្លាស់ប្ដូរ​នោះ​នឹង​ជួយ​វា​ឲ្យ​បន្ត​លូតលាស់​បាន ។ វា​ចាំបាច់​ត្រូវ​បន្ត​ទទួល​ការ​បីបាច់ ដោយ​ផ្ដល់​ពន្លឺ ទឹក​ឲ្យ​បាន​ត្រឹមត្រូវ និង​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៀត​ដែល​តម្រូវ​ឲ្យ​មាន​ក្នុង​អំឡុង​គ្រា​នៃ​ការ​សម្រប​ខ្លួន​នេះ ។ នៅ​ទីបំផុត ខ្ញុំ​បាន​ដឹង​ថា វា​នឹង​រីកចម្រើន ហើយ​មាន​ផ្កា​ជាថ្មី​ម្ដងទៀត ។

ពេល​ខ្ញុំ​បាន​គិត​ពី​ជីវិត​របស់​ខ្ញុំ​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ដូចជា​រុក្ខជាតិ​នោះ​ដែរ ។ ខ្ញុំ​មាន​ផាសុកភាព ។ ខ្ញុំ​សុខសប្បាយ ។ ប៉ុន្តែ​ពេល​ស្វាមី​របស់​ខ្ញុំ​បាន​ស្លាប់ទៅ ខ្ញុំ​បាន​ឮ​ព្រះវិញ្ញាណ​ខ្សឹប​ប្រាប់​ថា ខ្ញុំ​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ដំណាក់កាល​ថ្មី​នៃ​ការ​រីកចម្រើន ។ ខ្ញុំ​នៅ​តែ​មាន​រឿង​ដែល​ចាំបាច់​ត្រូវ​រៀនសូត្រ និង​ធ្វើ​នៅក្នុង​ជីវិត​នេះ ។

លុះ ពីរ ឆ្នាំ​ក្រោយ​មក មាន​បុរស​ប្រាំពីរ​នាក់​ផ្សេងទៀត​នៅ​ក្នុង​រួដ​របស់​យើង​ក៏​បាន​ស្លាប់​ផងដែរ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​សុំ​ទៅ​មិត្ត​របស់​ខ្ញុំ​ដែល​ជា​ស្ត្រី​មេម៉ាយ​ថ្មោងថ្មី​ឲ្យ​ជួប​ជុំ​គ្នា ពិភាក្សាគ្នា សួរសុខទុក្ខគ្នា បម្រើ​គ្នា​ទៅវិញ​ទៅមក—ដើម្បី​កុំ​ឲ្យ​យើង​ម្នាក់ៗ​មាន​អារម្មណ៍​ឯកោ​ខ្លាំង​ពេក ។ គ្មាន​យើង​ណា​ម្នាក់​ចង់​« ប្ដូរ​ផើង »​នោះទេ ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​រមែងស្លាប់​ដោយ​គ្មាន​ស្វាមី​របស់​ខ្ញុំ ខ្ញុំ​បាន​រកឃើញថា ខ្ញុំ​អាច​ផ្ដល់​ការ​គាំទ្រ​ដល់​មនុស្ស​ផ្សេងទៀត​ដែល​ប្រឈម​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​នេះ ។ ខ្ញុំ​ក៏​បាន​រកឃើញ​ផង​ដែរ​ថា មាន​ឱកាស​ជាច្រើន​ដើម្បី​ចំណាយពេល​ជាមួយ​នឹង​កូនៗ និង​ចៅៗ ព្រមទាំង​អះអាង​ជា​ថ្មី​ទៅ កាន់​ពួកគេ​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ គ្រួសារ​យើង​អាច​រួមរស់​នៅ​ជាមួយ​គ្នា​ម្ដងទៀត​នៅ​ជីវិត​ក្រោយ ។

ខ្ញុំ​មិនធ្លាប់​គិត​ទុក​ជាមុន​ចំពោះ​ការ​រីកចម្រើន​ដែល​បានកើត​ឡើង​ចំពោះខ្ញុំ ដោយសារតែ​ការបាត់បង់​ស្វាមី​របស់​ខ្ញុំ​ឡើយ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​បាន​យាង​មក​ជួយ ហើយ​« បានប្ដូរ​ផើង »​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​រៀនសូត្រ និង​រីកចម្រើន​នៅ​ក្នុង​ផើង​ធំ​ជាង​មុន​បន្តិច—ជា​ការ​ប្រឈម​ថ្មី​ដែល​ផ្ដល់​ឱកាស​រីកចម្រើន ។

ខ្ញុំ​នៅ​តែ​នឹក​ដល់​ជីរ៉ូល​ជារៀង​រាល់ថ្ងៃ ។ លុះ​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​នៅ​តែ​ជួបភាព​ស្មុគស្មាញ​កាល​ខ្ញុំ​កំពុង​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ដោយ​គ្មាន​រូបគាត់ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​នឹង​ចិញ្ចឹម​បីបាច់​ខ្ញុំ​នៅ​ក្នុង​ដំណើរ​ជីវិត​នេះ ។ ជាមួយ​នឹង​ពេលវេលា និង​ដោយ​ទុកចិត្ត​លើ​ទ្រង់ ខ្ញុំ​នឹង​លូតលាស់​ ហើយ​រីករាយ​ជាថ្មី​ម្ដងទៀត ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា ។

បោះពុម្ព